កិច្ចការ 11

11
ឆ្លើយការពារការសង្គ្រោះសាសន៍ដទៃ
1បន្ទាប់មក ពួក​សាវ័ក និង​បងប្អូន​ដែល​នៅ​ទូទាំង​យូឌា បាន​ឮ​ថា​ពួក​សាសន៍ដទៃ​ក៏​ទទួល​ព្រះបន្ទូល​របស់​ព្រះ​ដែរ​។ 2ដូច្នេះ នៅពេល​ពេត្រុស​ឡើងទៅ​យេរូសាឡិម ពួកកាត់ស្បែក​ក៏​រិះគន់​គាត់ 3ថា​៖ “អ្នក​បាន​ចូលទៅ​ក្នុង​ផ្ទះ​របស់​ពួក​អ្នក​មិនបានកាត់ស្បែក ហើយ​បាន​ហូបជាមួយ​ពួកគេ​ទៀតផង”។
4ពេត្រុស​ក៏​ចាប់ផ្ដើម​ពន្យល់​ដល់​ពួកគេ​តាមលំដាប់លំដោយ​ថា៖ 5“កាល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្រុង​យ៉ុបប៉េ ខ្ញុំ​ក៏​លង់ស្មារតី​ឃើញ​និមិត្ត​មួយ​: មាន​អ្វី​មួយ​ដូចជា​ក្រណាត់​ធំ​ចុះមក ដោយ​ត្រូវ​ចង#11:5 ចង―ជាពាក្យជំនួយ។​ជ្រុង​ទាំង​បួន​សម្រូត​ពី​លើមេឃ​មកដល់​ខ្ញុំ​។ 6ខ្ញុំ​សម្លឹង ហើយ​សង្កេតមើល​ក្នុង​នោះ ក៏​ឃើញ​សត្វជើងបួន សត្វព្រៃ សត្វលូនវារ​នៅលើ​ផែនដី និង​បក្សាបក្សីនៅលើអាកាស​។ 7ពេលនោះ ខ្ញុំ​ឮ​សំឡេង​មួយ​និយាយ​នឹង​ខ្ញុំ​ថា​:‘ពេត្រុស​អើយ ចូរ​ក្រោកឡើង សម្លាប់ ហើយ​ហូប​ចុះ!’។
8“ប៉ុន្តែ​ខ្ញុំ​ទូលថា​: ‘ទេ ព្រះអម្ចាស់​! ដ្បិត​អ្វី​ដែល​មិនបរិសុទ្ធ និង​សៅហ្មង មិនដែល​ចូល​តាម​មាត់​របស់ទូលបង្គំ​ឡើយ’។ 9នោះក៏​មាន​សំឡេង​និយាយ​ពី​លើមេឃ​ជាលើកទីពីរ​ថា​:‘អ្វីដែល​ព្រះ​បាន​ជម្រះ​ហើយ អ្នក​មិន​ត្រូវ​ហៅថាសៅហ្មង​ឡើយ’។
10“ការនេះ​បាន​កើតឡើង​បីដង ហើយ​ទាំងអស់​នោះ​ត្រូវបាន​ទាញឡើង​ទៅ​លើមេឃ​វិញ​។ 11ពេលនោះ មើល៍! ស្រាប់តែ​មាន​បុរស​បី​នាក់​មកដល់​មុខ​ផ្ទះ​ដែល​ពួកខ្ញុំ​ស្នាក់នៅ​។ ពួកគេជា​អ្នក​ដែល​ត្រូវបាន​ចាត់​ពី​សេសារា​ឲ្យមក​រក​ខ្ញុំ​។ 12ព្រះវិញ្ញាណ​មានបន្ទូល​ឲ្យ​ខ្ញុំ​ចេញដំណើរជាមួយ​ពួកគេ​ដោយ​ឥត​ស្ទាក់ស្ទើរ​ឡើយ​។ ពេលនោះ បងប្អូន​ទាំង​ប្រាំមួយ​នាក់​នេះ​ក៏​ទៅ​ជាមួយ​ខ្ញុំ​ដែរ ហើយ​ចូលទៅ​ក្នុង​ផ្ទះ​របស់​ម្នាក់​នោះ​។ 13គាត់​រៀបរាប់ប្រាប់​យើង​អំពី​របៀប​ដែល​គាត់​បាន​ឃើញ​ទូតសួគ៌​ឈរ​នៅក្នុង​ផ្ទះ​របស់​គាត់ ហើយ​និយាយ​នឹង​គាត់​ថា​: ‘ចូរ​ចាត់​គេ​ឲ្យទៅ​យ៉ុបប៉េ ហើយ​អញ្ជើញ​ស៊ីម៉ូន​ដែល​គេ​ហៅថា​ពេត្រុស​មក​ចុះ​។ 14គាត់​នឹង​ប្រាប់​អ្នក​នូវ​សេចក្ដី​ដែល​នឹង​ធ្វើឲ្យ​អ្នក និង​ក្រុមគ្រួសារ​ទាំងមូល​របស់អ្នក​បាន​សង្គ្រោះ’។
15“នៅពេល​ខ្ញុំ​ចាប់ផ្ដើម​និយាយ ព្រះវិញ្ញាណដ៏វិសុទ្ធ​ក៏​យាងចុះមក​លើ​ពួកគេ ដូចដែល​យាងចុះមក​លើ​យើង កាលពីដំបូង​ដែរ។ 16ខ្ញុំ​ក៏​នឹកឃើញ​ព្រះបន្ទូល​នេះ​របស់​ព្រះអម្ចាស់​ដែល​ថា​:‘យ៉ូហាន​បាន​ធ្វើពិធីជ្រមុជ​ដោយ​ទឹក#11:16 ដោយទឹក―ឬ “ក្នុងទឹក”។ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ទទួលពិធីជ្រមុជ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​វិញ’។ 17ដូច្នេះ ប្រសិនបើ​ព្រះ​បាន​ប្រទាន​អំណោយទាន​ដូចគ្នា​ដល់​ពួកគេ ដូចដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង កាល​យើង​បាន​ជឿទុកចិត្តលើ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ចុះ​តើ​ខ្ញុំ​ជា​នរណា​ដែល​អាច​រារាំង​ព្រះបាន​?”។
18នៅពេល​ឮ​សេចក្ដីទាំងនេះ ពួកគេ​ក៏​ស្ងៀម​ទៅ ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ថា​៖ “បើដូច្នេះ ព្រះ​បាន​ប្រទាន​ការកែប្រែចិត្ត​ដែល​នាំទៅរក​ជីវិត ឲ្យ​សាសន៍ដទៃ​ដែរ​ហ្ន៎​!”។
ក្រុមជំនុំនៅអាន់ទីយ៉ូក
19គ្រានោះ ពួក​អ្នក​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ​ដោយសារតែ​ទុក្ខវេទនា​ដែល​កើតឡើង​ពី​រឿង​ស្ទេផាន ក៏​ទៅ​រហូតដល់​ហ្វេនីស៊ី ស៊ីពរ៍ និង​អាន់ទីយ៉ូក​។ ពួកគេ​មិន​ប្រកាស​ព្រះបន្ទូល​ដល់​អ្នកណាឡើយ លើកលែងតែ​ជនជាតិយូដា​ប៉ុណ្ណោះ​។ 20ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុងចំណោម​ពួកគេ ជា​អ្នក​ស៊ីពរ៍ និង​អ្នកគីរេន បាន​មកដល់​អាន់ទីយ៉ូក ហើយ​និយាយ​ទៅកាន់​ជនជាតិក្រិក​ដែរ ដោយ​ផ្សាយដំណឹងល្អ​អំពី​ព្រះអម្ចាស់​យេស៊ូវ​។ 21ព្រះហស្ត​របស់​ព្រះអម្ចាស់​នៅ​ជាមួយ​ពួកគេ ហើយ​មាន​ចំនួន​មនុស្ស​ជាច្រើន​ដែល​ជឿ បាន​បែរមក​រក​ព្រះអម្ចាស់​វិញ​។ 22ដំណឹង​នេះ​បាន​ឮ​ដល់​ត្រចៀក​ក្រុមជំនុំ​នៅ​យេរូសាឡិម ដូច្នេះ​ពួកគេ​បាន​ចាត់​បារណាបាស​ឲ្យ​ទៅ​អាន់ទីយ៉ូក​។ 23នៅពេល​បារណាបាស​បាន​ទៅ​ដល់ ហើយ​ឃើញ​ព្រះគុណ​របស់​ព្រះ នោះ​គាត់​ក៏​អរសប្បាយ ហើយ​លើកទឹកចិត្ត​ពួកគេ​ទាំងអស់គ្នា​ឲ្យ​ប្ដេជ្ញាចិត្ត​នៅជាប់នឹង​ព្រះអម្ចាស់ 24ដ្បិត​គាត់​ជា​មនុស្ស​ល្អ ហើយ​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ជំនឿ​។ ដូច្នេះ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ត្រូវបាន​បន្ថែម​ដល់​ព្រះអម្ចាស់​។ 25បន្ទាប់មក បារណាបាស​ចាកចេញទៅ​តើសុស ដើម្បី​រក​សូល 26ហើយ​នៅពេល​រកឃើញ គាត់​ក៏​នាំ​សូល​មក​អាន់ទីយ៉ូក​។ ដូច្នេះ អ្នកទាំងពីរ​ក៏​ជួបជុំ​ជាមួយ​ក្រុមជំនុំ ហើយ​បង្រៀន​ហ្វូងមនុស្ស​មួយក្រុម​ធំ ក្នុងរយៈពេល​ពេញ​មួយ​ឆ្នាំ​។ នៅ​អាន់ទីយ៉ូក​នេះឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា “គ្រីស្ទាន” ជា​លើក​ដំបូង​។
ជំនួយសង្គ្រោះ
27នៅ​គ្រានោះ មាន​អ្នកថ្លែងព្រះបន្ទូល​ខ្លះ​ចុះ​ពី​យេរូសាឡិម​មក​ដល់​អាន់ទីយ៉ូក​។ 28ម្នាក់​ក្នុង​ពួកគេ​ឈ្មោះ​អ័ក្កាបុស​បាន​ក្រោកឡើង ហើយ​បញ្ជាក់​ដោយ​ព្រះវិញ្ញាណ​ថា ទុរ្ភិក្ស​ដ៏ធ្ងន់ធ្ងរ​រៀបនឹង​កើតឡើង​លើ​ពិភពលោក​ទាំងមូល​។ ការនេះ​បាន​កើតឡើង​ក្នុង​រជ្ជកាល​សេសារ#11:28 ឯកសារបុរាណខ្លះគ្មាន “សេសារ”។​ក្លូឌាស​មែន​។ 29ដូច្នេះ ពួក​សិស្ស​បាន​សម្រេចចិត្ត​ផ្ញើ​ជំនួយ​ទៅ​បងប្អូន​ដែល​រស់នៅ​យូឌា តាម​សមត្ថភាព​រៀងៗខ្លួន​។ 30ពួកគេ​ក៏​ធ្វើ​យ៉ាងនោះ ដោយ​បាន​បញ្ជូន​ជំនួយ​ទៅ​ពួក​ចាស់ទុំ តាមរយៈ​ដៃ​របស់​បារណាបាស និង​សូល​៕

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 11: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល