សេផានា 2

2
ការ​ជំនុំ​ជម្រះ​លើ​ខ្មាំង​សត្រូវ​របស់​អ៊ីស្រា‌អែល
1ម្នាល សាសន៍​ដែល​មិន​ចេះ​ខ្មាស​អើយ
ចូរ​មូល​គ្នា​មក អើ ចូរ​មូល​គ្នា
2មុន​ដែល​ត្រូវ​សម្រេច​តាម​ច្បាប់
មុន​ដែល​ថ្ងៃ​នោះ​កន្លង​បាត់​ទៅ​ដូច​ជា​អង្កាម
មុន​ដែល​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស
របស់​ព្រះ‌យេហូវ៉ា​ធ្លាក់​មក​លើ​ឯង​រាល់​គ្នា
គឺ​មុន​ដែល​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ
របស់​ព្រះ‌យេហូវ៉ា​ធ្លាក់​មក​លើ​ឯង​រាល់​គ្នា។
3អ្នក​ទាំង​អស់​គ្នា​ដែលរាប​សា​នៅ​ក្នុង​ស្រុក
ដែល​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា​អើយ
ចូរ​ស្វែង​រក​ព្រះ‌អង្គ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត
ចូរ​ស្វែង​រក​សេចក្ដី​រាប​សា​ចុះ
ប្រហែល​ជា​ឯង​រាល់​គ្នា​នឹង​បាន​បិទ​បាំង
នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា។
4ដ្បិត​ក្រុង​កាសា​នឹង​ត្រូវ​ស្ងាត់​ច្រៀប
ហើយ​ក្រុង​អាស‌កា‌ឡូន​នឹង​ត្រូវ​ខូច‌បង់
ឯ​ពួក​ក្រុង​អាសដូឌ
នឹង​ត្រូវ​បណ្តេញ​ចេញ​ទៅ​ទាំង​ថ្ងៃ​ត្រង់
ហើយ​ក្រុង​អេក្រុន​នឹង​ត្រូវ​រំលើង​ទៅ​ដែរ។
5វេទនា​ដល់​ឯង​រាល់​គ្នា​ដែល​អាស្រ័យ​នៅ​តាម​ឆ្នេរ​សមុទ្រ
ម្នាល​ឯង​រាល់​គ្នា​ជា​សាសន៍​កេរេ‌ធីម​អើយ!
ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ទាស់​នឹងឯង​រាល់​គ្នា​ហើយ
ម្នាល​កាណាន ជា​ស្រុក​របស់​ពួក​ភីលី‌ស្ទីន​អើយ
យើង​នឹង​បំផ្លាញ​អ្នក​មិន​ឲ្យ​មាន
អ្នក​ណា​សល់​នៅ​ទៀត​ឡើយ។
6ឯ​ឯង ឱ​ស្រុក​តាម​ឆ្នេរ​សមុទ្រ​អើយ
ឯង​នឹង​បាន​ជា​វាល​ស្មៅ
ជា​កន្លែង​ឃ្វាល​សត្វ​សម្រាប់​ពួក​គង្វាល
និង​ក្រោល​សម្រាប់​ហ្វូង​ចៀម។
7ស្រុក​តាម​ឆ្នេរ​សមុទ្រ​នឹង​ក្លាយ​ជា​កេរ‌អាករ
នៃ​សំណល់​ពូជ​ពង្ស​យូដា
គេ​នឹង​ឃ្វាល​ហ្វូង​សត្វ​របស់​គេ​នៅ​ទី​នោះ
នៅ​ពេល​យប់ គេ​នឹង​ដេក​ក្នុង​ផ្ទះ
នៅ​ក្នុង​ក្រុង​អាស‌កា‌ឡូន
ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ព្រះ‌អង្គ​នឹង​ប្រោស​គេ
ហើយ​ស្ដារ​ស្ថាន‌ភាព​របស់​គេ​ឡើង​វិញ។
8យើង​បាន​ឮ​ពាក្យ​ដំណៀល​របស់​សាសន៍​ម៉ូអាប់
និង​ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​កូន​ចៅ​អាំម៉ូន
គឺ​ជា​ពាក្យ​ដែល​គេ​ត្មះ‌តិះ‌ដៀល
ដល់​ប្រជា‌រាស្ត្រ​របស់​យើង
ហើយ​បាន​អួត​ខ្លួន​គេ​ទាស់​នឹង
ទឹក​ដី​ប្រជា‌រាស្ត្រ​របស់​យើង។
9ហេតុ​នេះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល
ព្រះ‌អង្គ​ស្បថ​ថា៖ ដរាប​ណា​យើង​មាន​ជីវិត​គង់​នៅ
ពិត​ប្រាកដ​ជា​ស្រុក​ម៉ូអាប់
នឹង​បាន​ដូច​ជា​ក្រុង​សូដុម
ហើយ​ពួក​អាំម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ
ជា​ស្រុក​ដែល​មាន​សុទ្ធ​តែ​ដើម​កន្ទេច‌អាល
និង​អណ្តូង​អំបិល ហើយ​ជា​ទី​ស្មសាន​រហូត​តទៅ។
ឯ​សំណល់​នៃ​ប្រជា‌រាស្ត្រ​របស់​យើង
នឹង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គេ
ហើយ​ពួក​អ្នក​នៅ​មាន​ជីវិត​នៃ​សាសន៍​របស់​យើង
នឹង​កាន់​កាប់​ស្រុក​របស់​គេ។
10នេះ​ជាហេតុការណ៍​ដែល​នឹង​កើត​មាន​ដល់​គេ
សម្រាប់​អំនួត​របស់​គេ
ដោយ​ព្រោះ​គេ​បាន​ត្មះ‌តិះ‌ដៀល
ហើយ​អួត​ខ្លួនទាស់​នឹង​ប្រជា‌រាស្ត្រ
របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។
11ព្រះ‌យេហូវ៉ា​នឹង​បាន​ជា​ទី​ស្ញែង​ខ្លាច​ដល់​គេ
ដ្បិត​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ព្រះទាំង​ប៉ុន្មាន
នៅ​ផែន‌ដី​រៀវ​សូន្យ​ទៅ
ហើយ​មនុស្ស​ទាំង‌ឡាយ​នឹង​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​វិញ
គ្រប់​គ្នា​នឹង​ថ្វាយ‌បង្គំ​នៅ​តាម​កន្លែង​របស់​គេ​រៀង​ខ្លួន
គឺ​អស់​ទាំង​ឆ្នេរ និង​កោះ​ទាំង​ប៉ុន្មាន
របស់​សាសន៍​ទាំង​ឡាយ។
12ឯ​ឯង​រាល់​គ្នា ជា​សាសន៍​អេធីយ៉ូពី
ក៏​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ​របស់​យើង​ដែរ។
13ព្រះ​អង្គ​នឹង​លូក​ព្រះ‌ហស្ត​ទៅ​ទាស់​នឹង​ស្រុក​ខាង​ជើង
ក៏​នឹង​បំផ្លាញ​ស្រុក​អាស‌ស៊ើរ
ហើយ​ធ្វើ​ឲ្យ​ក្រុង​នីនីវេ​ខូច‌បង់
ជា​ទី​ហួត‌ហែង ដូច​ទី​រហោ‌ស្ថាន។
14អស់​ទាំង​ហ្វូង​សត្វ​នឹង​ដេក​នៅ​កណ្ដាល​នោះ
សត្វ​គ្រប់​ពូជ​ទាំង​អស់ ទាំង​ស្មោញ និង​ខ្វែក
នឹង​ទំ​លើ​ក្បាល​សសរ
នឹង​ឮ​សំឡេង​របស់​វា​យំ​នៅ​មាត់​បង្អួច
ហើយ​នៅ​មាត់​ទ្វារ​ទាំង​ប៉ុន្មាន
នោះ​សុទ្ធ​តែ​ខូច‌បង់​ទទេ
ដ្បិត​ឈើ​តា‌ត្រៅ​ដែល​ស្រោប​ជញ្ជាំង
ក៏​ត្រូវ​រ​បើក​អស់​ដែរ។
15នោះ​ហើយ ជា​ទី​ក្រុង​ដែល​តែង‌តែ​បាន​សប្បាយ
ហើយ​ឥត​កង្វល់
ជា​ក្រុង​ដែល​រមែង​គិត​ក្នុង​ចិត្ត​ថា
«មាន​តែ​អញ​ទេ ក្រៅ​ពី​អញ​គ្មាន​ទី​ក្រុង​ណា​សោះ»
ទី​ក្រុង​នោះ​បាន​ត្រឡប់​ជា​ស្ងាត់​ច្រៀប
ជា​ជម្រក​សម្រាប់​ពពួក​សត្វ​ព្រៃ​យ៉ាង​ណា​ហ្ន៎!
អស់​អ្នក​ណា​ដែល​ដើរ​តាម​ទី​នោះ
នឹង​ហួច​ចំអក ហើយ​រលាស់​ដៃ។

ទើបបានជ្រើសរើសហើយ៖

សេផានា 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល