វិវរណៈ 12
12
ស្ដ្រី និងនាគ
1មានទីសម្គាល់មួយយ៉ាងធំលេចមកនៅលើមេឃ គឺស្ត្រីម្នាក់ស្លៀកពាក់ព្រះអាទិត្យ មានព្រះច័ន្ទនៅក្រោមជើង ហើយមានមកុដធ្វើពីផ្កាយដប់ពីរនៅលើក្បាលរបស់នាង។ 2នាងមានគភ៌ ហើយកំពុងស្រែកទាំងឈឺចាប់ ដោយហៀបនឹងសម្រាលកូន។ 3មានទីសម្គាល់មួយទៀតលេចមកនៅលើមេឃ គឺមាននាគមួយយ៉ាងធំសម្បុរក្រហម មានក្បាលប្រាំពីរ និងស្នែងដប់ ហើយនៅលើក្បាលរបស់វាមានមកុដប្រាំពីរ។ 4កន្ទុយវាទាញផ្កាយពីលើមេឃមួយភាគបី ហើយគ្រវែងទម្លាក់មកផែនដី។ បន្ទាប់មក នាគក៏ឈរនៅមុខស្ត្រីដែលហៀបនឹងសម្រាលកូននោះ ចាំលេបកូនរបស់នាង ពេលណាកូននោះសម្រាលចេញមក។ 5នាងសម្រាលបានកូនប្រុស ដែលត្រូវគ្រប់គ្រងលើ អស់ទាំងជាតិសាសន៍ ដោយដំបងដែក តែព្រះបានឆក់យកកូនរបស់នាងទៅដល់បល្ល័ង្ករបស់ព្រះអង្គ 6រួចស្ត្រីនោះក៏ភៀសខ្លួនទៅឯទីរហោស្ថាន ជាកន្លែងដែលព្រះបានរៀបចំទុកឲ្យនាង ដើម្បីចិញ្ចឹមនាង អស់រយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ។
លោកមីកែលវាយបំបាក់នាគ
7ពេលនោះ មានចម្បាំងកើតឡើងនៅលើមេឃ គឺមីកែល និងពួកទេវតារបស់លោកច្បាំងនឹងនាគ ហើយនាគ និងទេវតារបស់វាក៏ច្បាំងតបវិញ 8តែមិនបានឈ្នះទេ ក៏គ្មានកន្លែងណាឲ្យវានៅស្ថានសួគ៌ទៀតដែរ។ 9នាគធំនោះត្រូវបានបោះទម្លាក់ចុះមក គឺពស់ពីបុរាណ ដែលហៅថាអារក្ស និងសាតាំង ជាមេបោកបញ្ឆោតពិភពលោកទាំងមូល វាត្រូវបានបោះទម្លាក់ចុះមកផែនដី ហើយពួកទេវតារបស់វាក៏ត្រូវបានបោះទម្លាក់ចុះមកជាមួយវាដែរ។
10បន្ទាប់មក ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ការសង្គ្រោះ ព្រះចេស្តា និងរាជ្យរបស់ព្រះនៃយើង ព្រមទាំងអំណាចរបស់ព្រះគ្រីស្ទនៃព្រះអង្គ បានមកដល់ហើយ ដ្បិតអ្នកចោទប្រកាន់ពួកបងប្អូនរបស់យើង ដែលចេះតែចោទពីគេនៅចំពោះព្រះនៃយើងទាំងយប់ទាំងថ្ងៃ ត្រូវបានបោះទម្លាក់ចុះហើយ។ 11ប៉ុន្តែ គេបានឈ្នះវា ដោយសារឈាមរបស់កូនចៀម និងដោយសារសេចក្ដីបន្ទាល់របស់គេ ដ្បិតគេមិនបានស្តាយជីវិតរបស់ខ្លួនឡើយ ទោះជាត្រូវស្លាប់ក៏ដោយ។ 12ហេតុនេះ ឱស្ថានសួគ៌ និងអស់អ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី និងសមុទ្រវិញ ដ្បិតអារក្សបានចុះមករកអ្នករាល់គ្នាទាំងក្រេវក្រោធជាខ្លាំង ព្រោះវាដឹងថា ពេលវេលាវានៅខ្លីណាស់!»។
នាគច្បាំងម្តងទៀតនៅលើផែនដី
13លុះនាគឃើញថា វាត្រូវបានបោះទម្លាក់ចុះមកផែនដីដូច្នេះ វាក៏ដេញតាមស្ត្រីដែលសម្រាលកូនប្រុសនោះ។ 14ប៉ុន្តែ ព្រះប្រទានឲ្យស្ត្រីនោះមានស្លាបពីរ ដូចជាស្លាបសត្វឥន្ទ្រី ដើម្បីឲ្យនាងបានហើរចេញពីសត្វពស់ ទៅកន្លែងរបស់នាងនៅទីរហោស្ថាន ជាកន្លែងដែលព្រះចិញ្ចឹមនាងអស់មួយខួប ពីរខួប និងកន្លះខួប ។ 15ពេលនោះ ពស់ព្រួសទឹកចេញពីមាត់វាដូចជាទឹកទន្លេ តាមពីក្រោយស្ត្រីនោះ ដើម្បីបន្សាត់នាងឲ្យបាត់ទៅតាមទន្លេនោះ។ 16ប៉ុន្តែ ផែនដីបានជួយនាង ដោយហាមាត់លេបទន្លេ ដែលនាគព្រួសចេញពីមាត់វានោះអស់ទៅ។ 17បន្ទាប់មក នាគក៏ខឹងនឹងស្ត្រីនោះ ហើយចេញទៅច្បាំងនឹងកូនចៅរបស់នាងដែលនៅសល់ ជាអ្នកដែលកាន់តាមបទបញ្ជារបស់ព្រះ និងទីបន្ទាល់របស់ព្រះយេស៊ូវ។ 18ពេលនោះ នាគក៏ចេញទៅឈរនៅឆ្នេខ្សាច់ នាមាត់សមុទ្រ។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 12: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies