ទំនុកតម្កើង 148
148
ពាក្យសរសើរតម្កើងដល់ព្រះដ៏មានសិរីល្អលើសកលលោក
1ចូរសរសើរតម្កើងព្រះយេហូវ៉ា !
ចូរសរសើរតម្កើងព្រះយេហូវ៉ាពីលើអាកាស
ចូរសរសើរតម្កើងព្រះអង្គនៅតាមទីខ្ពស់!
2អស់ទាំងពួកទេវតារបស់ព្រះអង្គអើយ
ចូរសរសើរតម្កើងព្រះអង្គ
អស់ទាំងពួកពលបរិវាររបស់ព្រះអង្គអើយ
ចូរសរសើរតម្កើងព្រះអង្គ!
3៙ ព្រះអាទិត្យ និងព្រះចន្ទអើយ
ចូរសរសើរតម្កើងព្រះអង្គ
អស់ទាំងផ្កាយដ៏ភ្លឺអើយ
ចូរសរសើរតម្កើងព្រះអង្គ!
4ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ
ចូរសរសើរតម្កើងព្រះអង្គ
ហើយឯងដែរ អស់ទាំងទឹក
ដែលនៅពីលើមេឃអើយ!
5៙ ចូរឲ្យអ្វីៗសព្វសារពើសរសើរតម្កើង
ព្រះនាមព្រះយេហូវ៉ា!
ដ្បិតព្រះអង្គបានចេញបង្គាប់
នោះអ្វីៗទាំងអស់ក៏បានកើតមក។
6ព្រះអង្គបានតាំងរបស់ទាំងនោះ
ឲ្យនៅជាប់អស់កល្បជានិច្ច
ព្រះអង្គបានដាក់ចេញជាច្បាប់
ហើយច្បាប់នោះមិនអាចកន្លងបាត់ឡើយ។
7៙ ចូរសរសើរតម្កើងព្រះយេហូវ៉ាចេញពីផែនដី
ឯងដែលជាសត្វដ៏សម្បើមនៅក្នុងសមុទ្រ
និងទីជម្រៅទាំងប៉ុន្មាន
8ភ្លើង និងព្រឹល ហិមៈ និងចំហាយទឹក
ខ្យល់ព្យុះដែលសម្រេចតាម
ព្រះបន្ទូលរបស់ព្រះអង្គ
9ភ្នំធំភ្នំតូចទាំងឡាយ
ដើមឈើដែលមានផ្លែ
និងដើមតាត្រៅទាំងប៉ុន្មាន
10សត្វព្រៃ និងសត្វស្រុកទាំងប៉ុន្មាន
សត្វលូនវារ ព្រមទាំងសត្វហើរដែរ។
11៙ ស្តេចនៅផែនដី និងប្រជារាស្ត្រទាំងឡាយ
អ្នកធំ និងអ្នកគ្រប់គ្រងនៅផែនដី
12យុវជន និងយុវនារី
មនុស្សចាស់ ព្រមទាំងកូនក្មេងដែរ!
13៙ ចូរឲ្យទាំងអស់សរសើរតម្កើង
ព្រះនាមព្រះយេហូវ៉ា
ដ្បិតមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ
ត្រូវលើកតម្កើង
តេជានុភាពរបស់ព្រះអង្គ
ខ្ពស់ជាងផែនដី និងផ្ទៃមេឃ។
14ព្រះអង្គបានលើកស្នែងឲ្យប្រជារាស្ត្រព្រះអង្គ
ព្រះអង្គជាទីសរសើរដល់
អស់ទាំងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ
ដល់ប្រជាអ៊ីស្រាអែល
ដែលនៅជិតដិតនឹងព្រះអង្គ។
ហាលេលូយ៉ា !
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 148: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies