សាការី 7

7
ពិធី​តម​អាហារ
1នៅ​ឆ្នាំ​ទី​បួន ក្នុង​រាជ្យ​ស្តេច​ដារីយុស នៅ​ថ្ងៃ​ទី​បួន ខែ​ទីប្រាំ​បួន ត្រូវ​នឹង​ខែ​មិគ្គសិរ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មកកាន់​សាការី 2គ្រា​នោះ ពួក​អ្នក​នៅ​បេត-អែល​បាន​ចាត់​សារេស៊ើរ និង​រេគេម-មែលេក ព្រម​ទាំង​ពួកមនុស្ស​មួយ​ក្រុម​មក​ទូល​អង្វរ​ព្រះ‌យេហូវ៉ា 3ហើយ​សួរ​ពួក​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ និង​សួរ​ពួក​ហោរា​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​យំ ហើយ​តម​អាហារ​នៅ​ខែ​ទី​ប្រាំ ដូច​ជា​យើង​ធ្លាប់​ធ្វើ​ជា​យូរ​ឆ្នាំ​មក​ហើយ​ឬ?» 4ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​មក​កាន់​ខ្ញុំ​ថា៖ 5ចូរ​ប្រាប់​ប្រជាជន​នៅ​ក្នុង​ស្រុក និង​ពួក​សង្ឃ​ថា ពេល​ណា​ឯង​រាល់​គ្នា​បាន​តមអាហារ ហើយ​យំ​សោក​នៅ​ខែទី​ប្រាំ និង​ខែ​ទីប្រាំពីរ គ្រប់​ទាំង​ចិត​សិប​ឆ្នាំ​មក​នេះ តើ​បាន​តម​អាហារ​ដោយ​គោរព​ដល់យើង​មែន​ឬ? 6ហើយ​កាល​ណា​ឯង​រាល់​គ្នា​បរិភោគអាហារ ឬ​ផឹក តើ​មិន​មែនបរិភោគ និង​ផឹក​ជា​ប្រយោជន៍​ដល់​ខ្លួន​ទេ​ឬ? 7តើ​នេះ​មិន​មែន​ជា​អ្វី​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រកាស​ប្រាប់ តាម​រយៈ​ពួក​ហោរា នៅ​ពេល​ដែល​មាន​មនុស្ស​រស់​នៅ​យ៉ាង​សុខដុម នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ទី​ក្រុង​នៅ​ជុំ‌វិញ តំបន់​ណេកិប និង​ស្រុក​ទំនាបទេ​ឬ?
ទណ្ឌកម្ម​ចំពោះ​អ្នក​ដែល​បដិសេធបំណង​របស់​ព្រះ
8ព្រះ‌យេហូវ៉ា​មានព្រះ‌បន្ទូល​មក​កាន់​សាការី 9ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ចូរ​វិនិច្ឆ័យដោយ​យុត្តិ‌ធម៌ មាន​ចិត្ត​សប្បុរស និង​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក 10កុំ​សង្កត់‌សង្កិន​ស្ត្រី​មេម៉ាយ ពួក​កំព្រា ពួក​បរទេស ឬ​មនុស្ស​ទ័ល‌ក្រ​ឡើយ ក៏​កុំ​ឲ្យ​មាន​អ្នក​ណាម្នាក់ប្រព្រឹត្ត​អាក្រក់ ទាស់​នឹង​បង‌ប្អូន​ខ្លួន​ដែរ»។ 11ប៉ុន្តែ ពួក​គេ​មិន​ស្តាប់​តាម​សោះ គេ​ក៏​ងាកមុខ​ចេញ ហើយ​ចុក​ត្រចៀក ដើម្បី​មិន​ឲ្យ​ឮ។ 12ពួក​គេ​តាំង​ចិត្ត​រឹង​ដូច​ជា​ថ្ម មិន​តាម​ក្រឹត្យ‌វិន័យ និង​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​ចាត់​ព្រះ‌វិញ្ញាណ​មក​ប្រាប់ តាម​រយៈ​ពួក​ហោរា​កាល​ពី​ជំនាន់​មុន​នោះ​ឡើយ។ ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ក្រោធ​ជា​ខ្លាំង។ 13ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «ដូចជា​យើង បាន​ស្រែកហៅ តែ​គេ​មិន​ព្រម​ស្តាប់​យ៉ាង​ណា នោះ​គេ​ក៏​ស្រែក​ដែរ តែ​យើង​មិន​ព្រម​ស្តាប់​ដូច​គ្នា 14គឺ​យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​ដោយ​ខ្យល់​កួច ឲ្យ​ទៅ​នៅក្នុង​ចំណោម​សាសន៍​ផ្សេងៗ ដែល​គេ​មិន​ស្គាល់​ឡើយ។ ដូច្នេះ ស្រុកគេ​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​ដើរ​កាត់ ឬ​វិល​ត្រឡប់​មក​វិញ​ទេ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​ដ៏​ល្អ​ទៅ​ជា​ទី​ខូច‌បង់​អស់»។

ទើបបានជ្រើសរើសហើយ៖

សាការី 7: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល