លូកា 22

22
ផែនការធ្វើគុតព្រះយេស៊ូវ
1បុណ្យនំប៉័ងឥតមេ​ដែល​គេ​ហៅថា​បុណ្យរំលង ជិតមកដល់​ហើយ​។ 2ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​កំពុង​រកមធ្យោបាយ​ធ្វើគុត​ព្រះយេស៊ូវ ដ្បិត​ពួកគេ​ខ្លាច​ប្រជាជន​។
3ពេលនោះ សាតាំង​បាន​ចូល​ក្នុង​យូដាស​ដែល​គេ​ហៅថា​អ៊ីស្ការីយ៉ុត ជា​ម្នាក់​ក្នុង​សាវ័ក#22:3 សាវ័ក―ជាពាក្យជំនួយ។​ទាំង​ដប់ពីរ​នាក់​។ 4គាត់​ចេញទៅ ពិគ្រោះជាមួយ​ពួក​នាយកបូជាចារ្យ និង​ពួក​មេតម្រួត#22:4 មេតម្រួត―ន័យត្រង់គឺ “មេទ័ព” ។​អំពី​របៀប​ដែល​គាត់​អាច​ប្រគល់​ព្រះយេស៊ូវ​ទៅ​ពួកគេ​។ 5ពួកគេ​ក៏​អរសប្បាយ ហើយ​សន្យា​ឲ្យ​លុយ​ដល់​គាត់​។ 6យូដាស​ក៏​យល់ព្រម ហើយ​ចាប់ផ្ដើម​រក​ឱកាស​ប្រគល់​ព្រះយេស៊ូវ​ទៅ​ពួកគេ ក្នុងពេលដែលគ្មាន​ហ្វូងមនុស្ស​។
ការ​រៀបចំ​ពិធី​បុណ្យ​រំលង
7ថ្ងៃ​បុណ្យនំប៉័ងឥតមេ ជា​ថ្ងៃ​ដែល​ត្រូវតែ​សម្លាប់​កូនចៀម​នៃ​បុណ្យរំលង បាន​មក​ដល់​។ 8ព្រះយេស៊ូវ​ទ្រង់​ចាត់​ពេត្រុស និង​យ៉ូហាន​ឲ្យទៅ ដោយ​មានបន្ទូលថា​៖“ចូរ​ទៅ​រៀបចំ​បុណ្យរំលង​សម្រាប់​ពួកយើង ដើម្បីឲ្យ​ពួកយើង​បាន​ហូប”។
9ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា​៖ “តើ​លោក​ចង់ឲ្យ​យើងខ្ញុំ​រៀបចំ​នៅ​ឯណា​?”។
10ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“មើល៍! នៅពេល​ពួកអ្នក​ចូលទៅ​ទីក្រុង មាន​បុរស​ម្នាក់​ដែល​កំពុង​លី​ក្អម​ទឹក​នឹង​ជួប​ពួកអ្នក​។ ចូរ​ទៅតាម​គាត់​រហូតដល់​ផ្ទះ​ដែល​គាត់​ចូល​នោះ​ចុះ 11ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​ថា​: ‘លោកគ្រូ​សួរ​អ្នក​ថា តើ​បន្ទប់ទទួលភ្ញៀវ​ដែល​ខ្ញុំ​នឹង​ហូប​អាហារ​បុណ្យរំលង​ជាមួយ​ពួក​សិស្ស​របស់ខ្ញុំ​នៅ​ឯណា​?’ 12គាត់​នឹង​បង្ហាញ​បន្ទប់​ធំ​មួយ​នៅជាន់ខាងលើ​ដែល​រៀបចំជាស្រេច ដល់​ពួកអ្នក​។ ចូរ​រៀបចំ​នៅ​ទីនោះ​ចុះ”។
13ពួកគេ​ក៏​ចេញទៅ ហើយ​ឃើញ​ដូចដែល​ព្រះយេស៊ូវ​បាន​មានបន្ទូល​នឹង​ពួកគេ រួច​ពួកគេ​ក៏​រៀបចំ​អាហារ​បុណ្យរំលង​។
ពិធីលៀងព្រះអម្ចាស់លើកដំបូង
14លុះដល់​ម៉ោង​ហើយ ព្រះយេស៊ូវ​គង់ចុះនៅតុអាហារ ហើយ​សាវ័ក​ទាំងដប់ពីរនាក់#22:14 ឯកសារបុរាណខ្លះគ្មាន “ទាំងដប់​ពីរ​នាក់”។​ក៏​អង្គុយ​ជាមួយ​ព្រះអង្គ​ដែរ​។ 15ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ខ្ញុំ​ប្រាថ្នាចង់​ហូប​អាហារ​បុណ្យរំលង​នេះ​ជាមួយ​អ្នករាល់គ្នា​ខ្លាំងណាស់ មុន​ខ្ញុំ​រងទុក្ខ​។ 16ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​នឹង​មិន​ហូប​អាហារពិធីបុណ្យនេះ​ទៀត#22:16 ឯកសារបុរាណខ្លះគ្មាន “ទៀត”។ជាដាច់ខាត រហូតដល់​ពិធីបុណ្យនេះ​ត្រូវបាន​បំពេញឲ្យសម្រេច​នៅក្នុង​អាណាចក្រ​របស់​ព្រះ”។ 17បន្ទាប់មក ព្រះអង្គ​ទ្រង់​យក​ពែង ហើយ​អរព្រះគុណ រួច​មានបន្ទូលថា​៖“ចូរ​ទទួលយក​ពែង​នេះ ហើយ​ចែកគ្នា​ផឹក​ចុះ​។ 18ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចាប់ពីឥឡូវនេះទៅ#22:18 ឯកសារបុរាណខ្លះគ្មាន “ចាប់ពី​ឥឡូវនេះ​ទៅ”។ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ទំពាំងបាយជូរ​នេះ​ជាដាច់ខាត រហូតដល់​អាណាចក្រ​របស់​ព្រះ​បាន​មក​ដល់”។
19ព្រះអង្គ​ក៏​យក​នំប៉័ង អរព្រះគុណ ហើយ​កាច់ រួច​ប្រទាន​ដល់​ពួកគេ ទាំង​មានបន្ទូលថា​៖“នេះ​ជា​រូបកាយ​របស់ខ្ញុំ​ដែល​បាន​ថ្វាយ​សម្រាប់​អ្នករាល់គ្នា​។ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​ជា​ការរំលឹក​អំពី​ខ្ញុំ”។
20ក្រោយពី​ហូប​រួចហើយ ព្រះអង្គ​ក៏​យក​ពែង​មក​ធ្វើ​ដូចគ្នាដែរ ដោយ​មានបន្ទូលថា​៖“ពែង​នេះ​ជា​សម្ពន្ធមេត្រី​ថ្មី ដែលតាំង​ដោយ​ឈាម​របស់ខ្ញុំ ជា​ឈាម​ដែល​បង្ហូរ​សម្រាប់​អ្នករាល់គ្នា​។#22:19-20 ឯកសារបុរាណខ្លះគ្មាន “ដែល​បានថ្វាយ...ដែល​បង្ហូរ​សម្រាប់​អ្នក​រាល់គ្នា”។ 21ប៉ុន្តែ​មើល៍! ដៃ​របស់​អ្នក​ដែល​នឹង​ក្បត់​ខ្ញុំ ក៏​នៅ​តុ​ជាមួយ​ខ្ញុំ​ដែរ​។ 22ជាការពិត កូនមនុស្ស​នឹង​ទៅ​មែន តាម​សេចក្ដី​ដែល​ត្រូវបាន​កំណត់​ទុក ប៉ុន្តែ​វេទនា​ហើយ​! អ្នក​ដែល​ក្បត់​កូនមនុស្ស”។
23ដូច្នេះ ពួកគេ​ក៏​ចាប់ផ្ដើម​ជជែក​គ្នា ថា​តើ​អ្នក​ដែល​រៀបនឹង​ធ្វើ​ការនេះ ជា​អ្នកណា​ក្នុង​ពួកគេ​។
ជម្លោះអំពីអ្នកណាធំជាង
24មាន​ជម្លោះ​កើតឡើង​ក្នុងចំណោម​ពួកសិស្ស ថា​តើ​អ្នកណា​ក្នុង​ពួកគេ​ត្រូវ​រាប់ជា​ធំជាង​។ 25ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“បណ្ដា​ស្ដេច​របស់​សាសន៍ដទៃ​ជិះជាន់​លើ​សាសន៍របស់ខ្លួន ហើយ​ពួក​អ្នក​កាន់អំណាច​លើ​ពួកគេ ក៏​ត្រូវគេ​ហៅថា អ្នកមានគុណ​។ 26ប៉ុន្តែ​អ្នករាល់គ្នា​មិនមែន​ដូច្នោះ​ទេ​។ ផ្ទុយទៅវិញ ចូរឲ្យ​អ្នក​ដែល​ធំជាង​ក្នុងចំណោម​អ្នករាល់គ្នា ធ្វើ​ដូចជា​អ្នក​ក្មេងជាងគេ​; ចូរឲ្យ​អ្នក​ដែល​ដឹកនាំ​គេ ធ្វើ​ដូចជា​អ្នក​ដែល​បម្រើ​។ 27តើ​នរណា​ធំជាង អ្នក​ដែល​រួមតុអាហារ ឬ​អ្នក​ដែល​បម្រើ​? តើ​មិនមែន​អ្នក​ដែល​រួមតុអាហារ​ទេ​ឬ​? ប៉ុន្តែ​ខ្ញុំ​វិញ ខ្ញុំ​បាន​ដូចជា​អ្នក​ដែល​បម្រើ​នៅ​កណ្ដាលចំណោម​អ្នករាល់គ្នា​។ 28យ៉ាងណាមិញ អ្នករាល់គ្នា​ជា​អ្នក​ដែល​តែងតែនៅជាមួយ​ខ្ញុំ ក្នុងពេល​ខ្ញុំ​ជួប​ការសាកល្បង​; 29ហើយខ្ញុំក៏​នឹង​ប្រគល់​អាណាចក្រ​ឲ្យ​អ្នករាល់គ្នា ដូចដែល​ព្រះ​បិតា​របស់ខ្ញុំ​បាន​ប្រគល់​មក​ខ្ញុំ​ដែរ 30ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ហូប និង​ផឹក​នៅ​តុ​ខ្ញុំ​ក្នុង​អាណាចក្រ​របស់ខ្ញុំ ហើយ​អ្នករាល់គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក ជំនុំជម្រះ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​អ៊ីស្រាអែល”។
ប្រាប់ជាមុនអំពីការបដិសេធរបស់ពេត្រុស
31ព្រះអម្ចាស់​មានបន្ទូល​ទៀត​ថា#22:31 ឯកសារបុរាណខ្លះគ្មាន “ព្រះអម្ចាស់​មានបន្ទូល​ទៀតថា”។​៖“ស៊ីម៉ូន ស៊ីម៉ូន​អើយ មើល៍! សាតាំង​បាន​ទាមទារចង់បាន​អ្នករាល់គ្នា ដើម្បី​រែង​អ្នករាល់គ្នា​ដូច​ស្រូវសាលី​។ 32ប៉ុន្តែ​ខ្ញុំ​បាន​អធិស្ឋាន​សម្រាប់​អ្នក ដើម្បីកុំឲ្យ​ជំនឿ​របស់អ្នក​បាត់​ឡើយ​។ ដូច្នេះ កាលណា​អ្នក​បាន​បែរមកវិញ ចូរ​ពង្រឹង​បងប្អូន​របស់អ្នក​ផង”។
33ប៉ុន្តែ​ពេត្រុស​ទូល​ព្រះយេស៊ូវ​ថា​៖ “ព្រះអម្ចាស់​អើយ ទូលបង្គំ​ប្រុងប្រៀប​នឹង​ទៅ​ជាមួយ​ព្រះអង្គ​ហើយ ទោះបីជា​ដល់​គុក ឬ​ដល់​សេចក្ដីស្លាប់​ក៏ដោយ​!”។
34ព្រះយេស៊ូវ​មានបន្ទូលថា​៖“ពេត្រុស​អើយ ខ្ញុំ​ប្រាប់​អ្នក​ថា នៅ​ថ្ងៃនេះ​មាន់​នឹង​មិន​រងាវ​ឡើយ រហូតទាល់តែ​អ្នក​បដិសេធ​បីដង​ថា​មិន​ស្គាល់​ខ្ញុំ”។
ចូរត្រៀមខ្លួនចំពោះទុក្ខលំបាក
35បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“កាល​ខ្ញុំ​ចាត់​អ្នករាល់គ្នា​ឲ្យទៅ​ដោយគ្មាន​ថង់ប្រាក់ ថង់យាម និង​ស្បែកជើង តើ​អ្នករាល់គ្នា​មាន​ខ្វះ​អ្វីឬទេ​?”។
ពួកគេ​ទូលថា​៖ “គ្មានទេ”។
36ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប៉ុន្តែ​ឥឡូវនេះ អ្នក​ដែល​មាន​ថង់ប្រាក់ ចូរ​យកទៅ​; ដូចគ្នាដែរ អ្នក​ដែល​មាន​ថង់យាម ក៏​ចូរ​យកទៅ​ដែរ​; រីឯ​អ្នក​ដែល​គ្មាន​ដាវ ចូរ​លក់​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​ទិញ​មួយ​ទៅ​។ 37ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា សេចក្ដីនេះ​ដែល​មាន​សរសេរ​ទុកមក​ថា​:‘លោក​ត្រូវគេ​រាប់​ជាមួយ​មនុស្សឥតច្បាប់’#22:37 《អេសាយ》 53:12។ត្រូវតែ​បាន​បំពេញឲ្យសម្រេច​នៅក្នុង​ខ្ញុំ ដ្បិត​សេចក្ដី​ដែល​មាន​សរសេរ​ទុកមក​ទាក់ទងនឹង​ខ្ញុំ​កំពុងតែ​បាន​បំពេញឲ្យសម្រេច​ហើយ”។
38ពួកគេ​ទូលថា​៖ “ព្រះអម្ចាស់​អើយ មើល៍! មាន​ដាវ​ពីរ​នៅ​ទីនេះ”។
ព្រះយេស៊ូវ​មានបន្ទូលថា​៖“ល្មម​ហើយ”។
អធិស្ឋាននៅសួន
39ព្រះយេស៊ូវ​ទ្រង់​ចេញ​ពីទីនោះ ហើយ​យាង​ឆ្ពោះទៅ​ភ្នំ​ដើមអូលីវ តាម​ទម្លាប់​របស់ព្រះអង្គ ពួក​សិស្ស​ក៏​ទៅតាម​ព្រះអង្គ​ដែរ​។ 40នៅពេល​យាង​ទៅដល់​កន្លែង​ហើយ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចូរ​អធិស្ឋាន ដើម្បី​កុំឲ្យ​ធ្លាក់ទៅក្នុង​ការល្បួង​ឡើយ”។ 41បន្ទាប់មក ព្រះអង្គ​យាង​ចេញ​ពី​ពួកគេ ចម្ងាយ​ប្រមាណ​ចោល​មួយ​ដុំថ្ម ហើយ​លុតជង្គង់​អធិស្ឋាន 42ថា​៖“ព្រះ​បិតា​អើយ ប្រសិនបើ​ព្រះអង្គ​សព្វព្រះហឫទ័យ សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ផង​! ប៉ុន្តែ​សូម​កុំ​តាម​បំណង​ចិត្ត​របស់ទូលបង្គំ​ឡើយ គឺ​សូមឲ្យ​សម្រេច​តាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​វិញ”។
43មាន​ទូតសួគ៌​ពី​ស្ថានសួគ៌​បាន​លេចមក​ពង្រឹងកម្លាំង​ព្រះអង្គ​។#22:43 ឯកសារបុរាណខ្លះគ្មានខនេះ។ 44ដោយ​ស្ថិតនៅក្នុង​ភាពឈឺចុកចាប់យ៉ាងខ្លាំង ព្រះយេស៊ូវ​ទ្រង់​អធិស្ឋាន​កាន់តែខ្លាំងទ្បើង ហើយ​តំណក់​ញើស​របស់​ព្រះអង្គ​ក៏​បាន​ដូចជា​តំណក់​ឈាម​ធំៗ​ស្រក់ចុះ​លើ​ដី​។#22:44 ឯកសារបុរាណខ្លះគ្មានខនេះ។ 45នៅពេល​ក្រោកឡើង​ពី​ការអធិស្ឋាន ព្រះយេស៊ូវ​យាង​មករក​ពួក​សិស្ស ហើយ​ឃើញ​ពួកគេ​ដេកលក់​ដោយសារតែ​ទុក្ខព្រួយ 46ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ហេតុអ្វីបានជា​អ្នករាល់គ្នា​ដេកលក់​ដូច្នេះ​? ចូរ​ក្រោកឡើង​អធិស្ឋាន ដើម្បីកុំឲ្យ​ធ្លាក់ទៅក្នុង​ការល្បួង​ឡើយ”។
សញ្ញានៃការថើបរបស់យូដាស
47ខណៈដែល​ព្រះយេស៊ូវ​កំពុងតែ​មានបន្ទូល​នៅឡើយ មើល៍! មាន​ហ្វូងមនុស្ស​មួយក្រុម​បាន​មក​។ ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់ គឺ​អ្នក​ដែល​គេ​ហៅថា​យូដាស កំពុង​នាំមុខ​ពួកគេ​។ គាត់​ចូលមកជិត​ព្រះយេស៊ូវ​ដើម្បី​ថើប​ព្រះអង្គ​។ 48ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“យូដាស​អើយ តើ​អ្នក​ក្បត់​កូនមនុស្ស​ដោយ​ការថើប​ឬ​?”។
49នៅពេល​ពួក​អ្នក​ដែល​នៅ​ជុំវិញ​ព្រះយេស៊ូវ​ឃើញ​ហេតុការណ៍​ដែល​រៀបនឹង​កើតឡើង ពួកគេ​ទូលថា​៖ “ព្រះអម្ចាស់​! តើ​ឲ្យ​យើងខ្ញុំ​កាប់​នឹង​ដាវ​ឬ​?”។ 50មាន​ម្នាក់​ក្នុង​ពួកគេ បាន​កាប់​បាវបម្រើ​របស់​មហាបូជាចារ្យ ដាច់​ត្រចៀក​ស្ដាំ​របស់​អ្នកនោះ​។
51ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“ឈប់​! ប៉ុណ្ណឹងបានហើយ​!” រួច​ព្រះអង្គ​ក៏​ពាល់​ត្រចៀក​អ្នកនោះ ហើយ​ប្រោស​គាត់​ឲ្យជា​។ 52ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​នាយកបូជាចារ្យ ពួក​មេតម្រួត​ព្រះវិហារ និង​ពួក​ចាស់ទុំ​ដែល​មក​ចាប់​ព្រះអង្គ​ថា​៖“អ្នករាល់គ្នា​ចេញមក​ទាំង​កាន់​ដាវ​កាន់​ដំបង ដូចជា​តាមចាប់​ចោរប្លន់​ឬ​? 53ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ​ជាមួយ​អ្នករាល់គ្នា​ជា​រៀងរាល់ថ្ងៃ តែ​អ្នករាល់គ្នា​មិន​បាន​លូក​ដៃ​ចាប់​ខ្ញុំ​ទេ​។ យ៉ាងណាមិញ នេះ​ជា​ពេលវេលា​របស់អ្នករាល់គ្នា និង​ជា​អំណាច​នៃ​សេចក្ដីងងឹត”។
ពេត្រុសបដិសេធព្រះយេស៊ូវ
54ពួកគេ​ក៏​ចាប់​ព្រះយេស៊ូវ ហើយ​នាំចូលទៅ​ក្នុង​ផ្ទះ​របស់​មហាបូជាចារ្យ​។ រីឯ​ពេត្រុស​ទៅតាម​ពីចម្ងាយ​។ 55ពួកគេ​បាន​បង្កាត់​ភ្លើង​នៅ​កណ្ដាល​ទីធ្លា ហើយ​អង្គុយជាមួយគ្នា ពេត្រុស​ក៏​អង្គុយ​ក្នុងចំណោម​ពួកគេ​ដែរ​។ 56មាន​បាវបម្រើស្រី​ម្នាក់​ឃើញ​ពេត្រុស​កំពុង​អង្គុយ​ក្នុង​ពន្លឺភ្លើង ក៏​សម្លឹងមើល​គាត់ ហើយ​និយាយថា​៖ “ម្នាក់នេះ​ក៏​នៅ​ជាមួយ​អ្នកនោះ​ដែរ”។
57ប៉ុន្តែ​ពេត្រុស​បដិសេធ​ថា​៖ “ស្ត្រី​អើយ ខ្ញុំ​មិន​ស្គាល់​អ្នកនោះ​ទេ​!”។
58បន្តិច​ក្រោយមក មាន​ម្នាក់ទៀត​ឃើញ​គាត់ ក៏​និយាយថា​៖ “អ្នកឯង​ក៏​ជា​គ្នា​ពួកនោះ​ដែរ”។
ពេត្រុស​និយាយថា​៖ “លោក​! ខ្ញុំ​មិនមែនទេ”។
59ប្រមាណជា​មួយ​ម៉ោង​ក្រោយមក មាន​ម្នាក់​ផ្សេងទៀត​អះអាង​ថា​៖ “អ្នកនេះ​ពិតជា​នៅ​ជាមួយ​អ្នកនោះ​មែន ពីព្រោះ​គាត់​ជា​អ្នកកាលីឡេ​ដែរ”។
60ពេត្រុស​និយាយថា​៖ “លោក​! ខ្ញុំ​មិន​ដឹង​អ្វីដែល​លោក​និយាយ​ទេ”។ ខណៈដែល​គាត់​កំពុង​និយាយ​នៅឡើយ ភ្លាមនោះ មាន់​ក៏​រងាវឡើង​។ 61ព្រះអម្ចាស់​ក៏​ងាកមក​សម្លឹងមើល​ពេត្រុស នោះ​ពេត្រុស​ក៏​នឹកឃើញ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដែល​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​:“មុន​មាន់​រងាវ​ថ្ងៃនេះ អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង”។ 62គាត់​ក៏​ចេញទៅ​ខាងក្រៅ​ទាំង​យំ​សោកស្ដាយ​យ៉ាងខ្លាំង​។
ព្រះយេស៊ូវត្រូវគេចំអក និងវាយ
63រីឯ​ពួក​អ្នក​ដែល​យាម​ព្រះយេស៊ូវ#22:63 ឯកសារបុរាណខ្លះគ្មាន “ព្រះយេស៊ូវ”។ ចំអកឡកឡឺយ​ដាក់​ព្រះអង្គ វាយ​ព្រះអង្គ 64ហើយ​បិទព្រះភក្ត្រ​ព្រះអង្គ#22:64 ឯកសារបុរាណខ្លះបន្ថែម “រួចទះកំផ្លៀងព្រះអង្គ”។ ទាំង​សួរ​ថា​៖ “ព្យាករ​មើល៍​! តើ​នរណា​វាយ​អ្នកឯង​?”។ 65គេ​ជេរប្រមាថ​ព្រះអង្គ​ដោយ​ពោល​ពាក្យ​ផ្សេងៗ​ជាច្រើន​ផង​។
ព្រះយេស៊ូវនៅមុខក្រុមប្រឹក្សា
66លុះ​ព្រលឹមឡើង ក្រុមព្រឹទ្ធាចារ្យ​របស់​ប្រជាជន ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​បាន​ជួបជុំគ្នា​។ ពួកគេ​នាំ​ព្រះយេស៊ូវ​ទៅ​ឯ​ក្រុមប្រឹក្សា​របស់​ពួកគេ 67ហើយ​និយាយថា​៖ “បើសិន​អ្នក​ជា​ព្រះ​គ្រីស្ទ​មែន ចូរ​ប្រាប់​យើង​មក”។
ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រសិនបើ​ខ្ញុំ​ប្រាប់​អស់លោក ក៏​អស់លោក​មិន​ជឿ​ឡើយ 68ហើយ​ប្រសិនបើ​ខ្ញុំ​សួរ​អស់លោក ក៏​អស់លោក​មិន​ឆ្លើយ#22:68 ឯកសារបុរាណខ្លះបន្ថែម “ឬដោះលែងខ្ញុំ”។ដែរ​។ 69ប៉ុន្តែ​ចាប់ពីឥឡូវនេះទៅ កូនមនុស្ស​នឹង​អង្គុយ​នៅ​ខាងស្ដាំ​ព្រះ​ដ៏មាន​ព្រះចេស្ដា”។
70ពួកគេ​ទាំងអស់គ្នា​សួរថា​៖ “បើដូច្នេះ អ្នក​ជា​ព្រះបុត្រារបស់ព្រះ​ឬ​?”។
ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“គឺ​អស់លោក​និយាយ​ទេ ថា​គឺ​ខ្ញុំ​ហ្នឹងហើយ”។
71ពួកគេ​ក៏​និយាយថា​៖ “យើង​ត្រូវការ​ទីបន្ទាល់​អី​ទៀត​? ដ្បិត​យើងផ្ទាល់​បាន​ឮ​ពី​មាត់​របស់​វា​ហើយ”៕

ទើបបានជ្រើសរើសហើយ៖

លូកា 22: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល