សេផានា 3

3
អំពើ​អាក្រក់​របស់​ក្រុង​យេរូ‌សាឡិម
1វេទនា​ដល់​ទី​ក្រុង​បះ​បោរ ហើយ​ស្មោក‌គ្រោក
ជា​ទី​ក្រុង​ដែល​សង្កត់‌សង្កិន​គ្នា!
2គេ​មិន​ស្តាប់​ព្រះ‌សូរ​សៀង​របស់​ព្រះ‌យេហូវ៉ា​ទេ
ក៏​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ដែរ។
គេ​មិន​ទុក​ចិត្ត​ព្រះ‌យេហូវ៉ា​សោះ
ក៏​មិន​ចូល​ទៅ​ជិត​ព្រះ​របស់​ខ្លួន​ឡើយ។
3ពួក​មន្ត្រី​នៅ​កណ្ដាល​ក្រុង​នេះ
សុទ្ធ​តែ​ជា​សិង្ហ​ដែល​គ្រហឹម
ពួក​ចៅ‌ក្រម​របស់​គេ​ជា​ឆ្កែ​ព្រៃ
ដែល​រក​ស៊ី​នៅ​ពេល​ល្ងាច
ដែល​មិន​ទុក​អ្វី​ឲ្យ​នៅ​រហូត​ដល់​ព្រឹក​ឡើយ។
4ពួក​ហោរា​របស់​គេ​សុទ្ធ​តែ​មាន​ចិត្ត​សាវា
ជា​មនុស្ស​ក្បត់
ឯ​ពួក​សង្ឃ​របស់​គេ​បាន​បង្អាប់​ទី​បរិសុទ្ធ
គេ​បាន​ប្រព្រឹត្ត​បំពាន​ចំពោះ​ក្រឹត្យ‌វិន័យ។
5ប៉ុន្ដែ ព្រះ‌យេហូវ៉ា​ដែល​គង់​នៅ​កណ្ដាល​គេ
ព្រះ‌អង្គ​សុចរិត
ព្រះ‌អង្គ​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​សោះ
រៀង​រាល់​ព្រឹក ព្រះ‌អង្គ​បង្ហាញ​សេចក្ដី​យុត្តិ‌ធម៌
របស់​ព្រះ‌អង្គ​ឲ្យ​គេ​ឃើញ
រាល់​ពេល​ថ្ងៃ​រះ មិន​ដែល​អាក់​ខាន
តែ​មនុស្ស​អាក្រក់​មិន​ចេះ​ខ្មាស​ឡើយ។
6យើង​បាន​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នានា​វិនាស​ទៅ
កំផែង​ការ​ពារ​របស់​គេ​ត្រូវ​ដួល​រលំ
យើង​បាន​ធ្វើ​ឲ្យ​ផ្លូវរបស់​គេ​ខូច‌បង់
កុំ​ឲ្យ​អ្នក​ណា​ដើរ​តាម​នោះ​ទៀត​ឡើយ
ទី​ក្រុង​របស់​គេ​ត្រូវ​ទុក​ចោល​នៅ​ស្ងាត់​ជ្រងំ
គ្មាន​មនុស្ស
គឺ​គ្មាន​អ្នក​ណា​អាស្រ័យ​នៅ​ឡើយ។
7យើង​គិត​ថា "ប្រាកដ​ជា​ឯង​រាល់​គ្នា​នឹង​កោត​ខ្លាច​យើង
ឯង​រាល់​គ្នា​នឹង​ទទួល​ការ​ប្រៀន‌ប្រដៅ។
នោះ​ទី​លំនៅ​របស់​ឯង​រាល់​គ្នា​មិន​ត្រូវ​កាត់​ចេញ
តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​បាន
តម្រូវឲ្យ​ទាស់​នឹង​ឯង​រាល់​គ្នា​ឡើយ"។
ប៉ុន្តែ ពួក​គេ​ចេះ​តែ​ប្រព្រឹត្ត​អស់​ទាំង
អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង។
ការ​ដាក់​ទោស និងការ​ប្រែ​ចិត្ត​របស់​ជាតិ​សាសន៍
8ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
ចូរ​រង់‌ចាំ​យើង
គឺ​រង់​ចាំ​ថ្ងៃ​ដែល​យើង​ក្រោក​ឡើង​សង្គ្រុប​លើ​គេ។
ដ្បិត​យើង​សម្រេច​នឹង​ប្រមូល​អស់​ទាំង​សាសន៍
ដើម្បី​ប្រជុំ​អស់​ទាំង​នគរ
ប្រយោជន៍​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង
គឺ​ជា​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​របស់​យើង​ទៅ​លើ​គេ
ដ្បិត​ផែន‌ដី​ទាំង​មូល​នឹង​ត្រូវ​ឆេះ
ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​យើង។
9ដ្បិត​នៅ​គ្រា​នោះ យើង​នឹង​ឲ្យ​ជន​ជាតិ​ទាំង‌ឡាយ
មាន​បបូរ​មាត់​ស្អាត
ដើម្បី​ឲ្យ​គេ​បាន​អំពាវ‌នាវ​រក
ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា
ហើយ​ព្រម​ចិត្ត​គ្នា​គោរព​បម្រើ​ព្រះ‌អង្គ។
10ពួក​អ្នក​ថ្វាយ‌បង្គំ​យើង
គឺ​កូន​ស្រី​នៃ​ពួក​អ្នក​ដែល​យើង​បាន​កម្ចាត់​កម្ចាយ​ទៅ
គេ​នឹង​នាំ​យក​តង្វាយ​ពី​ខាង​នាយ​ទន្លេ
ស្រុក​អេធីយ៉ូពី មក​ថ្វាយ​យើង។
11នៅ​ថ្ងៃ​នោះ អ្នក​មិន​ត្រូវ​ខ្មាស
ដោយ​ព្រោះ​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត
ជា​ការ​ដែល​អ្នក​បាន​បះ​បោរ
ទាស់​នឹង​យើង​ទៀត​នោះ​ឡើយ
ដ្បិត​នៅ​គ្រា​នោះ
យើង​នឹង​ដក​យក​ពួក​អ្នក​ដែល​អួត‌អាង
ដោយ​ឆ្មើង‌ឆ្មៃ ចេញ​ពី​ចំណោម​អ្នក
ហើយ​អ្នក​នឹង​លែង​មាន​ចិត្ត​អំនួត
នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង​ទៀត។
12ប៉ុន្ដែ យើង​នឹង​ទុក​ប្រជាជន​មួយ​ពួក​ដែល​ទន់​ទាប
ហើយ​កម្សត់​ទុគ៌ត​នៅ​កណ្ដាល​អ្នក
គេ​នឹង​ស្វែង​រក​ទី​ពួន​ជ្រក​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា
13អស់​អ្នក​ដែល​នៅ​សេស​សល់ក្នុង​ពួក​អ៊ីស្រា‌អែល
គេ​នឹង​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
ឬ​ពោល​ពាក្យ​កុហក​ទៀត​ឡើយ
ក៏​នឹង​ឥត​ឃើញ​មាន​អណ្ដាត​ឆបោក​នៅ​ក្នុង​មាត់​គេ​ដែរ
ដ្បិត​គេ​នឹង​រក​ស៊ី ហើយ​ដេក​ចុះ
ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ។
ចម្រៀង​នៃ​អំណរ
14ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង​ឡើង
ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ស្រែក​ឡើង
ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​អរ​សប្បាយ
ហើយ​រីក‌រាយ​ឲ្យ​អស់​ពី​ចិត្ត​ទៅ!
15ព្រះ‌យេហូវ៉ា​បាន​លើក​លែង​ទោស​ឲ្យ​អ្នក
ព្រះ‌អង្គ​បាន​បង្វែរ​ខ្មាំង​សត្រូវ​របស់​អ្នក​ចេញ។
ព្រះ‌យេហូវ៉ា​ជា​មហា‌ក្សត្រ​របស់​អ៊ីស្រា‌អែល
គង់​នៅ​កណ្ដាល​អ្នក
អ្នក​នឹង​មិន​ខ្លាច​សេចក្ដី​អាក្រក់​ទៀត​ឡើយ។
16នៅ​ថ្ងៃ​នោះ នឹង​មាន​គេ​ពោល​មកកាន់
ក្រុង​យេរូ‌សាឡិម​ថា
កុំ​ខ្លាច​អ្វី​ឡើយ ឱ​ស៊ីយ៉ូន​អើយ
កុំ​ឲ្យ​ដៃ​អ្នក​អន់‌ថយ​ឲ្យ​សោះ។
17ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​របស់​អ្នក
ព្រះ‌អង្គ​គង់​នៅ​កណ្ដាល​អ្នក
ព្រះ‌អង្គ​ជា​ព្រះ‌ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​ដែល​នឹង​សង្គ្រោះ
ព្រះ‌អង្គ​នឹង​រីក‌រាយ​ចំពោះ​អ្នក​ដោយ​អរសប្បាយ
ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​ស្ងប់
ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​នឹង​រីក​រាយ​ចំពោះ​អ្នក
ដោយ​សំឡេង​ច្រៀង​យ៉ាង​ឮ។
18យើង​នឹង​ប្រមូល​អស់​អ្នកក្នុង​ចំណោម
ឯង​រាល់​គ្នា​ដែល​ស្តាយ​ស្រណោះ​ថ្ងៃ​បុណ្យ​ដ៏​សំខាន់
ដើម្បី​កុំ​ឲ្យ​ឯង​រាល់​គ្នា​រង​ដំណៀល​ទៀត​ឡើយ។
19មើល៍ នៅ​គ្រា​នោះ
យើង​នឹង​ធ្វើ​ទោស​អស់​អ្នក​ដែល​សង្កត់​សង្កិន​អ្នក
យើង​នឹង​សង្គ្រោះ​អ្នក​ដែល​ខ្វិន
ហើយ​ប្រមូល​អ្នក​ដែល​គេ​បណ្តេញ​ចេញ​មក​វិញ
យើង​នឹង​បំផ្លាស់​សេចក្ដី​អាម៉ាស់​របស់​គេ
ឲ្យទៅ​ជា​ទី​សរសើរ
ហើយឲ្យ​មាន​កេរ្ដិ៍​ឈ្មោះ​ល្បី​ពាស​ពេញ​លើ​ផែន‌ដី។
20នៅ​គ្រា​នោះ យើង​នឹង​នាំ​ឯង​រាល់​គ្នា​ចូល​មក
នៅ​គ្រា​នោះ យើង​នឹង​ប្រមូល​ផ្ដុំ​ឯង​រាល់​គ្នា
ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​មាន​កេរ្ដិ៍​ឈ្មោះ
ហើយ​ឲ្យ​បាន​ជា​ទី​សរសើរ​ក្នុង​ចំណោម
អស់​ទាំង​សាសន៍​នៅ​លើ​ផែន‌ដី
នៅ​ពេល​ដែល​យើង​ស្ដារ​ស្ថាន​ភាព​របស់​អ្នក​ឡើង​វិញ
នៅ​ចំពោះ​ភ្នែក​ឯង​រាល់​គ្នា
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។:៚

ទើបបានជ្រើសរើសហើយ៖

សេផានា 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល