សាការី 9

9
ការ​វិនិច្ឆ័យ​ទោសចំពោះ​សត្រូវរបស់ពួគ​អ៊ីស្រា‌អែល
1សេចក្ដី​ប្រកាស។
នេះ​ជា​ព្រះ‌បន្ទូលរបស់​ព្រះ‌យេហូវ៉ា
ទាស់​នឹង​ស្រុក​ហាត្រាក និង​ស្រុក​ដាម៉ាស
ដ្បិត​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា
ទត​មើល​មនុស្ស​ទាំង​អស់
ដូច​ជា​ទត​មើល​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល
2ព្រម​ទាំង​ស្រុក​ហាម៉ាត
ជា​ស្រុក​ដែល​ជាប់​ព្រំដែន​នឹង​គេ
ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូនដែរ
ទោះ​បើ​មាន​ប្រាជ្ញា​ជា​ច្រើន​ក៏​ដោយ។
3ក្រុង​ទីរ៉ុស​បាន​ធ្វើ​ទី​មាំ‌មួន​សម្រាប់​ខ្លួន
ក៏​បាន​ប្រមូល​ប្រាក់​គរ​ទុក ដូច​ជា​ធូលី​ដី
និង​មាស​យ៉ាង​វិសេស​ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ។
4ប៉ុន្តែ ព្រះ‌អម្ចាស់​នឹង​ទម្លាក់​គេ​ចេញ
ហើយ​វាយ​កម្លាំង​របស់​គេ​ដែល​នៅ​ក្នុង​សមុទ្រ
ទី​ក្រុង​នោះ​នឹង​ត្រូវ​ភ្លើង​ឆេះ។
5ឯ​ក្រុង​អាស‌កា‌ឡូន​ក៏​ឃើញ​ដែរ
ហើយភ័យ​ខ្លាច រួម​ទាំង​ក្រុង​កាសា​ផង​ដែរ
គេ​នឹង​មានការ​ឈឺ​ចាប់​ជា​ខ្លាំង​ចំពោះ​ក្រុង​អេក្រុន
ដ្បិត​ទី​សង្ឃឹម​របស់​គេ​ត្រឡប់​ជា​ទី​អាម៉ាស់​ខ្មាស​វិញ
ឯ​ស្តេច​នឹង​វិនាស​បាត់​ពី​ក្រុង​កាសា
ក្រុង​អាស‌កា‌ឡូន​នឹង​លែង​មាន​មនុស្ស​រស់​នៅ។
6មាន​សុទ្ធ​តែ​ពួក​កូន​កាត់​រស់​នៅ​ក្នុង​ក្រុង​អាសដូឌ
ហើយ​យើង​នឹង​បំផ្លាញ​សេចក្ដី​អំនួត
របស់​សាសន៍​ភីលី‌ស្ទីន។
7យើង​នឹង​ដក​យក​ឈាម​ចេញ​ពី​មាត់​គេ
ព្រម​ទាំង​សាច់​ដែល​គួរ​ស្អប់​ខ្ពើម
ចេញ​ពី​កណ្ដាល​ធ្មេញ​គេ​ដែរ
នោះ​គេ​នឹង​សល់​នៅ​សម្រាប់​គោរព​ដល់​ព្រះ​នៃ​យើង
ហើយ​នឹង​ដូច​ជា​ចៅ‌ហ្វាយ​នៅ​ស្រុក​យូដា
ឯ​ពួក​ក្រុង​អេក្រុន​នឹង​ដូច​ជា​ពួក​ក្រុង​យេប៊ូស​វិញ។
8យើង​នឹង​បោះ​ទ័ព​នៅ​ព័ទ្ធ​ជុំ‌វិញ​វិហារ​របស់​យើង
ទាស់​នឹង​ពល​ទ័ព
ដើម្បី​មិន​ឲ្យ​មាន​គេ​ដើរ​កាត់ ឬ​វិល​មក​វិញ​ឡើយ
ក៏​គ្មាន​ពួក​សង្កត់‌សង្កិន​ណា​ដើរ​កាត់​ពួក​គេ​ទៀត​ដែរ
ដ្បិត​ឥឡូវ​នេះ ភ្នែក​យើង​បាន​ឃើញ​ហើយ។
អ្នក​គ្រប់​គ្រង​លើ​ប្រជារាស្ត្រ​របស់​ព្រះ
9ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​រីក‌រាយ​ជា​ខ្លាំង​ឡើង
ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​ស្រែក​ហ៊ោ​ចុះ
មើល៍! ស្តេច​របស់​នាង​យាង​មក​រក​នាង​ហើយ
ព្រះ‌អង្គ​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ‌ជម្នះ
ព្រះ‌អង្គ​ក៏​សុភាព ព្រះ‌អង្គ​គង់​លើ​សត្វ​លា
គឺ​ជា​លា​ជំទង់ ជា​កូន​របស់​មេ​លា។
10យើង​នឹង​កាត់​រទេះ​ចម្បាំង​ចេញ​ពី​ស្រុក​អេប្រាអិម
និង​សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ដែរ
ឯ​ធ្នូរ​ចម្បាំង​នឹង​ត្រូវ​កាត់​ចេញ
ហើយព្រះ‌អង្គ​នឹង​មានព្រះបន្ទូល
ពី​សន្តិ‌សុខ​ដល់​អស់​ទាំង​សាសន៍
ឯ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ
នឹង​ចាប់​តាំង​ពី​សមុទ្រ​ម្ខាង​ដល់​សមុទ្រ​ម្ខាង
ហើយ​ពី​ទន្លេ​ធំ រហូត​ដល់​ចុង​ផែន‌ដី​បំផុត។
11ចំណែក​អ្នក​វិញ យើង​លែង​ពួក​ជាប់​គុក
ឲ្យ​រួច​ចេញ​ពី​រណ្តៅ​ដែល​គ្មាន​ទឹក
ដោយ​ព្រោះ​ឈាម​នៃ​សេចក្ដី​សញ្ញា​របស់អ្នក
12ឱ​ពួក​អ្នក​ជាប់​គុក ដែល​មាន​សង្ឃឹម​អើយ
ចូរ​វិល​មក​ឯ​ទី​មាំ‌មួន​ចុះ
នៅ​ថ្ងៃ​នេះ យើង​ប្រកាស​ថា
យើង​នឹង​សង​អ្នក​មួយ​ជា​ពីរ។
13ដ្បិត​យើង​បានលើក​យូដា​ដូច​ជា​ធ្នូ
ហើយ​ដាក់​អេប្រាអិម​នៅ​ធ្នូ
យើង​ទុក​ដូច​ជា​ព្រួញ ឱ​ស៊ីយ៉ូន​អើយ
យើង​នឹង​ដាស់‌តឿន​កូន​ប្រុស​របស់​អ្នក
ឲ្យ​ទាស់​នឹង​កូន​ប្រុស​របស់​សាសន៍​ក្រិក
ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​ដូច​ជា​ដាវ​របស់​មនុស្ស​ខ្លាំង​ពូកែ។
14គេ​នឹង​ឃើញ​ព្រះ‌យេហូវ៉ា​ស្ថិត​ពី​លើ​ពួក​កូន​ប្រុស​របស់​អ្នក
ព្រួញ​ព្រះ‌អង្គ​នឹង​ហោះ​ចេញ​ទៅ​ដូច​ជា​ផ្លេក‌បន្ទោរ
ហើយ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​ផ្លុំ​ត្រែ
ចេញ​ទៅ​ក្នុង​ខ្យល់​កួច​ពី​ខាង​ត្បូង។
15ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នឹង​ការពារ​គេ
គេ​នឹង​លេប​បំបាត់
ហើយ​ឈ្នះ​គ្រាប់​ក្រួស​ដែល​បាញ់ មក
គេ​នឹង​ផឹក ហើយ​ធ្វើ​សំឡេង
ដូច​ជា​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ
គេ​នឹង​បាន​ពេញ​ដូច​ជា​ចាន
គឺ​ជា​ចាន​នៅ​ជ្រុង​អាសនា។
16នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា
ជា​ព្រះ​របស់​គេ​នឹង​សង្គ្រោះ​គេ
ទុក​ដូច​ជា​ហ្វូង​ចៀម ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ
ដ្បិត​គេ​នឹង​បាន​ដូច​ជា​ត្បូង​ដាំ​នៅ​មកុដ​ដែល​ភ្លឺ​ផ្លេក
នៅ​លើ​ស្រុក​របស់​ព្រះ‌អង្គ។
17ដ្បិត​សេចក្ដី​ចម្រើន​របស់​គេ​ធំ​ណាស់​ហ្ន៎
ហើយ​សេចក្ដី​លម្អ​របស់​គេ​ក៏​ខ្លាំង‌ក្លា​ណាស់​ហ្ន៎
ឯ​ស្រូវ​នឹង​ធ្វើ​ឲ្យ​ពួក​កំលោះៗ​ចម្រើន​កម្លាំង​ឡើង
ហើយ​ទឹក​ទំពាំង‌បាយ‌ជូរ
ឲ្យ​ពួក​ក្រមុំៗ​បាន​ចម្រើន​ដូច​គ្នា។

ទើបបានជ្រើសរើសហើយ៖

សាការី 9: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល