លោកុប្បត្តិ 12

12
ការត្រាស់ហៅអាប់រ៉ាម
1ព្រះយេហូវ៉ា​មានបន្ទូល​នឹង​អាប់រ៉ាម​ថា​៖
“ចូរ​អ្នក​ចាកចេញ​ពី​ស្រុក​របស់អ្នក ពី​សាច់ញាតិ​របស់អ្នក និង​ពី​ផ្ទះ​របស់​ឪពុក​អ្នក
ទៅ​ស្រុក​ដែល​យើង​នឹង​បង្ហាញ​ដល់​អ្នក​ចុះ​។
2យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ
ហើយ​ឲ្យពរ​អ្នក
ព្រមទាំង​ធ្វើឲ្យ​ឈ្មោះ​របស់អ្នក​បាន​ធំឧត្ដម
ដូច្នេះ​អ្នក​នឹង​ទៅជា​ពរ​ដល់អ្នកដទៃ#12:2 ដល់​អ្នកដទៃ―ជាពាក្យជំនួយ។​!
3យើង​នឹង​ឲ្យពរ អ្នកដែល​ឲ្យពរ​អ្នក
យើង​នឹង​ដាក់បណ្ដាសា អ្នកដែល​ដាក់បណ្ដាសា​អ្នក​។
ពូជអម្បូរ​ទាំងអស់​នៅលើ​ផែនដី​នឹង​ទទួលពរ​តាមរយៈ​អ្នក”។
4ដូច្នេះ អាប់រ៉ាម​ក៏​ចេញដំណើរទៅ ដូចដែល​ព្រះយេហូវ៉ា​បាន​មានបន្ទូល​នឹង​គាត់ ហើយ​ឡុត​ក៏​ទៅ​ជាមួយ​គាត់​ដែរ​។ អាប់រ៉ាម​មាន​អាយុ​ចិតសិបប្រាំ​ឆ្នាំ ពេល​គាត់​ចាកចេញ​ពី​ហារ៉ាន​។ 5អាប់រ៉ាម​យក​សារ៉ាយ​ប្រពន្ធ​របស់គាត់ និង​ឡុត​ក្មួយ​របស់គាត់ ព្រមទាំង​ទ្រព្យសម្បត្តិ​ទាំងអស់​របស់ពួកគេ​ដែល​រកបាន និង​មនុស្ស​ដែល​ពួកគេ​បាន កាល​នៅ​ហារ៉ាន ហើយ​ចេញដំណើរ​ទៅ​ដែនដី​កាណាន​។ នៅពេល​ពួកគេ​មកដល់​ដែនដី​កាណាន 6អាប់រ៉ាម​ឆ្លងកាត់​ស្រុក​នោះ រហូតដល់​កន្លែង​មួយ​នៅ​ស៊ីគែម ត្រង់​ដើមអូក​របស់​ម៉ូរេ​។ កាលនោះ មាន​ជនជាតិកាណាន​នៅក្នុង​ស្រុក​នោះ​។ 7ពេលនោះ ព្រះយេហូវ៉ា​បាន​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូលថា​៖ “យើង​នឹង​ប្រគល់​ទឹកដី​នេះ​ដល់​ពូជពង្ស​របស់អ្នក”។ អាប់រ៉ាម​ក៏​សង់​អាសនា​មួយ​នៅ​ទីនោះ ដល់​ព្រះយេហូវ៉ា​ដែល​លេចមក​ដល់​គាត់​។ 8គាត់​រើចេញ​ពី​ទីនោះ​ទៅ​តំបន់ភ្នំ​នៅ​ខាងកើត​បេត-អែល រួច​ដំឡើង​រោង​របស់គាត់​នៅ​ខាងលិច​បេត-អែល និង​ខាងកើត​អៃ​។ នៅ​ទីនោះ គាត់​សង់​អាសនា​មួយ​ទៀត​ដល់​ព្រះយេហូវ៉ា ហើយ​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​។ 9បន្ទាប់មក អាប់រ៉ាម​ក៏​បន្តដំណើរ​ទៅ​ណេកិប​។
អាប់រ៉ាមនៅអេហ្ស៊ីប
10គ្រានោះ មាន​ទុរ្ភិក្ស​នៅក្នុង​ស្រុក​នោះ​។ អាប់រ៉ាម​ក៏​ចុះទៅ​អេហ្ស៊ីប​ដើម្បី​រស់នៅបណ្ដោះអាសន្ន​នៅ​ទីនោះ ពីព្រោះ​ទុរ្ភិក្ស​នៅ​ស្រុក​នោះ​ធ្ងន់ធ្ងរ​ណាស់​។ 11ពេលនោះ​មានកើតឡើងដូច្នេះ​: នៅពេល​គាត់​រៀបនឹង​ចូលទៅ​អេហ្ស៊ីប គាត់​និយាយ​នឹង​សារ៉ាយ​ប្រពន្ធ​របស់គាត់​ថា​៖ “មើល៍! បង​ដឹង​ថា​អូន​ជា​ស្ត្រី​មាន​រូបឆោម​ស្រស់ស្អាត​។ 12នៅពេល​ជនជាតិអេហ្ស៊ីប​ឃើញ​អូន ពួកគេ​នឹង​និយាយថា​: ‘នេះ​ជា​ប្រពន្ធ​របស់គាត់’ នោះ​ពួកគេ​នឹង​សម្លាប់​បង ហើយ​ទុក​អូន​ឲ្យ​នៅរស់​។ 13សូម​និយាយថា​អូន​ជា​ប្អូនស្រី​របស់បង ដើម្បីឲ្យ​ពួកគេ​ប្រព្រឹត្តល្អ​ចំពោះ​បង​ដោយយល់ដល់​អូន ហើយ​ទុកជីវិត​ឲ្យ​បង​ដោយសារតែ​អូន​ផង”។ 14នៅពេល​អាប់រ៉ាម​ចូលទៅ​អេហ្ស៊ីប ជនជាតិអេហ្ស៊ីប​ក៏​ឃើញ​ថា​នាង​ជា​ស្ត្រី​ស្រស់ស្អាត​ណាស់​។ 15រីឯ​ពួក​មន្ត្រី​របស់​ផារ៉ោន​ក៏​ឃើញ​នាង​ដែរ ហើយ​សរសើរ​នាង​នៅចំពោះ​ផារ៉ោន ដូច្នេះ​ស្ត្រី​នោះ​ក៏​ត្រូវគេ​នាំមក​ក្នុង​ដំណាក់​របស់​ផារ៉ោន​។ 16ស្ដេច​ក៏​ប្រព្រឹត្តល្អ​ដល់​អាប់រ៉ាម​ដោយយល់ដល់​នាង ហើយ​អាប់រ៉ាម​ក៏​បាន​ចៀម គោ លាឈ្មោល បាវបម្រើប្រុស បាវបម្រើស្រី លាញី និង​អូដ្ឋ​។
17ប៉ុន្តែ​ព្រះយេហូវ៉ា​បាន​វាយ​ផារ៉ោន និង​អ្នកដំណាក់​របស់ទ្រង់ ដោយ​គ្រោះកាច​ដ៏ធំ ដោយសារតែ​សារ៉ាយ​ប្រពន្ធ​របស់​អាប់រ៉ាម​។ 18ដូច្នេះ ផារ៉ោន​ក៏​ហៅ​អាប់រ៉ាម​មក ហើយ​មានរាជឱង្ការថា​៖ “ម្ដេចក៏​អ្នក​ធ្វើ​យ៉ាងនេះ​ដល់​យើង​ដូច្នេះ​? ម្ដេចក៏​អ្នក​មិន​ប្រាប់​យើង​ថា​នាង​ជា​ប្រពន្ធ​របស់អ្នក​? 19ម្ដេចក៏​អ្នក​និយាយថា​: ‘នាង​ជា​ប្អូនស្រី​របស់ខ្ញុំ’ ដើម្បីឲ្យ​យើង​យក​នាង​ធ្វើជា​មហេសី​ដូច្នេះ​? ឥឡូវនេះ​មើល៍! នេះជា​ប្រពន្ធ​របស់អ្នក​! ចូរ​យក​នាង ហើយ​ទៅ​ចុះ”។ 20រួច​ផារ៉ោន​ក៏​បញ្ជា​មនុស្ស​របស់ទ្រង់​អំពី​គាត់ នោះ​ពួកគេ​ក៏​បញ្ជូន​គាត់ និង​ប្រពន្ធ​របស់គាត់ ព្រមទាំង​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន​ឲ្យចេញទៅ​៕

ទើបបានជ្រើសរើសហើយ៖

លោកុប្បត្តិ 12: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល