សាការី 10

10
ព្រះយេហូវ៉ាទ្រង់ស្ដារប្រជារាស្ត្រឡើងវិញ
1ចូរ​សុំ​ភ្លៀង
ពី​ព្រះយេហូវ៉ា​នៅ​វេលា​ភ្លៀងចុងរដូវ
ពី​ព្រះយេហូវ៉ា​ដែល​ធ្វើឲ្យមាន​ពពកព្យុះ​ចុះ
នោះ​ព្រះអង្គ​នឹង​ប្រទាន​ភ្លៀងគំហុក​ដល់​អ្នក
ក៏​ប្រទាន​ដំណាំបន្លែ​នៅ​ស្រែចម្ការ​ដល់​មនុស្ស​ផង​។
2ដ្បិត​រូបព្រះប្រចាំត្រកូល​ពោល​សេចក្ដីឥតប្រយោជន៍
ហើយ​ពួក​គ្រូទាយ​ឃើញនិមិត្ត​មិនពិត​;
ពួកគេ​ប្រាប់​យល់សប្តិ​ឥតខ្លឹមសារ
ក៏​ផ្ដល់ការលួងលោម​ឥតប្រយោជន៍​។
ហេតុនេះហើយបានជា​គេ​ដើរសាត់អណ្ដែត​ដូច​ហ្វូងចៀម
គេ​រងទុក្ខ​ដោយព្រោះ​គ្មាន​អ្នកគង្វាល​។
3“កំហឹង​របស់យើង​បាន​ឆេះឡើង​ទាស់នឹង​ពួក​អ្នកគង្វាល
ហើយ​យើង​នឹង​ដាក់ទោស​ពួក​ពពែឈ្មោល
ដ្បិត​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ថែរក្សា​ហ្វូងចៀម​របស់ព្រះអង្គ
គឺ​វង្សត្រកូល​យូដា
ហើយ​ព្រះអង្គ​នឹង​ធ្វើឲ្យ​ពួកគេ​បាន​ដូចជា​សេះ​ដ៏ខ្លាំងពូកែ​របស់ព្រះអង្គ​ក្នុង​ចម្បាំង​។
4ថ្មគ្រឹះ​នឹង​ចេញមកពី​ពួកគេ
ស្នឹងរោង​នឹង​ចេញមកពី​ពួកគេ
ធ្នូ​ចម្បាំង​នឹង​ចេញមកពី​ពួកគេ
អស់ទាំង​អ្នកគ្រប់គ្រង​នឹង​ចេញមក​ពី​ពួកគេ​ជាមួយគ្នា​។
5ពួកគេ​នឹង​បាន​ដូចជា​មនុស្ស​ខ្លាំងពូកែ
ដែល​ជាន់ឈ្លី​ក្នុង​ភក់​តាម​ផ្លូវ​ក្នុង​ចម្បាំង​។
ពួកគេ​នឹង​ច្បាំង​ដោយព្រោះ​មាន​ព្រះយេហូវ៉ា​គង់នៅ​ជាមួយ​ពួកគេ
ហើយ​ធ្វើឲ្យ​ពួកអ្នក​ជិះ​សេះ​អាម៉ាស់មុខ​ផង​។
6យើង​នឹង​ពង្រឹង​វង្សត្រកូល​យូដា
យើង​នឹង​សង្គ្រោះ​វង្សត្រកូល​យ៉ូសែប​។
យើង​នឹង​នាំ​ពួកគេ​ត្រឡប់មកវិញ
ពីព្រោះ​យើង​អាណិតអាសូរ​ពួកគេ
នោះ​ពួកគេ​នឹង​បាន​ដូចជា​មិន​ត្រូវ​យើង​បោះបង់ចោល
ដ្បិត​យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់ពួកគេ
ហើយ​យើង​នឹង​ឆ្លើយតប​នឹង​ពួកគេ​។
7ពេលនោះ អេប្រាអិម​នឹង​បាន​ដូចជា​មនុស្ស​ខ្លាំងពូកែ
ហើយ​ចិត្ត​របស់ពួកគេ​នឹង​អរសប្បាយឡើង ដូចជា​ដោយសារ​ស្រាទំពាំងបាយជូរ​។
កូនចៅ​របស់ពួកគេ​នឹង​ឃើញ ហើយ​អរសប្បាយ​ដែរ
ចិត្ត​របស់ពួកគេ​នឹង​ត្រេកអរ​ក្នុង​ព្រះយេហូវ៉ា​។
8យើង​នឹង​ហួចហៅ​ពួកគេ ហើយ​ប្រមូល​ពួកគេ​មក
ពីព្រោះ​យើង​បាន​លោះ​ពួកគេ​ហើយ
នោះ​ពួកគេ​នឹង​កើនចំនួនឡើង​ដូចដែល​ពួកគេ​ធ្លាប់​កើនចំនួនឡើង​ដែរ​។
9ទោះបីជា​យើង​សាបព្រោះ​ពួកគេ​ទៅក្នុងចំណោម​ប្រជាជាតិ​នានា​ក៏ដោយ
ក៏​ពួកគេ​នឹង​នឹកចាំ​យើង​នៅក្នុង​ស្រុកឆ្ងាយ
ហើយ​ពួកគេ​ជាមួយ​កូនចៅ​របស់ពួកគេ នឹង​មានជីវិតរស់ ហើយ​ត្រឡប់មកវិញ​។
10យើង​នឹង​នាំ​ពួកគេ​ត្រឡប់មក​ពី​ដែនដី​អេហ្ស៊ីប​វិញ
ហើយ​ប្រមូល​ពួកគេ​ពី​អាស្ស៊ីរី
យើង​នឹង​នាំ​ពួកគេ​មក​ដល់​តំបន់​កាឡាត និង​លីបង់
រហូតដល់​គ្មាន​សល់​កន្លែង​សម្រាប់​ពួកគេ​។
11ព្រះអង្គ​នឹង​ឆ្លងកាត់​សមុទ្រ​នៃ​ទុក្ខវេទនា ហើយ​វាយ​រលក​សមុទ្រ
នោះ​អស់ទាំង​ទីជម្រៅ​របស់​ទន្លេនីល​នឹង​រីងស្ងួត
អំនួត​របស់​អាស្ស៊ីរី​នឹង​ត្រូវបាន​ទម្លាក់ចុះ
ហើយ​ដំបងរាជ្យ​របស់​អេហ្ស៊ីប​នឹង​បាត់ទៅ​។
12យើង​នឹង​ពង្រឹង​ពួកគេ​ក្នុង​ព្រះយេហូវ៉ា
ហើយ​ពួកគេ​នឹង​ដើរ​ក្នុង​ព្រះនាម​របស់ព្រះអង្គ”។
នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៕

ទើបបានជ្រើសរើសហើយ៖

សាការី 10: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល