ទំនុកតម្កើង 68

68
ការ​សរសើរ​តម្កើង និង​ការ​អរ​ព្រះ​គុណ
ទំនុក​ជា​បទ​ចម្រៀង​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង។
1សូម​ព្រះ​ក្រោក​ឡើង
សូម​ឲ្យ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​ត្រូវ​ខ្ចាត់‌ខ្ចាយ
ហើយ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ
រត់​ចេញ​ពី​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ!
2សូម​ព្រះ‌អង្គ​បណ្តេញ​គេ​ចេញ
ដូច​ផ្សែងដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ
សូម​ឲ្យ​មនុស្ស​អាក្រក់​វិនាស​បាត់​នៅ​ចំពោះ​ព្រះ
ដូច​ក្រមួន​ដែល​រលាយ​នៅ​ចំពោះ​ភ្លើង។
3តែ​សូម​ឲ្យ​មនុស្ស​សុចរិត​បាន​សប្បាយ​រីករាយ
គេ​នឹង​រីករាយ​នៅ​ចំពោះ​ព្រះ
គេ​នឹង​មានអំណរ​សប្បាយ​យ៉ាង​ខ្លាំង!
4ចូរ​ច្រៀង​ថ្វាយ​ព្រះ
ចូរ​ច្រៀង​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ
ចូរ​ស្រែក​ច្រៀង​ថ្វាយ​ព្រះ‌អង្គ
ដែល​ជិះ​រាជ​រថ​កាត់ទី​រហោ‌ស្ថាន
ព្រះ‌អង្គ​មាន​ព្រះ​នាម​ថា ព្រះ‌យេហូវ៉ា
ចូរ​សប្បាយ​រីករាយ​នៅ​ចំពោះ​ព្រះ‌អង្គ។
5ព្រះ​ដែល​គង់​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ
ព្រះ‌អង្គ​ជា​ឪពុក​របស់​ក្មេង​កំព្រា
និង​ជា​អ្នក​ការ​ពារ​ស្ត្រី​មេម៉ាយ។
6ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មនុស្ស​ឯកោ
មាន​ផ្ទះ​សំបែង​រស់​នៅ
ព្រះ‌អង្គ​នាំ​អ្នក​ជាប់​ឃុំ​ឃាំង
ចេញទៅ​រកភាព​ចម្រុង​ចម្រើន
តែ​ពួក​បះ​បោរ​វិញ នឹង​រស់​ក្នុង​ទឹក​ដីហួត‌ហែង។
7៙ ឱ​ព្រះ​អើយ កាល​ព្រះ‌អង្គ​យាង​នាំ​មុខ
ប្រជា‌រាស្ត្រ​របស់ព្រះ‌អង្គ​ចេញ​ទៅ
កាល​ព្រះ‌អង្គ​បាន​យាង​កាត់​ទី​ហោ‌ស្ថាន -បង្អង់
8នោះ​ផែនដីរញ្ជួយ ហើយ​មេឃ​ក៏​បង្អុរ​ភ្លៀង
នៅ​ចំពោះ​ព្រះ គឺ​ព្រះនៃ​ភ្នំ​ស៊ី‌ណាយ
នៅ​ចំពោះ​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ី​ស្រាអែល។
9ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បង្អុរ​ភ្លៀង​ជា​បរិបូរ
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ
ដែល​ខ្សោះ​ល្វើយ បាន​ស្រស់​បស់​ឡើង​វិញ
10ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​រក​បាន
ទី​អាស្រ័យ​ក្នុង​ស្រុក​នោះ
ឱ​ព្រះ​អើយ
ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​ផ្គត់‌ផ្គង់​មនុស្ស​កម្សត់​ទុគ៌ត។
11ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌បន្ទូល
ពួក​ស្ត្រី ដែល​ប្រកាស​ដំណឹង
នោះ​មាន​គ្នា​ច្រើន​ណាស់។
12ពួក​ស្តេច​កង‌ទ័ព​រត់​គេច គេ​រត់​គេច​ទៅ!
ស្ត្រីៗ​ដែល​នៅ​ផ្ទះ​នាំ​គ្នា​ចែក​ជ័យ‌ភណ្ឌ។
13ទោះ​បើ​អ្នក​រាល់​គ្នា​បាន​ដេក
នៅ​កណ្ដាល​ក្រោល​សត្វ
គង់​តែ​នឹង​មាន​ស្លាបសត្វ​ព្រាប
ដែល​ស្រោប​ដោយ​ប្រាក់
ហើយ​រោម​វា​ក៏​ស្រោប​ដោយ​មាស​ចែង​ចាំង។
14កាល​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត
ព្រះ‌អង្គ​កម្ចាត់‌កម្ចាយ​ពួក​ស្តេច​នៅ​ស្រុក​នោះ
សូម​ឲ្យ​ព្រឹល​ធ្លាក់​នៅ​លើ​ភ្នំ​សាល‌ម៉ូន។
15ឱ​ភ្នំ​នៃ​ព្រះ ភ្នំ​បាសាន ឱ​ភ្នំ​ដែល​មាន​កំពូល​ច្រើន
ភ្នំ​បាសានអើយ!
16ឱ​ភ្នំ​ដែល​មាន​កំពូល​ច្រើន​អើយ
ហេតុ​អ្វី​បាន​ជា​មើលដោយ​ច្រណែន
នឹង​ភ្នំ​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យក
ជា​លំនៅ​របស់​ព្រះ‌អង្គ​ដូច្នេះ?
អើ ព្រះ‌យេហូវ៉ា​នឹង​គង់
នៅ​លើ​ភ្នំ​នោះ​រហូត​តទៅ។
17រាជ‌រថ​របស់​ព្រះ​មាន​ចំនួន​រាប់​លាន​រាប់​កោដិ
ព្រះ‌អម្ចាស់​គង់​នៅ​កណ្ដាល
គឺ​ព្រះ​នៃ​ភ្នំ​ស៊ី‌ណាយ
ព្រះ‌អង្គ​គង់​ក្នុង​ទី​បរិសុទ្ធ។
18ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ទី​ខ្ពស់
ទាំង​នាំ​ពួក​ឈ្លើយ​ទៅ​ជាមួយ
ហើយ​ទទួលសួយ​អាករ​ពីប្រជាជន
សូម្បី​តែ​ពី​ក្នុង​ចំណោម​មនុស្ស​បះ‌បោរ
ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា
ដ៏​ជា​ព្រះបាន​គង់​នៅ​ទី​នោះ។
19សូម​លើក​តម្កើង​ព្រះ‌អម្ចាស់
ដែល​ព្រះ‌អង្គ​ទទួល​យក​បន្ទុក​របស់​យើង​រាល់​ថ្ងៃ
គឺ​ជា​ព្រះ​ជា​ទី​សង្គ្រោះ​របស់​យើង។ -បង្អង់
20ព្រះ​នៃ​យើង គឺ​ជា​ព្រះ​នៃ​ការ​សង្គ្រោះ
ហើយ​ការ​រំដោះ​ឲ្យ​រួច​ពី​ស្លាប់ ជា​របស់​ព្រះ
គឺ​ព្រះ‌យេហូវ៉ា។
21តែ​ព្រះ​នឹង​វាយ​បំបែក​ក្បាល
ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
គឺ​ថ្ងាសនៃ​អ្នក​ដែល​ចេះ​តែ​ដើរ
ក្នុង​ផ្លូវ​ទុច្ចរិត​របស់​ខ្លួន។
22ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា
«យើង​នឹង​នាំ​គេ​ត្រឡប់​ពី​ភ្នំ​បាសាន
យើង​នឹង​នាំ​គេ​ចេញ​ពី​បាត​សមុទ្រ​មក​វិញ
23ដើម្បី​ឲ្យជើង​អ្នក​រាល់​គ្នា
បាន​ដើរ​លុយ​ក្នុង​ឈាម​របស់​គេ
ឲ្យ​អណ្ដាត​ឆ្កែ​របស់​អ្នក​រាល់​គ្នា
មាន​ចំណែកពី​ខ្មាំង​សត្រូវ​ទាំង​នោះ​ដែរ»។
24ឱ​ព្រះ​អើយ គេ​បាន​ឃើញ​ក្បួនដំណើរ
របស់​ព្រះ‌អង្គ
គឺ​ក្បួន​ដំណើរ​របស់​ព្រះ​នៃ​ទូល‌បង្គំ
មហាក្សត្រ​នៃ​ទូល‌បង្គំ
យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ
25ពួក​ចម្រៀង​នៅ​ខាង​មុខ
ពួក​ភ្លេង​នៅ​ខាង​ក្រោយ
នៅ​កណ្ដាល​មាន​ពួក​ស្រី​ក្រមុំ​នាំ​គ្នា​វាយ​ក្រាប់។
26ឱ​អស់​អ្នក​ដែល​កើត​ពី​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ
ចូរលើក​តម្កើង​ព្រះ នៅ​ក្នុង​ក្រុម​ជំនុំ​ធំ
ចូរ​លើក​តម្កើង​ព្រះ‌យេហូវ៉ា!
27នៅ​ទី​នោះ​មាន​បេនយ៉ាមីន
ជា​កូន​ពៅ​បង្អស់ នាំ​មុខ​គេ
ក្នុង​ចំណោម​ពួក‌គេ
មាន​ពួក​មេ​ដឹក​នាំ​របស់​យូដា
ពួក​មេ​ដឹក​នាំ​របស់​សាប់‌យូឡូន
និង​ពួក​មេ​ដឹក​នាំ​របស់​ណែប‌ថា‌លី។
28ឱ​ព្រះ​អើយ សូមបង្ហាញឫទ្ធានុ‌ភាព
របស់​ព្រះ‌អង្គ​មក
ឱ​ព្រះ​អើយ សូម​បង្ហាញ​ព្រះ​ចេស្ដា​រប​ស់​ព្រះ‌អង្គ
ជា​ព្រះ​ចេស្ដា​ដែល​ព្រះ‌អង្គ
តែងតែ​ប្រោស​យើង​ខ្ញុំ។
29ដោយ​យល់​ដល់​ព្រះ‌វិហាររបស់​ព្រះ‌អង្គ
នៅ​ក្រុង​យេរូ‌សាឡិម
ពួក​ស្តេច​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ។
30សូម​ព្រះ‌អង្គ​បន្ទោស​សត្វព្រៃ
ដែល​រស់​នៅ​កណ្ដាល​ដើម​ត្រែង
និង​ហ្វូង​គោ​ឈ្មោល ព្រម​ទាំង​កូន​គោ
នៃ​សាសន៍​ទាំង‌ឡាយ​ផង
គ្រប់​គ្នា​មក​ក្រាប​ចុះ ហើយ​ថ្វាយ​ប្រាក់​ទាំង​ដុំៗ
ព្រះ‌អង្គ​កម្ចាត់‌កម្ចាយ​ប្រជាជន​ទាំង​ឡាយ
ដែល​ចូល​ចិត្ត​នឹង​សង្គ្រាម។
31ពួក​មាន​ត្រកូល​ខ្ពស់​នឹង​ចេញ​ពី​ស្រុក​អេស៊ីព្ទ
អ្នក​ស្រុក​អេធីយ៉ូពី នឹង​លើក​ដៃ​ទៅ​រក​ព្រះ។
32៙ ឱ​នគរ​ទាំង​ឡាយ​នៅ​ផែនដី​អើយ
ចូរ​ច្រៀង​ថ្វាយ​ព្រះ
ឱ​ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌អម្ចាស់ –បង្អង់
33គឺ​ដល់​ព្រះ‌អង្គ​ដែល​ជិះរាជរថ​កាត់​ផ្ទៃ​មេឃ
គឺ​ផ្ទៃ​មេឃ​ពី​បុរាណ
មើល៍ ព្រះ‌អង្គ​បញ្ចេញ​ព្រះ‌សូរ‌សៀង
គឺ​ព្រះ​សូរ​សៀង​យ៉ាង​ខ្លាំង​ក្រៃ‌លែង។
34ចូរ​ប្រកាស​ទទួល​ស្គាល់​ព្រះ‌ចេស្តា​របស់​ព្រះ
ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ
គ្រប​ដណ្ដប់​លើ​អ៊ីស្រា‌អែល
ហើយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ
ក៏​នៅ​លើ​ផ្ទៃ​មេឃ។
35ព្រះ​ដែល​យាង​មក​ពី​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​គួរ​ឲ្យ​ស្ញែង​ខ្លាច ព្រះ‌អង្គ​ប្រទាន​ព្រះ​ចេស្ដា
និង​កម្លាំង​ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ
សូមលើកតម្កើង​ព្រះ!។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 68: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល