យ៉ូហាន 2

2
ធ្វើឲ្យទឹកក្លាយជាស្រាទំពាំងបាយជូរ
1នៅ​ថ្ងៃ​ទីបី មាន​ពិធីមង្គលការ​មួយ​នៅ​កាណា​ក្នុង​កាលីឡេ​។ ម្ដាយ​របស់​ព្រះយេស៊ូវ​នៅ​ទីនោះ 2ហើយ​ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ត្រូវគេ​អញ្ជើញ​ទៅ​ចូលរួមក្នុងពិធីមង្គលការ​នោះ​ដែរ​។ 3នៅពេល​ស្រាទំពាំងបាយជូរ​អស់ ម្ដាយ​របស់​ព្រះយេស៊ូវ​ទូល​ព្រះអង្គ​ថា​៖ “គេ​គ្មាន​ស្រាទំពាំងបាយជូរ​ទេ”។
4ព្រះយេស៊ូវ​មានបន្ទូល​នឹង​ម្ដាយ​ថា​៖“ស្ត្រី​អើយ តើ​រឿងនេះជា​អ្វី​នឹង​ខ្ញុំ ហើយ​នឹង​អ្នក​? ពេលវេលា​របស់ខ្ញុំ​មិនទាន់​មកដល់​នៅឡើយទេ”។
5ម្ដាយ​របស់​ព្រះអង្គ​ប្រាប់​ពួក​អ្នកបម្រើ​ថា​៖ “អ្វីក៏ដោយដែល​លោក​ប្រាប់​អ្នករាល់គ្នា ចូរ​ធ្វើ​ចុះ”។
6នៅ​ទីនោះ មាន​ដាក់​ពាង​ថ្ម​ប្រាំមួយ សម្រាប់​ពិធីជម្រះ​របស់​ជនជាតិយូដា ពាង​នីមួយៗ​មានចំណុះ​ពីរ ឬ​បី​រង្វាល់#2:6 ពីរ ឬ​បី​រង្វាល់―ន័យត្រង់គឺ “2 ឬ3ម៉ែត្រេតេស” ឬ “ប្រហែល100លីត្រ”។ 1ម៉ែត្រេតេស=39លីត្រ។​។
7ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកអ្នកបម្រើ​ថា​៖“ចូរ​ចាក់​ទឹក​ឲ្យពេញ​ពាង​ទាំងនេះ​ចុះ”។ ពួកគេ​ក៏​ចាក់ពេញ​ដល់​មាត់​ពាង​។ 8បន្ទាប់មក ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ឥឡូវនេះ ចូរ​ដួស​យកទៅ​ជូន​អ្នកគ្រប់គ្រងពិធី​ចុះ”។ ពួកគេ​ក៏​យកទៅ​។
9នៅពេល​អ្នកគ្រប់គ្រងពិធី​បាន​ភ្លក់​ទឹក​ដែល​ក្លាយជា​ស្រាទំពាំងបាយជូរ​ហើយ ក៏​មិន​ដឹង​ថា​មក​ពីណា​ដែរ (​ប៉ុន្តែ​ពួក​អ្នកបម្រើ​ដែល​ដួស​ទឹក​នោះ​បាន​ដឹង​)​។ អ្នកគ្រប់គ្រងពិធី​ក៏​ហៅ​កូនកំលោះ​មក 10ហើយ​និយាយ​នឹង​គាត់​ថា​៖ “មនុស្ស​គ្រប់គ្នា​ដាក់​ស្រាទំពាំងបាយជូរ​ល្អ​មុន ហើយ​នៅពេល​គេ​ស្រវឹង ទើប​ដាក់​ស្រាទំពាំងបាយជូរ​ដែល​អន់ជាង រីឯ​អ្នក​វិញ អ្នក​បាន​ទុក​ស្រាទំពាំងបាយជូរ​ល្អ​រហូតដល់​ឥឡូវ​!”។
11ព្រះយេស៊ូវ​ទ្រង់​ធ្វើ​ទីសម្គាល់​ដំបូង​នេះ​នៅ​កាណា​ក្នុង​កាលីឡេ ព្រមទាំង​សម្ដែង​សិរីរុងរឿង​របស់​ព្រះអង្គ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ជឿលើ​ព្រះអង្គ​។
12បន្ទាប់ពីការនេះ ព្រះយេស៊ូវ ម្ដាយ បងប្អូន និង​ពួក​សិស្ស​របស់​ព្រះអង្គ​ចុះ​ទៅ​កាពើណិម ហើយ​ស្នាក់នៅ​ទីនោះ​មិន​យូរ​ថ្ងៃ​ទេ​។
ព្រះយេស៊ូវទ្រង់ជម្រះព្រះវិហារ
13បុណ្យរំលង#2:13 បុណ្យរំលង―សូមមើល 《និក្ខមនំ》 12:1-13:16។​របស់​ជនជាតិយូដា​ជិត​មក​ដល់ហើយ ព្រះយេស៊ូវ​ក៏​យាង​ឡើងទៅ​យេរូសាឡិម​។ 14ព្រះអង្គ​ទត​ឃើញ​ពួក​អ្នក​លក់​គោ ចៀម និង​ព្រាប ព្រមទាំង​ពួក​អ្នកដូរលុយ កំពុង​អង្គុយ​នៅក្នុង​ព្រះវិហារ​។ 15ព្រះអង្គ​ក៏​ធ្វើ​ខ្សែតី​ដោយ​ខ្សែ រួច​ដេញ​ពួកគេ​គ្រប់គ្នា​ឲ្យចេញ​ពី​ព្រះវិហារ ទាំង​ចៀម និង​គោ ហើយ​បាច​ប្រាក់​របស់​ពួក​អ្នកដូរលុយ​ចោល ព្រមទាំង​ផ្កាប់​តុ​ទាំងនោះ​ផង​។ 16ព្រះអង្គ​មានបន្ទូល​នឹង​ពួក​អ្នក​លក់​ព្រាប​ថា​៖“ចូរ​យក​របស់​ទាំងនេះ​ចេញ​ពីទីនេះ​ទៅ​! កុំ​ធ្វើឲ្យ​ដំណាក់​របស់​ព្រះ​បិតា​ខ្ញុំ​ទៅជា​ផ្ទះ​លក់ដូរ​ឡើយ​!”។
17ពួក​សិស្ស​របស់​ព្រះអង្គ​នឹកឃើញ​សេចក្ដី​ដែល​មាន​សរសេរ​ទុកមក​ថា​:“ចិត្តឆេះឆួល​ចំពោះ​ដំណាក់​របស់ព្រះអង្គ​នឹង​ឆេះសន្ធោសន្ធៅ​នៅក្នុង​ទូលបង្គំ”។#2:17 《ទំនុកតម្កើង》 69:9។
18បន្ទាប់មក ពួកយូដា​តប​នឹង​ព្រះអង្គ​ថា​៖ “ដែល​អ្នក​ធ្វើ​ការទាំងនេះ តើ​អ្នក​បង្ហាញ​ទីសម្គាល់​អ្វី​ដល់​យើង​?”។
19ព្រះយេស៊ូវ​មានបន្ទូល​ឆ្លើយ​នឹង​ពួកគេ​ថា​៖“ចូរ​បំផ្លាញ​ព្រះវិហារ​នេះ​ចុះ ហើយ​ក្នុង​បី​ថ្ងៃ ខ្ញុំ​នឹង​លើកឡើងវិញ”។
20ពួកយូដា​និយាយថា​៖ “ព្រះវិហារ​នេះ​សាងសង់​អស់​សែសិប​ប្រាំមួយ​ឆ្នាំ តើ​អ្នក​នឹង​លើកឡើងវិញ​ក្នុង​បី​ថ្ងៃ​ឬ​?”។
21ប៉ុន្តែ​ព្រះអង្គ​កំពុង​មានបន្ទូល​អំពី​ព្រះវិហារ​នៃ​ព្រះកាយ​របស់​ព្រះអង្គ​ទេ​។ 22ដូច្នេះ នៅពេល​ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ពួក​សិស្ស​របស់​ព្រះអង្គ​នឹកឃើញ​ថា ព្រះអង្គ​មានបន្ទូល​អំពី​ការនេះ​ហើយ នោះ​ពួកគេ​ក៏​ជឿ​បទគម្ពីរ និង​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​មានបន្ទូល​។
23ពេល​ព្រះអង្គ​គង់នៅ​យេរូសាឡិម​ក្នុងអំឡុងពេល​បុណ្យរំលង មាន​មនុស្ស​ជាច្រើន​ជឿលើ​ព្រះនាម​របស់​ព្រះអង្គ ដោយ​ឃើញ​ទីសម្គាល់​នានា​ដែល​ព្រះអង្គ​បាន​ធ្វើ​។ 24ប៉ុន្តែ​ព្រះយេស៊ូវ ព្រះអង្គផ្ទាល់​មិន​ផ្ទុកផ្ដាក់​អង្គទ្រង់​នឹង​ពួកគេ​ទេ ពីព្រោះ​ព្រះអង្គ​ឈ្វេងយល់​មនុស្ស​ទាំងអស់ 25ហើយ​ពីព្រោះ​ព្រះអង្គ​មិន​ចាំបាច់​ឲ្យ​អ្នកណា​ធ្វើបន្ទាល់​អំពី​មនុស្ស​ទេ ដ្បិត​ព្រះអង្គផ្ទាល់​ឈ្វេងយល់​នូវ​អ្វី​ដែល​មាន​នៅក្នុង​មនុស្ស​៕

ទើបបានជ្រើសរើសហើយ៖

យ៉ូហាន 2: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល