ទំនុកតម្កើង 138
138
ពាក្យអរព្រះគុណ និងពាក្យសរសើរតម្កើង
ទំនុករបស់ស្ដេចដាវីឌ
1ឱព្រះយេហូវ៉ាអើយ
ទូលបង្គំសូមអរព្រះគុណព្រះអង្គ
យ៉ាងអស់ពីចិត្តរបស់ទូលបង្គំ
ទូលបង្គំច្រៀងសរសើរព្រះអង្គ
នៅចំពោះព្រះទាំងឡាយ
2ទូលបង្គំក្រាបថ្វាយបង្គំ
តម្រង់ទៅឯព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ
ហើយអរព្រះគុណដល់ព្រះនាមព្រះអង្គ
ដោយព្រោះព្រះហឫទ័យសប្បុរស
និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
ដ្បិតព្រះអង្គបានលើកតម្កើង
ព្រះបន្ទូលរបស់ព្រះអង្គ
ខ្ពស់លើសជាងព្រះនាមរបស់ព្រះអង្គទៅទៀត។
3នៅថ្ងៃដែលទូលបង្គំបានអំពាវនាវ
ព្រះអង្គបានឆ្លើយតបមកទូលបង្គំ
ព្រះអង្គបានចម្រើនកម្លាំងចិត្តទូលបង្គំ ។
4៙ ឱព្រះយេហូវ៉ាអើយ
អស់ទាំងស្តេចនៅផែនដី
នឹងអរព្រះគុណដល់ព្រះអង្គ
ដ្បិតគេបានឮព្រះបន្ទូល
ដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ
5ហើយគេនឹងច្រៀងពីផ្លូវរបស់ព្រះយេហូវ៉ា
ដ្បិតសិរីល្អរបស់ព្រះយេហូវ៉ា នោះធំក្រៃលែង។
6ដ្បិតទោះបើព្រះយេហូវ៉ាខ្ពស់
ក៏ព្រះអង្គនៅតែគិតដល់មនុស្សទន់ទាបជានិច្ច
តែឯមនុស្សឆ្មើងឆ្មៃវិញ
ព្រះអង្គស្គាល់គេពីចម្ងាយ។
7៙ នៅពេលទូលបង្គំដើរនៅកណ្ដាលទុក្ខវេទនា
ព្រះអង្គរក្សាការពារជីវិតទូលបង្គំ
ព្រះអង្គលើកព្រះហស្តឡើង
ទាស់នឹងសេចក្ដីក្រេវក្រោធ
របស់ខ្មាំងសត្រូវទូលបង្គំ
ហើយព្រះហស្តស្តាំរបស់ព្រះអង្គរំដោះទូលបង្គំ។
8ព្រះយេហូវ៉ានឹងសម្រេចគោលបំណង
របស់ព្រះអង្គដល់ទូលបង្គំ
ឱព្រះយេហូវ៉ាអើយ
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច។
សូមកុំបោះបង់ចោលស្នាព្រះហស្ត
របស់ព្រះអង្គឡើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 138: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies