សាការី 8
8
ព្រះសន្យាចំពោះក្រុងស៊ីយ៉ូន
1ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលមកកាន់ខ្ញុំដូចតទៅ៖ 2ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «យើងប្រចណ្ឌជាខ្លាំងចំពោះក្រុងស៊ីយ៉ូន យើងប្រចណ្ឌដោយចិត្តក្រោធជាខ្លាំង។ 3យើងបានវិលមកក្រុងស៊ីយ៉ូន ហើយអាស្រ័យនៅកណ្ដាលក្រុងយេរូសាឡិម នោះក្រុងយេរូសាឡិមនឹងបានហៅថា ជាទីក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងបានហៅថាជាភ្នំបរិសុទ្ធ»។ 4ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នឹងមានមនុស្សចាស់ ទាំងប្រុសទាំងស្រី អង្គុយនៅតាមផ្លូវក្រុងយេរូសាឡិម គ្រប់គ្នាកាន់ឈើច្រត់នៅដៃរៀងខ្លួន ដោយព្រោះអាយុច្រើនហើយ។ 5នៅក្នុងទីក្រុងនឹងមានកូនប្រុស កូនស្រីកំពុងលេងនៅតាមផ្លូវ»។ 6ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «គ្រានោះ បើការនេះមើលទៅប្លែកភ្នែកដល់សំណល់ជនជាតិនេះ តើត្រូវប្លែកភ្នែកដល់យើងដែរឬ?» នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
7ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «មើល៍! យើងនឹងសង្គ្រោះប្រជារាស្ត្ររបស់យើងឲ្យរួចពីស្រុកខាងកើត និងពីស្រុកខាងលិចដែរ។ 8យើងនឹងនាំគេមក គេនឹងរស់នៅក្នុងក្រុងយេរូសាឡិម គេនឹងក្លាយជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះរបស់គេ ដោយសេចក្ដីពិត និងសេចក្ដីសុចរិត»។
9ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ចូរឯងរាល់គ្នាមានកម្លាំងដៃចុះ សព្វថ្ងៃនេះ ឯងរាល់គ្នាឮពាក្យទាំងប៉ុន្មាន ពីមាត់ពួកហោរា ដែលបានប្រកាសនៅក្នុងគ្រាចាក់គ្រឹះសង់ព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ 10ដ្បិតមុនគ្រានោះ គ្មានថ្លៃឈ្នួលសម្រាប់មនុស្ស ឬសត្វទេ ក៏គ្មានសេចក្ដីសុខដល់មនុស្ស ដែលចេញ ឬចូលផង ដោយព្រោះពួកខ្មាំងសត្រូវ ដ្បិតយើងបានធ្វើឲ្យមនុស្សទាំងអស់ ទាស់ទទឹងនឹងអ្នកជិតខាងរៀងខ្លួន»។ 11ប៉ុន្តែ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងមិនប្រព្រឹត្តចំពោះសំណល់ជនជាតិនេះ ដូចកាលពីមុនទៀតទេ 12ដ្បិតនឹងមានពូជនៃសេចក្ដីសុខ ហើយដើមទំពាំងបាយជូរនឹងបង្កើតផល ដីក៏ចម្រើនផល ផ្ទៃមេឃនឹងទម្លាក់សន្សើមមក ហើយយើងនឹងឲ្យសំណល់នៃជនជាតិនេះទទួលរបស់ទាំងនេះទុកជាមត៌ក។ 13ឱពួកវង្សយូដា និងពួកវង្សអ៊ីស្រាអែលអើយ ពីដើមអ្នកជាទីផ្ដាសានៅកណ្ដាលអស់ទាំងសាសន៍យ៉ាងណា នោះយើងនឹងសង្គ្រោះឯងរាល់គ្នាឲ្យបានព្រះពរវិញយ៉ាងនោះដែរ កុំខ្លាចឡើយ ចូរឲ្យមានកម្លាំងដៃវិញចុះ»។
14ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ដូចដែលបុព្វបុរសរបស់អ្នកបានបណ្ដាលឲ្យយើងក្រោធ នោះយើងបានគិតនឹងធ្វើអាក្រក់ដល់ឯងរាល់គ្នា ឥតប្រែចិត្តជាយ៉ាងណា 15សព្វថ្ងៃនេះ យើងគិតធ្វើល្អដល់ក្រុងយេរូសាឡិម និងដល់ពួកវង្សយូដាក៏យ៉ាងនោះដែរ កុំខ្លាចឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ 16នេះជាការដែលឯងរាល់គ្នាត្រូវធ្វើ គឺគ្រប់គ្នាត្រូវនិយាយសេចក្ដីពិតនឹងអ្នកជិតខាងខ្លួន ហើយត្រូវសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុខ នៅក្នុងទ្វារក្រុងរបស់ឯងរាល់គ្នា 17កុំឲ្យអ្នកណាម្នាក់ប្រព្រឹត្តអាក្រក់ទាស់នឹងអ្នកជិតខាងខ្លួនឡើយ ក៏កុំឲ្យចូលចិត្តនឹងពាក្យស្បថកំភូតដែរ ដ្បិតយើងស្អប់អំពើទាំងអស់នេះណាស់» នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ពិធីជប់លៀងយ៉ាងសប្បាយ
18ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលមកកាន់ខ្ញុំ 19ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ពេលតមអាហារក្នុងខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់នោះ ជាពេលរីករាយសប្បាយ ហើយជាបុណ្យគគ្រឹកគគ្រេងសម្រាប់ពួកវង្សយូដា។ ដូច្នេះ ចូរស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្ត»។
មនុស្សជាច្រើនចូលក្រុងយេរ៉ូសាឡិម
20ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «មានមនុស្សជាច្រើន និងមនុស្សសាសន៍ផ្សេងៗនៅទីក្រុងជាច្រើននឹងមក 21ពួកអ្នកនៅស្រុកមួយនឹងទៅស្រុកមួយទៀតបបួលថា "ចូរយើងប្រញាប់ទៅទូលអង្វរព្រះយេហូវ៉ា ហើយស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារចុះ ហើយខ្ញុំក៏ទៅដែរ"។ 22ជនជាតិជាច្រើន និងសាសន៍ខ្លាំងពូកែ នឹងមកស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារនៅក្រុងយេរូសាឡិម ដើម្បីទូលអង្វរព្រះអង្គ។ 23ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា នៅគ្រានោះ មនុស្សដប់នាក់ពីភាសាផ្សេងៗនឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា "យើងខ្ញុំនឹងទៅជាមួយអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះគង់ជាមួយឯងរាល់គ្នា"»។
ទើបបានជ្រើសរើសហើយ៖
សាការី 8: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies