ទំនុកតម្កើង 91

91
ការ​ធានា​អះអាងអំពី​ការការពារ​របស់​ព្រះ
1អ្នក​ណា​ដែល​រស់​នៅ​ក្រោម​ជម្រក
នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត
អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់
ព្រះ‌ចេស្តា ។
2ខ្ញុំ​នឹង​ពោល​អំពី​ព្រះ‌យេហូវ៉ា​ថា
«ព្រះ‌អង្គ​ជា​ទី​ពឹង​ពំនាក់
ជា​បន្ទាយ​របស់​ទូល‌បង្គំ
ជា​ព្រះ​នៃ​ទូល‌បង្គំ
ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ»។
3ដ្បិត​ព្រះ‌អង្គ​នឹង​រំដោះ​អ្នក​ឲ្យ​រួចពី​អន្ទាក់
របស់​នាយ​ព្រាន
និង​ពី​ជំងឺ​រាត​ត្បាត​ដែល​នាំ​ឲ្យ​អន្តរាយ។
4ព្រះ‌អង្គ​នឹង​ក្រុង​អ្នក​ដោយ​ស្លាប​របស់​ព្រះ‌អង្គ
ហើយអ្នក​នឹង​ជ្រក​នៅ​ក្រោម
ចំអេង​ស្លាប​របស់​ព្រះ‌អង្គ
ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​ជា​ខែល
និង​ជា​អាវ​ក្រោះ។
5អ្នក​នឹង​មិន​ភ័យ​ខ្លាចគ្រោះ​ថ្នាក់
ដែល​គួរ​ឲ្យ​តក់​ស្លុត​នៅ​ពេល​យប់
ឬ​ព្រួញ​ដែល​ហើរ​នៅ​ពេល​ថ្ងៃ
6ឬជំងឺ​រាតត្បាត​ដែលកើត​មាន​នៅ​ទី​ងងឹត
ឬ​មហន្តរាយ​ដែល​បំផ្លាញ
នៅ​ពេល​ថ្ងៃ​ត្រង់ឡើយ។
7៙ ទោះ​បើ​មាន​មនុស្ស​មួយ​ពាន់​នាក់
ដួល​ស្លាប់​នៅ​ក្បែរ​អ្នក
ហើយ​មួយ​ម៉ឺន​នាក់​នៅ​ខាង​ដៃ​ស្តាំ​អ្នក​ក្ដី
ក៏​ការ​នោះ​នឹង​មិន​មក​ជិត​អ្នក​ឡើយ។
8អ្នក​នឹង​បាន​ឃើញ​ការ​តប​ស្នង
ដល់​មនុស្ស​អាក្រក់ ដោយ​ភ្នែក​តែ​ប៉ុណ្ណោះ។
9៙ ដោយ​ព្រោះ​អ្នក​បាន​យក
ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក
គឺ​បាន​យក​ព្រះ​ដ៏​ខ្ពស់​បំផុត​ជា​ទី​លំនៅ​របស់​អ្នក
10នោះ​នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា
កើត​មាន​ដល់​អ្នក​ឡើយ
ក៏​គ្មាន​គ្រោះ​កាច​ណា​មក​ជិត
ទី​លំនៅ​របស់​អ្នក​ដែរ។
11៙ ដ្បិត​ព្រះ‌អង្គ​នឹង​បង្គាប់​ពួក​ទេវតា
របស់​ព្រះ‌អង្គពី​ដំណើរ​អ្នក
ឲ្យ​បាន​ថែ‌រក្សាអ្នក ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​អ្នក។
12ទេវតា​ទាំង​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ
ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម។
13អ្នក​នឹង​ដើរ​ជាន់​សត្វ​សិង្ហ និង​ពស់​វែក
ឯ​សិង្ហ​ស្ទាវ និង​នាគ
អ្នក​អាច​នឹង​ជាន់​ឈ្លី​ដោយ​ជើង​បាន។
14៙ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​ថា
«ដោយ​ព្រោះ​គេ​បាន​យកយើង​ជា​ទី​ស្រឡាញ់
យើង​នឹង​រំដោះ​គេ យើង​នឹង​ការ​ពារ​គេ
ព្រោះ​គេ​ទទួល​ស្គាល់​ឈ្មោះ​យើង។
15កាល​គេ​អំពាវ‌នាវ​រក​យើង
យើង​នឹង​ឆ្លើយ​តបដល់​គេ
យើង​នឹង​នៅ​ជា​មួយ​គេ​ក្នុង​គ្រា​ទុក្ខ​លំបាក
យើង​នឹង​សង្គ្រោះ​គេ ហើយ​លើក​មុខ​គេ។
16យើង​នឹង​ឲ្យ​គេ​ស្កប់​ចិត្ត​ដោយ​អាយុ​យឺន​យូរ
ហើយ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ
ការ​សង្គ្រោះ​របស់​យើង»។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 91: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល