លូកា 13
13
មិនកែប្រែចិត្ត មានតែវិនាស
1នៅពេលដដែលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូវអំពីអ្នកកាលីឡេដែលពីឡាត់បានលាយឈាមពួកគេជាមួយយញ្ញបូជារបស់ពួកគេ។ 2ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“តើអ្នករាល់គ្នាគិតថា អ្នកកាលីឡេទាំងនេះមានបាបធ្ងន់ជាងអ្នកកាលីឡេទាំងអស់ ដោយសារពួកគេបានរងទុក្ខយ៉ាងដូច្នេះឬ? 3ទេ មិនមែនទេ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នករាល់គ្នាមិនកែប្រែចិត្តទេ នោះនឹងវិនាសទាំងអស់គ្នាដូច្នោះដែរ។ 4មួយវិញទៀត តើអ្នករាល់គ្នាគិតថា មនុស្សដប់ប្រាំបីនាក់ដែលប៉មស៊ីឡោមបានរលំលើ ហើយសម្លាប់នោះ ពួកគេមានបាបធ្ងន់ជាងមនុស្សទាំងអស់ដែលរស់នៅយេរូសាឡិមឬ? 5ទេ មិនមែនទេ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នករាល់គ្នាមិនកែប្រែចិត្តទេ នោះនឹងវិនាសទាំងអស់គ្នាដូច្នោះដែរ”។
ពាក្យឧបមាអំពីដើមល្វាគ្មានផ្លែ
6បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលជាពាក្យឧបមានេះថា៖“បុរសម្នាក់មានដើមល្វាមួយដើមដាំនៅក្នុងចម្ការទំពាំងបាយជូររបស់ខ្លួន។ គាត់មករកផ្លែពីដើមនោះ ប៉ុន្តែរកមិនបានអ្វីសោះ 7ក៏និយាយនឹងអ្នកថែចម្ការថា: ‘មើល៍! បីឆ្នាំមកហើយ ខ្ញុំមករកផ្លែពីដើមល្វានេះ ប៉ុន្តែរកមិនបានអ្វីសោះ។ ចូរកាប់វាចោលទៅ! ទុកឲ្យវាបង្ខាតទាំងដីធ្វើអី?’។
8 “ប៉ុន្តែអ្នកថែចម្ការនោះតបនឹងគាត់ថា: ‘លោកម្ចាស់ សូមលោកទុកវាមួយឆ្នាំនេះសិនទៅ ចាំខ្ញុំជីកដីជុំវិញ ហើយដាក់ជីមើល៍ 9ក្រែងលោវាចេញផ្លែនៅឆ្នាំក្រោយ ប៉ុន្តែបើគ្មានទេ នោះលោកកាប់វាចោលចុះ’”។
ប្រោសស្រ្តីកោងខ្នងឲ្យជា
10នៅថ្ងៃសប្ប័ទ ព្រះយេស៊ូវកំពុងបង្រៀនក្នុងសាលាប្រជុំមួយ។ 11ពេលនោះ មើល៍! មានស្ត្រីម្នាក់ដែលមានវិញ្ញាណនៃជំងឺចូលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នង ងើបត្រង់មិនបានសោះ។ 12នៅពេលទតឃើញនាង ព្រះយេស៊ូវក៏ហៅនាងមក ហើយមានបន្ទូលនឹងនាងថា៖“ស្ត្រីអើយ នាងត្រូវបានរំដោះពីជំងឺរបស់នាងហើយ!”។ 13បន្ទាប់មក ព្រះអង្គទ្រង់ដាក់ព្រះហស្តលើនាង ខ្នងរបស់នាងក៏ត្រូវបានតម្រង់ឡើងភ្លាម ហើយនាងលើកតម្កើងសិរីរុងរឿងដល់ព្រះ។
14ប៉ុន្តែអ្នកគ្រប់គ្រងសាលាប្រជុំទើសចិត្ត ពីព្រោះព្រះយេស៊ូវទ្រង់ប្រោសគេឲ្យជានៅថ្ងៃសប្ប័ទ ក៏និយាយនឹងហ្វូងមនុស្សថា៖ “មានប្រាំមួយថ្ងៃដែលត្រូវធ្វើការ ដូច្នេះចូរមកទទួលការព្យាបាលឲ្យជានៅក្នុងថ្ងៃទាំងនោះចុះ! កុំមកក្នុងថ្ងៃសប្ប័ទឡើយ”។
15ព្រះអម្ចាស់មានបន្ទូលតបនឹងគាត់ថា៖“មនុស្សមានពុតអើយ! តើអ្នករាល់គ្នាម្នាក់ៗមិនស្រាយគោ ឬលារបស់ខ្លួនចេញពីក្រោល ហើយដឹកទៅឲ្យផឹកទឹកនៅថ្ងៃសប្ប័ទទេឬ? 16ចំណែកឯស្ត្រីនេះវិញ ជាកូនចៅរបស់អ័ប្រាហាំ ដែលសាតាំងបានចងនាង មើល៍! ដប់ប្រាំបីឆ្នាំមកហើយ តើមិនត្រូវស្រាយនាងឲ្យរួចពីចំណងនេះ នៅថ្ងៃសប្ប័ទទេឬ?”។
17នៅពេលព្រះយេស៊ូវមានបន្ទូលដូច្នេះ អស់អ្នកដែលប្រឆាំងនឹងព្រះអង្គក៏ត្រូវអាម៉ាស់មុខ ហើយហ្វូងមនុស្សទាំងមូលក៏អរសប្បាយនឹងអស់ទាំងកិច្ចការដ៏ល្អរុងរឿងដែលកើតឡើងតាមរយៈព្រះអង្គ។
ពាក្យឧបមាអំពីគ្រាប់ពូជម៉ូតាត និងមេម្សៅ
18បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលថា៖“តើអាណាចក្ររបស់ព្រះប្រៀបដូចជាអ្វី? តើខ្ញុំនឹងប្រៀបប្រដូចអាណាចក្ររបស់ព្រះទៅនឹងអ្វី? 19គឺដូចជាគ្រាប់ពូជម៉ូតាតមួយ ដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងសួនរបស់ខ្លួន នៅពេលវាដុះឡើង វាក៏ទៅជាដើមឈើមួយ#13:19 ដើមឈើមួយ―ឯកសារបុរាណខ្លះថា “ដើមឈើធំមួយ”។ហើយបក្សាបក្សីនៅលើអាកាសមកធ្វើសម្បុកតាមមែករបស់វា”។
20ព្រះយេស៊ូវមានបន្ទូលទៀតថា៖“តើខ្ញុំនឹងប្រៀបប្រដូចអាណាចក្ររបស់ព្រះទៅនឹងអ្វី? 21គឺដូចជាមេម្សៅដែលស្ត្រីម្នាក់បានយកមកលាយ#13:21 លាយ―ន័យត្រង់គឺ “លាក់”។ក្នុងម្សៅបីរង្វាល់#13:21 បីរង្វាល់―ន័យត្រង់គឺ “បីសាថុន” ឬ “ប្រហែល22លីត្រ”។ 1សាថុន=7.3លីត្រ។រហូតដល់ធ្វើឲ្យម្សៅទាំងមូលដោរឡើង”។
ចូរចូលតាមទ្វារចង្អៀត
22ព្រះយេស៊ូវយាងកាត់តាមទីក្រុង និងភូមិនានា ទាំងបង្រៀនបណ្ដើរ បន្តធ្វើដំណើរទៅយេរូសាឡិមបណ្ដើរ។ 23មានមនុស្សម្នាក់ទូលសួរព្រះអង្គថា៖ “ព្រះអម្ចាស់អើយ តើអ្នកដែលបានសង្គ្រោះ មានតិចទេឬ?”។
ព្រះយេស៊ូវមានបន្ទូលនឹងគេថា៖ 24“ចូរតស៊ូចូលតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនព្យាយាមចូល ប៉ុន្តែនឹងមិនអាចចូលបានទេ។ 25កាលណាម្ចាស់ផ្ទះក្រោកឡើងបិទទ្វារហើយ នោះអ្នករាល់គ្នាចាប់ផ្ដើមឈរនៅខាងក្រៅ គោះទ្វារ ទាំងនិយាយថា: ‘ព្រះអម្ចាស់អើយ! សូមបើកទ្វារឲ្យយើងខ្ញុំផង!’។ ម្ចាស់ផ្ទះក៏នឹងឆ្លើយមកអ្នករាល់គ្នាថា: ‘យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ’។ 26ពេលនោះ អ្នករាល់គ្នានឹងចាប់ផ្ដើមនិយាយថា: ‘យើងខ្ញុំធ្លាប់ហូប និងផឹកជាមួយព្រះអង្គ ហើយព្រះអង្គក៏ធ្លាប់បង្រៀននៅតាមផ្លូវ#13:26 តាមផ្លូវ―ឬ “កន្លែងសាធារណៈ”។របស់យើងខ្ញុំដែរ’។ 27ប៉ុន្តែម្ចាស់ផ្ទះនឹងនិយាយមកអ្នករាល់គ្នាថា: ‘យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ។ អស់ទាំងអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញពីយើងទៅ!’។ 28នៅពេលអ្នករាល់គ្នាឃើញអ័ប្រាហាំ អ៊ីសាក យ៉ាកុប និងព្យាការីទាំងអស់នៅក្នុងអាណាចក្ររបស់ព្រះ ប៉ុន្តែអ្នករាល់គ្នាត្រូវបានបោះចោលទៅខាងក្រៅវិញនោះនឹងមានការទួញសោក និងការសង្កៀតធ្មេញនៅទីនោះ។ 29មានមនុស្សនឹងមកពីទិសខាងកើត ទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង ហើយអង្គុយនៅក្នុងអាណាចក្ររបស់ព្រះ។ 30មើល៍! មានមនុស្សក្រោយគេដែលនឹងត្រឡប់ជាមុនគេ ហើយមានមនុស្សមុនគេដែលនឹងត្រឡប់ជាក្រោយគេវិញ”។
ព្រះយេស៊ូវ និងហេរ៉ូឌ
31នៅពេល#13:31 ពេល―ឯកសារបុរាណខ្លះថា “ថ្ងៃ”។ដដែលនោះ មានពួកផារិស៊ីខ្លះបានចូលមកជិត ទូលព្រះយេស៊ូវថា៖ “សូមលោកចាកចេញពីទីនេះទៅ ដ្បិតហេរ៉ូឌចង់សម្លាប់លោក!”។
32ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរទៅប្រាប់កញ្ជ្រោងនោះថា មើល៍! ខ្ញុំដេញអារក្សឲ្យចេញ ហើយប្រោសមនុស្សឲ្យជានៅថ្ងៃនេះ និងថ្ងៃស្អែក លុះដល់ថ្ងៃទីបីកិច្ចការរបស់ខ្ញុំនឹងត្រូវបានបង្ហើយ។ 33យ៉ាងណាមិញ ខ្ញុំត្រូវតែធ្វើដំណើរ នៅថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃខានស្អែកទៀត ដ្បិតព្យាការីមិនអាចត្រូវគេសម្លាប់នៅខាងក្រៅយេរូសាឡិមបានឡើយ!
សោកស្ដាយចំពោះយេរូសាឡិម
34 “យេរូសាឡិម យេរូសាឡិមអើយ! អ្នកដែលសម្លាប់បណ្ដាព្យាការី ហើយគប់ដុំថ្មសម្លាប់មនុស្សដែលត្រូវបានចាត់ឲ្យមករកអ្នកអើយ! តើប៉ុន្មានដងហើយដែលខ្ញុំចង់ប្រមូលកូនចៅរបស់អ្នក ដូចដែលមេមាន់ប្រមូលកូនរបស់វាមកជ្រកក្រោមស្លាប ប៉ុន្តែអ្នកមិនព្រមទេ។ 35មើល៍! ផ្ទះ#13:35 ផ្ទះ―ឬ “វិហារ”; គឺ “ព្រះវិហារនៅយេរូសាឡិម”។ សូមមើល 《យេរេមា》 12:7; 22:5។ របស់អ្នករាល់គ្នានឹងត្រូវទុកចោល#13:35 ឯកសារបុរាណខ្លះបន្ថែម “ឲ្យនៅស្ងាត់ជ្រងំ”។។ ខ្ញុំប្រាប់អ្នករាល់គ្នា#13:35 ឯកសារបុរាណខ្លះបន្ថែម “ជាប្រាកដ”។ថា អ្នករាល់គ្នាមិនឃើញខ្ញុំទៀតឡើយ រហូតដល់ពេលវេលានោះមកដល់ ដែលអ្នករាល់គ្នានិយាយថា:‘សូមឲ្យមានព្រះពរដល់ព្រះអង្គដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់#13:35 《ទំនុកតម្កើង》 118:26។’”៕
ទើបបានជ្រើសរើសហើយ៖
លូកា 13: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative