វិវរណៈ 12

12
ស្ដ្រី និង​នាគ
1មាន​ទី​សម្គាល់​មួយ​យ៉ាង​ធំ​លេច​មក​នៅ​លើ​មេឃ គឺ​ស្ត្រី​ម្នាក់​ស្លៀក​ពាក់​ព្រះ‌អាទិត្យ មាន​ព្រះ‌ច័ន្ទ​នៅ​ក្រោម​ជើង ហើយ​មាន​មកុដ​ធ្វើ​ពី​ផ្កាយ​ដប់‌ពីរ​នៅ​លើ​ក្បាល​របស់​នាង។ 2នាង​មាន​គភ៌ ហើយ​កំពុង​ស្រែក​ទាំង​ឈឺ​ចាប់ ដោយ​ហៀប​នឹង​សម្រាល​កូន។ 3មាន​ទី​សម្គាល់​មួយ​ទៀត​លេច​មក​នៅ​លើ​មេឃ គឺ​មាន​នាគ​មួយ​យ៉ាង​ធំ​សម្បុរ​ក្រហម មាន​ក្បាល​ប្រាំពីរ និង​ស្នែង​ដប់ ហើយ​នៅ​លើ​ក្បាល​របស់​វា​មាន​មកុដ​ប្រាំពីរ។ 4កន្ទុយ​វា​ទាញ​ផ្កាយ​ពី​លើ​មេឃ​មួយ​ភាគ​បី ហើយ​គ្រវែង​ទម្លាក់​មក​ផែនដី។ បន្ទាប់​មក នាគ​ក៏​ឈរ​នៅ​មុខ​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន​នោះ ចាំ​លេប​កូន​របស់​នាង ពេល​ណា​កូន​នោះ​សម្រាល​ចេញ​មក។ 5នាង​សម្រាល​បាន​កូន​ប្រុស ដែល​ត្រូវ​គ្រប់​គ្រង​លើ អស់​ទាំង​ជាតិ​សាសន៍ ដោយ​ដំបង​ដែក តែ​ព្រះ​បាន​ឆក់​យក​កូន​របស់​នាង​ទៅ​ដល់​បល្ល័ង្ក​របស់​ព្រះ‌អង្គ 6រួច​ស្ត្រី​នោះ​ក៏​ភៀស​ខ្លួន​ទៅ​ឯ​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ព្រះ​បាន​រៀប​ចំ​ទុក​ឲ្យ​នាង ដើម្បី​ចិញ្ចឹម​នាង អស់​រយៈ​ពេល​មួយពាន់​ពីរ​រយ​ហុកសិប​ថ្ងៃ។
លោក​មីកែល​វាយ​បំបាក់​នាគ
7ពេល​នោះ មាន​ចម្បាំង​កើត​ឡើង​នៅ​លើ​មេឃ គឺ​មីកែល និង​ពួក​ទេវតា​របស់​លោក​ច្បាំង​នឹង​នាគ ហើយ​នាគ និង​ទេវតា​របស់​វា​ក៏​ច្បាំង​តប​វិញ 8តែ​មិន​បាន​ឈ្នះ​ទេ ក៏​គ្មាន​កន្លែង​ណា​ឲ្យ​វា​នៅ​ស្ថាន‌សួគ៌​ទៀត​ដែរ។ 9នាគ​ធំ​នោះ​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក គឺ​ពស់​ពី​បុរាណ ដែល​ហៅ​ថា​អារក្ស និង​សាតាំង ជា​មេ​បោក​បញ្ឆោត​ពិភព​លោក​ទាំង​មូល វា​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ផែនដី ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ជា​មួយ​វា​ដែរ។
10បន្ទាប់​មក ខ្ញុំ​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​ថា៖ «ឥឡូវ​នេះ ការ​សង្គ្រោះ ព្រះ‌ចេស្តា និង​រាជ្យ​របស់​ព្រះ​នៃ​យើង ព្រម​ទាំង​អំណាច​របស់​ព្រះ‌គ្រីស្ទ​នៃ​ព្រះ‌អង្គ បាន​មក​ដល់​ហើយ ដ្បិត​អ្នក​ចោទ​ប្រកាន់​ពួក​បង‌ប្អូន​របស់​យើង ដែល​ចេះ​តែ​ចោទ​ពី​គេ​នៅ​ចំពោះ​ព្រះ​នៃ​យើង​ទាំង​យប់​ទាំង​ថ្ងៃ ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​ហើយ។ 11ប៉ុន្តែ គេ​បាន​ឈ្នះ​វា ដោយ‌សារ​ឈាម​របស់​កូន​ចៀម និង​ដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​គេ ដ្បិត​គេ​មិន​បាន​ស្តាយ​ជីវិត​របស់​ខ្លួន​ឡើយ ទោះ​ជា​ត្រូវ​ស្លាប់​ក៏​ដោយ។ 12ហេតុ​នេះ ឱ​ស្ថាន‌សួគ៌ និង​អស់​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ ចូរ​អរ​សប្បាយ​ឡើង តែ​វេទនា​ដល់​ផែនដី និង​សមុទ្រ​វិញ ដ្បិត​អារក្ស​បាន​ចុះ​មក​រក​អ្នក​រាល់​គ្នា​ទាំង​ក្រេវ​ក្រោធ​ជា​ខ្លាំង ព្រោះ​វា​ដឹង​ថា ពេល​វេលា​វា​នៅ​ខ្លី​ណាស់!»។
នាគ​ច្បាំង​ម្តង​ទៀត​នៅ​លើ​ផែនដី
13លុះ​នាគ​ឃើញ​ថា វា​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ផែនដី​ដូច្នេះ វា​ក៏​ដេញ​តាម​ស្ត្រី​ដែល​សម្រាល​កូន​ប្រុស​នោះ។ 14ប៉ុន្តែ ព្រះ​ប្រទាន​ឲ្យ​ស្ត្រី​នោះ​មាន​ស្លាប​ពីរ ដូច​ជា​ស្លាប​សត្វ​ឥន្ទ្រី ដើម្បី​ឲ្យ​នាង​បាន​ហើរ​ចេញ​ពី​សត្វ​ពស់ ទៅ​កន្លែង​របស់​នាង​នៅ​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ព្រះ​ចិញ្ចឹម​នាង​អស់​មួយ​ខួប ពីរ​ខួប និង​កន្លះ​ខួប ។ 15ពេល​នោះ ពស់​ព្រួស​ទឹក​ចេញ​ពី​មាត់​វា​ដូច​ជា​ទឹក​ទន្លេ តាម​ពី​ក្រោយ​ស្ត្រី​នោះ ដើម្បី​បន្សាត់​នាង​ឲ្យ​បាត់​ទៅ​តាម​ទន្លេ​នោះ។ 16ប៉ុន្តែ ផែនដី​បាន​ជួយ​នាង ដោយ​ហា​មាត់​លេប​ទន្លេ ដែល​នាគ​ព្រួស​ចេញ​ពី​មាត់​វា​នោះ​អស់​ទៅ។ 17បន្ទាប់​មក នាគ​ក៏​ខឹង​នឹង​ស្ត្រី​នោះ ហើយ​ចេញ​ទៅ​ច្បាំង​នឹង​កូន​ចៅ​របស់​នាង​ដែល​នៅ​សល់ ជា​អ្នក​ដែល​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ និង​ទី​បន្ទាល់​របស់​ព្រះ‌យេ‌ស៊ូវ។ 18ពេល​នោះ នាគ​ក៏​ចេញ​ទៅ​ឈរ​នៅ​ឆ្នេ​ខ្សាច់ នា​មាត់​សមុទ្រ។

ទើបបានជ្រើសរើសហើយ៖

វិវរណៈ 12: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល