សាការី 10
10
ព្រះយេហូវ៉ាទ្រង់ស្ដារប្រជារាស្ត្រឡើងវិញ
1ចូរសុំភ្លៀង
ពីព្រះយេហូវ៉ានៅវេលាភ្លៀងចុងរដូវ
ពីព្រះយេហូវ៉ាដែលធ្វើឲ្យមានពពកព្យុះចុះ
នោះព្រះអង្គនឹងប្រទានភ្លៀងគំហុកដល់អ្នក
ក៏ប្រទានដំណាំបន្លែនៅស្រែចម្ការដល់មនុស្សផង។
2ដ្បិតរូបព្រះប្រចាំត្រកូលពោលសេចក្ដីឥតប្រយោជន៍
ហើយពួកគ្រូទាយឃើញនិមិត្តមិនពិត;
ពួកគេប្រាប់យល់សប្តិឥតខ្លឹមសារ
ក៏ផ្ដល់ការលួងលោមឥតប្រយោជន៍។
ហេតុនេះហើយបានជាគេដើរសាត់អណ្ដែតដូចហ្វូងចៀម
គេរងទុក្ខដោយព្រោះគ្មានអ្នកគង្វាល។
3“កំហឹងរបស់យើងបានឆេះឡើងទាស់នឹងពួកអ្នកគង្វាល
ហើយយើងនឹងដាក់ទោសពួកពពែឈ្មោល
ដ្បិតព្រះយេហូវ៉ានៃពលបរិវារបានថែរក្សាហ្វូងចៀមរបស់ព្រះអង្គ
គឺវង្សត្រកូលយូដា
ហើយព្រះអង្គនឹងធ្វើឲ្យពួកគេបានដូចជាសេះដ៏ខ្លាំងពូកែរបស់ព្រះអង្គក្នុងចម្បាំង។
4ថ្មគ្រឹះនឹងចេញមកពីពួកគេ
ស្នឹងរោងនឹងចេញមកពីពួកគេ
ធ្នូចម្បាំងនឹងចេញមកពីពួកគេ
អស់ទាំងអ្នកគ្រប់គ្រងនឹងចេញមកពីពួកគេជាមួយគ្នា។
5ពួកគេនឹងបានដូចជាមនុស្សខ្លាំងពូកែ
ដែលជាន់ឈ្លីក្នុងភក់តាមផ្លូវក្នុងចម្បាំង។
ពួកគេនឹងច្បាំងដោយព្រោះមានព្រះយេហូវ៉ាគង់នៅជាមួយពួកគេ
ហើយធ្វើឲ្យពួកអ្នកជិះសេះអាម៉ាស់មុខផង។
6យើងនឹងពង្រឹងវង្សត្រកូលយូដា
យើងនឹងសង្គ្រោះវង្សត្រកូលយ៉ូសែប។
យើងនឹងនាំពួកគេត្រឡប់មកវិញ
ពីព្រោះយើងអាណិតអាសូរពួកគេ
នោះពួកគេនឹងបានដូចជាមិនត្រូវយើងបោះបង់ចោល
ដ្បិតយើងជាយេហូវ៉ា ជាព្រះរបស់ពួកគេ
ហើយយើងនឹងឆ្លើយតបនឹងពួកគេ។
7ពេលនោះ អេប្រាអិមនឹងបានដូចជាមនុស្សខ្លាំងពូកែ
ហើយចិត្តរបស់ពួកគេនឹងអរសប្បាយឡើង ដូចជាដោយសារស្រាទំពាំងបាយជូរ។
កូនចៅរបស់ពួកគេនឹងឃើញ ហើយអរសប្បាយដែរ
ចិត្តរបស់ពួកគេនឹងត្រេកអរក្នុងព្រះយេហូវ៉ា។
8យើងនឹងហួចហៅពួកគេ ហើយប្រមូលពួកគេមក
ពីព្រោះយើងបានលោះពួកគេហើយ
នោះពួកគេនឹងកើនចំនួនឡើងដូចដែលពួកគេធ្លាប់កើនចំនួនឡើងដែរ។
9ទោះបីជាយើងសាបព្រោះពួកគេទៅក្នុងចំណោមប្រជាជាតិនានាក៏ដោយ
ក៏ពួកគេនឹងនឹកចាំយើងនៅក្នុងស្រុកឆ្ងាយ
ហើយពួកគេជាមួយកូនចៅរបស់ពួកគេ នឹងមានជីវិតរស់ ហើយត្រឡប់មកវិញ។
10យើងនឹងនាំពួកគេត្រឡប់មកពីដែនដីអេហ្ស៊ីបវិញ
ហើយប្រមូលពួកគេពីអាស្ស៊ីរី
យើងនឹងនាំពួកគេមកដល់តំបន់កាឡាត និងលីបង់
រហូតដល់គ្មានសល់កន្លែងសម្រាប់ពួកគេ។
11ព្រះអង្គនឹងឆ្លងកាត់សមុទ្រនៃទុក្ខវេទនា ហើយវាយរលកសមុទ្រ
នោះអស់ទាំងទីជម្រៅរបស់ទន្លេនីលនឹងរីងស្ងួត
អំនួតរបស់អាស្ស៊ីរីនឹងត្រូវបានទម្លាក់ចុះ
ហើយដំបងរាជ្យរបស់អេហ្ស៊ីបនឹងបាត់ទៅ។
12យើងនឹងពង្រឹងពួកគេក្នុងព្រះយេហូវ៉ា
ហើយពួកគេនឹងដើរក្នុងព្រះនាមរបស់ព្រះអង្គ”។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៕
ទើបបានជ្រើសរើសហើយ៖
សាការី 10: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative