ទំនុកតម្កើង 22:3-31
ប៉ុន្តែ ព្រះអង្គជាព្រះដ៏វិសុទ្ធដែលគង់នៅលើបល្ល័ង្ក ហើយជនជាតិអ៊ីស្រាអែលតែងនាំគ្នា សរសើរតម្កើងព្រះអង្គ។ បុព្វបុរសរបស់យើងខ្ញុំតែងតែផ្ញើជីវិតលើព្រះអង្គ ពួកលោកផ្ញើជីវិតលើព្រះអង្គជានិច្ច ហើយព្រះអង្គក៏បានរំដោះពួកលោក។ ពួកលោកបានស្រែកអង្វររកព្រះអង្គ ពួកលោកក៏បានរួចពីខ្មាំងសត្រូវ ដោយផ្ញើជីវិតលើព្រះអង្គ ពួកលោកនឹងមិនខកចិត្តសោះឡើយ។ រីឯទូលបង្គំវិញ គេលែងចាត់ទុកទូលបង្គំថាជាមនុស្សទៀតហើយ គឺគេចាត់ទុកជាជន្លេន មនុស្សម្នានាំគ្នាជេរប្រមាថ ហើយមាក់ងាយទូលបង្គំ។ អស់អ្នកដែលឃើញទូលបង្គំ គេចំអកឲ្យទូលបង្គំគ្រប់ៗគ្នា គេពេបជ្រាយដាក់ទូលបង្គំ ព្រមទាំងគ្រវីក្បាលដាក់ទូលបង្គំផង។ គេពោលថា “គាត់ផ្ញើវាសនាលើព្រះអម្ចាស់ហើយ ឲ្យព្រះអង្គរំដោះគាត់ទៅ បើព្រះអង្គស្រឡាញ់គាត់ ឲ្យព្រះអង្គសង្គ្រោះគាត់ទៅ!”។ ព្រះអម្ចាស់អើយ ព្រះអង្គបានយកទូលបង្គំចេញពីផ្ទៃម្ដាយមក ហើយព្រះអង្គបានផ្ញើទូលបង្គំ ទៅឲ្យអ្នកម្ដាយបំបៅ។ កាលពីទូលបង្គំកើតមក ព្រះអង្គបានទទួលទូលបង្គំធ្វើជាកូន ព្រះអង្គជាព្រះរបស់ទូលបង្គំ តាំងតែពីមុនពេល ដែលទូលបង្គំស្គាល់ពន្លឺថ្ងៃទៅទៀត។ ពេលនេះ ទូលបង្គំមានភ័យអាសន្ន គ្មាននរណាជួយទូលបង្គំទេ សូមកុំគង់នៅឆ្ងាយពីទូលបង្គំឡើយ។ សត្រូវរបស់ទូលបង្គំជាច្រើននាក់ឡោមព័ទ្ធ ទូលបង្គំ អ្នកទាំងនោះប្រៀបបានទៅនឹងគោបា ពួកគេនៅជុំវិញទូលបង្គំ ដូចគោបាមកពីស្រុកបាសាន ។ ពួកគេបើកមាត់ប្រឆាំងនឹងទូលបង្គំ ដូចសត្វសិង្ហគ្រហឹមបម្រុងនឹងហែកស៊ី។ កម្លាំងរបស់ទូលបង្គំកាន់តែខ្សោយទៅៗ ប្រៀបដូចជាទឹកហូរមិនត្រឡប់វិញឡើយ ឆ្អឹងទូលបង្គំទាំងប៉ុន្មានដាច់ចេញពីគ្នា ហើយទឹកចិត្តក្លាហានរបស់ទូលបង្គំ រលាយបាត់អស់ទៅដូចក្រមួនត្រូវថ្ងៃ។ បំពង់ករបស់ទូលបង្គំស្ងួតដូចដីបែកក្រហែង អណ្ដាតទូលបង្គំស្អិតជាប់នឹងកន្លើត ព្រះអង្គបានទុកឲ្យទូលបង្គំស្លាប់ក្នុងធូលីដី។ មានពួកឆ្កែឡោមព័ទ្ធទូលបង្គំ ជនទុយ៌សមួយហ្វូងនាំគ្នាក្រវែលជុំវិញទូលបង្គំ ពួកគេចាក់ទម្លុះដៃជើងទូលបង្គំ។ ទូលបង្គំអាចរាប់ឆ្អឹងជំនីរទាំងប៉ុន្មាន របស់ទូលបង្គំបាន ហើយសត្រូវរបស់ទូលបង្គំនាំគ្នា សម្លក់សម្លឹងមើលទូលបង្គំ។ គេយកសម្លៀកបំពាក់ទូលបង្គំទៅចែកគ្នា និងនាំគ្នាចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ ។ រីឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយ សូមកុំនៅឆ្ងាយពីទូលបង្គំឡើយ! ព្រះអង្គជាកម្លាំងនៃទូលបង្គំ សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់ផង!។ សូមដោះលែងទូលបង្គំឲ្យរួចផុតពីមុខដាវ សូមដោះលែងទូលបង្គំឲ្យ រួចផុតពីចង្កូមរបស់ឆ្កែទាំងនេះ! សូមសង្គ្រោះទូលបង្គំឲ្យរួចផុតពីមាត់សិង្ហ និងរួចផុតពីស្នែងក្របី! ព្រះអង្គឆ្លើយតបមកទូលបង្គំហើយ!។ ទូលបង្គំនឹងផ្សព្វផ្សាយអំពីព្រះនាម របស់ព្រះអង្គឲ្យបងប្អូនទូលបង្គំស្គាល់ ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំ ។ អ្នករាល់គ្នាដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ ចូរសរសើរតម្កើងព្រះអង្គ! អ្នកទាំងអស់គ្នាដែលជាពូជពង្ស លោកយ៉ាកុបអើយ ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! អ្នកទាំងអស់គ្នាដែលជាពូជពង្ស លោកអ៊ីស្រាអែលអើយ ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គ!។ ពេលមនុស្សទុគ៌តមានទុក្ខវេទនា ព្រះអង្គមិនមាក់ងាយឬព្រងើយកន្តើយ ព្រះអង្គមិនលាក់ព្រះភ័ក្ត្រចំពោះគេឡើយ ពេលមនុស្សទុគ៌តស្រែកអង្វររកព្រះអង្គ ទ្រង់ព្រះសណ្ដាប់គេ។ ដោយព្រះអង្គបានប្រោសប្រណីដល់ទូលបង្គំ ទូលបង្គំអាចលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំដ៏ធំ ទូលបង្គំនឹងលាបំណន់ នៅមុខអស់អ្នកគោរពកោតខ្លាចព្រះអង្គ។ មនុស្សទន់ទាបនឹងបានបរិភោគឆ្អែតស្កប់ស្កល់ អស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងនាំគ្នាសរសើរតម្កើងព្រះអង្គ។ ចូរឲ្យអ្នករាល់គ្នាមានអាយុយឺនយូរ! មនុស្សទាំងប៉ុន្មានដែលស្ថិតនៅតាមស្រុក ដាច់ស្រយាលនៃផែនដី នឹងនឹកឃើញព្រះអម្ចាស់ ហើយនាំគ្នាបែរចិត្តមករកព្រះអង្គ ប្រជាជាតិទាំងមូល នឹងនាំគ្នាក្រាប ថ្វាយបង្គំព្រះអង្គ ដ្បិតព្រះអម្ចាស់ជាព្រះមហាក្សត្រ ព្រះអង្គគ្រប់គ្រងលើប្រជាជាតិនានា។ ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដី នាំគ្នាបរិភោគ ហើយក្រាបថ្វាយបង្គំព្រះអង្គ អស់អ្នកដែលកើតពីធូលីដី គឺមនុស្សលោកដែលតែងតែស្លាប់ ក៏នឹងក្រាបថ្វាយបង្គំព្រះអង្គដែរ។ មនុស្សនៅជំនាន់ក្រោយនឹងគោរពបម្រើព្រះអង្គ ហើយគេនឹងថ្លែងអំពីព្រះអម្ចាស់ប្រាប់កូនចៅ។ គេនឹងប្រកាសប្រាប់ប្រជាជនដែលនឹងកើតមក តាមក្រោយ អំពីសេចក្ដីសុចរិតរបស់ព្រះអង្គ គឺព្រះអម្ចាស់បានជួយរំដោះប្រជារាស្ត្រ របស់ព្រះអង្គ។
ទំនុកតម្កើង 22:3-31