ដានីយ៉ែល 11

11
1“រីឯ​ខ្ញុំ​វិញ នៅ​ឆ្នាំ​ទីមួយ​នៃ​រជ្ជកាលរបស់​ដារីយុស​ជនជាតិមេឌី ខ្ញុំ​បាន​ឈរឡើង​ដើម្បី​ជា​អ្នក​ទ្រទ្រង់ និង​ជា​ការការពារ​ដល់​ទ្រង់​។ 2ឥឡូវនេះ ខ្ញុំ​នឹង​ប្រាប់​សេចក្ដីពិត​ដល់​អ្នក”។
ពាក្យព្យាករអំពីពើស៊ី និងក្រិក
“មើល៍! នឹង​មាន​ស្ដេច​បី​អង្គ​ទៀត​ឈរឡើង​នៅ​ពើស៊ី​។ បន្ទាប់មក ស្ដេច​ទីបួន​នឹង​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​ស្ដេច​ទាំងអស់​នោះ ហើយ​កាលណា​ទ្រង់​មានអំណាចខ្លាំង​តាមរយៈ​ទ្រព្យសម្បត្តិ​របស់ទ្រង់ នោះ​ទ្រង់​ដាស់​អាណាចក្រ​ទាំងមូល​ឡើង ទាស់នឹង​អាណាចក្រ​ក្រិក​។ 3ពេលនោះ នឹង​មាន​ស្ដេច​ដ៏ខ្លាំងពូកែ​មួយ​អង្គ​ក្រោកឡើង ហើយ​គ្រងរាជ្យ​ដោយ​អំណាច​ដ៏លើសលប់ ព្រមទាំង​ធ្វើ​តាមអំពើចិត្ត​ផង​។ 4ប៉ុន្តែ​កាលណា​ស្ដេចនោះ​ក្រោកឡើង អាណាចក្រ​របស់ទ្រង់​នឹង​បាក់បែក ហើយ​ត្រូវបាន​បែងចែក​ទៅ​ខ្យល់​ទាំង​បួន​ទិស​នៃ​មេឃ គឺ​មិនមែន​ទៅ​ពូជពង្ស​របស់ទ្រង់​ទេ ក៏​មិនមែន​ដោយ​អំណាច​របស់ទ្រង់​ដែល​គ្រប់គ្រង​នោះ​ដែរ ដ្បិត​អាណាចក្រ​របស់ទ្រង់​នឹង​ត្រូវបាន​រម្លើងចេញ ហើយ​ទៅជា​របស់​អ្នកដទៃ​ក្រៅពី​ពូជពង្សរបស់ទ្រង់”។
ស្ដេចខាងត្បូង និងស្ដេចខាងជើង
5“បន្ទាប់មក ស្ដេច​នៃ​ទិសខាងត្បូង​នឹង​មានកម្លាំងឡើង ប៉ុន្តែ​ម្នាក់​ក្នុង​ពួក​មេដឹកនាំ​របស់ទ្រង់​នឹង​មានកម្លាំង​ជាង​ទ្រង់ ហើយ​ឡើងសោយរាជ្យ​វិញ​; អំណាច​របស់អ្នកនោះ​ជា​អំណាច​ដ៏លើសលប់​។ 6លុះ​ច្រើន​ឆ្នាំ​ក្រោយមក ស្ដេចទាំងនោះ​នឹង​ចងសម្ពន្ធមិត្តជាមួយគ្នា ហើយ​បុត្រី​របស់​ស្ដេច​នៃ​ទិសខាងត្បូង​នឹង​ទៅ​ឯ​ស្ដេច​នៃ​ទិសខាងជើង ដើម្បី​អនុវត្តតាម​កិច្ចព្រមព្រៀង​។ ប៉ុន្តែ​នាង​រក្សាទុក​អំណាច​ក្នុង​កណ្ដាប់ដៃ​របស់នាង​មិនបានទេ ហើយ​ស្ដេចនៃទិសខាងត្បូង និង​អំណាច​របស់ទ្រង់​ក៏​នៅឈរ​មិនបាន​ដែរ គឺ​នាង និង​ពួកអ្នកដែល​នាំ​នាង​មក ព្រមទាំង​អ្នកដែល​ផ្ដល់កំណើត​ដល់​នាង និង​អ្នកដែល​ទ្រទ្រង់​នាង​ក្នុង​គ្រា​នោះ នឹង​ត្រូវបាន​ប្រគល់ទៅ​។ 7យ៉ាងណាមិញ នឹង​មាន​ម្នាក់​ពី​វង្សត្រកូល#11:7 វង្សត្រកូល―ន័យត្រង់គឺ “មែកនៃឫស”។​របស់នាង​ក្រោកឡើង​ជំនួស​តំណែង​របស់​ស្ដេចនោះ​។ ទ្រង់​នឹង​ចេញទៅ​ទាស់នឹង​កងទ័ព​នោះ ហើយ​ចូលទៅ​ក្នុង​បន្ទាយ​របស់​ស្ដេច​នៃ​ទិសខាងជើង ក៏​ចាត់វិធានការ​លើ​ពួកគេ ហើយ​មានជ័យជម្នះ​។ 8ទ្រង់​ក៏​នឹង​យក​បណ្ដា​ព្រះ​របស់ពួកគេ និង​រូបសិត​របស់ពួកគេ ព្រមទាំង​ភាជនៈ​ដ៏ល្អប្រណិត​របស់ពួកគេ​ដែលធ្វើពី​ប្រាក់ និង​មាស ជា​ជ័យភណ្ឌ​ទៅ​អេហ្ស៊ីប​ដែរ​។ រួចមក ទ្រង់​នឹង​នៅឃ្លាតពី​ស្ដេច​នៃ​ទិសខាងជើង​ជាច្រើន​ឆ្នាំ​។ 9រីឯ​ស្ដេចនៃទិសខាងជើង​នឹង​ឈ្លានពាន​អាណាចក្រ​របស់​ស្ដេច​នៃ​ទិសខាងត្បូង ប៉ុន្តែ​ទ្រង់​នឹង​ត្រឡប់​ទៅ​ទឹកដី​របស់ខ្លួន​វិញ​។
10“ក្រោយមក ពួក​បុត្រ​របស់​ស្ដេចនៃទិសខាងជើង​នឹង​បង្កសង្គ្រាម ហើយ​ប្រមូល​កម្លាំងទ័ព​ដ៏ច្រើនសន្ធឹក​។ ពួកគេ​នឹង​វាយគំហុក ព្រមទាំង​ជន់លិច​គេ ហើយ​ហូរកាត់ ក៏​ប្រយុទ្ធ​ម្ដងហើយម្ដងទៀត រហូតដល់​បន្ទាយ​របស់​ស្ដេចនៃទិសខាងត្បូង​។ 11ពេលនោះ ស្ដេច​នៃ​ទិសខាងត្បូង​មួម៉ៅយ៉ាងខ្លាំង ហើយ​ចេញទៅ​តយុទ្ធ​នឹង​ស្ដេច​នៃ​ទិសខាងជើង​។ ស្ដេចនៃទិសខាងជើង​ក៏​តម្រៀប​ទ័ព​ដ៏ច្រើនសន្ធឹក ប៉ុន្តែ​ទ័ព​នោះ​នឹង​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ស្ដេចនៃទិសខាងត្បូង​។ 12នៅពេល​ដក​ទ័ព​នោះ​ចេញ ព្រះទ័យ​របស់ទ្រង់​នឹង​ឆ្មើងឆ្មៃ ហើយ​ទ្រង់​នឹង​វាយផ្ដួល​មនុស្ស​រាប់ម៉ឺន​នាក់ ប៉ុន្តែ​ទ្រង់​នឹង​មិន​ឈ្នះ​ឡើយ​។ 13ដ្បិត​ស្ដេច​នៃ​ទិសខាងជើង​នឹង​តម្រៀប​ទ័ព​ម្ដងទៀត ដែល​ច្រើន​ជាង​មុន​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ទ្រង់​នឹង​មក​ជាមួយ​កងទ័ព​ដ៏ធំ និង​ជាមួយ​ឧបករណ៍យោធា​យ៉ាងច្រើនសន្ធឹក​។
14“នៅ​គ្រា​នោះ មនុស្ស​ជាច្រើន​នឹង​ក្រោកឡើង​ប្រឆាំងនឹង​ស្ដេច​នៃ​ទិសខាងត្បូង ហើយ​មនុស្សកំណាច​ក្នុង​ប្រជាជន​របស់អ្នក​នឹង​លើក​ខ្លួន​ឡើង ដើម្បី​បំពេញ​និមិត្ត​ឲ្យសម្រេច ប៉ុន្តែ​ពួកគេ​នឹង​ដួលចុះ​។ 15ដូច្នេះ ស្ដេច​នៃ​ទិសខាងជើង​នឹង​មក ហើយ​សង់​របាំងឡោមព័ទ្ធ ក៏​វាយយក​ទីក្រុង​ដ៏រឹងមាំ​។ កងទ័ព#11:15 កងទ័ព―ន័យត្រង់គឺ “ដើមដៃ”។​នៃ​ទិសខាងត្បូង​នឹង​នៅឈរ​មិនបានឡើយ គឺ​សូម្បីតែ​ពលទ័ព​សម្រិតសម្រាំង​របស់ស្ដេចនោះ​ផង ដ្បិត​គេ​គ្មាន​កម្លាំង​នឹង​នៅឈរ​ឡើយ​។ 16ស្ដេចដែល​មក​ទាស់នឹង​ស្ដេចនៃទិសខាងត្បូង នឹង​ធ្វើ​តាមអំពើចិត្ត ហើយ​គ្មានអ្នកណា​ឈរ​នៅចំពោះ​ទ្រង់​បាន​ឡើយ​។ ទ្រង់​នឹង​ឈរ​នៅ​ទឹកដី​ដ៏រុងរឿង ទាំង​មាន​អំណាចបំផ្លាញ​ក្នុង​កណ្ដាប់ដៃ​របស់ទ្រង់​ផង​។ 17ទ្រង់​សម្រេចព្រះទ័យ​ចូលមក​ដោយ​កម្លាំង​នៃ​អាណាចក្រ​ទាំងមូល​របស់ទ្រង់ ហើយ​អនុវត្តតាម​កិច្ចព្រមព្រៀង​ជាមួយ​ស្ដេចនៃទិសខាងត្បូង​។ ទ្រង់​នឹង​ប្រទាន​បុត្រីរបស់អង្គទ្រង់​ដល់​ស្ដេចនៃទិសខាងត្បូង ដើម្បី​បំផ្លាញ​អាណាចក្រនោះ ប៉ុន្តែ​នាង​នឹង​មិន​ឈរ​ខាងទ្រង់​ឡើយ ក៏​មិន​គាំទ្រ​ទ្រង់​ដែរ​។ 18ក្រោយមក ទ្រង់​នឹង​បែរ​ព្រះភក្ត្រ​របស់ទ្រង់​ទៅ​រក​កោះ​ទាំងឡាយ ហើយ​វាយយក​ជាច្រើន​ផង ប៉ុន្តែ​នឹង​មាន​អ្នកដឹកនាំ​ម្នាក់​បញ្ឈប់​ការត្មះតិះដៀល​របស់ទ្រង់ មិនត្រឹមតែប៉ុណ្ណោះ គាត់​នឹង​ធ្វើឲ្យ​ការត្មះតិះដៀល​របស់ទ្រង់​ត្រឡប់ទៅ​លើ​ទ្រង់​វិញ​។ 19ទ្រង់​នឹង​បែរ​ព្រះភក្ត្រ​របស់ទ្រង់​ទៅ​បន្ទាយ​នៅ​ទឹកដី​របស់ទ្រង់​វិញ ប៉ុន្តែ​ទ្រង់​នឹង​ជំពប់ ហើយ​ដួល ក៏​គ្មានអ្នកណា​ឃើញ​ទ្រង់​ទៀត​ឡើយ​។
20“បន្ទាប់មក នឹង​មាន​ម្នាក់​ក្រោកឡើង​ជំនួស​តំណែង​របស់ទ្រង់ ជា​អ្នកដែល​ចាត់​អ្នក​ទារពន្ធហួសប្រមាណ​ឲ្យទៅ​សម្រាប់​ភាពរុងរឿង​របស់​អាណាចក្រ ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ថ្ងៃ អ្នកនោះ​នឹង​ត្រូវបាន​កម្ទេច មិនមែន​ដោយ​កំហឹង ក៏​មិនមែន​ដោយ​សង្គ្រាម​ដែរ​។
21“បន្ទាប់ពីនេះ នឹង​មាន​ម្នាក់ដែល​គួរឲ្យមើលងាយ​ក្រោកឡើង​ជំនួស​តំណែង​របស់​អ្នកនោះ ដែល​រាជ្យអំណាច​ដ៏រុងរឿង​មិន​ត្រូវបាន​ប្រគល់​ដល់​វា គឺ​វា​មក​ដល់​ក្នុងពេល​មាន​សេចក្ដីសុខស្រួល ហើយ​ឆក់យក​រាជ្យអំណាច​ដោយ​ការបញ្ជោរ​។ 22កងទ័ព#11:22 កងទ័ព―ន័យត្រង់គឺ “ដើមដៃ”។​ដូច​ទឹកជំនន់​នឹង​ត្រូវបាន​បោសចេញ​នៅចំពោះ​វា ហើយ​ពួកគេ​ក៏​ត្រូវបាន​បំបាក់បំបែក គឺ​សូម្បីតែ​អ្នកដឹកនាំ​នៃ​សម្ពន្ធមេត្រី​ផង​។ 23ក្រោយពី​ចងសម្ពន្ធមិត្ត​ជាមួយ​អ្នកដឹកនាំនៃសម្ពន្ធមេត្រី​ហើយ វា​នឹង​ប្រព្រឹត្ត​ដោយ​សេចក្ដីបោកបញ្ឆោត ហើយ​វា​នឹង​ឡើងមក ក៏​បានជាខ្លាំង​ដោយ​ប្រជាជន​តែ​បន្តិច​ប៉ុណ្ណោះ​។ 24វា​នឹង​ឈ្លានពាន​ខេត្ត​ដ៏ល្អបំផុត​ក្នុងពេល​មាន​សេចក្ដីសុខស្រួល ហើយ​ធ្វើ​អ្វីដែល​សូម្បីតែ​ដូនតា​របស់វា និង​ដូនតា​នៃ​ដូនតា​របស់វា​មិនដែល​ធ្វើ​។ វា​នឹង​ចែក​របឹប ជ័យភណ្ឌ និង​ទ្រព្យសម្បត្តិ​ដល់​មនុស្សរបស់ខ្លួន ហើយ​គិតគូរ​ឧបាយកល​ទាស់នឹង​ទីមាំមួន ប៉ុន្តែ​បាន​តែ​មួយ​គ្រា​ប៉ុណ្ណោះ​។
25“វា​នឹង​ដាស់​កម្លាំង និង​ចិត្ត​របស់ខ្លួន​ឡើង​ទាស់នឹង​ស្ដេច​នៃ​ទិសខាងត្បូង ដោយ​កងទ័ព​ដ៏ធំ​។ ស្ដេច​នៃ​ទិសខាងត្បូង​នឹង​លើកទ័ព​មក​តទល់ ដោយ​កងទ័ព​ដ៏ធំ និង​ខ្លាំងពូកែ​ក្រៃលែង​ផង ប៉ុន្តែ​ទ្រង់​នៅឈរ​មិនបានឡើយ ពីព្រោះ​គេ​នឹង​គិតគូរ​ឧបាយកល​ទាស់នឹង​ទ្រង់​។ 26សូម្បីតែ​ពួកអ្នកដែល​ហូប​អាហារ​របស់ទ្រង់​នឹង​កម្ទេច​ទ្រង់ ហើយ​កងទ័ព​របស់ទ្រង់​នឹង​ត្រូវបាន​បោសចេញ ក៏​មាន​មនុស្ស​ជាច្រើន​ដួល​ស្លាប់​ដែរ​។ 27ស្ដេច​ទាំង​ពីរ​អង្គ​នេះ ដែល​ចិត្ត​របស់ពួកទ្រង់​ទៅរក​ការប្រព្រឹត្តអាក្រក់ ក៏​និយាយ​ភូតភរ​នៅ​តុអាហារ​ជាមួយគ្នា ប៉ុន្តែ​ការនោះ​មិន​ជោគជ័យ​ឡើយ ដ្បិត​មិនទាន់​ដល់​ចុងបញ្ចប់​នៅឡើយ រហូតទាល់តែ​ពេលកំណត់​បានមកដល់​។ 28ស្ដេចនៃទិសខាងជើង​នឹង​ត្រឡប់ទៅ​ទឹកដី​របស់ទ្រង់​វិញ ជាមួយ​ទ្រព្យសម្បត្តិ​ជាច្រើន ប៉ុន្តែ​ព្រះទ័យ​របស់ទ្រង់​ប្រឆាំងនឹង​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ ហើយ​ទ្រង់​នឹង​ចាត់វិធានការ រួច​ត្រឡប់ទៅ​ទឹកដី​របស់ទ្រង់​វិញ​។
29“លុះដល់​ពេលកំណត់ ទ្រង់​នឹង​ត្រឡប់មកវិញ ហើយ​ឈ្លានពាន​ស្រុកខាងត្បូង ប៉ុន្តែ​លើក​ក្រោយ​នេះ មិន​ដូច​លើក​មុន​ទេ​។ 30ដ្បិត​នាវាចម្បាំង​នៃ​គីទីម​នឹង​មក​ទាស់នឹង​ទ្រង់ នោះ​ទ្រង់​នឹង​បាក់ទឹកចិត្ត ហើយ​ត្រឡប់ទៅវិញ​។ ពេលនោះ ទ្រង់​នឹង​ខ្ញាល់​នឹង​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ ហើយ​ចាត់វិធានការ​។ នៅពេល​ត្រឡប់ទៅវិញ ទ្រង់​នឹង​យកចិត្តទុកដាក់​នឹង​ពួកអ្នកដែល​បោះបង់ចោល​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ​។ 31កងទ័ព​ពី​ទ្រង់​នឹង​ក្រោកឡើង ហើយ​បន្ទាបបន្ថោក​ទីវិសុទ្ធ​ដែលជា​បន្ទាយ ព្រមទាំង​បញ្ឈប់​តង្វាយប្រចាំថ្ងៃ ហើយ​តាំង​តួគួរឲ្យស្អប់ខ្ពើម​ដែល​បង្កការហិនវិនាស​វិញ​។ 32ទ្រង់​នឹង​បង្ខូច​ពួកអ្នកដែល​ប្រព្រឹត្តអាក្រក់​ទាស់នឹង​សម្ពន្ធមេត្រី​ដោយ​ពាក្យបញ្ជោរ ប៉ុន្តែ​ប្រជារាស្ត្រ​ដែល​ស្គាល់​ព្រះ​របស់ខ្លួន​នឹង​មានកម្លាំងឡើង ហើយ​ចាត់វិធានការ​។ 33ពួកអ្នកដែល​មានប្រាជ្ញា​ក្នុង​ប្រជារាស្ត្រ​នឹង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​មានការយល់ច្បាស់ ប៉ុន្តែ​ពួកគេ​នឹង​ដួល​ដោយ​មុខដាវ ដោយ​អណ្ដាតភ្លើង ដោយ​ភាពជាឈ្លើយសឹក និង​ដោយ​របស់រឹបអូស ក្នុង​មួយរយៈ​។ 34កាលណា​ពួកគេ​ដួល ពួកគេ​នឹង​ទទួលជំនួយ​បន្តិចបន្តួច ប៉ុន្តែ​មនុស្ស​ជាច្រើន​នឹង​ចូលរួម​ជាមួយ​ពួកគេ​ដោយ​ការបញ្ជោរ​។ 35មានអ្នក​ខ្លះ​ក្នុង​ពួកអ្នក​មានប្រាជ្ញា​នឹង​ដួល ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​បន្សុទ្ធ ត្រូវបាន​ជម្រះ និង​ត្រូវបាន​ធ្វើឲ្យស រហូតដល់​គ្រា​នៃ​ទីបញ្ចប់ ដ្បិត​នៅតែ​មិនទាន់​ដល់​ពេលកំណត់​នៅឡើយ​។
36“ស្ដេច​នោះ​នឹង​ធ្វើ​តាមអំពើចិត្ត ក៏​នឹង​តម្កើង​ខ្លួន​ឡើង ហើយ​លើក​ខ្លួន​ឡើង​លើ​អស់ទាំង​ព្រះ ព្រមទាំង​និយាយ​អាក្រក់ក្រៃលែង​ទាស់នឹង​ព្រះលើអស់ទាំងព្រះ​។ ទ្រង់​នឹង​ចម្រើនឡើង រហូតដល់​សេចក្ដីក្រេវក្រោធ​បាន​បញ្ចប់ ដ្បិត​អ្វីដែល​ត្រូវបាន​កំណត់ នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​។ 37ទ្រង់​នឹង​មិន​យកចិត្តទុកដាក់​ចំពោះ​បណ្ដា​ព្រះ​នៃ​ដូនតា​របស់ទ្រង់ ឬ​ចំពោះ​ព្រះដែល​មនុស្សស្រី​ប្រាថ្នាចង់បាន​នោះ​ទេ ក៏​មិន​យកចិត្តទុកដាក់​ចំពោះ​ព្រះ​ណាមួយ​ឡើយ ពីព្រោះ​ទ្រង់​នឹង​លើក​ខ្លួន​ឡើង​លើ​អ្វីៗ​ទាំងអស់​។ 38ក៏ប៉ុន្តែ​ទ្រង់​នឹង​គោរព​ព្រះ​នៃ​បន្ទាយ​ជំនួស​ព្រះទាំងនោះ ជា​ព្រះ​មួយ​ដែល​ដូនតា​របស់ទ្រង់​មិនដែល​ស្គាល់​សោះ គឺ​ទ្រង់​នឹង​គោរព​ព្រះនោះ​ដោយ​មាស ប្រាក់ ត្បូង​ដ៏មានតម្លៃ និង​របស់ល្អប្រណិត​។ 39ទ្រង់​នឹង​ចាត់វិធានការ​ទាស់នឹង​បន្ទាយ​ដ៏រឹងមាំ​ដោយពឹង​លើ​ព្រះ​ដទៃ​។ ទ្រង់​នឹង​បង្កើន​សិរីរុងរឿង​ដល់​អ្នកដែល​ទទួលស្គាល់​ទ្រង់ ហើយ​ឲ្យ​ពួកគេ​គ្រប់គ្រង​លើ​មនុស្ស​ជាច្រើន ព្រមទាំង​ចែក​ដីធ្លី​ឲ្យ​សម្រាប់​ជា​រង្វាន់​ផង​។
40“លុះ​ដល់​គ្រា​ចុងបញ្ចប់ ស្ដេច​នៃ​ទិសខាងត្បូង​នឹង​ច្រានផ្ដួល​ទ្រង់ ប៉ុន្តែ​ស្ដេច​នៃ​ទិសខាងជើង​នឹង​មកដូចជាខ្យល់ព្យុះ​ទាស់នឹង​ទ្រង់​ជាមួយ​រទេះចម្បាំង ទ័ពសេះ និង​នាវា​ជាច្រើន​។ ទ្រង់​នឹង​ឈ្លានពាន​ប្រទេស​នានា ព្រមទាំង​ជន់លិច​គេ ហើយ​ហូរកាត់​ផង​។ 41ទ្រង់​ក៏​នឹង​ឈ្លានពាន​ទឹកដី​ដ៏រុងរឿង​ដែរ ហើយ​អាណាចក្រ#11:41 អាណាចក្រ​―ជាពាក្យជំនួយ។​ជាច្រើន​នឹង​ដួលចុះ ប៉ុន្តែ​អេដំ ម៉ូអាប់ និង​មេដឹកនាំ​នៃ​កូនចៅ​អាំម៉ូន នឹង​ត្រូវបាន​រំដោះ​ពី​កណ្ដាប់ដៃ​របស់ទ្រង់​។ 42ទ្រង់​នឹង​លូក​ព្រះហស្ត​របស់ទ្រង់​ទាស់នឹង​ប្រទេស​នានា ហើយ​ដែនដី​អេហ្ស៊ីប​ក៏​គេច​មិន​រួច​ដែរ​។ 43ទ្រង់​នឹង​គ្រប់គ្រង​លើ​រតនសម្បត្តិ​ជា​មាស និង​ប្រាក់ ព្រមទាំង​លើ​គ្រប់ទាំង​របស់ល្អប្រណិត​នៃ​អេហ្ស៊ីប​ផង ហើយ​ជនជាតិលីប៊ី និង​ជនជាតិអេត្យូពី​នឹង​ជាប់តាម​ជំហាន​របស់ទ្រង់​។ 44ប៉ុន្តែ​ដំណឹង​ពី​ទិសខាងកើត និង​ទិសខាងជើង​នឹង​ធ្វើឲ្យ​ទ្រង់​តក់ស្លុត ហើយ​ទ្រង់​នឹង​ចេញទៅ​ដោយ​សេចក្ដីក្ដៅក្រហាយ​ដ៏ខ្លាំងក្លា ដើម្បី​បំផ្លាញ និង​ញែកចេញបំផ្លាញ​មនុស្ស​ជាច្រើន​។ 45ទ្រង់​នឹង​បោះ​ពន្លា​ហ្លួង​របស់ទ្រង់​នៅចន្លោះ​សមុទ្រ និង​ភ្នំ​វិសុទ្ធ​ដ៏រុងរឿង ប៉ុន្តែ​ទ្រង់​នឹង​មកដល់​ចុងបញ្ចប់​របស់ទ្រង់ ហើយ​គ្មានអ្នកណា​ជួយ​ទ្រង់​ឡើយ”៕

ទើបបានជ្រើសរើសហើយ៖

ដានីយ៉ែល 11: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល