ទំនុកតម្កើង 55
55
ពាក្យអធិស្ឋានរបស់មនុស្សដែលត្រូវគេក្បត់ចិត្ត
ទំនុកជាសេចក្ដីបង្រៀនរបស់ស្តេចដាវីឌ សម្រាប់មេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែ។
1ឱព្រះអើយ សូមផ្ទៀងព្រះកាណ៌
ស្តាប់សេចក្ដីដែលទូលបង្គំអធិស្ឋាន
សូមកុំពួនព្រះកាយនឹងពាក្យ
ដែលទូលបង្គំទូលអង្វរឡើយ។
2សូមព្រះអង្គមេត្តាព្រះសណ្ដាប់ទូលបង្គំ
ហើយឆ្លើយមកទូលបង្គំផង
ទូលបង្គំអន្ទះអន្ទែង ហើយថ្ងូរ
ដោយចិត្តថប់ព្រួយរបស់ទូលបង្គំ
3ដោយព្រោះសំឡេងរបស់ខ្មាំងសត្រូវ
និងការសង្កត់សង្កិនរបស់មនុស្សអាក្រក់។
ដ្បិតគេទម្លាក់អំពើទុច្ចរិតមកលើទូលបង្គំ
ហើយគេចូលចិត្តឈ្នានីសនឹងទូលបង្គំ
ដោយកំហឹង។
4ចិត្តទូលបង្គំអន្ទះសានៅក្នុងខ្លួន
ហើយការភ័យខ្លាចចំពោះសេចក្ដីស្លាប់
បានគ្របសង្កត់លើទូលបង្គំ។
5ទូលបង្គំកើតមានចិត្តភ័យខ្លាច ហើយញាប់ញ័រ
សេចក្ដីតក់ស្លុតបានញាំញីទូលបង្គំ។
6ទូលបង្គំពោលថា
«ឱ សូមឲ្យទូលបង្គំមានស្លាប
ដូចជាព្រាបទៅអេះ!
នោះទូលបង្គំនឹងហើរទៅឲ្យបាត់
ហើយឲ្យបានសម្រាក
7មែនហើយ ទូលបង្គំនឹងទៅឲ្យឆ្ងាយ
ហើយទូលបង្គំនឹងស្នាក់នៅទីរហោស្ថានវិញ។
-បង្អង់
8ទូលបង្គំនឹងប្រញាប់ស្វែងរកទីជ្រកកោន
ឲ្យរួចផុតពីខ្យល់គំហុក និងព្យុះសង្ឃរា»។
9ឱព្រះអម្ចាស់អើយ សូមបំផ្លាញគំនិតគេ
សូមកុំឲ្យគេនិយាយស្ដាប់គ្នាបាន
ដ្បិតទូលបង្គំបានឃើញអំពើឃោរឃៅ
និងការឈ្លោះប្រកែកគ្នានៅក្នុងទីក្រុង។
10ទាំងថ្ងៃទាំងយប់ គេប្រព្រឹត្តយ៉ាងនោះ
នៅលើកំផែងជុំវិញទីក្រុង
ហើយនៅក្នុងទីក្រុង មានសុទ្ធតែអំពើទុច្ចរិត
និងភាពវឹកវរ
11មានសេចក្ដីវិនាសនៅកណ្ដាលទីក្រុង
ការសង្កត់សង្កិន និងការបោកប្រាស់
មិនចេះបាត់ពីទីផ្សារឡើយ។
12៙ មិនមែនជាខ្មាំងសត្រូវទេដែលបំបាក់មុខខ្ញុំ
បើជាខ្មាំងសត្រូវមែន នោះខ្ញុំអាចទ្រាំទ្របាន
ក៏មិនមែនជាអ្នកស្អប់ខ្ញុំ
ដែលលើកខ្លួនទាស់នឹងខ្ញុំដែរ
បើជាអ្នកស្អប់ខ្ញុំមែន នោះខ្ញុំអាចពួនពីគេបាន។
13ប៉ុន្ដែ គឺអ្នកឯងវិញទេតើ ជាមនុស្សស្មើនឹងខ្ញុំ
ជាគូកន និងជាសម្លាញ់ស្និទ្ធស្នាលរបស់ខ្ញុំ។
14យើងធ្លាប់ប្រឹក្សាគ្នាយ៉ាងផ្អែមល្ហែម
ក្នុងដំណាក់ព្រះ យើងធ្លាប់ដើរជាមួយគ្នា
ក្នុងចំណោមបណ្ដាជន។
15សូមឲ្យសេចក្ដីស្លាប់ធ្លាក់លើគេ
សូមឲ្យគេចុះទៅស្ថាន
ឃុំព្រលឹងមនុស្សស្លាប់ទាំងរស់
ដ្បិតមានអំពើអាក្រក់នៅក្នុងទីលំនៅរបស់គេ
និងនៅក្នុងចិត្តរបស់គេ។
16រីឯខ្ញុំវិញ ខ្ញុំនឹងអំពាវនាវដល់ព្រះ
ហើយព្រះយេហូវ៉ានឹងសង្គ្រោះខ្ញុំ។
17ខ្ញុំអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងល្ងាច
ទាំងព្រឹក ហើយទាំងថ្ងៃត្រង់
ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ។
18ព្រះអង្គនឹងប្រោសព្រលឹងខ្ញុំ
ឲ្យរួចពីសឹកសង្គ្រាម ដោយសុខសាន្ត
ដ្បិតមានមនុស្សជាច្រើនលើកគ្នាទាស់ខ្ញុំ។
19ព្រះដែលគង់នៅតាំងពីអស់កល្ប -បង្អង់
ព្រះអង្គនឹងស្ដាប់ ហើយព្រះអង្គនឹងបំបាក់មុខគេ
ព្រោះគេមិនប្រែចិត្ត
ក៏មិនកោតខ្លាចព្រះឡើយ។
20គូកនរបស់ខ្ញុំបានលូកដៃ
ទាស់នឹងមិត្តសម្លាញ់ខ្លួន
គេបានក្បត់ពាក្យសន្យា របស់ខ្លួន។
21សម្ដីរបស់គេរអិលជាងខ្លាញ់
តែចិត្តរបស់គេមានពេញដោយចម្បាំង
ពាក្យរបស់គេទន់ភ្លន់ជាងប្រេង
តែពាក្យទាំងនោះជាដាវដែលហូតជាស្រេច។
22ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា
នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក
ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត
ត្រូវរង្គើឡើយ។
23ប៉ុន្តែ ព្រះអង្គ ឱព្រះអើយ
ព្រះអង្គនឹងធ្វើឲ្យគេចុះ
ទៅក្នុងរណ្តៅនៃសេចក្ដីវិនាស
ពួកមនុស្សកម្ចាយឈាម និងជនបោកប្រាស់
នឹងរស់នៅមិនបានពាក់កណ្ដាលអាយុឡើយ
តែទូលបង្គំវិញ ទូលបង្គំនឹងទុកចិត្ត
ដល់ព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 55: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies