ទំនុកតម្កើង 40

40
ទន្ទឹងរង់ចាំសេចក្ដីមេត្តាពីព្រះ
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង​។
1ខ្ញុំ​បាន​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា​ដោយអត់ធ្មត់
នោះ​ព្រះអង្គ​ក៏​បែរមក​រក​ខ្ញុំ
ហើយ​សណ្ដាប់​សម្រែក​របស់ខ្ញុំ​។
2ព្រះអង្គ​បាន​យក​ខ្ញុំ​ឡើង​ពី​រណ្ដៅ​នៃ​សេចក្ដីវិនាស ពី​ភក់ជ្រាំ
ហើយ​ដាក់​ជើង​របស់ខ្ញុំ​នៅលើ​ថ្មដា
ក៏​ធ្វើឲ្យ​ជំហាន​របស់ខ្ញុំ​ស្ថិតស្ថេរ​។
3ព្រះអង្គ​បាន​ដាក់​ចម្រៀង​ថ្មី​ក្នុង​មាត់​ខ្ញុំ
ជា​ចម្រៀងសរសើរតម្កើង​ដល់​ព្រះ​របស់យើង​;
មនុស្ស​ជាច្រើន​នឹង​បាន​ឃើញ ក៏​កោតខ្លាច
ហើយ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​។
4មានពរ​ហើយ មនុស្ស​ដែល​យក​ព្រះយេហូវ៉ា​ជា​ទីទុកចិត្ត​របស់ខ្លួន
ហើយ​មិន​បែរទៅ​រក​មនុស្សក្រអឺតក្រទម
ឬ​បែរចេញទៅតាម​សេចក្ដីភូតភរ​។
5ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ
កិច្ចការដ៏អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​គម្រោង​របស់ព្រះអង្គ​សម្រាប់​យើងខ្ញុំ មាន​ច្រើន​ណាស់
គ្មានអ្នកណា​អាច​ប្រៀបផ្ទឹម​នឹង​ព្រះអង្គ​បាន​ឡើយ#40:5 កិច្ចការដ៏អស្ចារ្យដែលព្រះអង្គ​បាន​ធ្វើ និង​គម្រោង​របស់ព្រះអង្គសម្រាប់​យើងខ្ញុំ មានច្រើនណាស់ គ្មាន​អ្នកណា​អាចប្រៀបផ្ទឹមនឹង​ព្រះអង្គ​បានឡើយ―ឬ “ព្រះអង្គ​បាន​ធ្វើ​កិច្ចការ​ជាច្រើន គឺកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ និង​គម្រោង​របស់ព្រះអង្គសម្រាប់​យើងខ្ញុំ មានច្រើនឥត​គណនា”។​;
ទោះបីជា​ទូលបង្គំ​ប្រកាស ហើយ​រៀបរាប់​ក៏ដោយ ក៏​វា​ច្រើន​ហួស​នឹង​ថ្លែង​!
6ព្រះអង្គ​មិន​សព្វព្រះហឫទ័យ​នឹង​យញ្ញបូជា និង​តង្វាយ​ទេ
ព្រះអង្គ​មិន​ទាមទារ​តង្វាយដុត និង​តង្វាយលោះបាប​ទេ
ព្រះអង្គ​បាន​បើក​ត្រចៀក​ឲ្យ​ទូលបង្គំ
7ដូច្នេះ ទូលបង្គំ​ទូលថា​៖
“មើល៍! ទូលបង្គំ​មក​ដល់​ហើយ​!
នៅក្នុង​ក្រាំង​គម្ពីរ​មាន​សរសេរ​ទុកមក​អំពី​ទូលបង្គំ​ហើយ​។
8ព្រះ​នៃទូលបង្គំ​អើយ​!
ទូលបង្គំ​ពេញចិត្ត​នឹង​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​!
ក្រឹត្យវិន័យ​របស់ព្រះអង្គ​នៅ​ក្នុងចិត្ត​ទូលបង្គំ”។
9ទូលបង្គំ​បាន​ប្រកាសដំណឹងល្អ​នៃ​សេចក្ដីសុចរិត​នៅក្នុង​អង្គប្រជុំ​ដ៏ធំ
មើល៍! ទូលបង្គំ​មិន​ទប់​បបូរមាត់​របស់ទូលបង្គំ​ឡើយ​!
ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ទ្រង់​ជ្រាប​ហើយ​។
10ទូលបង្គំ​មិន​បាន​លាក់បាំង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​នៅ​ក្នុងចិត្ត​ទូលបង្គំ​ទេ
ទូលបង្គំ​បាន​រៀបរាប់​អំពី​សេចក្ដីស្មោះត្រង់ និង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ
ទូលបង្គំ​មិន​បាន​លាក់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល
និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ពី​អង្គប្រជុំ​ដ៏ធំ​ឡើយ​។
11រីឯ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ
សូម​កុំ​បង្ខាំង​សេចក្ដីមេត្តា​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ​!
សូមឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ
និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ ថែរក្សា​ទូលបង្គំ​ជានិច្ច​ផង
12ដ្បិត​ការអាក្រក់​ច្រើនឥតគណនា​បាន​រុំព័ទ្ធ​ជុំវិញ​ទូលបង្គំ
អំពើទុច្ចរិត​របស់ទូលបង្គំ​បាន​តាម​ទូលបង្គំ​ទាន់​ហើយ
បានជា​ទូលបង្គំ​មិនអាច​មើលឃើញ​ឡើយ​;
វា​ច្រើន​ជាង​សក់​ក្បាល​ទូលបង្គំ​ទៅទៀត
ហើយ​ស្មារតី#40:12 ស្មារតី​―ន័យត្រង់គឺ “ចិត្ត”។​ទូលបង្គំ​បាន​បោះបង់​ទូលបង្គំ​ចោល​ហើយ​។
13ព្រះយេហូវ៉ា​អើយ សូម​សព្វព្រះហឫទ័យ​នឹង​រំដោះ​ទូលបង្គំ​ផង​!
ព្រះយេហូវ៉ា​អើយ សូម​ប្រញាប់យាងមក​ជួយ​ទូលបង្គំ​ផង​!
14សូមឲ្យ​ពួកដែល​ស្វែងរក​ដើម្បី​បំផ្លាញ​ព្រលឹង​របស់ទូលបង្គំ
បាន​អាម៉ាស់មុខ ហើយ​ទទួលការអាប់យស​ទាំងអស់គ្នា​;
សូមឲ្យ​ពួកដែល​ពេញចិត្ត​នឹង​មហន្តរាយ​របស់ទូលបង្គំ
បាន​ថយទៅវិញ ហើយ​អៀនខ្មាស​។
15សូមឲ្យ​ពួកដែល​និយាយ​ដាក់​ទូលបង្គំ​ថា​៖ “ហាសហា​! ហាសហា​!”
បាន​តក់ស្លុត ដោយសារតែ​សេចក្ដីអាម៉ាស់​របស់ពួកគេ​។
16សូមឲ្យ​អស់អ្នក​ដែល​ស្វែងរក​ព្រះអង្គ​បាន​រីករាយ និង​អរសប្បាយ​ក្នុង​ព្រះអង្គ​;
សូមឲ្យ​អ្នកដែល​ស្រឡាញ់​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ និយាយ​ជានិច្ច​ថា​៖
“សូមឲ្យ​ព្រះយេហូវ៉ា​ត្រូវបាន​លើកតម្កើង​!”។
17ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​ទ័លក្រ និង​ខ្វះខាត
ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​យកចិត្តទុកដាក់​នឹង​ទូលបង្គំ​ផង​!
ព្រះអង្គ​ជា​ជំនួយ​នៃទូលបង្គំ និង​ជា​ព្រះរំដោះ​នៃទូលបង្គំ​;
ព្រះ​នៃទូលបង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ​!​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 40: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល