ទំនុកតម្កើង 49
49
ភាពល្ងង់ខ្លៅនៃការទុកចិត្តលើទ្រព្យសម្បត្តិ!
ទំនុករបស់កូនចៅកូរេ សម្រាប់មេភ្លេង។
1ប្រជាជនទាំងឡាយអើយ ចូរស្តាប់សេចក្ដីនេះ
មនុស្សទាំងឡាយក្នុងពិភពលោកអើយ
ចូរផ្ទៀងត្រចៀកស្តាប់ចុះ
2គឺទាំងអ្នកធំ ទាំងអ្នកតូច ទាំងអ្នកមាន
ទាំងក្រគ្រប់គ្នា
3មាត់ខ្ញុំនឹងបញ្ចេញប្រាជ្ញា
ហើយចិត្តខ្ញុំនឹងសញ្ជឹងគិតតែពី
គំនិតដែលត្រឹមត្រូវ។
4ខ្ញុំនឹងផ្ទៀងត្រចៀកស្តាប់ពាក្យសុភាសិត
ខ្ញុំនឹងដោះប្រស្នារបស់ខ្ញុំតាមសំឡេងស៊ុង។
5៙ ហេតុអ្វីបានជាខ្ញុំត្រូវភ័យខ្លាចក្នុងគ្រាអាក្រក់
ពេលឃើញអំពើទុច្ចរិតនៃពួកអ្នក
ដែលធ្វើទុក្ខបៀតបៀននៅព័ទ្ធជុំវិញខ្ញុំ
6និងពេលឃើញអស់អ្នកដែលទុកចិត្ត
នឹងរបស់ទ្រព្យរបស់ខ្លួន
ហើយអួតអាងអំពីទ្រព្យសម្បត្តិ
ដ៏បរិបូររបស់ខ្លួន?
7ប្រាកដមែន គ្មានអ្នកណាម្នាក់
អាចលោះជីវិតខ្លួនបានឡើយ
ក៏គ្មានតម្លៃណាដែលអាចថ្វាយព្រះ
ដើម្បីលោះជីវិតខ្លួនបានដែរ
8ដ្បិតតម្លៃលោះជីវិត នោះថ្លៃណាស់
គ្មានអ្វីអាចនឹងលោះឲ្យល្មម
9ដើម្បីឲ្យគេបានរស់នៅរហូត
ហើយមិនឃើញរណ្ដៅមរណៈបានឡើយ។
10៙ ដ្បិតគេឃើញហើយថា
សូម្បីតែអ្នកប្រាជ្ញក៏ស្លាប់ដែរ
មនុស្សល្ងង់ និងមនុស្សខ្លៅវិនាសទៅដូចគ្នា
ហើយទុកចោលទ្រព្យសម្បត្តិរបស់ខ្លួន
ឲ្យអ្នកដទៃ។
11គេគិតក្នុងចិត្តថា ពូជពង្សរបស់គេ
នឹងនៅស្ថិតស្ថេរជានិច្ច
ទីលំនៅរបស់គេនឹងធន់នៅគ្រប់ជំនាន់
ក៏ដាក់ឈ្មោះដីធ្លីគេ
តាមឈ្មោះរបស់ខ្លួនទៀតផង។
12ប៉ុន្តែ មនុស្សមិនស្ថិតស្ថេរនៅ
ដោយមានកេរ្តិ៍ឈ្មោះទេ
គេដូចជាសត្វតិរច្ឆានដែលត្រូវវិនាសទៅ។
13៙ នេះហើយជាអនាគតរបស់មនុស្សល្ងង់ខ្លៅ
និងអស់អ្នកដែលចូលចិត្ត
នឹងគំនិតរបស់គេ។ –បង្អង់
14គេដូចជាចៀមដែលតម្រង់ទៅរក
ស្ថានឃុំព្រលឹងមនុស្សស្លាប់
សេចក្ដីស្លាប់នឹងធ្វើជាគង្វាលរបស់គេ
ហើយមនុស្សទៀងត្រង់
នឹងជាន់ឈ្លីគេតាំងពីព្រលឹម
រូបកាយរបស់គេនឹងត្រូវសូន្យទៅ
នៅស្ថានឃុំព្រលឹងមនុស្សស្លាប់
ឥតមានទីអាស្រ័យឡើយ។
15ប៉ុន្តែ ព្រះនឹងលោះព្រលឹងខ្ញុំ ឲ្យរួចពីអំណាចនៃ
ស្ថានឃុំព្រលឹងមនុស្សស្លាប់
ដ្បិតព្រះអង្គនឹងទទួលខ្ញុំ។ –បង្អង់
16៙ កុំភ័យខ្លាច ពេលអ្នកណាម្នាក់មានស្ដុកស្ដម
គឺនៅពេលដែលភាពរុងរឿងរបស់គេ
ចេះតែចម្រើនឡើង។
17ដ្បិតកាលគេស្លាប់ទៅ
គេមិនអាចយកអ្វីទៅបានទេ
ហើយភាពរុងរឿងរបស់គេ
នឹងមិនចុះទៅតាមគេដែរ។
18ទោះបើអ្នកនោះរាប់ខ្លួនថាមានពរ
ក្នុងកាលដែលគេនៅរស់នៅឡើយ
ហើយទោះបើមានមនុស្សសរសើរ
ពេលគេបានចម្រុងចម្រើនក៏ដោយ
19ក៏គង់តែនឹងទៅតាមពួកដូនតារបស់ខ្លួន
ដែលនឹងលែងឃើញពន្លឺទៀតឡើយ។
20មនុស្សដែលមានកេរ្តិ៍ឈ្មោះ
តែឥតមានយោបល់
ប្រៀបដូចជាសត្វតិរច្ឆានដែលវិនាស។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 49: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies