លូកា 18

18
ពាក្យឧបមាអំពីស្រ្តីមេម៉ាយ និងចៅក្រម
1ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា ដើម្បី​បញ្ជាក់ថា ពួកគេ​ត្រូវតែ​អធិស្ឋាន​ជានិច្ច ហើយ​កុំឲ្យ​ធ្លាក់ទឹកចិត្ត​ឡើយ​។ 2ព្រះអង្គ​មានបន្ទូលថា​៖“នៅ​ទីក្រុង​មួយ​មាន​ចៅក្រម​ម្នាក់​ដែល​មិន​កោតខ្លាច​ព្រះ ហើយក៏​មិន​គោរព​មនុស្ស​ដែរ​។ 3នៅ​ទីក្រុង​នោះ​មាន​ស្ត្រីមេម៉ាយ​ម្នាក់ ដែល​តែងតែ​មករក​ចៅក្រមនោះ ទាំង​និយាយថា​: ‘សូម​រកយុត្តិធម៌​ឲ្យ​ខ្ញុំ ក្នុងរឿងក្ដី​ជាមួយ​គូវិវាទ​របស់ខ្ញុំ​ផង’។
4 “ចៅក្រមនោះ​មិន​ព្រម​មួយរយៈ ប៉ុន្តែ​ក្រោយមក គាត់​ក៏​និយាយ​ក្នុងចិត្ត​ថា​: ‘ទោះបីជា​អញ​មិន​កោតខ្លាច​ព្រះ ឬមិន​គោរព​មនុស្ស​ក៏ដោយ 5ក៏ប៉ុន្តែ​ដោយសារ​ស្ត្រីមេម៉ាយ​នេះ​រំខាន​អញ អញ​នឹង​រកយុត្តិធម៌​ឲ្យ​នាង បើមិនដូច្នោះទេ នាង​ចេះតែ​មក​រហូតដល់​ធ្វើឲ្យ​អញ​ធុញទ្រាន់​!’”។
6បន្ទាប់មក ព្រះអម្ចាស់​មានបន្ទូលថា​៖“ចូរ​ស្ដាប់​អ្វីដែល​ចៅក្រម​ទុច្ចរិត​នោះ​និយាយ​ចុះ​! 7តើ​ព្រះ​មិន​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​ព្រះអង្គ ដែល​កំពុង​ស្រែករក​ព្រះអង្គ​ទាំងយប់ទាំងថ្ងៃ​ទេ​ឬ​? តើ​ព្រះអង្គ​ចេះតែ​ពន្យារពេល​ជួយ#18:7 ជួយ―ជាពាក្យជំនួយ។ពួកគេ​ឬ​? 8ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្រះអង្គ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ​យ៉ាងឆាប់រហ័ស​។ យ៉ាងណាមិញ នៅពេល​កូនមនុស្ស​បាន​មកវិញ តើ​លោក​នឹង​រកឃើញ​ជំនឿ​នៅលើ​ផែនដី​ឬទេ​?”។
ពាក្យឧបមាអំពីផារិស៊ី និងអ្នកទារពន្ធ
9ចំពោះ​អ្នកខ្លះ​ដែល​ទុកចិត្តលើខ្លួនឯង​ថា​ជា​មនុស្ស​សុចរិត ហើយ​មើលងាយ​អ្នក​ដទៃ ព្រះយេស៊ូវ​ក៏​មានបន្ទូល​ជា​ពាក្យឧបមា​នេះ​ដែរ​ថា​៖ 10“មាន​បុរស​ពីរ​នាក់​ឡើងទៅ​ព្រះវិហារ​ដើម្បី​អធិស្ឋាន​។ ម្នាក់​ជា​ពួកផារិស៊ី ហើយ​ម្នាក់ទៀត​ជា​អ្នកទារពន្ធ​។ 11ពួកផារិស៊ី​នោះ​បាន​ឈរ​អធិស្ឋាន​សេចក្ដីទាំងនេះ​នឹង​ខ្លួនឯង#18:11 ពួកផារិស៊ី​នោះបាន​ឈរ​អធិស្ឋាន​សេចក្ដី​ទាំងនេះ​នឹង​ខ្លួនឯង​―ឬ “ពួកផារិស៊ី​នោះបាន​ឈរ​អធិស្ឋាន​សេចក្ដី​ទាំងនេះ​តែម្នាក់ឯង”។ថា​: ‘ព្រះ​អើយ ទូលបង្គំ​អរព្រះគុណ​ព្រះអង្គ ដែល​ទូលបង្គំ​មិន​ដូច​មនុស្ស​ឯទៀត​ដែល​ជា​មនុស្ស​ជំរិតគេ មនុស្ស​ទុច្ចរិត មនុស្សផិតក្បត់ ហើយក៏​មិន​ដូច​អ្នកទារពន្ធ​នេះដែរ​។ 12ទូលបង្គំ​តមអាហារ​មួយ​សប្ដាហ៍​ពីរដង​; ទូលបង្គំ​ថ្វាយតង្វាយមួយភាគដប់​ពី​អ្វីៗ​ទាំងអស់​ដែល​ទូលបង្គំ​ទទួលបាន’។
13 “រីឯអ្នកទារពន្ធ​នោះ​ក៏​ឈរ​ពីចម្ងាយ សូម្បីតែ​ងើបភ្នែកឡើង​ទៅ​មេឃ​ក៏​មិន​ហ៊ាន​ផង ប៉ុន្តែ​ចេះតែ​គក់​ទ្រូង​ខ្លួនឯង​វិញ ទាំង​និយាយថា​: ‘ព្រះ​អើយ សូម​ប្រោសប្រណី​ទូលបង្គំ​ដែល​ជា​មនុស្សបាប​ផង!’។ 14ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកទារពន្ធនេះឯង ចុះ​ទៅផ្ទះវិញ​ទាំង​ត្រូវបាន​រាប់ជាសុចរិត មិនមែន​ផារិស៊ីនោះ​ទេ​។ ដ្បិត​អស់អ្នក​ដែល​លើកតម្កើង​ខ្លួន នឹង​ត្រូវបាន​បន្ទាបចុះ រីឯ​អ្នក​ដែល​បន្ទាបខ្លួន នឹង​ត្រូវបាន​លើកតម្កើង”។
ប្រទានពរក្មេងៗ
15មាន​គេ​នាំ​ក្មេងតូចៗ​មក​រក​ព្រះយេស៊ូវ ដើម្បីឲ្យ​ព្រះអង្គ​ពាល់​ពួកវា​។ នៅពេល​ឃើញ​ដូច្នេះ ពួក​សិស្ស​ក៏​ស្ដីឲ្យ​អ្នកទាំងនោះ​។ 16ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួកគេ​មក មានបន្ទូលថា​៖“ឲ្យ​ក្មេង‍ៗ​មកឯ​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកវា​ឡើយ ដ្បិត​អាណាចក្រ​របស់​ព្រះ​ជា​របស់​មនុស្ស​បែបនេះ​។ 17ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកណាក៏ដោយដែល​មិន​ទទួល​អាណាចក្រ​របស់​ព្រះ​ដូច​ក្មេង​ទទួល​ទេ អ្នកនោះ​នឹង​ចូលទៅ​ក្នុង​អាណាចក្រនោះ​មិនបានសោះឡើយ”។
បុរសវ័យក្មេងម្នាក់ដែលជាអ្នកមាន
18មាន​មេគ្រប់គ្រង​ម្នាក់​ទូល​សួរ​ព្រះយេស៊ូវ​ថា៖ “លោកគ្រូ​ដ៏ល្អ​អើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ទើប​ខ្ញុំ​បាន​ទទួល​ជីវិតអស់កល្បជានិច្ច​ជាមរតក​?”។
19ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ហេតុអ្វីបានជា​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​? ក្រៅពី​ព្រះ​មួយ​អង្គ គ្មានអ្នកណា​ល្អ​ឡើយ​។ 20អ្នក​ស្គាល់​បទបញ្ជា​ស្រាប់ហើយ​ថា​:
‘កុំ​ផិតក្បត់
កុំ​សម្លាប់មនុស្ស
កុំ​លួច
កុំ​ធ្វើបន្ទាល់ភូតភរ
ត្រូវ​គោរព​ឪពុក និង​ម្ដាយ​របស់អ្នក’ # 18:20 《និក្ខមនំ》 20:12-16; 《ទុតិយកថា》 5:16-20។ ”។
21បុរសនោះ​ទូលថា​៖ “ខ្ញុំ​បាន​កាន់តាម​សេចក្ដី​ទាំងអស់​នេះ​តាំងពី​ក្មេង​មកម្ល៉េះ”។
22ព្រះយេស៊ូវ​ទ្រង់​ឮ​ដូច្នេះ ក៏​មានបន្ទូល​នឹង​គាត់​ថា៖“អ្នក​នៅ​ខ្វះ​ការ​មួយ​។ ចូរ​លក់​អ្វីៗ​ទាំងអស់​ដែល​អ្នក​មាន ហើយ​ចែក​ឲ្យ​អ្នកក្រ​ចុះ នោះ​អ្នក​នឹង​មាន​ទ្រព្យសម្បត្តិ​នៅ​ស្ថានសួគ៌ រួច​មក​តាម​ខ្ញុំ​ចុះ”។
23ប៉ុន្តែ​បុរសនោះ​បាន​ឮ​សេចក្ដីទាំងនេះ​ហើយ ក៏​បែរជា​ពិបាកចិត្តក្រៃលែង ពីព្រោះ​គាត់​ជា​អ្នកមាន​ស្ដុកស្ដម្ភ​។
ទ្រព្យសម្បត្តិ និងស្ថានសួគ៌
24ព្រះយេស៊ូវ​ទត​ឃើញ​គាត់​បែរជា​ពិបាកចិត្តក្រៃលែង​ដូច្នេះ#18:24 ឯកសារបុរាណខ្លះគ្មាន “បែរជាពិបាកចិត្តដូច្នេះ”។ ក៏​មានបន្ទូលថា​៖“អ្នកមាន​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ ពិបាក​ណាស់ហ្ន៎​! 25សត្វអូដ្ឋ​ចូល​តាម​គូទម្ជុល ងាយជាង​អ្នកមាន​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ​!”។
26ពួក​អ្នក​ដែល​ឮ​ក៏​ទូលថា​៖ “បើដូច្នេះ តើ​នរណា​អាច​ទទួល​ការ​សង្គ្រោះ​បាន​?”។
27ព្រះយេស៊ូវ​មានបន្ទូលថា​៖“អ្វីៗ​ដែល​មនុស្ស​ធ្វើមិនកើត សម្រាប់​ព្រះ ធ្វើកើត​ទាំងអស់”។
28ពេត្រុស​ទូលថា​៖ “មើល៍! យើងខ្ញុំ​បាន​លះបង់​អ្វីៗ​របស់ខ្លួន#18:28 អ្វីៗរបស់​ខ្លួន―ឯកសារ​បុរាណខ្លះ​ថា “អ្វីៗទាំងអស់”។ មកតាម​លោក​ហើយ​!”។
29ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គ្មានអ្នកណា​ដែល​លះបង់​ផ្ទះសម្បែង ឬ​បងប្អូន ឬ​ប្រពន្ធ ឬ​ឪពុកម្ដាយ ឬ​កូន ដោយសារតែ​អាណាចក្រ​របស់​ព្រះ 30ហើយ​មិន​ទទួលបាន​ច្រើនដងលើសមុន​នៅ​លោកបច្ចុប្បន្ន និង​មិន​ទទួលបាន​ជីវិតអស់កល្បជានិច្ច​នៅ​លោកខាងមុខ​នោះ​ឡើយ”។
ប្រាប់ជាមុនជាលើកទីបីអំពីការសុគត
31ព្រះយេស៊ូវ​ទ្រង់​នាំ​សាវ័ក#18:31 សាវ័ក―ជាពាក្យជំនួយ។​ទាំង​ដប់ពីរ​នាក់​មក​ជិត ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖“មើល៍! យើង​នឹង​ឡើងទៅ​យេរូសាឡិម ហើយ​អ្វីៗ​ទាំងអស់​ដែល​មាន​សរសេរ​ទុកមក​អំពី​កូនមនុស្ស​តាមរយៈ​បណ្ដា​ព្យាការី​នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​។ 32ពោលគឺ លោក​នឹង​ត្រូវគេ​ប្រគល់​ទៅ​សាសន៍ដទៃ ហើយ​ត្រូវគេ​ចំអកឡកឡឺយ បង្អាប់បង្អោន និង​ស្ដោះ​ទឹកមាត់​ដាក់​; 33ក្រោយពី​វាយ​លោក​នឹងខ្សែតី ពួកគេ​នឹង​សម្លាប់​លោក​។ បន្ទាប់មក នៅ​ថ្ងៃ​ទីបី​លោក​នឹង​រស់ឡើងវិញ”។
34ប៉ុន្តែ​ពួកសិស្ស​មិន​យល់​សេចក្ដីទាំងនេះ​សោះ​។ ព្រះបន្ទូល​នេះ​ត្រូវបាន​លាក់បាំង​ពី​ពួកគេ ដូច្នេះ​ពួកគេ​ក៏​មិន​ដឹង​ថា​ព្រះអង្គ​មានបន្ទូល​អំពី​អ្វី​ទេ​។
ប្រោសមនុស្សខ្វាក់ភ្នែកនៅយេរីខូរឲ្យជា
35នៅពេល​ព្រះយេស៊ូវ​យាង​មកជិត​យេរីខូរ មាន​បុរស​ខ្វាក់ភ្នែក​ម្នាក់​កំពុង​អង្គុយ​សុំទាន​នៅក្បែរ​ផ្លូវ​។ 36គាត់​ឮ​ហ្វូងមនុស្ស​ដើរកាត់ ក៏​សួរ​គេ​ថា​មាន​អ្វី​កើតឡើង​។ 37គេ​ប្រាប់​គាត់​ថា​៖ “យេស៊ូវ​អ្នកណាសារ៉ែត​កំពុង​ដើរកាត់”។
38គាត់​ក៏​ស្រែកឡើង​ថា៖ “ព្រះយេស៊ូវ បុត្រ​ដាវីឌ#18:38 បុត្រ​ដាវីឌ―ឬ “ពូជពង្សដាវីឌ”។​អើយ​! សូម​អាណិតមេត្តា​ទូលបង្គំ​ផង!”។ 39ពួក​អ្នក​ដែល​ដើរ​នាំមុខ​ក៏​ស្ដីឲ្យ​គាត់​នៅស្ងៀម ប៉ុន្តែ​គាត់​ស្រែក​កាន់តែខ្លាំងឡើង​ថា៖ “បុត្រ​ដាវីឌ#18:39 បុត្រ​ដាវីឌ―ឬ “ពូជពង្សដាវីឌ”។​អើយ​! សូម​អាណិតមេត្តា​ទូលបង្គំ​ផង​!”។
40ព្រះយេស៊ូវ​ក៏​ឈប់ ហើយ​បង្គាប់​គេ​ឲ្យ​នាំ​គាត់​មក​ឯ​ព្រះអង្គ​។ នៅពេល​បុរសខ្វាក់ភ្នែកនោះ​បាន​មកជិត ព្រះអង្គ​ទ្រង់​សួរ​គាត់​ថា៖ 41“តើ​ចង់ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​សម្រាប់​អ្នក​?”។
គាត់​ទូលថា​៖ “ព្រះអម្ចាស់​អើយ សូម​ឲ្យ​ទូលបង្គំ​មើលឃើញវិញ​ផង​!”។
42ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“ចូរឲ្យ​មើលឃើញវិញ​ចុះ​! ជំនឿ​របស់អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ”។ 43រំពេចនោះ គាត់​ក៏​មើលឃើញវិញ ហើយ​ទៅតាម​ព្រះយេស៊ូវ ទាំង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​។ ប្រជាជន​ទាំងអស់​ដែល​បាន​ឃើញ​ការនេះ ក៏​សរសើរតម្កើង​ព្រះ​ដែរ៕

ទើបបានជ្រើសរើសហើយ៖

លូកា 18: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល