ទំនុកតម្កើង 137

137
ការ​សោយ​សោក​នឹង​មហន្តរាយ​នៃ​ក្រុងយេរូ‌សាឡិម
1យើង​បាន​អង្គុយ​ចុះ នៅ​មាត់​ទន្លេ​ស្រុក​បាប៊ីឡូន
យើង​បាន​យំ ដោយ​នឹក​រឭក​ដល់​ក្រុង​ស៊ីយ៉ូន។
2នៅ​ទី​នោះ យើង​បាន​ព្យួរ​ស៊ុង​របស់​យើង
នៅ​ដើម​ចាក
3ដ្បិត​នៅ​ទី​នោះ ពួក​អ្នក​ដែល​នាំ​យើង
ទៅ​ជា​ឈ្លើយ បានសុំ​ឲ្យ​យើង​ច្រៀង
គឺ​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​យើង
គេ​បាន​សុំ​ឲ្យ​យើង​លេង ឲ្យ​គេ​បាន​អរ​សប្បាយ
គេ​ពោល​ថា «ចូរ​ច្រៀង​បទ​មួយ​របស់​ក្រុង​ស៊ីយ៉ូន
ឲ្យ​យើង​ស្តាប់​ផង!»
4៙ តើឲ្យ​យើង​ច្រៀង​បទ​របស់​ព្រះ‌យេហូវ៉ា
នៅ​ក្នុង​ប្រទេស​ដទៃ​ដូច​ម្តេច​កើត?
5ឱ​ក្រុង​យេរូ‌សាឡិម​អើយ ប្រសិន‌បើ​ខ្ញុំ​ភ្លេច​អ្នក
សូម​ឲ្យ​ដៃ​ស្តាំ​របស់​ខ្ញុំ​ភ្លេច​ជំនាញ​របស់​វា​ទៅ​ចុះ!
6ប្រសិន‌បើ​ខ្ញុំ​មិន​នឹក​ដល់​អ្នកទេ
ប្រសិន‌បើ​ខ្ញុំ​មិន​ដាក់​ក្រុង​យេរូ‌សាឡិម
ឲ្យ​ខ្ពស់លើស​ជាង​អំណរ​ដ៏​ខ្ពស់​បំផុត​របស់​ខ្ញុំទេ
នោះ​សូម​ឲ្យ​អណ្ដាត​ខ្ញុំ
ស្អិត​ជាប់​នឹង​ក្រអូម​មាត់​ខ្ញុំ​ទៅ​ចុះ!
7៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នឹក​ចាំ​ពី​ពួក​អេដុម
នៅ​ថ្ងៃ​ដែល​ក្រុង​យេរូ‌សាឡិម​ដួល​រលំ
គេ​ពោល​ថា៖ «ចូរ​រំលំ​វា ចូរ​រំលំ​វា​ទៅ
រំលំ​វា​ឲ្យ​ដល់​គ្រឹះ​ទៅ!»
8ឱ​កូន​ស្រី​ក្រុង​បាប៊ីឡូន​អើយ
ឯង​នឹង​ត្រូវ​វិនាស​មិន​ខាន
មាន​ពរ​ហើយ អ្នក​ណា​ដែល​សង​ដល់​ឯង
តាម​អំពើ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​យើង!
9មាន​ពរ​ហើយ អ្នក​ណា​ដែល​នឹង​ចាប់​កូន​តូច
របស់​ឯង ទៅ​បោក​នឹង​ថ្ម!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 137: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល