ទំនុកតម្កើង 49

49
ភាព​ល្ងង់​ខ្លៅនៃ​ការ​ទុក​ចិត្ត​លើ​ទ្រព្យ​សម្បត្តិ!
ទំនុក​របស់​កូន​ចៅ​កូរេ សម្រាប់​មេ​ភ្លេង។
1ប្រជាជន​ទាំង​ឡាយ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ
មនុស្ស​ទាំង‌ឡាយ​ក្នុង​ពិភព​លោក​អើយ
ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ
2គឺ​ទាំង​អ្នក​ធំ ទាំង​អ្នក​តូច ទាំង​អ្នក​មាន
ទាំង​ក្រ​គ្រប់​គ្នា
3មាត់​ខ្ញុំ​នឹង​បញ្ចេញ​ប្រាជ្ញា
ហើយ​ចិត្ត​ខ្ញុំ​នឹង​សញ្ជឹង​គិត​តែ​ពី
គំនិត​ដែល​ត្រឹម​ត្រូវ។
4ខ្ញុំ​នឹង​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​សុភាសិត
ខ្ញុំ​នឹងដោះ​ប្រស្នា​របស់​ខ្ញុំ​តាម​សំឡេង​ស៊ុង។
5៙ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ភ័យ​ខ្លាច​ក្នុង​គ្រា​អាក្រក់
ពេល​ឃើញ​អំពើ​ទុច្ចរិត​នៃ​ពួក​អ្នក
ដែល​ធ្វើ​ទុក្ខ​បៀត​បៀននៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ
6និង​ពេល​ឃើញ​អស់​អ្នក​ដែល​ទុក​ចិត្ត
នឹង​របស់​ទ្រព្យ​របស់​ខ្លួន
ហើយ​អួត‌អាង​អំពី​ទ្រព្យ‌សម្បត្តិ
ដ៏​បរិបូរ​របស់​ខ្លួន?
7ប្រាកដ​មែន គ្មាន​អ្នក​ណា​ម្នាក់
អាច​លោះ​ជីវិត​ខ្លួន​បាន​ឡើយ
ក៏គ្មាន​តម្លៃ​ណា​ដែល​អាច​ថ្វាយ​ព្រះ
ដើម្បី​លោះ​ជីវិត​ខ្លួន​បាន​ដែរ
8ដ្បិត​តម្លៃ​លោះជីវិត នោះ​ថ្លៃ​ណាស់
គ្មាន​អ្វី​អាច​នឹង​លោះ​ឲ្យ​ល្មម
9ដើម្បី​ឲ្យ​គេ​បាន​រស់​នៅ​រហូត
ហើយ​មិន​ឃើញ​រណ្ដៅ​មរណៈ​បាន​ឡើយ។
10៙ ដ្បិត​គេ​ឃើញ​ហើយ​ថា
សូម្បីតែ​អ្នក​ប្រាជ្ញ​ក៏​ស្លាប់​ដែរ
មនុស្ស​ល្ងង់ និង​មនុស្ស​ខ្លៅ​វិនាស​ទៅ​ដូច​គ្នា
ហើយ​ទុក​ចោល​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន
ឲ្យ​អ្នក​ដទៃ។
11គេ​គិត​ក្នុង​ចិត្ត​ថា ពូជ‌ពង្ស​របស់​គេ
នឹង​នៅ​ស្ថិត​ស្ថេរ​ជា‌និច្ច
ទី​លំនៅ​របស់​គេ​នឹង​ធន់​នៅ​គ្រប់​ជំនាន់
ក៏​ដាក់​ឈ្មោះដី​ធ្លី​គេ
តាម​ឈ្មោះ​របស់​ខ្លួន​ទៀត​ផង។
12ប៉ុន្តែ មនុស្ស​មិន​ស្ថិត​ស្ថេរ​នៅ
ដោយ​មាន​កេរ្តិ៍​ឈ្មោះ​ទេ
គេ​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​ត្រូវ​វិនាសទៅ។
13៙ នេះ​ហើយ​ជា​អនាគត​របស់​មនុស្ស​ល្ងង់​ខ្លៅ
និង​អស់​អ្នក​ដែល​ចូល​ចិត្ត
នឹង​គំនិត​របស់​គេ។ –បង្អង់
14គេ​ដូច​ជា​ចៀម​ដែល​តម្រង់​ទៅ​រក
ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
សេចក្ដី​ស្លាប់​នឹង​ធ្វើ​ជា​គង្វាល​របស់​គេ
ហើយ​មនុស្ស​ទៀង​ត្រង់
នឹង​ជាន់​ឈ្លី​គេ​តាំង​ពី​ព្រលឹម
រូប​កាយ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅ
នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
ឥត​មាន​ទី​អាស្រ័យ​ឡើយ។
15ប៉ុន្តែ ព្រះ​នឹង​លោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​អំណាច​នៃ
ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
ដ្បិត​ព្រះ‌អង្គ​នឹង​ទទួល​ខ្ញុំ។ –បង្អង់
16៙ កុំ​ភ័យ​ខ្លាច ពេលអ្នក​ណា​ម្នាក់​មាន​ស្ដុក​ស្ដម
គឺ​នៅ​ពេល​ដែល​ភាព​រុង​រឿង​របស់​គេ
ចេះ​តែ​ចម្រើន​ឡើង។
17ដ្បិត​កាល​គេ​ស្លាប់​ទៅ
គេមិន​អាច​យក​អ្វី​ទៅ​បាន​ទេ
ហើយ​ភាព​រុង​រឿង​របស់​គេ
នឹង​មិន​ចុះ​ទៅ​តាម​គេ​ដែរ។
18ទោះ​បើ​អ្នក​នោះ​រាប់​ខ្លួន​ថា​មាន​ពរ
ក្នុង​កាល​ដែល​គេ​នៅ​រស់​នៅ​ឡើយ
ហើយ​ទោះ​បើ​មាន​មនុស្ស​សរសើរ
ពេល​គេ​បាន​ចម្រុង​ចម្រើន​ក៏​ដោយ
19ក៏​គង់​តែ​នឹង​ទៅ​តាម​ពួក​ដូន​តា​របស់​ខ្លួន
ដែល​នឹង​លែង​ឃើញ​ពន្លឺ​ទៀត​ឡើយ។
20មនុស្ស​ដែល​មាន​កេរ្តិ៍​ឈ្មោះ
តែ​ឥត​មាន​យោបល់
ប្រៀប​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​វិនាស។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 49: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល