ទំនុកតម្កើង 147
147
សរសើរតម្កើងដល់ព្រះដែលព្រះអង្គយកព្រះហឫទ័យទុកដាក់ដល់ក្រុងយេរូសាឡិម
1ចូរសរសើរតម្កើងព្រះយេហូវ៉ា !
ដ្បិតការដែលច្រៀងសរសើរដល់ព្រះនៃយើង
ជាការប្រពៃណាស់
ដ្បិតនេះជាទីដ៏សប្បាយរីករាយ
ហើយចម្រៀងសរសើរតម្កើង ស័ក្ដិសមណាស់!
2ព្រះយេហូវ៉ាសង់ក្រុងយេរូសាឡិមឡើងវិញ
ព្រះអង្គប្រមូលអ៊ីស្រាអែល
ដែលខ្ចាត់ខ្ចាយឲ្យត្រឡប់មកវិញ។
3ព្រះអង្គប្រោសអ្នកដែលមានចិត្តខ្ទេចខ្ទាំ
ឲ្យបានជា ព្រះអង្គរុំរបួសឲ្យគេ។
4ព្រះអង្គកំណត់ចំនួនផ្កាយ
ហើយព្រះអង្គដាក់ឈ្មោះឲ្យផ្កាយទាំងនោះ។
5ព្រះអម្ចាស់របស់យើងធំអស្ចារ្យ
ហើយមានពេញដោយព្រះចេស្ដា
ប្រាជ្ញាញាណរបស់ព្រះអង្គ
មិនអាចវាស់ស្ទង់បានឡើយ។
6ព្រះយេហូវ៉ាលើកមនុស្សរាបសា
តែព្រះអង្គបន្ទាបមនុស្សអាក្រក់ដល់ដី។
7៙ ចូរច្រៀងថ្វាយព្រះយេហូវ៉ា
ដោយពាក្យអរព្រះគុណ
ចូរលើកទំនុកថ្វាយព្រះនៃយើង
ដោយចាប់ស៊ុង។
8ព្រះអង្គបិទបាំងផ្ទៃមេឃដោយពពក
ព្រះអង្គរៀបចំឲ្យមានភ្លៀងសម្រាប់ផែនដី
ព្រះអង្គធ្វើឲ្យមានស្មៅដុះនៅលើភ្នំ។
9ព្រះអង្គប្រទានឲ្យសត្វពាហនៈមានអាហារ
ហើយក៏ប្រទានឲ្យកូនក្អែកដែលយំដែរ។
10ព្រះអង្គមិនសព្វព្រះហឫទ័យនឹងកម្លាំងសេះទេ
ក៏មិនរីករាយនឹងជើងមនុស្សដែរ
11តែព្រះយេហូវ៉ាសព្វព្រះហឫទ័យ
នឹងអស់អ្នកដែលកោតខ្លាចព្រះអង្គ
គឺនឹងអស់អ្នកដែលសង្ឃឹមដល់
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
12៙ ឱក្រុងយេរូសាឡិមអើយ
ចូរសរសើរតម្កើងព្រះយេហូវ៉ា!
ឱក្រុងស៊ីយ៉ូនអើយ
ចូរសរសើរតម្កើងព្រះរបស់អ្នក!
13ដ្បិតព្រះអង្គពង្រឹងរនុកទ្វារឯងឲ្យរឹងមាំ
ព្រះអង្គប្រទានពរកូនចៅដែលរស់នៅក្នុងឯង។
14ព្រះអង្គធ្វើឲ្យមានសេចក្ដីសុខ
នៅក្នុងព្រំដែនរបស់ឯង
ព្រះអង្គចម្អែតឯង
ដោយស្រូវសាលីយ៉ាងល្អបំផុត។
15ព្រះអង្គចាត់ព្រះរាជបញ្ជារបស់ព្រះអង្គមកផែនដី
ព្រះបន្ទូលរបស់ព្រះអង្គក៏រត់ទៅយ៉ាងរហ័ស។
16ព្រះអង្គប្រទានឲ្យមានព្រឹលសក្បុស
ដូចរោមចៀម
ព្រះអង្គបាចសាចសន្សើម កកដូចផេះ។
17ព្រះអង្គបោះទឹកកករបស់ព្រះអង្គមកជាដុំៗ
តើអ្នកណាអាចទ្រាំនឹងធាតុអាកាសត្រជាក់
របស់ព្រះអង្គបាន?
18ព្រះអង្គចាត់ព្រះបន្ទូលទៅ
ហើយទាំងអស់ក៏រំលាយទៅ
ព្រះអង្គធ្វើឲ្យខ្យល់របស់ព្រះអង្គបកមក
ហើយទឹកនោះក៏ហូរ។
19ព្រះអង្គប្រកាសព្រះបន្ទូល
របស់ព្រះអង្គដល់យ៉ាកុប
គឺច្បាប់ និងវិន័យរបស់ព្រះអង្គដល់អ៊ីស្រាអែល។
20ព្រះអង្គមិនបានប្រព្រឹត្តដូច្នេះ
ចំពោះសាសន៍ដទៃណាឡើយ
គេមិនស្គាល់វិន័យរបស់ព្រះអង្គទេ។
ហាលេលូយ៉ា !
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 147: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies