ហាកាយ ពាក្យ​លំនាំ

ពាក្យ​លំនាំ
កណ្ឌ‌គម្ពីរ​នេះ​មាន​ចង​ក្រង​ព្រះ‌បន្ទូល​ដែល​ហោរា​ហាកាយ​បាន​ថ្លែង ដើម្បី​លើក​ទឹក​ចិត្ត​ប្រជាជន​ក្នុង​ការ​សង់​ព្រះ‌វិហារ ក្រោយ​ពេល​ដែល​ជន‌ជាតិ​យូដា​មួយ​ចំនួន​ដែល​ជាប់​ជា​ឈ្លើយ វិល​ត្រឡប់​មក​ពី​ស្រុក​បាប៊ីឡូន​វិញ។ ហោរា​ហាកាយ​ប្រកាស​ព្រះ‌បន្ទូល​ក្នុង​អំឡុង​ឆ្នាំ ៥២០ មុន​គ្រីស្ទ​សករាជ។
ចាប់​ពី​ឆ្នាំ ៥៣៨ មុន​គ្រីស្ទ​សករាជ ជន​ជាតិ​យូដា​ចាប់​ផ្តើម​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ហើយ​នាំ​គ្នា​សង់​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡិម ដែល​កង‌ទ័ព​បាប៊ីឡូន​បាន​កម្ទេច​នៅ​ឆ្នាំ ៥៨៧ មុន គ.ស.។ បន្តិច​ក្រោយ​មក ពួក​គេ​បាក់​ទឹក​ចិត្ត ហេតុ​នេះ​ហើយ​បាន​ជា​ហោរា​ថ្លែង​ព្រះ‌បន្ទូល ដើម្បី​លើក​ទឹក​ចិត្ត​មេ​ដឹក‌នាំ​របស់​ប្រជាជន ឲ្យ​គេ​បន្ត​ការ​សាង‌សង់​ទៅ​មុខ​ទៀត។ ដូច្នេះ នៅ​ឆ្នាំ ៥២០ មុន​គ.ស. ជន​ជាតិ​យូដា​នាំ​គ្នា​បន្ត​ការ‌ងារ​សង់​ព្រះ‌វិហារ។ ហោរា​ប្រកាស​ថា ប្រជាជន​ធ្លាក់​ខ្លួន​ក្រ ហើយ​ភោគ‌ផល​ក្នុង​ស្រុក​ក៏​មិន​សូវ​បាន​ច្រើន ព្រោះ​តែ​ព្រះ‌វិហារ​ស្ថិត​ក្នុង​ភាព​បាក់‌បែក (១.១-១៤)។ លោក​ប្រកាស​ទៀត​ថា ព្រះ‌វិហារ​ថ្មី​នឹង​រុងរឿង​ជាង​ព្រះ‌វិហារ​ដែល​កង‌ទ័ព​បាប៊ីឡូន​បាន​កម្ទេច​ចោល (២.១-៩) ហើយ​ពេល​ណា​ប្រជា‌រាស្ត្រ​របស់​ព្រះ​សង់​ព្រះ‌វិហារ​នេះ​ឡើង​វិញ នោះ​គេ​ក៏​នឹង​បាន​សម្បូណ៌‌សប្បាយ​ឡើង​វិញ​ដែរ (២.១០-២០)។ លោក​ទេសា‌ភិបាល​សូរ៉ូ‌បា‌បិល ដែល​ជា​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ នឹង​ស្គាល់​អនាគត​ដ៏​ភ្លឺ‌ស្វាង (២.២០-៣០)។
ប្រជាជន​ដែល​វិល​ត្រឡប់​មក​មាតុ‌ភូមិ​វិញ ទន្ទឹង​រង់‌ចាំ​ព្រះ‌វិហារ​មួយ​ថ្មី ដែល​រុងរឿង​ជាង​មុន ហើយ​ពួក​គេ​រង់‌ចាំ​ព្រះ​ស្តារ​ស្ថាន‌ភាព​របស់​ពួក​គេ​ឡើង​វិញ តាម​រយៈ​អ្នក​បម្រើ​ដែល​ព្រះ‌អង្គ​ជ្រើស​រើស។ ហោរា​ហាកាយ​លើក​ទឹក​ចិត្ត​ជន​រួម​ជាតិ​របស់​លោក ឲ្យ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ការ​យ៉ាង​សកម្ម ដោយ​សម្លឹង​មើល​ទៅ​លើ​ស្ថាន‌ភាព​ថ្មី​ដែល​ព្រះ​បម្រុង​ទុក​សម្រាប់​ពួក​គេ។

ទើបបានជ្រើសរើសហើយ៖

ហាកាយ ពាក្យ​លំនាំ: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល