លូកា 14
14
ជជែកអំពីថ្ងៃសប្ប័ទ
1នៅថ្ងៃសប្ប័ទមួយ មានកើតឡើងដូច្នេះ: នៅពេលព្រះយេស៊ូវយាងចូលទៅសោយអាហារ#14:1 អាហារ―ន័យត្រង់គឺ “នំប៉័ង”។ក្នុងផ្ទះរបស់មេគ្រប់គ្រងម្នាក់ខាងផារិស៊ី ពួកគេក៏តាមឃ្លាំមើលព្រះអង្គ។ 2ពេលនោះ មើល៍! មានបុរសម្នាក់ដែលមានជំងឺហើមទឹក នៅពីមុខព្រះអង្គ។ 3ដូច្នេះ ព្រះយេស៊ូវទ្រង់សួរពួកអ្នកច្បាប់ និងពួកផារិស៊ីថា៖“តើការដែលប្រោសឲ្យជានៅថ្ងៃសប្ប័ទ ត្រូវច្បាប់ឬទេ?”។ 4ប៉ុន្តែពួកគេនៅស្ងៀម។ ព្រះអង្គក៏គ្រាហ៍គាត់ឡើង ហើយប្រោសគាត់ឲ្យជា រួចឲ្យគាត់ទៅវិញ។ 5បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើមាននរណាក្នុងអ្នករាល់គ្នាដែលមានកូនប្រុស#14:5 កូនប្រុស―ឯកសារបុរាណខ្លះថា “លា”។ឬគោ ហើយវាធ្លាក់ទៅក្នុងអណ្ដូងនៅថ្ងៃសប្ប័ទ ក៏មិនស្រង់វាឡើងភ្លាមៗ?”។ 6ពួកគេមិនអាចឆ្លើយតបនឹងសេចក្ដីទាំងនេះបានទេ។
បង្រៀនអំពីការបន្ទាបខ្លួន
7នៅពេលព្រះយេស៊ូវទ្រង់សង្កេតឃើញរបៀបអ្នកដែលត្រូវបានអញ្ជើញតែងតែជ្រើសរើសកន្លែងកិត្តិយស ព្រះអង្គក៏មានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖ 8“កាលណាអ្នករាល់គ្នាត្រូវគេអញ្ជើញទៅចូលរួមក្នុងពិធីមង្គលការ កុំអង្គុយនៅកន្លែងកិត្តិយសឡើយ ក្រែងលោគេបានអញ្ជើញភ្ញៀវដែលមានកិត្តិយសជាងអ្នក 9ហើយអ្នកដែលបានអញ្ជើញអ្នកនិងគាត់ នឹងមកនិយាយនឹងអ្នកថា: ‘សូមឲ្យកន្លែងអ្នកទៅលោកនេះ!’ ពេលនោះ អ្នកនឹងអង្គុយនៅកន្លែងអន់ជាងគេទាំងអាម៉ាស់មុខ។
10 “ផ្ទុយទៅវិញ កាលណាអ្នកត្រូវគេអញ្ជើញ ចូរទៅអង្គុយនៅកន្លែងអន់ជាងគេ ដើម្បីនៅពេលអ្នកដែលអញ្ជើញអ្នកមកដល់ គាត់នឹងនិយាយមកអ្នកថា: ‘សម្លាញ់អើយ សូមឡើងមកកន្លែងកិត្តិយសមក៍!’ ពេលនោះ អ្នកនឹងមានកិត្តិយសនៅមុខអស់អ្នកដែលកំពុងរួមតុអាហារជាមួយអ្នក។ 11ដ្បិតអស់អ្នកដែលលើកតម្កើងខ្លួន នឹងត្រូវបានបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវបានលើកតម្កើង”។
12បន្ទាប់មក ព្រះយេស៊ូវក៏មានបន្ទូលនឹងអ្នកដែលអញ្ជើញព្រះអង្គដែរថា៖“កាលណាអ្នករៀបចំជប់លៀងអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច កុំហៅមិត្តភក្ដិ បងប្អូន ឬសាច់ញាតិរបស់អ្នកឡើយ ហើយក៏កុំហៅអ្នកជិតខាងដែលជាអ្នកមានដែរ ក្រែងលោពួកគេនឹងអញ្ជើញអ្នកវិញ ហើយអ្នកនឹងទទួលបានការតបស្នង។ 13ផ្ទុយទៅវិញ កាលណាអ្នករៀបចំពិធីជប់លៀង ចូរអញ្ជើញមនុស្សក្រីក្រ មនុស្សពិការដៃជើង មនុស្សខ្វិន និងមនុស្សខ្វាក់ភ្នែក។ 14ធ្វើដូច្នេះ អ្នកនឹងមានពរ ពីព្រោះពួកគេគ្មានអ្វីសងអ្នកទេ។ អ្នកនឹងទទួលបានការតបស្នង នៅថ្ងៃនៃការរស់ឡើងវិញរបស់មនុស្សសុចរិត”។
ពាក្យឧបមាអំពីពិធីជប់លៀងធំ
15នៅពេលឮសេចក្ដីទាំងនេះ ម្នាក់ក្នុងភ្ញៀវរួមតុអាហារក៏ទូលព្រះយេស៊ូវថា៖ “មានពរហើយ អ្នកណាដែលនឹងហូបអាហារ#14:15 អាហារ―ន័យត្រង់គឺ “នំប៉័ង”។នៅក្នុងអាណាចក្ររបស់ព្រះ!”។
16ព្រះយេស៊ូវមានបន្ទូលនឹងអ្នកនោះថា៖“មានបុរសម្នាក់បានរៀបចំពិធីជប់លៀងធំមួយ ហើយអញ្ជើញមនុស្សជាច្រើន។ 17លុះដល់ម៉ោងជប់លៀង លោកក៏ចាត់បាវបម្រើម្នាក់ឲ្យទៅប្រាប់ពួកអ្នកដែលត្រូវបានអញ្ជើញថា: ‘សូមអញ្ជើញមក ដ្បិតពិធីជប់លៀងបានរៀបចំជាស្រេចហើយ!’។
18 “ប៉ុន្តែពួកគេទាំងអស់គ្នាសុទ្ធតែចាប់ផ្ដើមដោះសា។ អ្នកទីមួយនិយាយថា: ‘ខ្ញុំបានទិញដីមួយកន្លែង ដូច្នេះខ្ញុំត្រូវតែចេញទៅមើលដីនោះ សូមលោកព្រមឲ្យខ្ញុំដកខ្លួនផង’។
19 “ម្នាក់ទៀតនិយាយថា: ‘ខ្ញុំបានទិញគោប្រាំនឹម ខ្ញុំត្រូវទៅសាកពួកវាមើល៍ សូមលោកព្រមឲ្យខ្ញុំដកខ្លួនផង’។
20 “ម្នាក់ផ្សេងទៀតនិយាយថា: ‘ខ្ញុំទើបតែរៀបការប្រពន្ធ ដូច្នេះខ្ញុំមិនអាចទៅបានទេ’។
21 “នៅពេលត្រឡប់មកវិញ បាវបម្រើនោះក៏ជម្រាបចៅហ្វាយរបស់ខ្លួនអំពីការទាំងនេះ។ ពេលនោះម្ចាស់ផ្ទះក៏ខឹង ហើយនិយាយនឹងបាវបម្រើនោះថា: ‘ចូរប្រញាប់ចេញទៅតាមផ្លូវ # 14:21 តាមផ្លូវ―ឬ “កន្លែងសាធារណៈ”។ និងច្រកល្ហកក្នុងទីក្រុង ហើយនាំមនុស្សក្រីក្រ មនុស្សពិការដៃជើង មនុស្សខ្វាក់ភ្នែក និងមនុស្សខ្វិនមកទីនេះចុះ’។
22 “បន្ទាប់មក បាវបម្រើនោះជម្រាបថា: ‘លោកម្ចាស់ អ្វីដែលលោកបង្គាប់ បានធ្វើរួចហើយ ប៉ុន្តែនៅមានកន្លែងអង្គុយទៀត’។
23 “ចៅហ្វាយក៏និយាយនឹងបាវបម្រើនោះថា: ‘ចូរចេញទៅតាមផ្លូវ និងច្រកល្ហក # 14:23 ច្រកល្ហក―ន័យត្រង់គឺ “របង”។ ហើយតឿនគេឲ្យចូលមក ដើម្បីឲ្យបានពេញផ្ទះរបស់ខ្ញុំ។ 24ខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាក្នុងចំណោមអ្នកទាំងនោះដែលត្រូវបានអញ្ជើញ នឹងបានភ្លក់អាហាររបស់ខ្ញុំឡើយ’”។
ការបាត់បង់នៅក្នុងការដើរតាមព្រះយេស៊ូវ
25មានហ្វូងមនុស្សជាច្រើនកំពុងធ្វើដំណើរជាមួយព្រះយេស៊ូវ ព្រះអង្គក៏ងាកមកមានបន្ទូលនឹងពួកគេថា៖ 26“ប្រសិនបើអ្នកណាមកឯខ្ញុំ ហើយមិនស្អប់ឪពុក ម្ដាយ ប្រពន្ធ កូនៗ បងប្អូនប្រុស និងបងប្អូនស្រីរបស់ខ្លួន ថែមទាំងមិនស្អប់ជីវិតរបស់ខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។ 27អ្នកណាក៏ដោយដែលមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
28 “ក្នុងចំណោមអ្នករាល់គ្នា នៅពេលចង់សាងសង់អគារធំមួយ មាននរណាមិនអង្គុយគណនាចំណាយជាមុនសិន ថាតើមានគ្រប់គ្រាន់នឹងបង្ហើយឬយ៉ាងណា? 29ក្រែងលោពេលចាក់គ្រឹះហើយ មិនអាចបង្ហើយបាន នោះអស់អ្នកដែលឃើញនឹងសើចចំអកដាក់អ្នកនោះ 30ថា: ‘អ្នកនេះបានចាប់ផ្ដើមសាងសង់ ប៉ុន្តែបង្ហើយមិនបាន!’។
31 “មួយវិញទៀត នៅពេលចេញទៅច្បាំងនឹងស្ដេចមួយទៀត មានស្ដេចមួយណាមិនអង្គុយពិចារណាជាមុនសិន ថាតើទ្រង់អាចតទល់នឹងទ័ពពីរម៉ឺននាក់ដែលកំពុងមកច្បាំងនឹងទ្រង់ ដោយទ័ពមួយម៉ឺននាក់បានឬយ៉ាងណា? 32បើមិនបានទេ ទ្រង់នឹងចាត់រាជទូតឲ្យទៅសុំចរចារកសន្តិភាព ខណៈដែលស្ដេចមួយទៀតនៅឆ្ងាយនៅឡើយ។ 33ដូចគ្នាដែរ អ្នកណាក៏ដោយក្នុងអ្នករាល់គ្នា ដែលមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមាន អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
34 “ដូច្នេះ អំបិលជារបស់ល្អ ប៉ុន្តែបើសូម្បីតែអំបិលក៏បាត់រសជាតិទៅហើយ តើនឹងធ្វើឲ្យវាប្រៃឡើងវិញដោយអ្វី? 35វាមិនត្រូវនឹងដី ហើយក៏មិនត្រូវនឹងជីដែរ។ គេនឹងបោះវាចោលទៅខាងក្រៅ។ អ្នកដែលមានត្រចៀកស្ដាប់ ចូរស្ដាប់ចុះ!”៕
ទើបបានជ្រើសរើសហើយ៖
លូកា 14: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative