ទំនុកតម្កើង 65
65
ពាក្យអរព្រះគុណដោយព្រោះភាពសម្បូរណ៍សប្បាយនៅផែនដី
ទំនុកជាបទចម្រៀងរបស់ស្តេចដាវីឌ សម្រាប់មេភ្លេង។
1ឱព្រះអើយ ការសរសើររង់ចាំព្រះអង្គ
នៅក្រុងស៊ីយ៉ូន
ហើយគេនឹងលាបំណន់ចំពោះព្រះអង្គ
2ឱព្រះដែលស្តាប់ពាក្យអធិស្ឋានអើយ!
អស់ទាំងមនុស្ស នឹងចូលមករកព្រះអង្គ។
3កាលអំពើទុច្ចរិតឈ្នះទូលបង្គំ
ព្រះអង្គជម្រះអំពើរំលងឲ្យយើងខ្ញុំ។
4មានពរហើយអស់អ្នកណា
ដែលព្រះអង្គជ្រើសរើស
ហើយនាំចូលមកជិតព្រះអង្គ
ដើម្បីឲ្យបានអាស្រ័យនៅក្នុងទីលានព្រះអង្គ។
យើងខ្ញុំនឹងបានស្កប់ចិត្តដោយសេចក្ដីល្អ
នៃដំណាក់ព្រះអង្គ
គឺជាព្រះវិហារដ៏បរិសុទ្ធរបស់ព្រះអង្គ។
5ឱព្រះនៃការសង្គ្រោះរបស់យើងខ្ញុំអើយ
ព្រះអង្គឆ្លើយតបយើងខ្ញុំ
ដោយឫទ្ធិបារមីគួរឲ្យស្ញែងខ្លាច
និងដោយសេចក្ដីសុចរិត
ព្រះអង្គជាសេចក្ដីសង្ឃឹម
ដល់អស់ទាំងចុងបំផុតផែនដី
និងដល់ចុងសមុទ្រនៅទីឆ្ងាយ
6ព្រះអង្គបានតាំងភ្នំទាំងឡាយឲ្យមាំមួន
ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ
ព្រះអង្គក្រវាត់ដោយឫទ្ធានុភាព
7ព្រះអង្គធ្វើឲ្យសូរសន្ធឹក
នៃសមុទ្របានស្ងប់ឈឹង
គឺសូរសន្ធឹកនៃរលក
ការច្របូកច្របល់របស់ប្រជាជន
8ដល់ម៉្លេះបានជាអស់អ្នក
ដែលរស់នៅឯចុងបំផុតផែនដី
ស្ញែងខ្លាចដោយឃើញ
ទីសម្គាល់របស់ព្រះអង្គ។
ព្រះអង្គធ្វើឲ្យអស់អ្នក
ដែលរស់នៅទិសខាងកើត
និងទិសខាងលិចស្រែកហ៊ោរដោយអំណរ។
9ព្រះអង្គថែរក្សាផែនដី ហើយក៏ស្រោចស្រព
ព្រះអង្គធ្វើឲ្យផែនដីមានភោគផល
សម្បូរហូររហៀរ
ទន្លេរបស់ព្រះមានពោរពេញទៅដោយទឹក
ព្រះអង្គផ្គត់ផ្គង់ឲ្យគេមានស្រូវ
ដ្បិតព្រះអង្គបានរៀបចំផែនដីមកដូច្នេះ។
10ព្រះអង្គស្រោចគន្លងផែនដីជាបរិបូរ
ក៏ពង្រាបអាចម៍បំណះ
ហើយធ្វើឲ្យដីទន់ដោយទឹកភ្លៀង
ក៏ប្រទានពរឲ្យគ្រាប់ពូជដុះឡើង។
11ព្រះអង្គប្រោសប្រទានឲ្យឆ្នាំ
ប្រកបដោយភាពសម្បូរណ៍សប្បាយ
ហើយផ្លូវរាជរថព្រះអង្គក៏ហូរហៀរ
ដោយភោគផលបរិបូរដែរ។
12វាលស្មៅនៅទីរហោស្ថានមានសំណើមហូរហៀរ
ហើយភ្នំនានាក៏ហ៊ុមព័ទ្ធដោយអំណរដែរ
13វាលស្មៅប្រដាប់ខ្លួនដោយហ្វូងចៀម
ជ្រលងភ្នំតាក់តែងខ្លួនដោយស្រូវដេរដាស
ទីទាំងនោះស្រែកច្រៀងព្រមគ្នាដោយអំណរ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 65: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies