ទំនុកតម្កើង 7
7
ការអធិស្ឋានសុំជំនួយប្រឆាំងនឹងពួកបៀតបៀន
បទទំនួញរបស់ស្តេចដាវីឌ ដែលច្រៀងថ្វាយព្រះយេហូវ៉ា អំពីរឿងម្នាក់ឈ្មោះគុស ជាពូជពង្សបេនយ៉ាមីន។
1ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំយកព្រះអង្គជាទីជ្រកកោន
សូមសង្គ្រោះទូលបង្គំឲ្យរួចពីអស់អ្នក
ដែលដេញតាមទូលបង្គំផង
2ក្រែងគេហែកព្រលឹងទូលបង្គំ ដូចជាសិង្ហ
ហើយហែកឲ្យខ្ទេចខ្ទី
គ្មានអ្នកណារំដោះបានឡើយ។
3ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ
ប្រសិនបើទូលបង្គំធ្វើដូច្នេះ
គឺបើមានអំពើទុច្ចរិតណានៅដៃទូលបង្គំ
4ប្រសិនបើទូលបង្គំធ្វើការអាក្រក់
ស្នងនឹងមិត្តសម្លាញ់ទូលបង្គំ
ឬបានរឹបអូសយកទ្រព្យពីសត្រូវ
របស់ទូលបង្គំដោយឥតហេតុ
5នោះសូមឲ្យខ្មាំងសត្រូវដេញតាម
ព្រលឹងទូលបង្គំ ហើយទាន់ចុះ
សូមឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី
ហើយយកកិត្តិយសទូលបង្គំ
ទម្លាក់ក្នុងធូលីដីចុះ។ -បង្អង់
6ឱព្រះយេហូវ៉ាអើយ
សូមក្រោកឡើង
ដោយសេចក្ដីក្រោធរបស់ព្រះអង្គ
សូមងើបឡើង ទាស់នឹងអំពើឃោរឃៅ
របស់ខ្មាំងសត្រូវនៃទូលបង្គំផង
ព្រះនៃទូលបង្គំអើយ សូមតើនឡើង
ព្រះអង្គបានតែងតាំងឲ្យមានការជំនុំជម្រះ។
7សូមឲ្យក្រុមជំនុំនៃសាសន៍ទាំងឡាយ
មកជួបជុំគ្នានៅជុំវិញព្រះអង្គ
សូមព្រះអង្គគ្រប់គ្រងគេពីលើទីខ្ពស់។
8ព្រះយេហូវ៉ាជំនុំជម្រះសាសន៍ទាំងឡាយ
ឱព្រះយេហូវ៉ាអើយ សូមជំនុំជម្រះទូលបង្គំ
តាមសេចក្ដីសុចរិតរបស់ទូលបង្គំ
និងតាមសេចក្ដីទៀងត្រង់របស់ទូលបង្គំផង។
9ឱសូមឲ្យអំពើអាក្រក់របស់មនុស្សទុច្ចរិត
បានផុតទៅ
តែសូមតាំងមនុស្សសុចរិតឲ្យខ្ជាប់ខ្ជួនឡើង
ដ្បិតព្រះដ៏សុចរិតអើយ
ព្រះអង្គល្បងមើលចិត្តថ្លើមរបស់មនុស្ស!
10ខែលរបស់ទូលបង្គំនៅជាមួយព្រះ
ដែលសង្គ្រោះមនុស្សមានចិត្តទៀងត្រង់។
11ព្រះអង្គជាចៅក្រមសុចរិត
ហើយជាព្រះដែលខ្ញាល់
នឹងមនុស្សទុច្ចរិតរាល់ថ្ងៃ។
12បើអ្នកណាមិនប្រែចិត្ត ព្រះអង្គនឹងសំលៀងដាវ
ព្រះអង្គយឹតដំឡើងធ្នូជាស្រេច
13ព្រះអង្គរៀបចំអាវុធទុកប្រហារគេរួចហើយ
ព្រមទាំងធ្វើព្រួញភ្លើងទុកសម្រាប់បាញ់ផង។
14មើល៍! គេឈឺនឹងសម្រាលអំពើទុច្ចរិតរបស់គេ
ក៏មានផ្ទៃពោះជាសេចក្ដីអាក្រក់
ហើយសម្រាលចេញជាសេចក្ដីភូតភរ។
15គេបានជីកធ្វើរណ្តៅ
ហើយខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅ
ដែលគេធ្វើនោះ
16អំពើអាក្រក់របស់គេ
នឹងត្រឡប់មកលើក្បាលគេវិញ
ហើយអំពើឃោរឃៅរបស់គេ
ក៏នឹងធ្លាក់មកលើក្រយៅក្បាលគេវិញដែរ។
17ខ្ញុំនឹងអរព្រះគុណព្រះយេហូវ៉ា
ព្រោះព្រះអង្គសុចរិត
ហើយខ្ញុំនឹងច្រៀងសរសើរព្រះនាម
ព្រះយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុត។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 7: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies