ទំនុកតម្កើង 8

8
ភាព​ថ្កុំ​ថ្កើង​របស់​ព្រះ និង​កិត្តិយស​របស់​មនុស្ស
ទំនុក​របស់ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​ភ្លេង​គីធីត។
1ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើងខ្ញុំ​អើយ
ព្រះ‌នាម​របស់​ព្រះ‌អង្គ​ថ្កុំ​ថ្កើង​រុងរឿង
ពាស​ពេញ​លើ​ផែនដី​ទាំង​មូល!
ព្រះ‌អង្គ​បាន​តម្កល់​សិរី‌ល្អរបស់​ព្រះ‌អង្គ
នៅ​លើ​ផ្ទៃ​មេឃ
2ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មាន​ពាក្យ​សរសើរ
ដោយ‌សារ​មាត់​កូន​ក្មេង
និង​កូន​ដែល​នៅ​បៅ​ដោះ
ដោយ​ព្រោះបច្ចា​មិត្ត​របស់​ព្រះ‌អង្គ
ដើម្បី​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ ព្រម​ទាំង​ពួក​សង‌សឹក
បាន​នៅ​ស្ងៀម។
3ពេល​ទូល‌បង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ
ដែល​ជា​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ
គឺ​ទាំង​ខែ និង​ផ្កាយ ដែល​ព្រះ‌អង្គ​បាន​ប្រតិស្ឋាន
4នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ព្រះ‌អង្គ​នឹក​គិត​ដល់​គេ
ហើយ​កូន​មនុស្ស ដែល​ព្រះ‌អង្គ
យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​គេ​ដូច្នេះ?
5ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ
ទាប​ជាងព្រះ តែ​បន្តិច​ទេ
ក៏​បាន​បំពាក់​សិរី‌ល្អ និង​កិត្តិ​យស​ដល់​គេ
ទុក​ជា​មកុដ។
6ព្រះ‌អង្គ​បាន​តាំង​គេឲ្យ​គ្រប់​គ្រង
លើ​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បានដាក់​អ្វីៗ​ទាំង​អស់
ឲ្យ​នៅ​ក្រោម​ជើង​របស់​គេ
7គឺ​អស់​ទាំង​ចៀម ទាំង​គោ និង​សត្វ​ព្រៃ
8សត្វ​ហើរ​លើ​អាកាស និង​ត្រី​នៅ​ក្នុង​សមុទ្រ
គឺ​សត្វ​ផង​ទាំង​ពួង​ដែល​ហែល​នៅ​បាត​សមុទ្រ។
9ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ​អើយ
ព្រះ‌នាម​របស់​ព្រះ‌អង្គ​ថ្កុំ​ថ្កើងរុង​រឿង
ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 8: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល