Mark 14
14
1 ឥឡូវនេះ នៅពីរថ្ងៃទៀតដល់ថ្ងៃបុណ្យរំលង និងបុណ្យនំបុ័ងឥតមេ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យបានរិះរកឧបាយកល ដើម្បីចាប់ព្រះអង្គសម្លាប់
2 ពួកគេនិយាយថា៖ «កុំធ្វើក្នុងពេលបុណ្យអី ក្រែងលោកើតមានចលាចលពីពួកបណ្ដាជន»
3 ពេលព្រះអង្គកំពុងអង្គុយនៅតុអាហារក្នុងផ្ទះលោកស៊ីម៉ូន ជាមនុស្សឃ្លង់នៅក្រុងបេថានី នោះមានស្ដ្រីម្នាក់បានមក ទាំងកាន់ដបដាក់ប្រេងក្រអូបទេពិ្វរូសុទ្ធ ដែលមានតម្លៃបំផុតផង ហើយនាងបានបំបែកដបនោះ ចាក់ប្រេងលើព្រះសិររបស់ព្រះអង្គ
4 ប៉ុន្ដែមានអ្នកខ្លះច្រណែនគ្នា ក៏និយាយថា៖ «តើហេតុអ្វីបានជាបង្ហិនប្រេងក្រអូបដូច្នេះ?
5 ព្រោះប្រេងនេះអាចលក់បានប្រាក់លើសពីបីរយឌេណារី ហើយអាចចែកទានឲ្យអ្នកក្របាន» ពួកគេក៏បន្ទោសនាង។
6 តែព្រះយេស៊ូមានបន្ទូលថា៖ «បណ្ដោយតាមនាងទៅ ហេតុអ្វីក៏អ្នករាល់គ្នាបង្ករឿងឲ្យនាងពិបាកដូច្នេះ? នាងបានធ្វើកិច្ចការដ៏ប្រសើរសម្រាប់ខ្ញុំ
7 ដ្បិតអ្នកក្រតែងនៅជាមួយអ្នករាល់គ្នាជានិច្ច អ្នករាល់គ្នាចង់ធ្វើល្អចំពោះពួកគេពេលណាក៏អាចធ្វើបាន ប៉ុន្ដែខ្ញុំវិញ មិននៅជាមួយអ្នករាល់គ្នារហូតទេ
8 នាងបានធ្វើអ្វីដែលនាងអាចធ្វើបានរួចហើយ គឺនាងបានលាបប្រេងលើខ្លួនខ្ញុំ ដើម្បីរៀបចំបញ្ចុះសពខ្ញុំជាមុន
9 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកទាំងមូល ទីណាដែលគេប្រកាសដំណឹងល្អ គេក៏និយាយពីអ្វីដែលស្ដ្រីម្នាក់នេះបានធ្វើដែរ ដើម្បីជាការរំលឹកដល់នាង»។
10 យូដាសអ៊ីស្ការីយ៉ុត ជាសាវកម្នាក់នៅក្នុងចំណោមសាវកទាំងដប់ពីរ បានទៅជួបពួកសម្ដេចសង្ឃ ដើម្បីប្រគល់ព្រះអង្គទៅឲ្យពួកគេ
11 ពេលពួកគេឮ ក៏ត្រេកអរណាស់ និងបានសន្យាឲ្យលុយដល់គាត់ រួចគាត់ក៏រកមធ្យោបាយ ដើម្បីប្រគល់ព្រះអង្គទៅឲ្យគេតាមពេលវេលាសមស្រប។
12 នៅថ្ងៃទីមួយនៅថ្ងៃបុណ្យនំបុ័ងឥតមេ ពេលគេសម្លាប់កូនចៀមធ្វើបុណ្យរំលង ពួកសិស្សសួរព្រះអង្គថា៖ «តើលោកចង់ឲ្យយើងរៀបចំឲ្យលោកបរិភោគក្នុងពិធីបុណ្យរំលងនៅកន្លែងណា?»
13 ព្រះអង្គក៏ចាត់សិស្សរបស់ព្រះអង្គពីរនាក់ទៅ ដោយមានបន្ទូលថា៖ «ចូរទៅក្នុងក្រុងនោះ អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក ហើយទៅតាមអ្នកនោះចុះ
14 ពេលគាត់ចូលក្នុងផ្ទះមួយណា ចូរប្រាប់ម្ចាស់ផ្ទះនោះថា លោកគ្រូសួរថា តើបន្ទប់ដែលខ្ញុំត្រូវបរិភោគអាហារជាមួយសិស្សរបស់ខ្ញុំក្នុងថ្ងៃបុណ្យរំលងនៅឯណា?
15 គាត់នឹងបង្ហាញដល់អ្នករាល់គ្នានូវបន្ទប់ដ៏ធំមួយនៅជាន់លើដែលរៀបជាស្រេច ចូររៀបចំសម្រាប់ពួកយើងនៅទីនោះចុះ»។
16 សិស្សទាំងពីរនាក់នោះក៏ចេញទៅ ហើយពេលចូលដល់ក្នុងក្រុង ពួកគេឃើញដូចដែលព្រះអង្គបានមានបន្ទូលប្រាប់ ដូច្នេះ ពួកគេក៏រៀបចំពិធីបុណ្យរំលង
17 លុះដល់ពេលល្ងាច ព្រះអង្គក៏មកជាមួយនឹងសាវកទាំងដប់ពីរ។
18 ពេលពួកគេកំពុងអង្គុយបរិភោគ ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ អ្នកនោះកំពុងបរិភោគជាមួយខ្ញុំដែរ»
19 ពួកគេចាប់ផ្ដើមកើតទុក្ខ ហើយសួរព្រះអង្គម្ដងម្នាក់ៗថា៖ «មិនមែនខ្ញុំទេ មែនទេ?»
20 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គឺម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ អ្នកនោះកំពុងជ្រលក់ក្នុងចានជាមួយខ្ញុំដែរ
21 ដ្បិតកូនមនុស្សត្រូវទៅដូចមានចែងអំពីលោកមែន ប៉ុន្ដែវេទនាដល់អ្នកដែលបានក្បត់កូនមនុស្ស ហើយជាការប្រសើរជាង ប្រសិនបើអ្នកនោះមិនបានកើតមកទេ»
22 កាលពួកគេកំពុងបរិភោគ នោះព្រះអង្គយកនំប៉័ងមកឲ្យពរ ហើយកាច់ចែកឲ្យពួកគេ ទាំងមានបន្ទូលថា៖ «ចូរទទួលចុះ នេះជារូបកាយរបស់ខ្ញុំ»
23 បន្ទាប់មក ព្រះអង្គយកពែងមកអរព្រះគុណ ហើយឲ្យពែងនោះដល់ពួកគេ គេគ្រប់គ្នាក៏ផឹកពីពែងនោះ
24 រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «នេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃកិច្ចព្រមព្រៀងដែលបានបង្ហូរសម្រាប់មនុស្សជាច្រើន
25 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំនឹងមិនផឹកពីផលទំពាំងបាយជូរទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកជាថ្មីនៅក្នុងនគរព្រះជាម្ចាស់»
26 ក្រោយពីច្រៀងចម្រៀងសរសើរតម្កើងរួច ពួកគេក៏ចេញទៅភ្នំដើមអូលីវ។
27 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «នៅយប់នេះ គ្រប់គ្នានឹងជំពប់ដួល ព្រោះមានសេចក្ដីចែងទុកមកថា យើងនឹងវាយអ្នកគង្វាល ហើយចៀមនឹងខ្ចាត់ខ្ចាយទៅ
28 ប៉ុន្ដែបន្ទាប់ពីខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»
29 ពេលនោះ លោកពេត្រុសទូលព្រះអង្គថា៖ «ទោះមនុស្សគ្រប់គ្នាជំពប់ដួលក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ»
30 ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដនៅថ្ងៃនេះថា គឺនៅយប់នេះ មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»
31 ប៉ុន្ដែគាត់ប្រកែកយ៉ាងដាច់ខាតថា៖ «ទោះបើខ្ញុំត្រូវស្លាប់ជាមួយនឹងលោកក៏ដោយ ក៏ខ្ញុំនឹងមិនបដិសេធជាដាច់ខាតថាខ្ញុំមិនស្គាល់លោកនោះដែរ» រីឯពួកគេទាំងអស់ក៏និយាយដូចលោកពេត្រុសដែរ។
32 បន្ទាប់មក ពួកគេក៏មកដល់កន្លែងមួយដែលឈ្មោះថា សួនគែតសេម៉ានី ព្រះអង្គមានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «ចូរអង្គុយនៅទីនេះចុះ ពេលខ្ញុំកំពុងអធិស្ឋាន»
33 ព្រះអង្គក៏យកលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានទៅជាមួយ ហើយព្រះអង្គចាប់ផ្ដើមតានតឹង និងពិបាកចិត្ដយ៉ាងខ្លាំង
34 ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ខ្ញុំព្រួយចិត្ដស្ទើរស្លាប់ទៅហើយ ចូរនៅទីនេះ ហើយប្រុងស្មារតី»
35 កាលព្រះអង្គយាងទៅមុខបានបន្ដិច ក៏ទម្លាក់ខ្លួនក្រាបលើដី ហើយអធិស្ឋានថា ប្រសិនបើអាច សូមឲ្យពេលវេលានោះរំលងផុតពីព្រះអង្គទៅ
36 គឺព្រះអង្គមានបន្ទូលថា៖ «អ័ប្បា ព្រះវរបិតាអើយ! ព្រះអង្គអាចធ្វើគ្រប់ការទាំងអស់បាន សូមដកពែងនេះចេញពីខ្ញុំ ប៉ុន្ដែកុំតាមបំណងរបស់ខ្ញុំឡើយ គឺតាមបំណងរបស់ព្រះអង្គវិញ»
37 រួចព្រះអង្គត្រលប់មកវិញ ក៏ឃើញពួកគេដេកលក់អស់ ព្រះអង្គមានបន្ទូលទៅលោកពេត្រុសថា៖ «ស៊ីម៉ូនអើយ! តើអ្នកដេកលក់ដែរឬ? តើអ្នកទ្រាំមិនដេកតែមួយម៉ោង មិនបានទេឬ?
38 ចូរប្រុងស្មារតីឡើង ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន ប៉ុន្ដែរូបកាយខ្សោយទេ»
39 ព្រះអង្គក៏ចេញទៅម្ដងទៀត និងបានអធិស្ឋានតាមពាក្យដដែលដូចព្រះអង្គមានបន្ទូលពីមុន
40 ពេលព្រះអង្គយាងមកវិញ ក៏ឃើញពួកគេដេកលក់ទៀត ព្រោះពួកគេងងុយបើកភ្នែកមិនរួច ហើយគេមិនដឹងថា គួរឆ្លើយនឹងព្រះអង្គយ៉ាងដូចម្ដេចឡើយ
41 កាលព្រះអង្គយាងមកជាលើកទីបី ក៏មានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នានៅដេក និងសម្រាកដល់ពេលណាទៀត? ល្មមហើយ មើល៍ ពេលកំណត់មកដល់ហើយ កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃពួកមនុស្សបាប
42 ចូរក្រោកឡើង យើងនាំគ្នាទៅ មើល៍ អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។
43 កាលព្រះអង្គកំពុងមានបន្ទូលនៅឡើយ នោះយូដាសជាសាវកម្នាក់ នៅក្នុងចំណោមសាវកទាំងដប់ពីរក៏មកដល់ភ្លាម ហើយមានមនុស្សមួយក្រុមប្រដាប់ដោយដាវ និងដំបងមកជាមួយគាត់ដែរ អ្នកទាំងនោះមកពីខាងពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកចាស់ទុំ
44 អ្នកក្បត់ព្រះអង្គម្នាក់នោះបានឲ្យសញ្ញាទៅពួកគេ ដោយនិយាយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ ចូរចាប់គាត់ ហើយនាំគាត់ទៅដោយប្រយ័ត្នប្រយែងចុះ»
45 គាត់ចូលមកភ្លាម ក៏ចូលទៅជិតព្រះអង្គទាំងទូលថា៖ «លោកគ្រូ» រួចក៏ថើបព្រះអង្គ
46 ហើយពួកគេក៏លូកដៃចាប់ព្រះអង្គ
47 តែមនុស្សម្នាក់ឈរនៅជិតនោះ បានហូតដាវ កាត់ដាច់ត្រចៀកបាវបម្រើម្នាក់របស់សម្ដេចសង្ឃ
48 ព្រះយេស៊ូក៏មានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមកតទល់នឹងចោរឬអី បានជាមកចាប់ខ្ញុំទាំងមានដាវ និងដំបងដូច្នេះ?
49 ខ្ញុំនៅជាមួយអ្នករាល់គ្នារាល់ថ្ងៃ ទាំងបង្រៀននៅក្នុងព្រះវិហារផង អ្នករាល់គ្នាមិនចាប់ខ្ញុំទេ ប៉ុន្ដែការនេះកើតឡើង ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ»
50 ពួកគេទាំងអស់គ្នាក៏រត់គេចខ្លួនចោលព្រះអង្គអស់
51 មានកំលោះម្នាក់ដែលបានទៅតាមព្រះអង្គ គាត់ស្លៀកតែក្រណាត់ទេសឯកជាប់នឹងខ្លួនទទេរបស់គាត់ ពួកគេក៏ចាប់គាត់
52 គាត់ក៏រត់គេចទាំងអាក្រាត ទាំងរបូតក្រណាត់ទេសឯកចេញពីខ្លួន
53 រួចពួកគេក៏នាំព្រះយេស៊ូទៅឯសម្ដេចសង្ឃ ឯពួកសម្ដេចសង្ឃ ពួកចាស់ទុំ និងពួកគ្រូវិន័យទាំងអស់បានមកជួបជុំគ្នា។
54 ឯលោកពេត្រុសវិញ បានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងសាលាសម្ដេចសង្ឃ ហើយអង្គុយអាំងភ្លើងជាមួយពួកកងរក្សាព្រះវិហារ។
55 ពួកសម្ដេចសង្ឃ និងក្រុមប្រឹក្សាជាន់កំពូលទាំងមូលបានរកសាក្សីប្រឆាំងនឹងព្រះយេស៊ូ ដើម្បីសម្លាប់ព្រះអង្គ ប៉ុន្ដែពួកគេរកមិនបានសោះ
56 ព្រោះមនុស្សច្រើននាក់បានធ្វើបន្ទាល់ក្លែងក្លាយប្រឆាំងព្រះអង្គ ប៉ុន្ដែបន្ទាល់ទាំងនោះមិនស្របគ្នាទេ
57 អ្នកខ្លះបានក្រោកឡើងធ្វើបន្ទាល់ក្លែងក្លាយប្រឆាំងនឹងព្រះអង្គថា៖
58 «យើងបានឮគាត់និយាយថា ខ្ញុំនឹងបំផ្លាញព្រះវិហារដែលធ្វើដោយដៃមនុស្សនេះចោល ហើយបីថ្ងៃក្រោយ ខ្ញុំនឹងសង់មួយទៀតដែលមិនធ្វើពីដៃមនុស្សទេ»
59 ទោះជាដូច្នេះក្ដី ក៏បន្ទាល់របស់ពួកគេមិនស្របគ្នាសោះ
60 សម្ដេចសង្ឃក៏ក្រោកឈរឡើងនៅកណ្ដាលពួកគេ សួរព្រះយេស៊ូថា៖ «តើអ្នកគ្មានចម្លើយចំពោះអ្វីដែលអ្នកទាំងនេះបានចោទប្រកាន់អ្នកទេឬ?»
61 តែព្រះអង្គនៅស្ងៀម មិនឆ្លើយអ្វីឡើយ សម្ដេចសង្ឃក៏សួរព្រះអង្គទៀតថា៖ «តើអ្នកជាព្រះគ្រិស្ដ ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏មានពរមែនឬ?»
62 ព្រះយេស៊ូឆ្លើយថា៖ «គឺខ្ញុំហើយ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះជាម្ចាស់ដ៏មានអំណាច ហើយមកជាមួយពពកលើមេឃ»
63 សម្ដេចសង្ឃក៏ហែកអាវរបស់ខ្លួន រួចនិយាយថា «តើយើងនៅត្រូវការសាក្សីធ្វើអ្វីទៀត?
64 អ្នករាល់គ្នាបានស្ដាប់ឮពាក្យប្រមាថដល់ព្រះជាម្ចាស់ហើយ តើអ្នករាល់គ្នាគិតយ៉ាងដូចម្ដេចដែរ?» ពេលនោះ ពួកគេទាំងអស់គ្នាបានកាត់ទោសព្រះអង្គថាសមតែស្លាប់
65 អ្នកខ្លះចាប់ផ្ដើមស្ដោះទឹកមាត់ដាក់ព្រះអង្គ បិទមុខព្រះអង្គ ហើយដាល់ព្រះអង្គ រួចនិយាយថា៖ «ទាយទៅមើល៍!» ពួកកងរក្សាព្រះវិហារក៏យកព្រះអង្គមកទះកំផ្លៀង
66 ពេលនោះលោកពេត្រុសកំពុងតែនៅទីលានខាងក្រោម ហើយមានស្ដ្រីម្នាក់ ជាបាវបម្រើរបស់សម្ដេចសង្ឃមកដល់។
67 កាលឃើញលោកពេត្រុសកំពុងអាំងភ្លើង នាងបានសម្លឹងមើលគាត់ ហើយនិយាយថា៖ «អ្នកក៏នៅជាមួយយេស៊ូអ្នកក្រុងណាសារ៉ែតដែរ»
68 ប៉ុន្ដែគាត់បដិសេធថា៖ «ខ្ញុំមិនដឹង និងមិនយល់អំពីអ្វីដែលអ្នកកំពុងនិយាយនោះទេ» រួចគាត់ចេញទៅខាងក្រៅ នៅមុខសាលា មាន់ក៏រងាវឡើង
69 ហើយស្រីបម្រើម្នាក់ដែលបានឃើញគាត់ ក៏ចាប់ផ្ដើមប្រាប់អ្នកដែលឈរនៅក្បែរនោះម្ដងទៀតថា៖ «អ្នកនេះក៏នៅក្នុងចំណោមពួកអ្នកទាំងនោះដែរ»
70 ប៉ុន្ដែគាត់បដិសេធម្ដងទៀត រួចមួយសន្ទុះក្រោយមកអ្នកដែលឈរក្បែរនោះ ក៏និយាយទៅលោកពេត្រុសម្ដងទៀតថា៖ «អ្នកជាម្នាក់ក្នុងចំណោមពួកគេប្រាកដណាស់ ព្រោះអ្នកជាអ្នកស្រុកកាលីឡេ»
71 គាត់ក៏ចាប់ផ្ដើមប្រមាថ ព្រមទាំងស្បថថា៖ «ខ្ញុំមិនស្គាល់មនុស្សដែលពួកអ្នកកំពុងនិយាយនេះទេ»
72 ភ្លាមនោះ មាន់ក៏រងាវឡើងជាលើកទីពីរ លោកពេត្រុសនឹកចាំពីព្រះបន្ទូលដែលព្រះយេស៊ូបានប្រាប់គាត់ថា៖ «មុនមាន់រងាវពីរដង អ្នកនឹងបដិសេធថាមិនស្គាល់ខ្ញុំបីដង» រួចគាត់ក្ដុកក្ដួលក្នុងចិត្ដ ហើយក៏ទ្រហោយំ។
ទើបបានជ្រើសរើសហើយ៖
Mark 14: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.