ដានីយ៉ែល 8
8
និមិត្តអំពីចៀមឈ្មោល និងពពែឈ្មោល
1នៅឆ្នាំទីបីនៃរជ្ជកាលរបស់ព្រះបាទបេលសាសារ មាននិមិត្តមួយលេចមកដល់ខ្ញុំ ដានីយ៉ែល ក្រោយពីនិមិត្តលើកមុនបានលេចមកដល់ខ្ញុំ។ 2ខ្ញុំឃើញក្នុងនិមិត្តនោះ ហើយខណៈដែលខ្ញុំសង្កេតមើល នោះខ្លួនខ្ញុំនៅក្នុងរាជធានីស៊ូសាន ដែលនៅក្នុងខេត្តអេឡាំ។ ក្នុងនិមិត្តនោះខ្ញុំឃើញថា ខ្ញុំនៅក្បែរទន្លេអ៊ូឡាយ។ 3ខ្ញុំក៏ងើបភ្នែកឡើង ហើយសង្កេតមើល នោះមើល៍! មានចៀមឈ្មោលមួយក្បាលឈរនៅមាត់ទន្លេ។ វាមានស្នែងពីរ ហើយស្នែងទាំងពីរនោះវែងណាស់ ប៉ុន្តែស្នែងមួយវែងជាងស្នែងមួយទៀត ហើយស្នែងដែលវែងជាងនោះ គឺបានដុះឡើងតាមក្រោយ។ 4ខ្ញុំឃើញចៀមឈ្មោលនោះជល់ទៅទិសខាងលិច ទៅទិសខាងជើង និងទៅទិសខាងត្បូង។ គ្មានសត្វណាមួយឈរនៅមុខវាបានឡើយ ក៏គ្មានអ្នកណារំដោះឲ្យរួចពីកណ្ដាប់ដៃរបស់វាបានដែរ គឺវាបានធ្វើតាមអំពើចិត្ត ហើយវាបានលើកខ្លួនឡើង។
5ខណៈដែលខ្ញុំកំពុងរិះគិត នោះមើល៍! មានពពែឈ្មោលមួយក្បាលមកពីទិសខាងលិច ឆ្លងកាត់ផ្ទៃផែនដីទាំងមូលដោយឥតប៉ះដី។ ពពែឈ្មោលនោះមានស្នែងមួយគួរឲ្យចាប់អារម្មណ៍នៅចន្លោះភ្នែកទាំងពីររបស់វា។ 6វាក៏មករកចៀមឈ្មោលមានស្នែងពីរ ដែលខ្ញុំបានឃើញឈរនៅមាត់ទន្លេ ហើយសម្រុកទៅរកចៀមឈ្មោលដោយសេចក្ដីក្ដៅក្រហាយយ៉ាងខ្លាំង។ 7ខ្ញុំបានឃើញវាខិតទៅជិតចៀមឈ្មោល វាមួម៉ៅយ៉ាងខ្លាំងចំពោះចៀមឈ្មោលនោះ ហើយជល់ចៀមឈ្មោលនោះ ក៏បំបាក់ស្នែងទាំងពីររបស់វា នោះចៀមឈ្មោលគ្មានកម្លាំងនៅឈរនៅចំពោះវាឡើយ។ វាបានផ្ដួលចៀមឈ្មោលដល់ដី រួចជាន់ឈ្លី ហើយគ្មានអ្នកណារំដោះចៀមឈ្មោលនោះពីកណ្ដាប់ដៃរបស់វាបានឡើយ។ 8ពពែឈ្មោលនោះបានលើកខ្លួនឡើងយ៉ាងក្រៃលែង ប៉ុន្តែនៅពេលវាបានជាខ្លាំង ស្នែងធំក៏បាក់ទៅ រួចមានស្នែងបួនដែលគួរឲ្យចាប់អារម្មណ៍ដុះឡើងជំនួសស្នែងនោះ ឆ្ពោះទៅខ្យល់ទាំងបួនទិសនៃមេឃ។ 9មានស្នែងតូចមួយដុះចេញពីស្នែងមួយក្នុងចំណោមស្នែងទាំងនោះ ក៏បានជាធំក្រៃលែងឆ្ពោះទៅទិសខាងត្បូង និងទិសខាងកើត ព្រមទាំងឆ្ពោះទៅស្រុកដ៏រុងរឿងផង។ 10វាបានជាធំរហូតដល់ពលបរិវារនៃមេឃ ហើយបានទម្លាក់ពលបរិវារខ្លះ និងផ្កាយខ្លះដល់ដី ព្រមទាំងជាន់ឈ្លីពួកវាផង។ 11វាបានលើកខ្លួនឡើងរហូតដល់ព្រះអម្ចាស់នៃពលបរិវារ ហើយដកតង្វាយប្រចាំថ្ងៃចេញពីព្រះអង្គ ព្រមទាំងរំលំកន្លែងនៃទីវិសុទ្ធរបស់ព្រះអង្គផង។ 12រីឯពលបរិវារត្រូវបានប្រគល់ទៅជាមួយនឹងតង្វាយប្រចាំថ្ងៃ ដោយព្រោះការបំពាន។ វាផ្ដួលរំលំសេចក្ដីពិតដល់ដី វាបានប្រព្រឹត្ត ហើយជោគជ័យផង។
13បន្ទាប់មក ខ្ញុំឮអ្នកវិសុទ្ធមួយរូបកំពុងតែនិយាយ នោះមានអ្នកវិសុទ្ធមួយរូបទៀតនិយាយនឹងម្នាក់ដែលកំពុងនិយាយនោះថា៖ “តើនិមិត្តអំពីតង្វាយប្រចាំថ្ងៃ និងការបំពានដែលបង្កការហិនវិនាស ការប្រគល់ទីវិសុទ្ធ និងការជាន់ឈ្លីពលបរិវារនេះ នៅរហូតដល់ពេលណា?”។
14គាត់ក៏ឆ្លើយនឹងខ្ញុំថា៖ “រហូតដល់ពីរពាន់បីរយល្ងាចព្រឹក នោះទីវិសុទ្ធនឹងត្រូវបានស្ដារឡើងវិញ”។
សេចក្ដីកាត់ស្រាយអំពីនិមិត្ត
15កាលខ្ញុំ ដានីយ៉ែល បានឃើញនិមិត្តនោះ ខ្ញុំក៏ស្វែងរកការយល់ នោះមើល៍! មានម្នាក់ដែលមានភិនភាគដូចមនុស្ស ឈរនៅចំពោះខ្ញុំ។ 16រួចខ្ញុំឮសំឡេងមនុស្សនៅកណ្ដាលទន្លេអ៊ូឡាយ ស្រែកហៅថា៖ “កាពី្រយ៉ែលអើយ ចូរឲ្យម្នាក់នេះយល់និមិត្តនេះចុះ!”។
17ដូច្នេះ គាត់មកជិតកន្លែងដែលខ្ញុំឈរ។ នៅពេលគាត់មកដល់ ខ្ញុំក៏ភ័យខ្លាច ហើយក្រាបមុខដល់ដី ប៉ុន្តែគាត់និយាយនឹងខ្ញុំថា៖ “កូនមនុស្សអើយ ចូរយល់ច្បាស់ថា និមិត្តនេះគឺសម្រាប់គ្រាចុងបញ្ចប់”។ 18ខណៈដែលគាត់កំពុងនិយាយនឹងខ្ញុំ ខ្ញុំក៏លង់លក់ទាំងផ្កាប់មុខដល់ដី ប៉ុន្តែគាត់បានពាល់ខ្ញុំ ហើយខ្ញុំក៏ឈរឡើងលើកន្លែងដែលខ្ញុំបានឈរ។ 19គាត់និយាយថា៖ “មើល៍! ខ្ញុំនឹងឲ្យអ្នកដឹងអ្វីដែលនឹងកើតឡើងនៅចុងបញ្ចប់នៃសេចក្ដីក្រេវក្រោធ ដ្បិតវាសំដៅលើពេលកំណត់នៃទីបញ្ចប់។ 20ឯចៀមឈ្មោលមានស្នែងពីរដែលអ្នកបានឃើញនោះ គឺស្ដេចនៃមេឌី និងពើស៊ី។ 21ពពែឈ្មោលរោមស្រមូវនោះ គឺស្ដេចនៃក្រិក#8:21 ក្រិក―ន័យត្រង់គឺ “យ៉ាវ៉ាន”។ ហើយស្នែងធំមួយដែលនៅចន្លោះភ្នែករបស់វា គឺស្ដេចទីមួយ។ 22ស្នែងមួយដែលបាក់ និងស្នែងបួនដែលក្រោកឡើងជំនួសវា គឺអាណាចក្របួនដែលនឹងក្រោកឡើងពីប្រជាជាតិនោះ ប៉ុន្តែគ្មានអំណាចរបស់ស្នែងមុននៅជាមួយទេ។
23នៅចុងបញ្ចប់នៃអាណាចក្ររបស់ពួកគេ
កាលមនុស្សបះបោរបានគ្រប់ចំនួនហើយ
នឹងមានស្ដេចមួយអង្គទឹកមុខសាហាវ និងជាអ្នកដែលចេះកលល្បិច#8:23 ចេះកលល្បិច―ន័យត្រង់គឺ “យល់ប្រស្នា”។ក្រោកឡើង។
24អំណាចរបស់ទ្រង់នឹងបានជាខ្លាំង
ប៉ុន្តែមិនមែនដោយអំណាចរបស់អង្គទ្រង់ទេ។
ទ្រង់នឹងបំផ្លាញបែបគួរឲ្យស្ញែង
ទ្រង់នឹងប្រព្រឹត្ត ហើយជោគជ័យផង
ទ្រង់នឹងបំផ្លាញពួកមនុស្សខ្លាំងពូកែ និងប្រជាជនដ៏វិសុទ្ធ។
25ដោយការប៉ិនប្រសប់របស់ទ្រង់
ទ្រង់នឹងធ្វើឲ្យការបោកបញ្ឆោតចម្រើនឡើងដោយព្រះហស្តរបស់ទ្រង់
ក៏លើកខ្លួនឡើងក្នុងព្រះទ័យរបស់ទ្រង់;
ទ្រង់នឹងបំផ្លាញមនុស្សជាច្រើនក្នុងសេចក្ដីសុខសាន្តរបស់ពួកគេ
រហូតដល់ក្រោកឡើងប្រឆាំងនឹងព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់
ប៉ុន្តែទ្រង់នឹងត្រូវបានកម្ទេច គឺមិនមែនដោយដៃមនុស្ស#8:25 មនុស្ស―ជាពាក្យជំនួយ។ឡើយ។
26រីឯនិមិត្តអំពីល្ងាច និងព្រឹក ដែលត្រូវបានប្រាប់មកនោះ គឺពិត
ប៉ុន្តែអ្នកត្រូវបំបិទនិមិត្តនេះ
ដ្បិតវាសំដៅលើយូរថ្ងៃទៅមុខទៀត”។
27នោះខ្ញុំ ដានីយ៉ែល បានខ្សោយល្វើយ ហើយឈឺជាច្រើនថ្ងៃ។ បន្ទាប់មក ខ្ញុំក៏ក្រោកឡើង ហើយបំពេញមុខងាររបស់ស្ដេច ប៉ុន្តែខ្ញុំតក់ស្លុតដោយនិមិត្តនោះ ហើយក៏មិនយល់អត្ថន័យនិមិត្តនោះដែរ៕
ទើបបានជ្រើសរើសហើយ៖
ដានីយ៉ែល 8: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative