លោកុប្បត្តិ 29
29
យ៉ាកុបប្រទះនឹងរ៉ាជែល
1យ៉ាកុបបានបន្តដំណើរទៅស្រុករបស់បណ្ដាជាតិសាសន៍នៃទិសខាងកើត។ 2ពេលគាត់មើល នោះមើល៍! មានអណ្ដូងមួយនៅទីវាល ហើយមើល៍! មានចៀមបីហ្វូងកំពុងដេកនៅក្បែរអណ្ដូងនោះ ពីព្រោះគេឲ្យហ្វូងសត្វផឹកពីអណ្ដូងនោះ។ មានថ្មធំនៅលើមាត់អណ្ដូង 3ហើយកាលណាហ្វូងសត្វទាំងអស់បានជុំគ្នានៅទីនោះ ទើបគេប្រមៀលថ្មនោះចេញពីមាត់អណ្ដូង ហើយឲ្យចៀមផឹក រួចគេដាក់ថ្មនោះលើមាត់អណ្ដូងត្រង់កន្លែងដើមវិញ។
4យ៉ាកុបសួរពួកអ្នកគង្វាលថា៖ “បងប្អូនរបស់ខ្ញុំអើយ បងប្អូនមកពីណាដែរ?”។
ពួកគេឆ្លើយថា៖ “ពួកយើងមកពីហារ៉ាន”។
5គាត់សួរពួកគេទៀតថា៖ “បងប្អូនស្គាល់ឡាបាន់ចៅរបស់ណាឃរឬទេ?”។
ពួកគេឆ្លើយថា៖ “ស្គាល់”។
6យ៉ាកុបក៏សួរពួកគេថា៖ “តើគាត់សុខសប្បាយទេ?”។
ពួកគេឆ្លើយថា៖ “គាត់សុខសប្បាយទេ។ មើល៍! រ៉ាជែលកូនស្រីរបស់គាត់កំពុងមកជាមួយចៀម”។
7យ៉ាកុបក៏និយាយថា៖ “មើល៍! ថ្ងៃនៅខ្ពស់នៅឡើយ មិនមែនជាពេលត្រូវប្រមូលហ្វូងសត្វទេ។ ចូរឲ្យហ្វូងចៀមផឹក ហើយនាំទៅឃ្វាលទៀតទៅ”។
8ប៉ុន្តែពួកគេតបថា៖ “អត់បានទេ ទាល់តែពេលហ្វូងសត្វទាំងអស់បានជុំគ្នាសិន ទើបប្រមៀលថ្មចេញពីមាត់អណ្ដូង ហើយឲ្យចៀមផឹកបាន”។
9ខណៈដែលយ៉ាកុបកំពុងនិយាយជាមួយពួកគេ រ៉ាជែលក៏មកដល់ជាមួយហ្វូងចៀមរបស់ឪពុកនាង ដ្បិតនាងជាអ្នកគង្វាល។ 10នៅពេលយ៉ាកុបឃើញរ៉ាជែលកូនស្រីឡាបាន់បងប្រុសរបស់ម្ដាយគាត់ និងហ្វូងចៀមរបស់ឡាបាន់បងប្រុសរបស់ម្ដាយគាត់ យ៉ាកុបក៏ចូលទៅប្រមៀលថ្មចេញពីមាត់អណ្ដូង ហើយឲ្យហ្វូងចៀមរបស់ឡាបាន់បងប្រុសរបស់ម្ដាយគាត់ផឹក។ 11បន្ទាប់មក យ៉ាកុបថើបរ៉ាជែល ហើយបន្លឺសំឡេងយំ។ 12យ៉ាកុបប្រាប់រ៉ាជែលថាគាត់ជាសាច់ញាតិរបស់ឪពុកនាង ហើយថាគាត់ជាកូនប្រុសរបស់រេបិកា ដូច្នេះនាងក៏រត់ទៅប្រាប់ឪពុករបស់នាង។
យ៉ាកុបត្រូវបានបោកបញ្ឆោត
13នៅពេលឮដំណឹងអំពីយ៉ាកុបកូនប្រុសរបស់ប្អូនស្រីខ្លួន ឡាបាន់ក៏រត់ទៅជួបយ៉ាកុប ហើយឱបថើបគាត់ រួចនាំគាត់មកផ្ទះរបស់ខ្លួន។ យ៉ាកុបក៏រៀបរាប់ប្រាប់រឿងទាំងអស់នេះដល់ឡាបាន់។
14ឡាបាន់និយាយនឹងគាត់ថា៖ “ឯងពិតជាឆ្អឹង និងជាសាច់សាលោហិតរបស់យើងមែន”។
ដូច្នេះ យ៉ាកុបក៏រស់នៅជាមួយគាត់មួយខែ។ 15បន្ទាប់មក ឡាបាន់និយាយនឹងយ៉ាកុបថា៖ “ដោយព្រោះឯងជាសាច់ញាតិរបស់យើង តើឯងត្រូវតែបម្រើយើងទទេឬ? ចូរប្រាប់យើងមក តើឯងចង់បានថ្លៃឈ្នួលជាអ្វី?”។
16ឡាបាន់មានកូនស្រីពីរនាក់ កូនច្បងឈ្មោះលេអា ហើយកូនពៅឈ្មោះរ៉ាជែល។ 17លេអាអន់ភ្នែក#29:17 អន់ភ្នែក―ឬ “មានភ្នែកស្រទន់”។ រីឯរ៉ាជែលមានរូបរាងល្អស្អាត និងរូបឆោមស្រស់ស្អាត។ 18ដោយសារយ៉ាកុបស្រឡាញ់រ៉ាជែល គាត់ក៏និយាយថា៖ “ខ្ញុំនឹងបម្រើលោកអ៊ំប្រាំពីរឆ្នាំ ដើម្បីបានរ៉ាជែលកូនស្រីពៅរបស់លោកអ៊ំ”។
19ឡាបាន់និយាយថា៖ “យើងឲ្យនាងទៅឯង ប្រសើរជាងឲ្យនាងទៅប្រុសផ្សេង។ ចូររស់នៅជាមួយយើងចុះ”។ 20ដូច្នេះ យ៉ាកុបក៏បម្រើប្រាំពីរឆ្នាំដើម្បីបានរ៉ាជែល ប៉ុន្តែនៅក្នុងភ្នែករបស់គាត់ដូចជាតិចថ្ងៃទេ ដោយព្រោះក្ដីស្នេហ៍របស់គាត់ចំពោះនាង។
21បន្ទាប់មក យ៉ាកុបនិយាយនឹងឡាបាន់ថា៖ “សូមឲ្យប្រពន្ធរបស់ខ្ញុំមក ដើម្បីឲ្យខ្ញុំបានចូលទៅឯនាង ពីព្រោះពេលកំណត់របស់ខ្ញុំត្រូវបានបំពេញហើយ”។ 22ឡាបាន់ក៏ប្រមូលអ្នកស្រុកទាំងអស់មកទីនោះ ហើយរៀបចំពិធីជប់លៀង។ 23ប៉ុន្តែដល់ពេលល្ងាច គាត់យកលេអាកូនស្រីរបស់គាត់ឲ្យយ៉ាកុប ហើយយ៉ាកុបក៏ចូលទៅឯនាង។ 24ឡាបាន់ឲ្យស៊ីលផាបាវបម្រើស្រីរបស់គាត់ ដល់លេអាកូនស្រីរបស់គាត់ ទុកជាបាវបម្រើស្រី។
25លុះព្រឹកឡើង មើល៍! នាងជាលេអា! យ៉ាកុបក៏និយាយនឹងឡាបាន់ថា៖ “ហេតុអ្វីបានជាលោកអ៊ំធ្វើដូច្នេះដាក់ខ្ញុំ? តើខ្ញុំបម្រើលោកអ៊ំ មិនមែនដើម្បីបានរ៉ាជែលទេឬ? ចុះម្ដេចក៏លោកអ៊ំបោកបញ្ឆោតខ្ញុំដូច្នេះ?”។
26ឡាបាន់តបថា៖ “នៅក្នុងស្រុកយើង គេមិនធ្វើដូច្នោះទេ ដែលឲ្យកូនប្អូនរៀបការមុនកូនច្បងនោះ។ 27ចូរបំពេញមួយសប្ដាហ៍នេះសិន នោះយើងនឹងឲ្យម្នាក់ទៀតទៅឯងដែរ សម្រាប់ការងារដែលឯងបម្រើយើងប្រាំពីរឆ្នាំទៀត”។
28យ៉ាកុបក៏ធ្វើដូច្នោះ គឺគាត់បានបំពេញមួយសប្ដាហ៍ជាមួយលេអា រួចឡាបាន់ក៏ឲ្យរ៉ាជែលកូនស្រីរបស់គាត់ទៅយ៉ាកុបធ្វើជាប្រពន្ធ។ 29ឡាបាន់ឲ្យប៊ីលហាបាវបម្រើស្រីរបស់គាត់ ដល់រ៉ាជែលកូនស្រីរបស់គាត់ ទុកជាបាវបម្រើស្រី។ 30ដូច្នេះ យ៉ាកុបក៏ចូលទៅឯរ៉ាជែលដែរ ហើយគាត់ស្រឡាញ់រ៉ាជែលជាងស្រឡាញ់លេអា។ គាត់បានបម្រើឡាបាន់ប្រាំពីរឆ្នាំទៀត។
កូនៗរបស់យ៉ាកុប
31កាលព្រះយេហូវ៉ាទតឃើញថាលេអាត្រូវបានស្អប់ ព្រះអង្គក៏បើកផ្ទៃនាង រីឯរ៉ាជែលនៅជាស្ត្រីអារ។ 32លេអាក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់ នាងដាក់ឈ្មោះកូននោះថា រូបេន ដ្បិតនាងនិយាយថា៖ “ព្រះយេហូវ៉ាបានទតឃើញទុក្ខវេទនារបស់ខ្ញុំហើយ។ ឥឡូវនេះ ប្ដីរបស់ខ្ញុំនឹងស្រឡាញ់ខ្ញុំមិនខាន”។
33នាងមានផ្ទៃពោះទៀត ហើយបង្កើតបានកូនប្រុសម្នាក់ នាងក៏និយាយថា៖ “ដោយសារព្រះយេហូវ៉ាបានឮថាខ្ញុំត្រូវបានស្អប់ បានជាព្រះអង្គប្រទានកូននេះឲ្យខ្ញុំទៀត”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា ស៊ីម្មាន។
34នាងមានផ្ទៃពោះទៀត ហើយបង្កើតបានកូនប្រុសម្នាក់ នាងក៏និយាយថា៖ “ម្ដងនេះ ប្ដីរបស់ខ្ញុំនឹងជាប់ចិត្តនឹងខ្ញុំ ពីព្រោះខ្ញុំបានបង្កើតកូនប្រុសបីនាក់ឲ្យគាត់”។ ដោយហេតុនេះ នាងដាក់ឈ្មោះកូននោះថា លេវី។
35នាងមានផ្ទៃពោះទៀត ហើយបង្កើតបានកូនប្រុសម្នាក់ នាងក៏និយាយថា៖ “លើកនេះ ខ្ញុំនឹងសរសើរតម្កើងព្រះយេហូវ៉ា”។ ដោយហេតុនេះ នាងដាក់ឈ្មោះកូននោះថា យូដា។ បន្ទាប់មក នាងក៏លែងមានកូនទៀត៕
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 29: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative