ទំនុកតម្កើង 132

132
លំនៅដ៏​អស់​កល្បជានិច្ច​របស់​ព្រះ​នៅ​ក្រុង​ស៊ីយ៉ូន
ទំនុក​ច្រៀង​តាម​ថ្នាក់។
1ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​នឹក​ចាំ​ពី​ព្រះ​បាទ​ដាវីឌ
និង​ពី​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​លោក
2ពី​ដំណើរ​ដែល​លោក​បាន​ស្បថ
ចំពោះ​ព្រះ‌យេហូវ៉ា
គឺ​បាន​ស្បថ​ចំពោះ​ព្រះ​ដ៏​ខ្លាំង​ពូកែ
របស់​លោក​យ៉ាកុប​ថា៖
3«ទូល‌បង្គំ​នឹង​មិន​ចូល​ទៅ​ក្នុង​ផ្ទះរបស់​ទូល‌បង្គំ
ឬ​ឡើង​ទៅ​ដេក​នៅ​លើ​គ្រែ​របស់​ទូល‌បង្គំ​ឡើយ
4ទូល‌បង្គំនឹង​មិន​ព្រម​ឲ្យ​ភ្នែក​ទូល‌បង្គំ​ដេក
ឬ​ឲ្យ​ត្របក​ភ្នែក​ទូល‌បង្គំ​លង់​លក់​ឡើយ
5រហូត​ទាល់​តែ​ទូល‌បង្គំ​រក​បាន​ទី​កន្លែង​មួយ
ថ្វាយ​ព្រះ‌យេហូវ៉ា
គឺ​ជា​ព្រះ​ពន្លា​សម្រាប់​ព្រះ​ដ៏​ខ្លាំង​ពូកែ
របស់​លោក​យ៉ាកុប»។
6មើល៍ យើង​ខ្ញុំ​បាន​ឮ​ថា ហិប​របស់​ព្រះ‌អង្គ
នៅ​ភូមិ​អេប្រាតា
យើង​ក៏បាន​រក​ឃើញ​ហិប​នេះ​នៅ​វាល​យ៉ាអើរ។
7សូម​ឲ្យ​យើង​ខ្ញុំ​ចូល​ទៅ​ក្នុង​ព្រះ​ពន្លា​របស់​ព្រះ‌អង្គ
សូម​ឲ្យ​យើង​ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំ
នៅ​ទៀប​កំណល់​ព្រះ‌បាទ​របស់​ព្រះ‌អង្គ!
8ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឡើង
សូម​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ទី​សម្រាក
របស់​ព្រះ‌អង្គ
ព្រម​ទាំង​ហិប​នៃ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គផង។
9សូម​ឲ្យ​ពួក​សង្ឃ​របស់​ព្រះ‌អង្គ​បាន​ប្រដាប់​កាយ
ដោយ​សេចក្ដី​សុចរិត
ហើយ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ
ស្រែកហ៊ោ​ដោយ​អំណរ។
10ដោយ​យល់​ព្រះ​បាទ​ដាវីឌ
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
សូម​កុំ​បោះ​បង់​អ្នក​ដែល​ព្រះ‌អង្គ
បាន​ចាក់​ប្រេងតាំង​ឡើយ។
11៙ ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ព្រះ​បាទ​ដាវីឌ
ដោយ​សេចក្ដី​ពិត
ដែល​ព្រះ‌អង្គ​នឹង​មិន​ប្រែ​ប្រួល​ឡើយ​ថា៖
«ក្នុង​ចំណោម​កូន​ប្រុស​ៗ
ដែល​កើត​ចេញ​ពី​ខ្លួន​អ្នក
យើង​នឹង​តាំង​ម្នាក់ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​របស់​អ្នក។
12ប្រសិន‌បើ​កូន​ៗ​របស់​អ្នក​កាន់​តាម
សេចក្ដី​សញ្ញា​របស់​យើង
និង​សេចក្ដី​បន្ទាល់​ដែល​យើង​នឹង​បង្រៀន​ដល់​គេ
នោះ​កូន​ៗ​របស់​គេ​ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក
របស់អ្នក​ជា​រៀង​រហូត​ដែរ»។
13៙ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ជ្រើស​រើស​ក្រុង​ស៊ីយ៉ូន
ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​បានក្រុង​នេះ
សម្រាប់​ជា​លំនៅ​របស់​ព្រះ‌អង្គ។
14«នេះ​ជា​ទី​សម្រាក​របស់​យើង​រហូត​តទៅ
យើង​នឹង​អាស្រ័យ​នៅ​ទី​នេះ
ដ្បិត​យើង​មាន​ចិត្ត​ចង់​បាន​ក្រុង​នេះ។
15យើង​នឹង​ឲ្យ​ពរ​ក្រុង​នេះ​មាន​អ្វីៗ​ជាបរិបូរ
យើង​នឹងឲ្យ​អ្នក​ក្រ​នៅ​ក្រុង​នេះ
មាន​អាហារ​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់។
16ឯ​ពួក​សង្ឃ​របស់​ក្រុង​នេះ
យើង​នឹង​តាក់‌តែងដោយ​សេចក្ដី​សង្គ្រោះ
ហើយ​ពួក​បរិសុទ្ធ​នៅ​ក្រុង​នេះ
នឹង​ស្រែក​ហ៊ោ​ដោយ​អំណរ។
17នៅ​ទី​នេះ យើង​នឹង​ធ្វើ​ឲ្យ​ស្នែង
របស់​ដាវីឌ​ដុះ​ពន្លក​ឡើង
យើង​បាន​រៀប​ចំ​ចង្កៀង​មួយ​សម្រាប់​អ្នក
ដែលយើងបាន​ចាក់​ប្រេង​តាំង។
18យើង​នឹង​គ្រប​ដណ្ដប់​ខ្មាំង​សត្រូវរបស់​គេ
ដោយសេចក្ដី​ខ្មាស
តែ​នៅ​លើ​ក្បាល​លោក​វិញ
នឹង​មាន​មកុដ​ដ៏​រុងរឿង»។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 132: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល