ទំនុកតម្កើង 17
17
អធិស្ឋានសុំព្រះឲ្យការពារ
សេចក្ដីអធិស្ឋានរបស់ដាវីឌ។
1ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យបណ្ដឹងដ៏សុចរិតរបស់ទូលបង្គំផង
សូមប្រុងស្ដាប់សម្រែករបស់ទូលបង្គំផង!
សូមផ្ទៀងព្រះកាណ៌នឹងពាក្យអធិស្ឋានរបស់ទូលបង្គំ ដែលចេញពីបបូរមាត់គ្មានសេចក្ដីបោកបញ្ឆោតផង!
2សូមឲ្យមានសាលក្រមបំភ្លឺភាពត្រឹមត្រូវសម្រាប់ទូលបង្គំ ចេញមកពីចំពោះព្រះអង្គ
សូមឲ្យព្រះនេត្ររបស់ព្រះអង្គទតមើលសេចក្ដីទៀងត្រង់ផង។
3ព្រះអង្គបានពិសោធចិត្តរបស់ទូលបង្គំ
ព្រះអង្គបានពិនិត្យមើលទូលបង្គំនៅពេលយប់;
ព្រះអង្គបានបន្សុទ្ធទូលបង្គំ ក៏រកមិនឃើញការល្មើស#17:3 ការល្មើស―ជាពាក្យជំនួយ។អ្វីឡើយ;
ទូលបង្គំបានសម្រេចចិត្តថានឹងមិនធ្វើខុសដោយមាត់របស់ទូលបង្គំឡើយ។
4ចំពោះការប្រព្រឹត្តរបស់មនុស្ស
ទូលបង្គំបានចៀសវាងពីផ្លូវរបស់មនុស្សកំណាច ដោយព្រោះព្រះបន្ទូលពីព្រះរឹមរបស់ព្រះអង្គ។
5ជំហានរបស់ទូលបង្គំនៅជាប់ក្នុងគន្លងរបស់ព្រះអង្គ
ជើងរបស់ទូលបង្គំមិនដែលរអិលឡើយ។
6ឱព្រះអើយ ទូលបង្គំស្រែកហៅព្រះអង្គ
ដ្បិតព្រះអង្គនឹងឆ្លើយមកទូលបង្គំ;
សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងទូលបង្គំ
សូមសណ្ដាប់ពាក្យរបស់ទូលបង្គំផង!
7សូមសម្ដែងយ៉ាងអស្ចារ្យនូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង
ព្រះអង្គដែលសង្គ្រោះអ្នកដែលជ្រកកោនឲ្យរួចពីពួកអ្នកតតាំង ដោយព្រះហស្តស្ដាំអើយ!
8សូមរក្សាទូលបង្គំដូចប្រស្រីភ្នែក
សូមបំពួនទូលបង្គំនៅក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ
9ឲ្យរួចពីមនុស្សអាក្រក់ដែលបំផ្លាញទូលបង្គំ
ឲ្យរួចពីពួកសត្រូវដែលទាស់នឹងព្រលឹងរបស់ទូលបង្គំ ដែលឡោមព័ទ្ធទូលបង្គំផង។
10ចិត្តដ៏ស្ពឹក#17:10 ចិត្តដ៏ស្ពឹក―ន័យត្រង់គឺ “ខ្លាញ់”។របស់ពួកគេបានបិទជិត
មាត់របស់ពួកគេនិយាយយ៉ាងក្រអឺតក្រទម។
11ឥឡូវនេះ ពួកគេបានដេញតាមយើងខ្ញុំ ហើយព័ទ្ធជុំវិញយើងខ្ញុំ#17:11 ពួកគេបានដេញតាមយើងខ្ញុំ ហើយព័ទ្ធជុំវិញយើងខ្ញុំ―ឬ “ពួកគេបានព័ទ្ធជុំវិញជំហានរបស់យើងខ្ញុំ”។;
ពួកគេតម្រង់ភ្នែកដើម្បីផ្ដួលយើងខ្ញុំដល់ដី។
12ពួកគេមានដំណូចដូចជាសិង្ហដែលចង់ហែកស៊ីយ៉ាងខ្លាំង
ក៏ដូចជាសិង្ហស្ទាវដែលសម្ងំចាំក្នុងទីស្ងាត់កំបាំង។
13ព្រះយេហូវ៉ាអើយ សូមក្រោកឡើង
សូមប្រឈមមុខនឹងពួកគេ សូមធ្វើឲ្យពួកគេចុះចូលផង!
សូមរំដោះព្រលឹងរបស់ទូលបង្គំពីមនុស្សអាក្រក់ដោយដាវរបស់ព្រះអង្គផង!
14ព្រះយេហូវ៉ាអើយ
សូមឲ្យទូលបង្គំរួចពីមនុស្សដោយព្រះហស្តរបស់ព្រះអង្គផង
គឺឲ្យរួចពីមនុស្សលោកដែលចំណែករបស់គេនៅក្នុងជីវិតនេះ។
ព្រះអង្គបានបំពេញពោះពួកគេដោយអ្វីដែលព្រះអង្គសន្សំទុក
នោះពួកគេក៏ស្កប់ចិត្តដែលមានកូនចៅ#17:14 ពួកគេក៏ស្កប់ចិត្តដែលមានកូនចៅ―ឬ “កូនចៅរបស់ពួកគេក៏ស្កប់ចិត្ត”។
ហើយបន្សល់អ្វីដែលសល់ដល់ទារករបស់ខ្លួន។
15រីឯទូលបង្គំវិញ ទូលបង្គំនឹងមើលព្រះភក្ត្ររបស់ព្រះអង្គក្នុងសេចក្ដីសុចរិត;
នៅពេលភ្ញាក់ឡើង ទូលបង្គំនឹងស្កប់ចិត្តដោយឃើញរូបរាងរបស់ព្រះអង្គ៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 17: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative