លូកា 17
17
ពាក្យដាស់តឿនរបស់ព្រះយេស៊ូវ
1ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖“សេចក្ដីបណ្ដាលឲ្យជំពប់ដួលប្រាកដជាត្រូវមក#17:1 សេចក្ដីបណ្ដាលឲ្យជំពប់ដួលប្រាកដជាត្រូវមក―ន័យត្រង់គឺ “មិនអាចទៅរួចទេ ដែលសេចក្ដីបណ្ដាលឲ្យជំពប់ដួលមិនមក”។ ប៉ុន្តែវេទនាដល់អ្នកណាដែលសេចក្ដីបណ្ដាលឲ្យជំពប់ដួលមកតាមរយៈគាត់។ 2ជាការប្រសើរជាងសម្រាប់អ្នកនោះ ប្រសិនបើព្យួរត្បាល់កិនដ៏ធំ#17:2 ត្បាល់កិនដ៏ធំ―ន័យត្រង់គឺ “ត្បាល់ថ្មសម្រាប់កិន”។ ឯកសារបុរាណខ្លះថា “ត្បាល់កិនរបស់លា”។នឹងករបស់គាត់ ហើយទម្លាក់ទៅក្នុងសមុទ្រ ជាជាងឲ្យគាត់បានធ្វើឲ្យម្នាក់ក្នុងអ្នកតូចទាំងនេះជំពប់ដួល។ 3ចូរប្រយ័ត្នខ្លួន! ប្រសិនបើបងប្អូនរបស់អ្នកប្រព្រឹត្តបាប#17:3 ឯកសារបុរាណខ្លះបន្ថែម “ទាស់នឹងអ្នក”។ចូរស្ដីប្រដៅគាត់; ប្រសិនបើគាត់កែប្រែចិត្ត ចូរលើកលែងទោសឲ្យគាត់ទៅ។ 4ប្រសិនបើគាត់ប្រព្រឹត្តបាបទាស់នឹងអ្នកប្រាំពីរដងក្នុងមួយថ្ងៃ ហើយគាត់ត្រឡប់មករកអ្នកវិញទាំងប្រាំពីរដង#17:4 ឯកសារបុរាណខ្លះបន្ថែម “ក្នុងមួយថ្ងៃ”។ដោយនិយាយថា: ‘ខ្ញុំសូមកែប្រែចិត្ត!’ នោះអ្នកត្រូវតែលើកលែងទោសឲ្យគាត់”។
ជំនឿ និងកាតព្វកិច្ច
5ពួកសាវ័កទូលព្រះអម្ចាស់ថា៖ “សូមបង្កើនជំនឿដល់យើងខ្ញុំផង”។
6ព្រះអម្ចាស់មានបន្ទូលថា៖“ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជម៉ូតាតមួយ អ្នករាល់គ្នាអាចនិយាយនឹងដើមមននេះថា: ‘ចូរឲ្យត្រូវបានដកចេញ ហើយដុះនៅក្នុងសមុទ្រទៅ!’ នោះវាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន។
7 “សន្មតថា ក្នុងអ្នករាល់គ្នាមានអ្នកណាម្នាក់ដែលមានបាវបម្រើកំពុងភ្ជួរស្រែ ឬឃ្វាលចៀម។ នៅពេលបាវបម្រើនោះមកពីស្រែចម្ការវិញ តើគាត់និយាយនឹងបាវបម្រើនោះថា: ‘មកអង្គុយហូបសិនចុះ’ ឬ? 8តើគាត់មិននិយាយនឹងបាវបម្រើនោះថា: ‘ចូររៀបចំអាហារឲ្យខ្ញុំហូប ហើយក្រវាត់ខ្លួន បម្រើខ្ញុំរហូតដល់ខ្ញុំហូបហើយ សឹមអ្នកហូបតាមក្រោយចុះ’ ទេឬ? 9គាត់មិនត្រូវដឹងគុណចំពោះបាវបម្រើនោះ ដោយសារបានធ្វើអ្វីៗដែលគាត់បញ្ជាទេ មែនទេ?#17:9 ឯកសារបុរាណខ្លះបន្ថែម “ខ្ញុំគិតថាមិនមែនទេ”។ 10អ្នករាល់គ្នាក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានធ្វើអ្វីៗទាំងអស់ដែលត្រូវបានបញ្ជាមកអ្នករាល់គ្នាហើយ ចូរអ្នករាល់គ្នានិយាយថា: ‘យើងជាបាវបម្រើឥតប្រយោជន៍ទេ យើងគ្រាន់តែបានធ្វើអ្វីដែលយើងត្រូវធ្វើប៉ុណ្ណោះ’”។
មនុស្សឃ្លង់ដប់នាក់
11នៅពេលព្រះយេស៊ូវកំពុងយាងទៅយេរូសាឡិម ព្រះអង្គយាងកាត់តាមចន្លោះរវាងសាម៉ារី និងកាលីឡេ។ 12ខណៈដែលព្រះអង្គកំពុងយាងចូលទៅក្នុងភូមិមួយ មានមនុស្សឃ្លង់ដប់នាក់បានជួបព្រះអង្គ។ ពួកគេឈរពីចម្ងាយ 13ហើយស្រែកឡើងថា៖ “លោកយេស៊ូវអើយ លោកគ្រូអើយ សូមអាណិតមេត្តាយើងខ្ញុំផង!”។
14ព្រះអង្គទតឃើញពួកគេហើយ ក៏មានបន្ទូលថា៖“ចូរទៅបង្ហាញខ្លួនដល់ពួកបូជាចារ្យចុះ!”។ ខណៈដែលពួកគេកំពុងចេញទៅ ពួកគេក៏បានបរិសុទ្ធ។
15ម្នាក់ក្នុងពួកគេបានឃើញថាខ្លួនគាត់ត្រូវបានប្រោសឲ្យជា ក៏ត្រឡប់មកវិញ ទាំងលើកតម្កើងសិរីរុងរឿងដល់ព្រះដោយសំឡេងយ៉ាងខ្លាំង 16ហើយក្រាបមុខនៅទៀបព្រះបាទារបស់ព្រះយេស៊ូវ ទាំងអរព្រះគុណដល់ព្រះអង្គ។ អ្នកនោះជាជនជាតិសាម៉ារី។
17ព្រះយេស៊ូវមានបន្ទូលតបថា៖“មិនមែនដប់នាក់ទេឬ ដែលបានបរិសុទ្ធ? ចុះប្រាំបួននាក់ទៀតនៅឯណា? 18គ្មានអ្នកណាត្រឡប់មកវិញដើម្បីថ្វាយសិរីរុងរឿងដល់ព្រះ លើកលែងតែសាសន៍ដទៃម្នាក់នេះឬ?”។ 19រួចព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរក្រោកឡើងទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ”។
ការមកដល់នៃអាណាចក្រស្ថានសួគ៌
20មានកាលមួយពួកផារិស៊ីសួរព្រះយេស៊ូវថា៖ “តើអាណាចក្ររបស់ព្រះនឹងមកដល់នៅពេលណា?”។ ព្រះអង្គមានបន្ទូលឆ្លើយនឹងពួកគេថា៖“អាណាចក្ររបស់ព្រះមិនមែនមកក្នុងលក្ខណៈដែលអាចសង្កេតឃើញបាននោះទេ 21ហើយក៏គ្មានអ្នកណាអាចនិយាយថា: ‘មើល៍! នៅទីនេះ!’ ឬថា: ‘នៅទីនោះ!’ បានដែរ។ ដ្បិតមើល៍! អាណាចក្ររបស់ព្រះស្ថិតនៅក្នុងចំណោមអ្នករាល់គ្នា#17:21 ស្ថិតនៅក្នុងចំណោមអ្នករាល់គ្នា―ឬ “ស្ថិតនៅខាងក្នុងអ្នករាល់គ្នា”។នេះឯង”។
22ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សទៀតថា៖“នឹងមានថ្ងៃមកដល់ ដែលអ្នករាល់គ្នានឹងប្រាថ្នាចង់ឃើញថ្ងៃមួយនៃគ្រារបស់កូនមនុស្ស ប៉ុន្តែនឹងមិនឃើញឡើយ។ 23គេនឹងប្រាប់អ្នករាល់គ្នាថា: ‘មើល៍! នៅទីនោះ!’ ឬថា: ‘មើល៍! នៅទីនេះ!’។ កុំចេញទៅ ឬទៅតាមគេឡើយ។ 24ដ្បិតដូចដែលផ្លេកបន្ទោរភ្លឺផ្លេកពីជើងមេឃម្ខាង ទៅជើងមេឃម្ខាងយ៉ាងណា កូនមនុស្សក៏នឹងជាយ៉ាងនោះដែរនៅថ្ងៃរបស់លោក#17:24 ឯកសារបុរាណខ្លះគ្មាន “នៅថ្ងៃរបស់លោក”។។ 25យ៉ាងណាមិញ មុនដំបូងលោកត្រូវតែរងទុក្ខជាច្រើន ហើយត្រូវជំនាន់នេះបដិសេធ។
26 “ដូចដែលកើតមាននៅសម័យណូអេយ៉ាងណា ក៏នឹងកើតមាននៅសម័យកូនមនុស្សយ៉ាងនោះដែរ 27គឺពួកគេស៊ីផឹក និងរៀបការជាប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលណូអេចូលទៅក្នុងទូកធំ ហើយទឹកជំនន់បានមកបំផ្លាញពួកគេទាំងអស់។ 28នៅសម័យឡុតក៏កើតមានដូចគ្នាដែរ គឺពួកគេស៊ីផឹក ទិញលក់ ដាំដុះ និងសាងសង់ 29ប៉ុន្តែដល់ថ្ងៃដែលឡុតចាកចេញពីសូដុម នោះមានភ្លើង និងស្ពាន់ធ័របង្អុរពីលើមេឃ បំផ្លាញពួកគេទាំងអស់។ 30នៅថ្ងៃដែលកូនមនុស្សត្រូវបានសម្ដែងឲ្យឃើញ ក៏នឹងកើតមានយ៉ាងដូច្នោះដែរ។ 31នៅថ្ងៃនោះ កុំឲ្យអ្នកដែលនៅលើដំបូលផ្ទះចុះមកយករបស់របរនៅក្នុងផ្ទះឡើយ រីឯអ្នកដែលនៅស្រែចម្ការក៏ដូចគ្នាដែរ កុំឲ្យពួកគេត្រឡប់មករកអ្វីៗដែលនៅខាងក្រោយវិញ។ 32ចូរនឹកចាំអំពីប្រពន្ធរបស់ឡុត! 33អ្នកណាក៏ដោយដែលចង់រក្សា#17:33 រក្សា―ន័យត្រង់គឺ “ទិញ”។ ឯកសារបុរាណខ្លះថា “សង្គ្រោះ”។ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិត រីឯអ្នកណាក៏ដោយដែលបាត់ជីវិត អ្នកនោះនឹងរក្សាជីវិតវិញ។ 34ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ នឹងមានពីរនាក់នៅលើគ្រែមួយ ម្នាក់នឹងត្រូវបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវបានទុកចោល; 35នឹងមានស្ត្រីពីរនាក់កំពុងកិនម្សៅជាមួយគ្នា ម្នាក់នឹងត្រូវបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវបានទុកចោល; 36នឹងមានពីរនាក់នៅស្រែចម្ការ ម្នាក់នឹងត្រូវបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវបានទុកចោល#17:36 ឯកសារបុរាណខ្លះគ្មានខនេះ។”។
37ពួកសិស្សទូលសួរព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ តើនៅឯណា?”។
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“មានសាកសពនៅកន្លែងណា ត្មាតនឹងផ្ដុំគ្នានៅកន្លែងនោះដែរ”៕
ទើបបានជ្រើសរើសហើយ៖
លូកា 17: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative