ទំនុកតម្កើង 65

65
ពាក្យ​អរ​ព្រះ​គុណ​ដោយ​ព្រោះ​ភាព​សម្បូរណ៍​សប្បាយនៅ​ផែន​ដី
ទំនុក​ជា​បទ​ចម្រៀង​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង។
1ឱ​ព្រះ​អើយ ការ​សរសើររង់​ចាំ​ព្រះ‌អង្គ
នៅ​ក្រុង​ស៊ីយ៉ូន
ហើយ​គេ​នឹង​លា​បំណន់​ចំពោះ​ព្រះ‌អង្គ
2ឱ​ព្រះ​ដែល​ស្តាប់ពាក្យ​អធិស្ឋាន​អើយ!
អស់​ទាំង​មនុស្ស នឹងចូល​មករក​ព្រះ‌អង្គ។
3កាល​អំពើ​ទុច្ចរិត​ឈ្នះ​ទូល‌បង្គំ
ព្រះ‌អង្គ​ជម្រះ​អំពើ​រំលង​ឲ្យ​យើង​ខ្ញុំ។
4មាន​ពរ​ហើយ​អស់​អ្នក​ណា
ដែល​ព្រះ‌អង្គ​ជ្រើស​រើស
ហើយ​នាំ​ចូល​មក​ជិត​ព្រះ‌អង្គ
ដើម្បី​ឲ្យ​បាន​អាស្រ័យ​នៅ​ក្នុង​ទី​លាន​ព្រះ‌អង្គ។
យើង​ខ្ញុំ​នឹង​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ
នៃ​ដំណាក់​ព្រះ‌អង្គ
គឺ​ជា​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ។
5ឱ​ព្រះ​នៃ​ការ​សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ
ព្រះ‌អង្គ​ឆ្លើយ​តប​យើង​ខ្ញុំ
ដោយ​ឫទ្ធិ​បារមី​គួរ​ឲ្យ​ស្ញែង​ខ្លាច
និង​ដោយ​សេចក្ដី​សុចរិត
ព្រះ‌អង្គ​ជា​សេចក្ដី​សង្ឃឹម
ដល់​អស់​ទាំង​ចុង​បំផុត​ផែនដី
និង​ដល់​ចុង​សមុទ្រ​នៅ​ទី​ឆ្ងាយ
6ព្រះ‌អង្គ​បាន​តាំង​ភ្នំ​ទាំង​ឡាយ​ឲ្យ​មាំ‌មួន
ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ក្រវាត់​ដោយ​ឫទ្ធា‌នុភាព
7ព្រះ‌អង្គ​ធ្វើ​ឲ្យ​សូរ​សន្ធឹក
នៃ​សមុទ្រ​បាន​ស្ងប់​ឈឹង
គឺ​សូរ​សន្ធឹក​នៃ​រលក
ការ​ច្របូក​ច្របល់​របស់​ប្រជាជន
8ដល់​ម៉្លេះ​បាន​ជា​អស់​អ្នក
ដែល​រស់​នៅ​ឯ​ចុង​បំផុត​ផែន​ដី
ស្ញែង​ខ្លាច​ដោយ​ឃើញ
ទី​សម្គាល់​របស់​ព្រះ‌អង្គ។
ព្រះ‌អង្គ​ធ្វើ​ឲ្យ​អស់​អ្នក
ដែល​រស់​នៅ​ទិស​ខាង​កើត
និង​ទិស​ខាង​លិច​ស្រែក​ហ៊ោរ​ដោយ​អំណរ។
9ព្រះ‌អង្គ​ថែ‌រក្សា​ផែន​ដី ហើយក៏​ស្រោច​ស្រព
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផែន​ដី​មាន​ភោគ​ផល
សម្បូរ​ហូរ​រហៀរ
ទន្លេ​របស់​ព្រះ​មាន​ពោរ​ពេញ​ទៅ​ដោយ​ទឹក
ព្រះ‌អង្គ​ផ្គត់‌ផ្គង់​ឲ្យ​គេ​មាន​ស្រូវ
ដ្បិត​ព្រះ‌អង្គ​បាន​រៀបចំ​ផែនដី​មក​ដូច្នេះ។
10ព្រះ‌អង្គ​ស្រោច​គន្លង​ផែន​ដី​ជា​បរិបូរ
ក៏​ពង្រាប​អាចម៍​បំណះ
ហើយ​ធ្វើ​ឲ្យ​ដី​ទន់ដោយ​ទឹក​ភ្លៀង
ក៏​ប្រទាន​ពរ​ឲ្យ​គ្រាប់​ពូជ​ដុះ​ឡើង។
11ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ឆ្នាំ
ប្រកប​ដោយ​ភាព​សម្បូរណ៍សប្បាយ
ហើយ​ផ្លូវ​រាជ​រថ​ព្រះ‌អង្គ​ក៏​ហូរ​ហៀរ
ដោយ​ភោគ​ផល​បរិបូរ​ដែរ។
12វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន​មាន​សំណើម​ហូរហៀរ
ហើយ​ភ្នំ​នានា​ក៏​ហ៊ុម​ព័ទ្ធ​ដោយ​អំណរ​ដែរ
13វាល​ស្មៅ​ប្រដាប់​ខ្លួន​ដោយ​ហ្វូង​ចៀម
ជ្រលង​ភ្នំ​តាក់​តែង​ខ្លួន​ដោយ​ស្រូវ​ដេរ​ដាស
ទី​ទាំង​នោះ​ស្រែក​ច្រៀង​ព្រម​គ្នា​ដោយ​អំណរ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 65: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល