លោកុប្បត្តិ 28

28
យ៉ាកុបចាកចេញពីផ្ទះ
1អ៊ីសាក​ហៅ​យ៉ាកុប​មក​ឲ្យពរ រួច​បង្គាប់​គាត់​ថា​៖ “កុំ​យក​ប្រពន្ធ​ពី​ពួក​កូនស្រី​កាណាន​ឡើយ​។ 2ចូរ​ក្រោកឡើង​ទៅ​ប៉ាដាន់-អើរ៉ាម ទៅឯ​ផ្ទះ​បេធូអែល​ឪពុក​របស់​ម្ដាយ​ឯង ហើយ​យក​ប្រពន្ធ​ពី​ទីនោះ​សម្រាប់​ខ្លួនឯង គឺ​ពី​ពួក​កូនស្រី​របស់​ឡាបាន់​បងប្រុស​របស់​ម្ដាយ​ឯង​ចុះ​។ 3សូមឲ្យ​ព្រះ​ដ៏មានព្រះចេស្ដា​ប្រទានពរ​ឯង ហើយ​ធ្វើឲ្យ​ឯង​បង្កើតកូន និង​កើនចំនួនឡើង​ចុះ ដើម្បីឲ្យ​ឯង​បាន​ទៅជា​សហគមន៍​នៃ​ជាតិសាសន៍​នានា​។ 4សូមឲ្យ​ព្រះអង្គ​ប្រទាន​ដល់​ឯង និង​ពូជពង្ស​របស់ឯង​ដែល​នៅជាមួយ​ឯង នូវ​ពរ​របស់​អ័ប្រាហាំ ដើម្បីឲ្យ​ឯង​បាន​យក​ទឹកដី​ដែល​ឯង​ស្នាក់នៅបណ្ដោះអាសន្ន​ជាកម្មសិទ្ធិ គឺទឹកដី​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ័ប្រាហាំ”។ 5គឺយ៉ាងនេះឯង​ដែល​អ៊ីសាក​បញ្ជូន​យ៉ាកុប​ទៅ យ៉ាកុប​ក៏​ទៅ​ប៉ាដាន់-អើរ៉ាម ទៅឯ​ឡាបាន់​កូនប្រុស​របស់​បេធូអែល​ជនជាតិអើរ៉ាម ដែលជា​បងប្រុស​របស់​រេបិកា​ម្ដាយ​យ៉ាកុប និង​អេសាវ​។
6នៅពេល​អេសាវ​ឃើញ​ថា​អ៊ីសាក​បាន​ឲ្យពរ​យ៉ាកុប ហើយ​បញ្ជូន​គាត់​ទៅ​ប៉ាដាន់-អើរ៉ាម​ដើម្បី​យក​ប្រពន្ធ​ពី​ទីនោះ​សម្រាប់​ខ្លួនឯង ហើយ​ឃើញ​ថា​អ៊ីសាក​បាន​ឲ្យពរ​យ៉ាកុប ទាំង​បង្គាប់​គាត់​ថា​៖ “កុំ​យក​ប្រពន្ធ​ពី​ពួក​កូនស្រី​កាណាន​ឡើយ” 7ព្រមទាំង​ឃើញថា យ៉ាកុប​ស្ដាប់តាម​ឪពុក និង​ម្ដាយ​របស់គាត់ ហើយ​ចេញទៅ​ប៉ាដាន់-អើរ៉ាម 8នោះ​អេសាវ​ក៏​ឃើញ​ថា​ពួក​កូនស្រី​កាណាន​ជាទីមិនពេញចិត្ត​ក្នុង​ភ្នែក​អ៊ីសាក​ឪពុក​របស់គាត់ 9ដូច្នេះ អេសាវ​ក៏​ទៅរក​អ៊ីសម៉ាអែល ហើយ​យក​ម៉ាហាឡាត់ ធ្វើជា​ប្រពន្ធ​មួយ​ទៀត ផ្សេងពី​ប្រពន្ធ​ដែល​គាត់​មាន​។ នាងជា​កូនស្រី​របស់​អ៊ីសម៉ាអែល​ដែលជា​កូនប្រុស​របស់​អ័ប្រាហាំ ហើយនាងជា​ប្អូនស្រី​របស់​នេបាយ៉ូត​។
យ៉ាកុបនៅបេត-អែល
10យ៉ាកុប​បាន​ចាកចេញ​ពី​បៀរ-សេបា ហើយ​ធ្វើដំណើរ​ឆ្ពោះទៅ​ហារ៉ាន​។ 11គាត់​មកដល់​កន្លែង​មួយ ក៏​ស្នាក់នៅ​ទីនោះ​មួយយប់ ពីព្រោះ​ថ្ងៃ​លិច​ហើយ​។ គាត់​យក​ថ្ម​មួយ​ពី​កន្លែង​នោះ​មក​កើយ​ក្បាល រួច​ដេក​នៅ​កន្លែង​នោះ​ទៅ​។ 12គាត់​បាន​យល់សប្តិ នោះ​មើល៍! មាន​ជណ្ដើរ​មួយ​បញ្ឈរ​នៅលើ​ដី រីឯ​ចុង​វា​ទៅ​ដល់​មេឃ ហើយ​មើល៍! មាន​បណ្ដា​ទូតសួគ៌​របស់​ព្រះ ឡើងចុះៗ​តាម​ជណ្ដើរនោះ​! 13ពេលនោះ​មើល៍! ព្រះយេហូវ៉ា​ទ្រង់​ឈរ​ពីលើ​ជណ្ដើរ ហើយ​មានបន្ទូលថា​៖ “យើង​ជា​យេហូវ៉ា​ព្រះ​របស់​អ័ប្រាហាំ​ជីតា​របស់អ្នក និង​ជា​ព្រះ​របស់​អ៊ីសាក​។ យើង​នឹង​ប្រគល់​ទឹកដី​ដែល​អ្នក​កំពុង​ដេក​នៅលើ​នេះ​ដល់​អ្នក និង​ពូជពង្ស​របស់អ្នក​។ 14ពូជពង្ស​របស់អ្នក​នឹង​បាន​ដូចជា​ធូលី​នៃ​ផែនដី ហើយ​អ្នក​នឹង​រីកសាយ​ទៅ​ទិសខាងលិច ទិសខាងកើត ទិសខាងជើង និង​ទិសខាងត្បូង​; ពូជអម្បូរ​ទាំងអស់​នៅលើ​ផែនដី​នឹង​ទទួលពរ​តាមរយៈ​អ្នក និង​តាមរយៈ​ពូជពង្ស​របស់អ្នក​។ 15មើល៍! យើង​នៅជាមួយ​អ្នក យើង​នឹង​ថែរក្សា​អ្នក​នៅ​គ្រប់​កន្លែងដែល​អ្នក​ទៅ ហើយ​យើង​នឹង​នាំ​អ្នក​មក​ទឹកដី​នេះ​វិញ ដ្បិត​យើង​នឹង​មិន​បោះបង់​អ្នក​ចោល​ឡើយ រហូតដល់​យើង​បាន​បំពេញឲ្យសម្រេច​នូវ​អ្វីដែល​យើង​បាន​សន្យា​ដល់​អ្នក”។
16នៅពេល​យ៉ាកុប​ភ្ញាក់ឡើង​ពី​ដំណេក គាត់​និយាយថា​៖ “ព្រះយេហូវ៉ា​ពិតជា​គង់នៅ​កន្លែង​នេះ​មែន ប៉ុន្តែ​ខ្ញុំ​មិន​បាន​ដឹង​សោះ​!”។ 17គាត់​ក៏​ភ័យខ្លាច ហើយ​និយាយថា​៖ “កន្លែង​នេះ​គួរឲ្យខ្លាច​ណាស់ហ្ន៎​! ទីនេះ​មិនមែន​ជា​អ្វីផ្សេង​ទេ គឺជា​ដំណាក់​របស់​ព្រះ ហើយ​នេះ​ជា​ទ្វារ​នៃ​ស្ថានសួគ៌”។
18យ៉ាកុប​ក្រោកឡើង​ពី​ព្រលឹម ហើយ​យក​ថ្ម​ដែល​គាត់​បាន​កើយ​ក្បាល​នោះ បញ្ឈរ​វា​ជា​បង្គោល រួច​ចាក់​ប្រេង​លើ​ក្បាល​បង្គោលនោះ​។ 19គាត់​ដាក់ឈ្មោះ​កន្លែង​នោះ​ថា បេត-អែល ប៉ុន្តែ​ពីមុន​ទីក្រុង​នោះ​មាន​ឈ្មោះ​ថា លូស​។ 20បន្ទាប់មក យ៉ាកុប​បន់​ថា​៖ “ប្រសិនបើ​ព្រះ​គង់នៅ​ជាមួយ​ទូលបង្គំ ហើយ​ថែរក្សា​ទូលបង្គំ​តាម​ផ្លូវ​ដែល​ទូលបង្គំ​ទៅ​នេះ ព្រមទាំង​ប្រទាន​អាហារ​ឲ្យ​ទូលបង្គំ​ហូប និង​ប្រទាន​សម្លៀកបំពាក់​ឲ្យ​ទូលបង្គំ​ស្លៀកពាក់ 21ហើយ​ទូលបង្គំ​បាន​ត្រឡប់ទៅ​ផ្ទះ​របស់​ឪពុក​ទូលបង្គំ​វិញ​ដោយ​សុខសាន្ត នោះ​ព្រះយេហូវ៉ា​នឹង​បានជា​ព្រះ​របស់​ទូលបង្គំ​។ 22រីឯ​ថ្ម​នេះ​ដែល​ទូលបង្គំ​បាន​បញ្ឈរ​ជា​បង្គោល នឹង​បានជា​ដំណាក់​របស់​ព្រះ ហើយ​អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​នឹង​ថ្វាយ​មួយភាគដប់​ដល់​ព្រះអង្គ”៕

ទើបបានជ្រើសរើសហើយ៖

លោកុប្បត្តិ 28: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល