លោកុប្បត្តិ 37
37
យល់សប្តិរបស់យ៉ូសែប
1យ៉ាកុបរស់នៅក្នុងទឹកដីដែលឪពុករបស់គាត់ស្នាក់នៅបណ្ដោះអាសន្នក្នុងដែនដីកាណាន។ 2នេះជាវង្សត្រកូលរបស់យ៉ាកុប:
នៅពេលយ៉ូសែបមានអាយុដប់ប្រាំពីរឆ្នាំ គាត់បានឃ្វាលហ្វូងចៀមជាមួយពួកបងប្រុសរបស់គាត់។ គាត់នៅតែជាក្មេង ក៏នៅជាមួយពួកកូនប្រុសរបស់ប៊ីលហា និងពួកកូនប្រុសរបស់ស៊ីលផា ដែលជាប្រពន្ធរបស់ឪពុកគាត់។ យ៉ូសែបតែងតែយករឿងអាក្រក់របស់ពួកគេទៅប្រាប់ឪពុក។
3រីឯអ៊ីស្រាអែលស្រឡាញ់យ៉ូសែបជាងកូនប្រុសទាំងអស់របស់គាត់ ពីព្រោះយ៉ូសែបជាកូនក្នុងវ័យជរារបស់គាត់ ហើយគាត់បានធ្វើអាវវែងចម្រុះពណ៌ឲ្យយ៉ូសែប។ 4នៅពេលពួកបងប្រុសរបស់គាត់ឃើញថាឪពុកស្រឡាញ់គាត់ជាងបងប្អូនទាំងអស់ ពួកគេក៏ស្អប់គាត់ ហើយមិនអាចនិយាយស្រួលបួលនឹងគាត់បានឡើយ។
5ពេលនោះ យ៉ូសែបយល់សប្តិឃើញយល់សប្តិមួយ ហើយប្រាប់ពួកបងប្រុសរបស់ខ្លួន នោះពួកគេក៏ស្អប់គាត់រឹតតែខ្លាំងឡើងទៀត។ 6យ៉ូសែបនិយាយនឹងពួកគេថា៖ “សូមស្ដាប់យល់សប្តិដែលខ្ញុំបានយល់សប្តិឃើញនេះសិន: 7មើល៍! ពួកយើងកំពុងចងកណ្ដាប់នៅកណ្ដាលស្រែ នោះមើល៍! កណ្ដាប់របស់ខ្ញុំក៏ក្រោកឈរឡើង ហើយមើល៍! កណ្ដាប់របស់ពួកបងមកព័ទ្ធជុំវិញ រួចក្រាបចុះនៅចំពោះកណ្ដាប់របស់ខ្ញុំ!”។
8ពួកបងប្រុសរបស់គាត់ក៏និយាយនឹងគាត់ថា៖ “តើឯងពិតជានឹងធ្វើជាស្ដេចលើពួកយើង ឬពិតជានឹងគ្រប់គ្រងលើពួកយើងឬ?”។ ដូច្នេះ ពួកគេស្អប់គាត់រឹតតែខ្លាំងឡើងទៀត ព្រោះតែយល់សប្តិរបស់គាត់ និងពាក្យសម្ដីរបស់គាត់។
9ក្រោយមក គាត់យល់សប្តិឃើញយល់សប្តិមួយទៀត ក៏រៀបរាប់ប្រាប់ពួកបងប្រុសរបស់គាត់ថា៖ “មើល៍! ខ្ញុំបានយល់សប្តិឃើញយល់សប្តិមួយទៀត ហើយមើល៍! ព្រះអាទិត្យ ព្រះចន្ទ និងផ្កាយដប់មួយក្រាបចុះនៅចំពោះខ្ញុំ!”។
10នៅពេលយ៉ូសែបរៀបរាប់ប្រាប់ឪពុករបស់គាត់ និងពួកបងប្រុសរបស់គាត់ ឪពុករបស់គាត់ក៏ស្ដីបន្ទោសគាត់ថា៖ “យល់សប្តិដែលឯងបានយល់សប្តិឃើញនេះជាអ្វី? តើយើង និងម្ដាយរបស់ឯង ព្រមទាំងពួកបងប្រុសរបស់ឯង ពិតជានឹងមកក្រាបមុខដល់ដីនៅចំពោះឯងឬ?”។ 11ពួកបងប្រុសរបស់គាត់ក៏ច្រណែនគាត់ ប៉ុន្តែឪពុករបស់គាត់បានរក្សារឿងនេះទុកក្នុងចិត្ត។
យ៉ូសែបត្រូវបានលក់ទៅអេហ្ស៊ីប
12ក្រោយមក ពួកបងប្រុសរបស់គាត់ទៅឃ្វាលហ្វូងចៀមរបស់ឪពុកពួកគេនៅស៊ីគែម។ 13អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “តើពួកបងប្រុសរបស់ឯងមិនមែនកំពុងឃ្វាលសត្វនៅស៊ីគែមទេឬ? មក៍! យើងនឹងចាត់ឯងឲ្យទៅរកពួកគេ”។
យ៉ូសែបតបនឹងគាត់ថា៖ “មើល៍! ខ្ញុំនៅទីនេះ”។
14អ៊ីស្រាអែលនិយាយនឹងគាត់ថា៖ “ចូរទៅមើល ថាតើពួកបងប្រុសរបស់ឯងសុខសាន្តឬយ៉ាងណា ហើយហ្វូងចៀមសុខសាន្តឬយ៉ាងណា រួចនាំពាក្យមកយើងវិញ”។ ដូច្នេះ ឪពុកបានចាត់គាត់ពីជ្រលងភ្នំហេប្រុន ហើយគាត់ក៏ទៅដល់ស៊ីគែម។
15មានបុរសម្នាក់ឃើញគាត់ ហើយមើល៍! គាត់កំពុងវង្វេងនៅទីវាល បុរសនោះក៏សួរគាត់ថា៖ “តើឯងកំពុងរកអ្វី?”។
16គាត់ឆ្លើយថា៖ “ខ្ញុំកំពុងរកពួកបងប្រុសរបស់ខ្ញុំ។ សូមប្រាប់ខ្ញុំផង ថាពួកគាត់ឃ្វាលសត្វនៅឯណា?”។
17បុរសនោះនិយាយថា៖ “ពួកគេបានចាកចេញពីទីនេះហើយ ព្រោះខ្ញុំបានឮពួកគេនិយាយថា: ‘យើងនាំគ្នាទៅដូថាន់’”។ ដូច្នេះ យ៉ូសែបក៏ទៅតាមពួកបងប្រុសរបស់គាត់ ហើយរកឃើញពួកគេនៅដូថាន់។
18ពួកគេឃើញគាត់ពីចម្ងាយ ហើយមុនគាត់ចូលទៅជិតពួកគេ ពួកគេក៏រៀបឧបាយកលដើម្បីសម្លាប់គាត់។ 19ពួកគេនិយាយគ្នាទៅវិញទៅមកថា៖ “មើល៍! អាមេយល់សប្តិនោះមកដល់ហើយ! 20ឥឡូវនេះ មក៍! យើងនាំគ្នាសម្លាប់វា ហើយបោះវាចោលទៅក្នុងរណ្ដៅណាមួយ រួចនិយាយថា: ‘សត្វសាហាវបានស៊ីវាហើយ’ នោះយើងនឹងឃើញថាតើយល់សប្តិរបស់វានឹងទៅជាយ៉ាងណា”។
21កាលរូបេនឮដូច្នោះ គាត់ក៏ជួយយ៉ូសែបឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគេ ដោយនិយាយថា៖ “កុំសម្លាប់ជីវិតវាអី”។ 22រូបេននិយាយនឹងពួកគេទៀតថា៖ “កុំបង្ហូរឈាមឡើយ! ចូរបោះវាចោលទៅក្នុងរណ្ដៅនេះដែលនៅទីរហោស្ថានចុះ ប៉ុន្តែកុំដាក់ដៃលើវាឡើយ”។ រូបេននិយាយដូច្នេះ គឺដើម្បីជួយយ៉ូសែបឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគេ ហើយនាំគាត់ទៅឯឪពុកវិញ។
23ដូច្នេះ នៅពេលយ៉ូសែបមកដល់ពួកបងប្រុសរបស់គាត់ ពួកគេក៏ដោះអាវវែងរបស់យ៉ូសែបចេញ ជាអាវវែងចម្រុះពណ៌ដែលគាត់បានពាក់ 24រួចយកគាត់ទៅបោះចោលក្នុងរណ្ដៅ។ រណ្ដៅនោះនៅទទេ គ្មានទឹកនៅខាងក្នុងទេ។
25បន្ទាប់មក ពួកគេអង្គុយហូបអាហារ។ នៅពេលពួកគេងើបភ្នែកឡើងមើលទៅ នោះមើល៍! មានក្បួនឈ្មួញជនជាតិអ៊ីសម៉ាអែលដែលមកពីកាឡាត។ អូដ្ឋរបស់ពួកគេផ្ទុកគ្រឿងទេស ថ្នាំកំញាន និងជ័រល្វីងទេសដើម្បីនាំចុះទៅអេហ្ស៊ីប។
26ពេលនោះ យូដានិយាយនឹងពួកបងប្អូនរបស់គាត់ថា៖ “បើសិនយើងសម្លាប់ប្អូនប្រុសរបស់យើង ហើយលាក់បាំងឈាមរបស់វា តើចំណេញអ្វី? 27មក៍! ចូរឲ្យយើងលក់វាទៅជនជាតិអ៊ីសម៉ាអែលវិញ ហើយកុំឲ្យយើងដាក់ដៃលើវាឡើយ ដ្បិតវាជាប្អូនប្រុសរបស់យើង ជាសាច់សាលោហិតរបស់យើង”។ ពួកបងប្អូនរបស់គាត់ក៏ស្ដាប់តាម។ 28ដូច្នេះ នៅពេលពួកឈ្មួញជនជាតិម៉ាឌានឆ្លងកាត់ ពួកគេក៏ទាញយ៉ូសែបឡើងពីរណ្ដៅ ហើយលក់យ៉ូសែបទៅជនជាតិអ៊ីសម៉ាអែលក្នុងតម្លៃម្ភៃកាក់ប្រាក់; ពួកឈ្មួញទាំងនោះក៏យកយ៉ូសែបទៅអេហ្ស៊ីប។
29នៅពេលរូបេនត្រឡប់មកដល់រណ្ដៅនោះវិញ មើល៍! យ៉ូសែបមិននៅក្នុងរណ្ដៅទេ នោះគាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន 30ហើយទៅរកពួកបងប្អូនរបស់គាត់ និយាយថា៖ “ក្មេងនោះបាត់ហើយ! ចុះខ្ញុំ តើឲ្យខ្ញុំទៅឯណា?”។ 31ពួកគេក៏យកអាវវែងរបស់យ៉ូសែប ហើយសម្លាប់ពពែឈ្មោល រួចជ្រលក់អាវវែងនោះក្នុងឈាម។ 32បន្ទាប់មក ពួកគេចាត់គេឲ្យយកអាវវែងចម្រុះពណ៌នោះទៅឯឪពុករបស់ពួកគេ ដោយនិយាយថា៖ “យើងបានរកឃើញអាវវែងនេះ។ សូមពិនិត្យមើលចុះ តើជាអាវវែងរបស់កូនប្រុសលោកឪពុក ឬមិនមែន?”។
33ឪពុកក៏ស្គាល់អាវវែងនោះ ហើយនិយាយថា៖ “អាវវែងរបស់កូនប្រុសយើងមែន។ សត្វសាហាវបានស៊ីវាហើយ! យ៉ូសែបប្រាកដជាត្រូវបានហែកស៊ីហើយ!”។ 34រួចយ៉ាកុបក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយពាក់ក្រណាត់ធ្មៃនៅនឹងចង្កេះគាត់ ហើយកាន់ទុក្ខចំពោះកូនប្រុសរបស់គាត់ជាយូរថ្ងៃ។ 35កូនប្រុសកូនស្រីទាំងអស់ក៏ក្រោកឡើងសម្រាលទុក្ខគាត់ ប៉ុន្តែគាត់មិនព្រមទទួលការសម្រាលទុក្ខឡើយ ដោយនិយាយថា៖ “យើងនឹងចុះទៅស្ថានមនុស្សស្លាប់ ទៅឯកូនប្រុសរបស់យើងទាំងកាន់ទុក្ខ”។ គឺយ៉ាងនេះឯងដែលឪពុករបស់គាត់យំស្រណោះគាត់។
36ក្នុងពេលជាមួយគ្នា ជនជាតិម៉ាឌានទាំងនោះបានលក់យ៉ូសែបនៅអេហ្ស៊ីប គឺលក់ទៅប៉ូទីផារជាមន្ត្រីរបស់ផារ៉ោន និងជាមេបញ្ជាការកងរក្សាអង្គ៕
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 37: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative