លូកា 20
20
ជំទាស់នឹងសិទ្ធិអំណាចរបស់ព្រះយេស៊ូវ
1នៅគ្រានោះ មានកើតឡើងដូច្នេះ: ពេលព្រះយេស៊ូវកំពុងបង្រៀនប្រជាជននៅក្នុងព្រះវិហារ ព្រមទាំងប្រកាសដំណឹងល្អ មានពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យចូលមកជាមួយពួកចាស់ទុំ 2ហើយសួរព្រះអង្គថា៖ “ចូរប្រាប់យើងមក តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាជាអ្នកដែលប្រគល់សិទ្ធិអំណាចនេះដល់អ្នក?”។
3ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ខ្ញុំនឹងសួរអស់លោកមួយសំណួរដែរ ចូរប្រាប់ខ្ញុំមក។ 4តើពិធីជ្រមុជទឹករបស់យ៉ូហានមកពីស្ថានសួគ៌ ឬមកពីមនុស្ស?”។
5ពួកគេពិគ្រោះគ្នាថា៖ “បើសិនយើងថា: ‘មកពីស្ថានសួគ៌’ គាត់នឹងសួរថា: ‘ចុះម្ដេចក៏អ្នករាល់គ្នាមិនបានជឿគាត់?’ 6ប៉ុន្តែបើសិនយើងថា: ‘មកពីមនុស្ស’ ប្រជាជនទាំងមូលនឹងគប់ដុំថ្មសម្លាប់យើង ពីព្រោះពួកគេជឿជាក់ថាយ៉ូហានជាព្យាការី”។
7ដូច្នេះ ពួកគេឆ្លើយថា៖ “ពួកយើងមិនដឹងថាមកពីណាទេ”។
8ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វីដែរ”។
ពាក្យឧបមាអំពីម្ចាស់ចម្ការទំពាំងបាយជូរ
9ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមមានបន្ទូលនឹងប្រជាជនជាពាក្យឧបមានេះថា៖“មានបុរសម្នាក់ធ្វើចម្ការទំពាំងបាយជូរ ហើយប្រវាស់ឲ្យពួកកសិករ រួចចេញដំណើរទៅស្រុកឆ្ងាយអស់រយៈពេលយ៉ាងយូរ។ 10លុះដល់រដូវប្រមូលផល#20:10 ប្រមូលផល―ជាពាក្យជំនួយ។លោកក៏ចាត់បាវបម្រើម្នាក់ឲ្យទៅរកពួកកសិករ ដើម្បីឲ្យពួកគេចែកផលពីចម្ការទំពាំងបាយជូរនោះដល់គាត់។ ប៉ុន្តែពួកកសិករបានវាយបាវបម្រើនោះ ហើយបណ្ដេញគាត់ឲ្យទៅវិញដោយដៃទទេ។ 11ម្ចាស់ចម្ការក៏ចាត់បាវបម្រើផ្សេងឲ្យទៅម្ដងទៀត ប៉ុន្តែពួកគេក៏វាយ និងបង្អាប់បង្អោនគាត់ ហើយបណ្ដេញគាត់ឲ្យទៅវិញដោយដៃទទេដែរ។ 12ម្ចាស់ចម្ការបន្តចាត់អ្នកទីបីឲ្យទៅ ប៉ុន្តែពួកគេធ្វើឲ្យអ្នកនោះរបួស ហើយបោះគាត់ទៅក្រៅដែរ។
13 “ម្ចាស់ចម្ការទំពាំងបាយជូរនោះក៏និយាយថា: ‘តើខ្ញុំគួរធ្វើដូចម្ដេច? ខ្ញុំនឹងចាត់កូនប្រុសដ៏ជាទីស្រឡាញ់របស់ខ្ញុំឲ្យទៅ ប្រហែលពួកគេនឹងគោរពកូនខ្ញុំ # 20:13 ឯកសារបុរាណខ្លះបន្ថែម “នៅពេលពួកគេឃើញគាត់”។ ’។
14 “ប៉ុន្តែនៅពេលពួកកសិករឃើញគាត់ ក៏ជជែកគ្នាថា: ‘ # 20:14 ឯកសារបុរាណខ្លះបន្ថែម “មក៍!”។ ម្នាក់នេះជាអ្នកទទួលមរតក។ យើងនាំគ្នាសម្លាប់វាចោលទៅ ដើម្បីឲ្យទ្រព្យមរតកបានជារបស់យើង’។ 15ដូច្នេះ ពួកគេក៏អូសគាត់ចេញទៅខាងក្រៅចម្ការទំពាំងបាយជូរ ហើយសម្លាប់គាត់។
“ចុះម្ចាស់ចម្ការទំពាំងបាយជូរនឹងធ្វើដូចម្ដេចដល់ពួកគេ? 16លោកនឹងមកបំផ្លាញជីវិតកសិករទាំងនេះ រួចប្រគល់ចម្ការទំពាំងបាយជូរដល់អ្នកផ្សេងទៀត”។
នៅពេលឮដូច្នេះ គេក៏ពោលថា៖ “កុំឲ្យកើតមានដូច្នោះឡើយ!”។
17ព្រះយេស៊ូវទ្រង់សម្លឹងមើលពួកគេ ហើយមានបន្ទូលថា៖“បើដូច្នេះ តើសេចក្ដីដែលមានសរសេរទុកមកថា:‘ថ្មដែលពួកជាងសង់ផ្ទះបដិសេធ បានត្រឡប់ជាថ្មគ្រឹះវិញ’#20:17 《ទំនុកតម្កើង》 118:22។មានន័យដូចម្ដេច? 18អស់អ្នកដែលធ្លាក់លើថ្មនេះ នឹងត្រូវបាក់បែក ហើយអ្នកណាដែលថ្មនេះធ្លាក់លើ ថ្មនេះនឹងកិនអ្នកនោះឲ្យខ្ទេចខ្ទី”។
19ពេលនោះ ពួកគ្រូវិន័យ និងពួកនាយកបូជាចារ្យចង់លូកដៃចាប់ព្រះអង្គ ដ្បិតពួកគេដឹងថាព្រះអង្គមានបន្ទូលជាពាក្យឧបមានេះសំដៅលើពួកគេ ប៉ុន្តែពួកគេខ្លាចប្រជាជន។
ព្រះ និងសេសារ
20បន្ទាប់មក ពួកគេឃ្លាំមើលព្រះយេស៊ូវ ហើយចាត់អ្នកស៊ើបការណ៍ដែលបន្លំខ្លួនជាមនុស្សស្មោះត្រង់ ឲ្យទៅចាប់កំហុសព្រះអង្គតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ ដើម្បីប្រគល់ព្រះអង្គទៅក្នុងការគ្រប់គ្រង និងអំណាចរបស់អភិបាល។ 21អ្នកស៊ើបការណ៍ទាំងនោះក៏ទូលសួរព្រះអង្គថា៖ “លោកគ្រូ យើងខ្ញុំដឹងហើយថា លោកមានប្រសាសន៍ និងបង្រៀនយ៉ាងត្រឹមត្រូវ ហើយលោកមិនរើសមុខគេឡើយ ផ្ទុយទៅវិញលោកបង្រៀនមាគ៌ារបស់ព្រះតាមសេចក្ដីពិត។ 22តើយើងខ្ញុំបង់ពន្ធថ្វាយសេសារ ត្រូវឬមិនត្រូវ?”។
23ព្រះយេស៊ូវទ្រង់ឈ្វេងយល់ល្បិចកលរបស់ពួកគេ ក៏មានបន្ទូលនឹងពួកគេថា៖#20:23 ឯកសារបុរាណខ្លះបន្ថែម “ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំ?”។ 24“ចូរបង្ហាញកាក់ឌេណារី#20:24 ឌេណារី―លុយកាក់ធ្វើពីប្រាក់របស់រ៉ូម៉ាំង។ 1ឌេណារី=ថ្លៃឈ្នួល1ថ្ងៃ។ឲ្យខ្ញុំមើល៍។ តើរូប និងចំណារនេះជារបស់នរណា?”។
ពួកគេទូលឆ្លើយថា៖ “របស់សេសារ”។
25ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“បើដូច្នេះ អ្វីៗរបស់សេសារ ចូរថ្វាយដល់សេសារ ហើយអ្វីៗរបស់ព្រះ ចូរថ្វាយដល់ព្រះចុះ”។
26ពួកគេចាប់កំហុសព្រះយេស៊ូវតាមរយៈព្រះបន្ទូលរបស់ព្រះអង្គនៅមុខប្រជាជនមិនបាន ពួកគេក៏នៅស្ងៀមដោយស្ងើចចំពោះចម្លើយរបស់ព្រះអង្គ។
ពួកសាឌូស៊ី និងសេចក្ដីរស់ឡើងវិញ
27មានអ្នកខ្លះពីពួកសាឌូស៊ីដែលនិយាយប្រឆាំងថាគ្មានការរស់ឡើងវិញ ចូលមកជិតទូលសួរព្រះយេស៊ូវ 28ថា៖ “លោកគ្រូ ម៉ូសេបានសរសេរទុកឲ្យយើងថាប្រសិនបើបងប្រុសរបស់អ្នកណាម្នាក់ស្លាប់ចោលប្រពន្ធទាំងគ្មានកូន ប្អូនប្រុសរបស់គាត់ត្រូវតែយកប្រពន្ធរបស់បង ហើយបង្កើតពូជសម្រាប់បងប្រុសរបស់ខ្លួន។#20:28 《ទុតិយកថា》 25:5។ 29មានបងប្អូនប្រុសប្រាំពីរនាក់ បងច្បងបានយកប្រពន្ធ ហើយស្លាប់ទៅទាំងគ្មានកូន។ 30ប្អូនទីពីរ#20:30 ប្អូនទីពីរ―ឯកសារបុរាណខ្លះថា “ប្អូនទីពីរយកស្ត្រីនោះ ហើយស្លាប់ទៅទាំងគ្មានកូន”។ 31និងទីបីក៏យកនាង ហើយបងប្អូនទាំងប្រាំពីរនាក់ក៏ស្លាប់ទៅដោយមិនបានបន្សល់កូនដូចគ្នាដែរ។ 32នៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ 33ដូច្នេះ នៅថ្ងៃនៃការរស់ឡើងវិញ តើស្ត្រីនោះនឹងទៅជាប្រពន្ធរបស់នរណាក្នុងពួកគេ? ដ្បិតទាំងប្រាំពីរនាក់បានយកនាងជាប្រពន្ធ”។
34ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“កូនចៅនៃលោកីយ៍នេះរៀបការជាប្ដីប្រពន្ធ 35ប៉ុន្តែអ្នកដែលត្រូវបានចាត់ទុកថាស័ក្ដិសមនឹងលោកខាងមុខ និងការរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ពួកគេមិនរៀបការជាប្ដីប្រពន្ធឡើយ។ 36ជាការពិត ពួកគេមិនអាចស្លាប់ទៀតឡើយ ដ្បិតពួកគេនឹងបានដូចជាបណ្ដាទូតសួគ៌ និងបានជាកូនរបស់ព្រះ គឺបានជាកូនចៅនៃការរស់ឡើងវិញ។ 37ចំពោះការដែលមនុស្សស្លាប់ត្រូវបានលើកឲ្យរស់ឡើងវិញនោះ ម៉ូសេក៏បញ្ជាក់នៅត្រង់វគ្គ ‘គុម្ពបន្លា’ ពេលគាត់ហៅព្រះអម្ចាស់ថា:‘ព្រះរបស់អ័ប្រាហាំ ព្រះរបស់អ៊ីសាក និងព្រះរបស់យ៉ាកុប’#20:37 《និក្ខមនំ》 3:6, 15។។ 38ដូច្នេះ ព្រះមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សរស់។ ដ្បិតនៅចំពោះព្រះ មនុស្សទាំងអស់នៅរស់”។
39ពួកគ្រូវិន័យខ្លះនិយាយថា៖ “លោកគ្រូ លោកនិយាយត្រូវហើយ”។ 40បន្ទាប់មក ពួកគេមិនហ៊ានទូលសួរព្រះអង្គទៀតឡើយ។
ព្រះគ្រីស្ទ និងដាវីឌ
41ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ម្ដេចក៏គេនិយាយថា ព្រះគ្រីស្ទជាពូជពង្សរបស់ដាវីឌ? 42ដាវីឌផ្ទាល់បានថ្លែងក្នុងគម្ពីរទំនុកតម្កើងថា:
‘ព្រះអម្ចាស់មានបន្ទូលនឹងព្រះអម្ចាស់របស់ខ្ញុំថា
ចូរអង្គុយនៅខាងស្ដាំយើង
43 រហូតដល់យើងធ្វើឲ្យពួកខ្មាំងសត្រូវរបស់អ្នក ទៅជាកំណល់ជើងរបស់អ្នក’។ # 20:42-43 《ទំនុកតម្កើង》 110:1។
44 ដាវីឌបានហៅព្រះគ្រីស្ទថា ‘ព្រះអម្ចាស់’ បើដូច្នេះតើព្រះអង្គជាពូជពង្សរបស់លោកដូចម្ដេចកើត?”។
ចូរប្រយ័ត្ននឹងពួកគ្រូវិន័យ
45ខណៈដែលប្រជាជនទាំងមូលកំពុងស្ដាប់ ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖ 46“ចូរប្រយ័ត្នប្រយែងនឹងពួកគ្រូវិន័យ។ ពួកគេចូលចិត្តពាក់អាវវែងដើរចុះដើរឡើង ហើយចូលចិត្តការគោរពនៅតាមផ្សារ ព្រមទាំងចូលចិត្តកៅអីកិត្តិយសក្នុងសាលាប្រជុំ និងកន្លែងកិត្តិយសនៅក្នុងពិធីជប់លៀង។ 47ពួកគេស៊ីបង្ហិនផ្ទះរបស់ស្ត្រីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយ៉ាងយូរ។ អ្នកទាំងនេះនឹងទទួលទោស#20:47 ទោស―ឬ “ការជំនុំជម្រះ”។ធ្ងន់ជាង”៕
ទើបបានជ្រើសរើសហើយ៖
លូកា 20: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative