សាការី 11
11
1ឱល្បាណូនអើយ ចូរបើកទ្វារ
ដើម្បីឲ្យភ្លើងឆេះដើមតាត្រៅរបស់អ្នក
2ឱដើមកកោះអើយ ចូរទ្រហោយំចុះ
ដ្បិតដើមតាត្រៅបានរលំ
ហើយដើមល្អៗត្រូវបំផ្លាញអស់
ឱដើមម៉ៃសាក់នៅស្រុកបាសានអើយ
ចូរទ្រហោយំចុះ ពីព្រោះព្រៃស្រោងត្រូវរលំហើយ
3មានឮសំឡេងពួកគង្វាលទ្រហោយំ
សេចក្ដីរុងរឿងរបស់គេត្រូវបំផ្លាញ
ក៏ឮសំឡេងស្រែកក្រហឹមរបស់សិង្ហស្ទាវ
ដ្បិតសេចក្ដីអំនួតរបស់ទន្លេយ័រដាន់បានខូចអស់ទៅ។
គង្វាលពីរនាក់
4ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ មានព្រះបន្ទូលដូច្នេះថា៖ «ចូរឃ្វាលហ្វូងចៀមដែលសម្រាប់សម្លាប់ 5ជាហ្វូងដែលពួកអ្នកទិញយកទៅសម្លាប់ ដោយឥតមានទោសអ្វីទេ ឯពួកអ្នកលក់ពោលថា "សូមឲ្យព្រះយេហូវ៉ាប្រកបដោយព្រះពរ ដ្បិតខ្ញុំបានក្លាយជាអ្នកមានហើយ"។ ពួកគង្វាលក៏មិនបានប្រណីដល់ចៀមដែរ។ 6ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា "យើងនឹងមិនប្រណីពួកអ្នកនៅក្នុងស្រុកទៀតឡើយ។ មើល៍! យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃអ្នកជិតខាង ហើយទៅក្នុងកណ្ដាប់ដៃស្តេចរបស់ខ្លួនដែរ ពួកនោះនឹងវាយកម្ទេចទឹកដី ហើយយើងក៏មិនប្រោសឲ្យរួចដែរ"»។ 7ដូច្នេះ ខ្ញុំក៏ឃ្វាលហ្វូងចៀមដែលសម្រាប់សម្លាប់ ដែលពិតជាចៀមវេទនាបំផុតក្នុងហ្វូង ខ្ញុំក៏យកដំបងពីរមក ដំបងមួយខ្ញុំឲ្យឈ្មោះថា «លម្អ» មួយទៀតឲ្យឈ្មោះថា «សម្ពន្ធ» ខ្ញុំក៏ឃ្វាលហ្វូងចៀមទៅ 8ក្នុងមួយខែ ខ្ញុំបានបណ្តេញគង្វាលអស់បីនាក់ ពីព្រោះចិត្តខ្ញុំធុញថប់នឹងគេ ហើយចិត្តគេក៏ខ្ពើមខ្ញុំដែរ។
9នោះខ្ញុំក៏និយាយថា៖ «ខ្ញុំលែងឃ្វាលឯងរាល់គ្នាហើយ ណាដែលស្លាប់ ឲ្យស្លាប់ចុះ ណាដែលត្រូវវិនាស ឲ្យវិនាសចុះ ហើយណាដែលសល់នៅ ឲ្យវាហែកគ្នាស៊ីទៅ»។ 10ខ្ញុំក៏យកដំបងរបស់ខ្ញុំដែលមានឈ្មោះ «លម្អ» មកកាច់បំបាក់ ដើម្បីផ្តាច់សេចក្ដីសញ្ញារបស់ខ្ញុំ ដែលខ្ញុំបានតាំងនឹងជនជាតិទាំងឡាយ។ 11សេចក្ដីសញ្ញានោះក៏ត្រូវដាច់នៅថ្ងៃនោះ យ៉ាងនោះ ពួកវេទនាបំផុត ក្នុងហ្វូងដែលស្តាប់តាមខ្ញុំ គេបានដឹងថាជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ 12ខ្ញុំនិយាយទៅគេថា៖ «បើឯងរាល់គ្នាឃើញថាល្អ សូមឲ្យឈ្នួលមកខ្ញុំ ប៉ុន្តែ បើមិនបង់ ក៏ទុកវិញចុះ» ដូច្នេះ គេក៏ថ្លឹងប្រាក់សាមសិបដួងសម្រាប់ជាឈ្នួលរបស់ខ្ញុំ។ 13បន្ទាប់មក ព្រះយេហូវ៉ាបង្គាប់មកខ្ញុំថា៖ «ចូរបោះប្រាក់នោះឲ្យដល់ជាងស្មូន ចុះ» គឺជាតម្លៃយ៉ាងល្អ ដែលគេបានកាត់ថ្លៃខ្ញុំ នោះខ្ញុំក៏យកប្រាក់សាមសិបដួងនោះ ទៅបោះឲ្យជាងស្មូន ក្នុងព្រះដំណាក់នៃព្រះយេហូវ៉ា។ 14រួចខ្ញុំក៏បំបាក់ដំបងរបស់ខ្ញុំមួយទៀត ដែលឈ្មោះថា «សម្ពន្ធមិត្ត» ដើម្បីនឹងផ្តាច់សម្ពន្ធមេត្រីគ្នារវាងពួកយូដា និងពួកអ៊ីស្រាអែល។
15ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរអ្នកយកគ្រឿងប្រដាប់របស់គង្វាលល្ងីល្ងើម្តងទៀត 16ដ្បិតយើងធ្វើឲ្យមានគង្វាលមួយកើតឡើងក្នុងស្រុក ដែលមិនយកចិត្តទុកដាក់នឹងចៀមដែលវង្វេងបាត់ ក៏មិនទៅរកចៀមណាដែលខ្ចាត់ខ្ចាយ ឬរុំអបចៀមណាដែលរបួស ឬឃ្វាលចៀមណាដែលនៅជាប់តាមហ្វូង។ ផ្ទុយទៅវិញ គង្វាលនឹងស៊ីសាច់សត្វណាដែលធាត់ៗ ហើយហែកក្រចកជើងវាទៀតផង។
17វេទនាដល់គង្វាលចោលម្សៀត
ដែលគេបោះបង់ចោលហ្វូងចៀម
ដ្បិតនឹងមានដាវធ្លាក់មកត្រូវដៃ
ហើយត្រូវភ្នែកស្តាំរបស់អ្នកនោះ
ដៃនោះនឹងស្វិតជ្រិវអស់ទៅ
ហើយភ្នែកស្តាំនឹងត្រូវងងឹតសូន្យ»។
ទើបបានជ្រើសរើសហើយ៖
សាការី 11: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies