លោកុប្បត្តិ 13
13
អាប់រ៉ាម និងឡុតបែកគ្នា
1ដូច្នេះ អាប់រ៉ាមក៏ឡើងពីអេហ្ស៊ីបទៅណេកិប គឺមានគាត់ ប្រពន្ធរបស់គាត់ និងអ្វីៗទាំងអស់ដែលគាត់មាន ហើយឡុតក៏ទៅជាមួយគាត់ដែរ។ 2អាប់រ៉ាមមានហ្វូងសត្វ ប្រាក់ និងមាសច្រើនណាស់។ 3គាត់បន្តដំណើរពីណេកិបរហូតដល់បេត-អែល ត្រង់កន្លែងដែលគាត់បានបោះរោងរបស់គាត់កាលពីដើម គឺនៅចន្លោះបេត-អែល និងអៃ 4ជាកន្លែងនៃអាសនាដែលគាត់បានសង់នៅទីនោះកាលពីមុន។ នៅទីនោះ អាប់រ៉ាមស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា។
5រីឯឡុតដែលដើរជាមួយអាប់រ៉ាម ក៏មានហ្វូងចៀម ហ្វូងគោ និងរោងជាច្រើនដែរ។ 6ប៉ុន្តែស្រុកនោះមិនអាចទ្រាំទ្រឲ្យពួកគេរស់នៅជាមួយគ្នាបានទេ ពីព្រោះទ្រព្យសម្បត្តិរបស់ពួកគេច្រើនណាស់ រហូតដល់ពួកគេមិនអាចរស់នៅជាមួយគ្នាបានឡើយ។ 7បន្ទាប់មក មានជម្លោះរវាងពួកអ្នកគង្វាលហ្វូងសត្វរបស់អាប់រ៉ាម និងពួកអ្នកគង្វាលហ្វូងសត្វរបស់ឡុត។ កាលនោះ ជនជាតិកាណាន និងជនជាតិពេរិស៊ីតរស់នៅក្នុងស្រុកនោះដែរ។
8នោះអាប់រ៉ាមនិយាយនឹងឡុតថា៖ “សូមកុំឲ្យមានការឈ្លោះប្រកែករវាងយើង និងឯង ព្រមទាំងរវាងពួកអ្នកគង្វាលរបស់យើង និងពួកអ្នកគង្វាលរបស់ឯងឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។ 9តើទឹកដីទាំងមូលមិននៅមុខឯងទេឬ? សូមបែកចេញពីយើងទៅ។ បើសិនឯងទៅខាងឆ្វេង យើងនឹងទៅខាងស្ដាំ បើសិនឯងទៅខាងស្ដាំ យើងនឹងទៅខាងឆ្វេង”។
10ឡុតងើបភ្នែកឡើង ឃើញវាលទំនាបទាំងមូលនៃទន្លេយ័រដាន់ដែលមានទឹកគ្រប់ទីកន្លែងរហូតដល់សូអារ ដ្បិតមុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុម និងកូម៉ូរ៉ា ទឹកដីនោះដូចជាសួនរបស់ព្រះយេហូវ៉ា និងដូចជាដែនដីអេហ្ស៊ីប 11នោះឡុតក៏ជ្រើសរើសវាលទំនាបទាំងមូលនៃទន្លេយ័រដាន់សម្រាប់ខ្លួន រួចឡុតបានចេញដំណើរទៅទិសខាងកើត។ ពួកគេបានបែកចេញពីគ្នាយ៉ាងដូច្នេះឯង។ 12អាប់រ៉ាមបានរស់នៅក្នុងដែនដីកាណាន ចំណែកឯឡុតវិញ គាត់ទៅរស់នៅតាមទីក្រុងនានានៃវាលទំនាប ហើយរើរោងទៅត្រឹមសូដុម។ 13រីឯប្រជាជនសូដុមជាមនុស្សបាបដ៏អាក្រក់ក្រៃលែងនៅចំពោះព្រះយេហូវ៉ា។
សេចក្ដីសន្យារបស់ព្រះដល់អាប់រ៉ាម
14ក្រោយពីឡុតបែកចេញទៅ ព្រះយេហូវ៉ាមានបន្ទូលនឹងអាប់រ៉ាមថា៖ “ចូរងើបភ្នែកឡើងមើលពីកន្លែងដែលអ្នកនៅ ទៅខាងជើង ខាងត្បូង ខាងកើត និងខាងលិចចុះ។ 15ដ្បិតទឹកដីទាំងអស់នេះដែលអ្នកមើលឃើញ យើងនឹងប្រគល់ដល់អ្នក និងដល់ពូជពង្សរបស់អ្នកជារៀងរហូត។ 16យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានច្រើន#13:16 ច្រើន―ជាពាក្យជំនួយ។ដូចជាធូលីដី។ ប្រសិនបើអ្នកណាអាចរាប់ធូលីដីបាន នោះក៏អាចរាប់ពូជពង្សរបស់អ្នកបានដែរ។ 17ចូរក្រោកឡើងដើរក្នុងទឹកដីនេះ តាមបណ្ដោយ និងទទឹងរបស់វាចុះ ដ្បិតយើងនឹងប្រគល់ទឹកដីនេះដល់អ្នក”។
18អាប់រ៉ាមក៏រើរោងទៅរស់នៅក្បែរដើមអូករបស់ម៉ាមរេដែលនៅហេប្រុន ហើយសង់អាសនាមួយដល់ព្រះយេហូវ៉ានៅទីនោះ៕
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 13: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative