ទំនុកតម្កើង 22:3-31

ទំនុកតម្កើង 22:3-31 គកស១៦

ប៉ុន្តែ ឱ​ព្រះ​ដែលថ្កើង​ឡើង នៅ​លើ​ពាក្យ​សរសើរ​របស់ អ៊ីស្រាអែល​អើយ ព្រះ‌អង្គ​បរិសុទ្ធ។ បុព្វ‌បុរស​របស់​យើង​ខ្ញុំ​បាន​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ពួក​លោក​បាន​ទុក​ចិត្ត ហើយ​ព្រះ‌អង្គ​បាន​រំដោះ​ពួក​លោក។ ពួក​លោក​បាន​អំពាវ​នាវ​រក​ព្រះ‌អង្គ ហើយក៏​បាន​រួច ពួក​លោក​បាន​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ហើយ​មិន​ត្រូវ​ខ្មាស​ឡើយ។ ឯ​ទូល‌បង្គំវិញ ទូល‌បង្គំ​ជា​ដង្កូវ មិន​មែន​ជា​មនុស្ស​ទេ ត្រូវ​មនុស្ស​ត្មះ‌តិះ‌ដៀល ហើយ​ប្រជាជន​ស្អប់​ខ្ពើម។ អស់​អ្នក​ដែល​ឃើញ​ទូល‌បង្គំ ចំអក​ឲ្យទូល‌បង្គំ គេ​ពេប​ជ្រាយ​ដាក់​ទូល‌បង្គំ ហើយគេ​គ្រវី​ក្បាល ដោយ​ពោល​ថា «វា​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ឲ្យ​ព្រះ‌អង្គ​រំដោះ​វា​ទៅ ឲ្យព្រះ‌អង្គ​សង្គ្រោះ​វាទៅ ដ្បិត​ព្រះ‌អង្គ​គាប់​ចិត្ត​នឹង​វា!» ៙ ប៉ុន្តែ គឺ​ព្រះ‌អង្គ​ដែល​បាន​យក​ទូល‌បង្គំ ចេញ​ពី​ផ្ទៃ​ម្តាយមក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ទុក​ចិត្តព្រះ‌អង្គ តាំង​ពី​ទូល‌បង្គំ​នៅ​បៅ​ដោះម្តាយ​នៅ​ឡើយ។ ព្រះ‌អង្គ​ឃុំគ្រង​ទូល‌បង្គំ​តាំង​ពី​ផ្ទៃ​ម្ដាយ ព្រះ‌អង្គ​ជា​ព្រះ​របស់​ទូល‌បង្គំ តាំង​ពី​ម្ដាយសម្រាល​ទូល‌បង្គំ​មក។ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ដ្បិត​សេចក្ដី​ទុក្ខ​មក​ជិត​ហើយ គ្មាន​អ្នក​ណា​ជួយ​ទូល‌បង្គំ​ទេ។ ៙ គោ​ឈ្មោល​ជា​ច្រើន​បាន​ឡោម​ព័ទ្ធ​ទូល‌បង្គំ គឺ​គោ​ឈ្មោល​ខ្លាំង​ៗ​ពី​ស្រុក​បាសាន នៅ​ជុំ​វិញ​ទូល‌បង្គំ។ គេ​ហា​មាត់​ធំ​ដាក់​ទូល‌បង្គំ ដូច​ជា​សិង្ហ​ដែល​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។ ៙ ទូល‌បង្គំ​ត្រូវ​ច្រួច​ចេញ​ដូច​ជា​ទឹក ហើយ​អស់​ទាំង​ឆ្អឹង​នៃ​ទូល‌បង្គំ​សណ្តក​ចេញ​ពី​គ្នា ចិត្ត​ទូល‌បង្គំប្រៀប​ដូច​ជា​ក្រមួន ដែល​រលាយ​នៅ​ក្នុង​ខ្លួន កម្លាំង​ទូល‌បង្គំ​ស្ងួត ដូច​អំបែង​ឆ្នាំង អណ្ដាត​ទូល‌បង្គំ​ជាប់​នៅ​ក្រអូម​មាត់ ព្រះ‌អង្គ​ដាក់​ទូល‌បង្គំ ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្ដី​ស្លាប់។ ដ្បិតមាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ទូល‌បង្គំជុំ​វិញ មនុស្ស​អាក្រក់​មួយ​ហ្វូង ដើរ​ក្រវែល​ជុំ‌វិញ​ទូល‌បង្គំ គេ​បាន​ចាក់​ទម្លុះ​ដៃ​ជើង​ទូល‌បង្គំ ទូល‌បង្គំ​អាច​រាប់​ឆ្អឹង​ជំនីរ របស់​ទូល‌បង្គំ​បាន​ទាំង​អស់ គេ​សម្លក់​សម្លឹង​មក​ទូល‌បង្គំ គេ​យក​សម្លៀក‌បំពាក់​ទូល‌បង្គំ​ចែកគ្នា ហើយ​គេ​នាំ​គ្នា​ចាប់​ឆ្នោត យក​អាវ​វែង​របស់​ទូល‌បង្គំ ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ឱ​ព្រះ​ដ៏​ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ សូម​យាង​មក​ជួយ​ទូល‌បង្គំ​ជា​ប្រញាប់​ផង! សូម​រំ​ដោះ​ព្រលឹង​ទូល‌បង្គំ​ឲ្យ​រួច​ពី​ដាវ និង​ជីវិត​ទូល‌បង្គំ​ឲ្យ​រួច​ពី​អំណាច​ឆ្កែ​ទាំង​នេះ! សូម​សង្គ្រោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មាត់​សិង្ហ អើ ព្រះ‌អង្គ​បាន​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​ស្នែង​គោ​ព្រៃ! ដ្បិត​ព្រះ‌អង្គ​បាន​ឆ្លើយ​មក​ទូល‌បង្គំ​ហើយ ។ ៙ ទូល‌បង្គំ​នឹង​ប្រកាសអំពី​ព្រះ‌នាម​ព្រះ‌អង្គ ដល់​ពួក​បង​ប្អូន ទូល‌បង្គំ​នឹង​សរសើរ​តម្កើងព្រះ‌អង្គ នៅ​កណ្ដាល​ក្រុម​ជំនុំ ។ អ្នក​រាល់​គ្នា​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ‌ពង្ស​យ៉ាកុប​អើយ ចូរ​លើក​តម្កើង​ព្រះ‌អង្គ អ្នក​ទាំង​អស់​គ្នា ដែល​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្ញប់​ស្ញែង​នៅ​ចំពោះ​ព្រះ‌អង្គ​ចុះ! ដ្បិត​ព្រះ‌អង្គ​មិន​បាន​មើល‌ងាយ ឬ​ស្អប់​ខ្ពើម មនុស្ស​ទុគ៌ត​មាន​ទុក្ខ​វេទនា​ឡើយ ក៏​មិន​បាន​លាក់​ព្រះ‌ភក្ត្រ​នឹង​គេ​ដែរ កាល​អ្នក​នោះ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់។ ៙ ព្រះ‌អង្គ​ជា​ដើម​ហេតុ ដែល​នាំ​ឲ្យ​ទូល‌បង្គំ​សរសើរ នៅ​ក្នុង​ក្រុម​ជំនុំ​ដ៏​ធំ ទូល‌បង្គំ​នឹង​លា​បំណន់​នៅ​ចំពោះ​មុខ អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ។ មនុស្ស​ទន់‌ទាប​នឹង​បាន​បរិ‌ភោគ​ឆ្អែត អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ សូម​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​រស់​នៅ​ជា​ដរាប! ៙ សូម​ឲ្យ​មនុស្ស​ទាំង​អស់នៅ​លើ​ផែនដី ទទួល​ស្គាល់​ព្រះ‌យេហូវ៉ា ហើយ​ងាក​បែរ​មក​រក​ព្រះ‌អង្គ សូមឲ្យមនុស្ស​គ្រប់​សាសន៍​ទាំង​អស់ ថ្វាយ‌បង្គំ​ព្រះ‌អង្គ។ ដ្បិត​អំណាច​គ្រប់‌គ្រង​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​គ្រប់​គ្រង​លើ​ជាតិ​សាសន៍​នានា។ ៙ អស់​អ្នក​ដែល​មាន​ចិត្ត​ស្កប់​ស្កល់ នៅ​លើ​ផែនដី នឹង​បរិ‌ភោគ ហើយ​ថ្វាយ‌បង្គំ អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ធូលី ព្រម​ទាំង​អ្នក​ដែល​មិន​អាច​រក្សា​ជីវិត​ខ្លួន ក៏​នឹង​ក្រាប​នៅ​ចំពោះ​ព្រះ‌អង្គ​ដែរ។ នឹង​មាន​ពូជ‌ពង្ស​មួយ​គោរព​ប្រតិ‌បត្តិ ដល់​ព្រះ‌អង្គ គេ​នឹង​ថ្លែង​ប្រាប់អំពី​ព្រះ‌អម្ចាស់ ដល់​មនុស្ស​ជំនាន់​ក្រោយ គេ​នឹង​មក ហើយ​ប្រកាស​អំពី សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ប្រាប់​មនុស្ស​មួយ​ពួក ដែល​មិន​ទាន់​កើតមក​នៅ​ឡើយ​ថា គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​ការ​នោះ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 22:3-31