ដានីយ៉ែល 9

9
សេចក្ដីអធិស្ឋានរបស់ដានីយ៉ែល
1នៅ​ឆ្នាំ​ទីមួយ​នៃ​រជ្ជកាលរបស់​ដារីយុស​បុត្រ​របស់​អ័ហាស៊ូរុស ជា​ពូជពង្ស​ជនជាតិមេឌី ដែល​ទ្រង់​សោយរាជ្យ​លើ​អាណាចក្រ​របស់​ជនជាតិខាល់ដេ 2គឺ​នៅ​ឆ្នាំ​ដំបូង​នៃ​រជ្ជកាល​របស់ទ្រង់ ខ្ញុំ ដានីយ៉ែល បាន​ចាប់ភ្លឹក​ក្នុង​គម្ពីរ តាម​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ដែល​មក​ដល់​ព្យាការី​យេរេមា អំពី​ចំនួន​ឆ្នាំ​ដែល​ការហិនវិនាស​នៃ​យេរូសាឡិម​ត្រូវបាន​បំពេញឲ្យសម្រេច គឺ​ចិតសិប​ឆ្នាំ​។ 3ដូច្នេះ ខ្ញុំ​ក៏​បែរ​មុខ​ទៅ​ព្រះអម្ចាស់​ដ៏ជា​ព្រះ ដើម្បី​ស្វែងរក​ព្រះអង្គ​ដោយ​ការអធិស្ឋាន ពាក្យអង្វរករ ការតមអាហារ ការពាក់​ក្រណាត់ធ្មៃ និង​ការអង្គុយក្នុង​ផេះ​។
4ខ្ញុំ​អធិស្ឋាន​ទៅ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ខ្ញុំ ហើយ​សារភាព​ថា​៖ “ឱ​ព្រះអម្ចាស់​ដ៏ជា​ព្រះ​ធំឧត្ដម និង​គួរឲ្យកោតខ្លាច ជា​ព្រះ​ដែល​រក្សា​សម្ពន្ធមេត្រី និង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ចំពោះ​អ្នកដែល​ស្រឡាញ់​ព្រះអង្គ និង​ចំពោះ​អ្នកដែល​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ​អើយ! 5យើងខ្ញុំ​បាន​ប្រព្រឹត្តបាប បាន​ប្រព្រឹត្តអំពើទុច្ចរិត បាន​ប្រព្រឹត្តអាក្រក់ បាន​បះបោរ ព្រមទាំង​បាន​បែរចេញ​ពី​សេចក្ដីបង្គាប់​របស់ព្រះអង្គ និង​ច្បាប់​របស់ព្រះអង្គ​ផង​។ 6យើងខ្ញុំ​មិន​បាន​ស្ដាប់តាម​បណ្ដា​ព្យាការី​ជា​បាវបម្រើ​របស់ព្រះអង្គ ដែល​និយាយ​ក្នុង​ព្រះនាម​របស់ព្រះអង្គ ដល់​ពួក​ស្ដេច​របស់យើងខ្ញុំ ពួក​មេដឹកនាំ​របស់យើងខ្ញុំ ពួក​ដូនតា​របស់យើងខ្ញុំ និង​ប្រជាជន​ទាំងអស់​នៃ​ទឹកដី​នោះ​។
7“ព្រះអម្ចាស់​អើយ សេចក្ដីសុចរិតយុត្តិធម៌​ជារបស់​ព្រះអង្គ រីឯ​យើងខ្ញុំ​វិញ ដូច​សព្វថ្ងៃនេះ ការអាម៉ាស់មុខយ៉ាងខ្លាំង​ជារបស់​យើងខ្ញុំ គឺ​ជារបស់​មនុស្ស​នៃ​យូដា របស់​អ្នកដែល​រស់នៅ​យេរូសាឡិម និង​របស់​អ៊ីស្រាអែល​ទាំងមូល ដែល​នៅជិត​នៅឆ្ងាយ នៅក្នុង​អស់ទាំង​ស្រុក​ដែល​ព្រះអង្គ​បាន​បណ្ដេញ​ពួកគេ​ទៅ​នោះ ដោយព្រោះ​អំពើក្បត់​របស់ពួកគេ​ដែល​ពួកគេ​បាន​ក្បត់​នឹង​ព្រះអង្គ​។ 8ព្រះយេហូវ៉ា​អើយ ការអាម៉ាស់មុខយ៉ាងខ្លាំង​ជារបស់​យើងខ្ញុំ គឺ​ជារបស់​ពួក​ស្ដេច​យើងខ្ញុំ របស់​ពួក​មេដឹកនាំ​យើងខ្ញុំ និង​របស់​ពួក​ដូនតា​យើងខ្ញុំ ពីព្រោះ​យើងខ្ញុំ​បាន​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ​។ 9សេចក្ដីមេត្តា និង​ការលើកលែងទោស​ជារបស់​ព្រះអម្ចាស់​ដ៏ជា​ព្រះ​នៃយើងខ្ញុំ ទោះបីជា​យើងខ្ញុំ​បាន​បះបោរ​នឹង​ព្រះអង្គ 10ហើយ​មិន​បាន​ស្ដាប់តាម​ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើងខ្ញុំ ដោយ​ដើរ​ក្នុង​ក្រឹត្យវិន័យ​របស់ព្រះអង្គ ដែល​ព្រះអង្គ​បាន​ដាក់​នៅចំពោះ​យើងខ្ញុំ តាមរយៈ​បណ្ដា​ព្យាការី​ជា​បាវបម្រើ​របស់ព្រះអង្គ​ក៏ដោយ​។
11“អ៊ីស្រាអែល​ទាំងមូល​បាន​រំលង​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ហើយ ក៏​បាន​បែរចេញ មិន​ស្ដាប់តាម​ព្រះសូរសៀង​របស់ព្រះអង្គ​ឡើយ ដោយហេតុនេះ បណ្ដាសា និង​សម្បថ​ដែល​មាន​សរសេរ​ទុក​ក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ​បាវបម្រើ​របស់​ព្រះ ត្រូវបាន​ចាក់​មកលើ​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​បាន​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ​។ 12ព្រះអង្គ​បាន​បំពេញ​ព្រះបន្ទូល​របស់ព្រះអង្គ​ឲ្យសម្រេច ដែល​ព្រះអង្គ​មានបន្ទូល​ទាស់នឹង​យើងខ្ញុំ និង​ពួក​ចៅហ្វាយ​របស់យើងខ្ញុំ ដែល​គ្រប់គ្រង​លើ​យើងខ្ញុំ ដោយ​នាំ​មហន្តរាយ​ដ៏ធំ​មក​លើ​យើងខ្ញុំ ដ្បិត​នៅក្រោម​មេឃ​ទាំងមូល មិនដែល​មាន​ធ្វើ ដូច​អ្វីដែល​ត្រូវបាន​ធ្វើ​ដល់​យេរូសាឡិម​ឡើយ​។ 13មហន្តរាយ​ទាំងអស់​នេះ​បាន​ធ្លាក់មក​លើ​យើងខ្ញុំ ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ​ហើយ ប៉ុន្តែ​យើងខ្ញុំ​មិន​បាន​ទូល​សុំក្ដីសន្ដោស​ពី​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើងខ្ញុំ ដោយ​បែរចេញ​ពី​អំពើទុច្ចរិត​របស់យើងខ្ញុំ និង​ដោយ​យកចិត្តទុកដាក់​នឹង​សេចក្ដីពិត​របស់ព្រះអង្គ​ឡើយ​។ 14ដោយហេតុនេះ ព្រះយេហូវ៉ា​បាន​ត្រៀមទុក​មហន្តរាយ​នោះ ហើយ​ឲ្យ​វា​ធ្លាក់មក​លើ​យើងខ្ញុំ ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើងខ្ញុំ ទ្រង់​សុចរិតយុត្តិធម៌​ក្នុង​គ្រប់ទាំង​កិច្ចការ​របស់ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ធ្វើ ប៉ុន្តែ​យើងខ្ញុំ​មិន​បាន​ស្ដាប់តាម​ព្រះសូរសៀង​របស់ព្រះអង្គ​ឡើយ​។
15“ឥឡូវនេះ ព្រះអម្ចាស់​ដ៏ជា​ព្រះ​នៃយើងខ្ញុំ ដែល​នាំ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ចេញ​ពី​ដែនដី​អេហ្ស៊ីប​ដោយ​ព្រះហស្ត​ដ៏ខ្លាំងពូកែ ហើយ​បាន​សាង​ព្រះនាម​សម្រាប់​អង្គទ្រង់ ដូច​សព្វថ្ងៃនេះ​អើយ យើងខ្ញុំ​បាន​ប្រព្រឹត្តបាប ក៏​បាន​ប្រព្រឹត្តអាក្រក់​ផង​។ 16ព្រះអម្ចាស់​អើយ ស្របតាម​គ្រប់ទាំង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ សូមឲ្យ​ព្រះពិរោធ​របស់ព្រះអង្គ និង​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​បាន​បែរចេញ​ពី​យេរូសាឡិម​ជា​ទីក្រុង​របស់ព្រះអង្គ គឺ​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ផង ដ្បិត​ដោយសារតែ​បាប​របស់យើងខ្ញុំ និង​អំពើទុច្ចរិត​របស់​ដូនតា​យើងខ្ញុំ យេរូសាឡិម និង​ប្រជារាស្ត្រ​របស់ព្រះអង្គ​បាន​ទៅជា​ទីត្មះតិះដៀល​ដល់​អស់អ្នក​ដែលនៅ​ជុំវិញ​យើងខ្ញុំ​។
17“ដូច្នេះ​ឥឡូវនេះ ព្រះ​នៃយើងខ្ញុំ​អើយ សូម​សណ្ដាប់​ពាក្យអធិស្ឋាន និង​ពាក្យអង្វរករ​របស់​បាវបម្រើ​ព្រះអង្គ ហើយ​សូមឲ្យ​ព្រះភក្ត្រ​របស់ព្រះអង្គ​ចាំង​មកលើ​ទីវិសុទ្ធ​ដែល​ហិនហោច​របស់ព្រះអង្គ ដោយយល់ដល់​ព្រះអម្ចាស់​ផង​។ 18ព្រះ​នៃទូលបង្គំ​អើយ សូម​ផ្ទៀងព្រះកាណ៌​ព្រះអង្គ​សណ្ដាប់​ផង​! សូម​បើក​ព្រះនេត្រ​ព្រះអង្គ​ទត​មើល​ការហិនហោច​របស់យើងខ្ញុំ និង​ទីក្រុង​ដែល​ត្រូវបាន​ហៅ​តាម​ព្រះនាម​របស់ព្រះអង្គ​ផង ដ្បិត​យើងខ្ញុំ​ថ្វាយ​ពាក្យអង្វរករ​របស់យើងខ្ញុំ​នៅចំពោះ​ព្រះអង្គ មិនមែន​ដោយព្រោះ​សេចក្ដីសុចរិត​របស់យើងខ្ញុំ​ទេ គឺ​ដោយព្រោះ​សេចក្ដីមេត្តា​ដ៏លើសលប់​របស់ព្រះអង្គ​វិញ​។ 19ព្រះអម្ចាស់​អើយ សូម​សណ្ដាប់​ផង​! ព្រះអម្ចាស់​អើយ សូម​លើកលែងទោស​ផង​! ព្រះអម្ចាស់​អើយ សូម​ប្រុងស្ដាប់ ហើយ​ប្រព្រឹត្ត​ផង​! ព្រះ​នៃទូលបង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ ដោយយល់ដល់​អង្គទ្រង់ ដ្បិត​ទីក្រុង​របស់ព្រះអង្គ និង​ប្រជារាស្ត្រ​របស់ព្រះអង្គ​ត្រូវបាន​ហៅ​តាម​ព្រះនាម​របស់ព្រះអង្គ”។
“ប្រាំពីរគ្រា” គុណនឹងចិតសិប
20ខណៈដែល​ខ្ញុំ​កំពុងតែ​ទូល និង​អធិស្ឋាន ព្រមទាំង​សារភាព​បាប​របស់ខ្ញុំ និង​បាប​របស់​អ៊ីស្រាអែល​ប្រជាជន​របស់ខ្ញុំ ទាំង​ថ្វាយ​ពាក្យទូលអង្វរ​របស់ខ្ញុំ​សម្រាប់​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះ​នៃខ្ញុំ នៅចំពោះ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃខ្ញុំ 21គឺ​ខណៈដែល​ខ្ញុំ​កំពុងតែ​ទូល​ក្នុង​ការអធិស្ឋាន នោះ​មាន​បុរស​ម្នាក់ គឺ​កាពី្រយ៉ែល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​និមិត្ត​លើកមុន បាន​ហើរយ៉ាងលឿន​មកដល់​ខ្ញុំ ប្រហែលជា​ម៉ោង​តង្វាយពេលល្ងាច​។ 22គាត់​ក៏​ឲ្យ​ខ្ញុំ​យល់ច្បាស់ ព្រមទាំង​និយាយ​នឹង​ខ្ញុំ​ថា​៖ “ដានីយ៉ែល​អើយ ឥឡូវនេះ​ខ្ញុំ​បាន​ចេញមក ដើម្បីឲ្យ​អ្នក​មានប្រាជ្ញា និង​ការយល់ដឹង​។ 23នៅពេល​អ្នក​ចាប់ផ្ដើម​ពាក្យអង្វរករ មាន​ព្រះបន្ទូល​ចេញមក​ជាស្រេចហើយ ដូច្នេះ​ខ្ញុំ​បាន​មក​ប្រាប់ ដ្បិត​អ្នក​ជា​មនុស្ស​សំណព្វ​។ ដោយហេតុនេះ ចូរ​ពិចារណា​ព្រះបន្ទូល​នេះ ហើយ​យល់ច្បាស់​នូវ​ការបើកបង្ហាញ​នេះ​ចុះ​។
24“មាន ‘ប្រាំពីរ​គ្រា’ គុណនឹង​ចិតសិប ត្រូវបាន​កំណត់​សម្រាប់​ប្រជាជន​របស់អ្នក និង​សម្រាប់​ក្រុង​ដ៏វិសុទ្ធ​របស់អ្នក ដើម្បី​បញ្ចប់​ការបំពាន និង​បញ្ឈប់​បាប ដើម្បី​លុបលាង​អំពើទុច្ចរិត ដើម្បី​នាំ​សេចក្ដីសុចរិត​ដ៏អស់កល្ប​មក ដើម្បី​បិទត្រា​និមិត្ត និង​ពាក្យព្យាករ ព្រមទាំង​ដើម្បី​ចាក់ប្រេងអភិសេក​លើ​ទីវិសុទ្ធបំផុត#9:24 ទីវិសុទ្ធបំផុត―ឬ “អ្នកវិសុទ្ធបំផុត”។​។ 25ដូច្នេះ ចូរ​ដឹង ហើយ​យល់​ថា ចាប់ពី​ចេញ​បង្គាប់​ឲ្យ​សង់​យេរូសាឡិម​ឡើងវិញ រហូតដល់​អ្នកដឹកនាំ​ដែល​ត្រូវបានចាក់ប្រេងអភិសេក គឺ​មាន ‘ប្រាំពីរ​គ្រា’ គុណនឹង​ប្រាំពីរ និង ‘ប្រាំពីរ​គ្រា’ គុណនឹង​ហុកសិបពីរ​។ ពេលនោះ កន្លែងសាធារណៈ និង​គូទឹក​នឹង​ត្រូវបាន​សង់ឡើងវិញ ទោះបីជា​នៅក្នុង​គ្រា​នៃ​ទុក្ខវេទនា​ក៏ដោយ​។ 26ក្រោយពី ‘ប្រាំពីរ​គ្រា’ គុណនឹង​ហុកសិបពីរ​នោះ អ្នកដែលត្រូវបានចាក់ប្រេងអភិសេក នឹង​ត្រូវបាន​កាត់ចេញ ហើយ​គាត់​គ្មានអ្វីឡើយ រួច​ប្រជាជន​របស់​អ្នកដឹកនាំ​ដែល​នឹង​មកដល់ នឹង​បំផ្លាញ​ទីក្រុង និង​ទីវិសុទ្ធ​នោះ​។ ចុងបញ្ចប់​នៃ​ហេតុការណ៍នោះ​នឹងមក​ដោយមាន​ទឹកជំនន់ ក៏​មាន​សង្គ្រាម​រហូតដល់​ចុងក្រោយ គឺ​ការហិនហោច​ត្រូវបាន​កំណត់​ហើយ​។ 27គាត់​នឹង​តាំង​សម្ពន្ធមេត្រី​មួយ​យ៉ាងរឹងមាំ ជាមួយ​មនុស្ស​ជាច្រើន​ក្នុង ‘ប្រាំពីរ​គ្រា’ មួយ ហើយ​ដល់​ពាក់កណ្ដាល ‘ប្រាំពីរ​គ្រា’ នោះ គាត់​នឹង​បញ្ឈប់​ការថ្វាយយញ្ញបូជា និង​តង្វាយ​។ អ្នក​បង្កការហិនវិនាស នឹងស្ថិត​នៅលើ​ស្លាប​របស់​តួគួរឲ្យស្អប់ខ្ពើម រហូតដល់​ការបំផ្លាញ​ដែល​ត្រូវបាន​កំណត់ បាន​ធ្លាក់​មកលើ​អ្នក​បង្កការហិនវិនាស​នោះ”៕

ទើបបានជ្រើសរើសហើយ៖

ដានីយ៉ែល 9: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល