ប៉ុន្តែ ឱព្រះដែលថ្កើងឡើង នៅលើពាក្យសរសើររបស់ អ៊ីស្រាអែលអើយ ព្រះអង្គបរិសុទ្ធ។ បុព្វបុរសរបស់យើងខ្ញុំបានទុកចិត្តដល់ព្រះអង្គ ពួកលោកបានទុកចិត្ត ហើយព្រះអង្គបានរំដោះពួកលោក។ ពួកលោកបានអំពាវនាវរកព្រះអង្គ ហើយក៏បានរួច ពួកលោកបានទុកចិត្តដល់ព្រះអង្គ ហើយមិនត្រូវខ្មាសឡើយ។ ឯទូលបង្គំវិញ ទូលបង្គំជាដង្កូវ មិនមែនជាមនុស្សទេ ត្រូវមនុស្សត្មះតិះដៀល ហើយប្រជាជនស្អប់ខ្ពើម។ អស់អ្នកដែលឃើញទូលបង្គំ ចំអកឲ្យទូលបង្គំ គេពេបជ្រាយដាក់ទូលបង្គំ ហើយគេគ្រវីក្បាល ដោយពោលថា «វាទុកចិត្តនឹងព្រះយេហូវ៉ា ឲ្យព្រះអង្គរំដោះវាទៅ ឲ្យព្រះអង្គសង្គ្រោះវាទៅ ដ្បិតព្រះអង្គគាប់ចិត្តនឹងវា!» ៙ ប៉ុន្តែ គឺព្រះអង្គដែលបានយកទូលបង្គំ ចេញពីផ្ទៃម្តាយមក ព្រះអង្គបានធ្វើឲ្យទូលបង្គំទុកចិត្តព្រះអង្គ តាំងពីទូលបង្គំនៅបៅដោះម្តាយនៅឡើយ។ ព្រះអង្គឃុំគ្រងទូលបង្គំតាំងពីផ្ទៃម្ដាយ ព្រះអង្គជាព្រះរបស់ទូលបង្គំ តាំងពីម្ដាយសម្រាលទូលបង្គំមក។ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ដ្បិតសេចក្ដីទុក្ខមកជិតហើយ គ្មានអ្នកណាជួយទូលបង្គំទេ។ ៙ គោឈ្មោលជាច្រើនបានឡោមព័ទ្ធទូលបង្គំ គឺគោឈ្មោលខ្លាំងៗពីស្រុកបាសាន នៅជុំវិញទូលបង្គំ។ គេហាមាត់ធំដាក់ទូលបង្គំ ដូចជាសិង្ហដែលគ្រហឹមបម្រុងនឹងហែកស៊ី។ ៙ ទូលបង្គំត្រូវច្រួចចេញដូចជាទឹក ហើយអស់ទាំងឆ្អឹងនៃទូលបង្គំសណ្តកចេញពីគ្នា ចិត្តទូលបង្គំប្រៀបដូចជាក្រមួន ដែលរលាយនៅក្នុងខ្លួន កម្លាំងទូលបង្គំស្ងួត ដូចអំបែងឆ្នាំង អណ្ដាតទូលបង្គំជាប់នៅក្រអូមមាត់ ព្រះអង្គដាក់ទូលបង្គំ ចុះទៅក្នុងធូលីនៃសេចក្ដីស្លាប់។ ដ្បិតមានពួកឆ្កែឡោមព័ទ្ធទូលបង្គំជុំវិញ មនុស្សអាក្រក់មួយហ្វូង ដើរក្រវែលជុំវិញទូលបង្គំ គេបានចាក់ទម្លុះដៃជើងទូលបង្គំ ទូលបង្គំអាចរាប់ឆ្អឹងជំនីរ របស់ទូលបង្គំបានទាំងអស់ គេសម្លក់សម្លឹងមកទូលបង្គំ គេយកសម្លៀកបំពាក់ទូលបង្គំចែកគ្នា ហើយគេនាំគ្នាចាប់ឆ្នោត យកអាវវែងរបស់ទូលបង្គំ ។ ៙ ឱព្រះយេហូវ៉ាអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយ សូមយាងមកជួយទូលបង្គំជាប្រញាប់ផង! សូមរំដោះព្រលឹងទូលបង្គំឲ្យរួចពីដាវ និងជីវិតទូលបង្គំឲ្យរួចពីអំណាចឆ្កែទាំងនេះ! សូមសង្គ្រោះទូលបង្គំឲ្យរួចពីមាត់សិង្ហ អើ ព្រះអង្គបានសង្គ្រោះទូលបង្គំ ឲ្យរួចពីស្នែងគោព្រៃ! ដ្បិតព្រះអង្គបានឆ្លើយមកទូលបង្គំហើយ ។ ៙ ទូលបង្គំនឹងប្រកាសអំពីព្រះនាមព្រះអង្គ ដល់ពួកបងប្អូន ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ នៅកណ្ដាលក្រុមជំនុំ ។ អ្នករាល់គ្នាដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ ចូរសរសើរតម្កើងព្រះអង្គ! អ្នកទាំងអស់គ្នាដែលជាពូជពង្សយ៉ាកុបអើយ ចូរលើកតម្កើងព្រះអង្គ អ្នកទាំងអស់គ្នា ដែលជាពូជពង្សអ៊ីស្រាអែលអើយ ចូរស្ញប់ស្ញែងនៅចំពោះព្រះអង្គចុះ! ដ្បិតព្រះអង្គមិនបានមើលងាយ ឬស្អប់ខ្ពើម មនុស្សទុគ៌តមានទុក្ខវេទនាឡើយ ក៏មិនបានលាក់ព្រះភក្ត្រនឹងគេដែរ កាលអ្នកនោះបានអំពាវនាវរកព្រះអង្គ ព្រះអង្គទ្រង់ព្រះសណ្ដាប់។ ៙ ព្រះអង្គជាដើមហេតុ ដែលនាំឲ្យទូលបង្គំសរសើរ នៅក្នុងក្រុមជំនុំដ៏ធំ ទូលបង្គំនឹងលាបំណន់នៅចំពោះមុខ អស់អ្នកដែលកោតខ្លាចព្រះអង្គ។ មនុស្សទន់ទាបនឹងបានបរិភោគឆ្អែត អស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងសរសើរតម្កើងព្រះអង្គ សូមឲ្យចិត្តអ្នករាល់គ្នារស់នៅជាដរាប! ៙ សូមឲ្យមនុស្សទាំងអស់នៅលើផែនដី ទទួលស្គាល់ព្រះយេហូវ៉ា ហើយងាកបែរមករកព្រះអង្គ សូមឲ្យមនុស្សគ្រប់សាសន៍ទាំងអស់ ថ្វាយបង្គំព្រះអង្គ។ ដ្បិតអំណាចគ្រប់គ្រងជារបស់ព្រះយេហូវ៉ា ហើយព្រះអង្គគ្រប់គ្រងលើជាតិសាសន៍នានា។ ៙ អស់អ្នកដែលមានចិត្តស្កប់ស្កល់ នៅលើផែនដី នឹងបរិភោគ ហើយថ្វាយបង្គំ អស់អ្នកដែលចុះទៅក្នុងធូលី ព្រមទាំងអ្នកដែលមិនអាចរក្សាជីវិតខ្លួន ក៏នឹងក្រាបនៅចំពោះព្រះអង្គដែរ។ នឹងមានពូជពង្សមួយគោរពប្រតិបត្តិ ដល់ព្រះអង្គ គេនឹងថ្លែងប្រាប់អំពីព្រះអម្ចាស់ ដល់មនុស្សជំនាន់ក្រោយ គេនឹងមក ហើយប្រកាសអំពី សេចក្ដីសុចរិតរបស់ព្រះអង្គ ប្រាប់មនុស្សមួយពួក ដែលមិនទាន់កើតមកនៅឡើយថា គឺព្រះអង្គហើយដែលបានធ្វើការនោះ។
អាន ទំនុកតម្កើង 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 22:3-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ