សុភាសិត 30
30
សុភាសិតរបស់លោកអេគើរ
1ពាក្យទាំងនេះ ជាពាក្យរបស់អេគើរ ជាកូនយ៉ាកេ គឺជាពាក្យទំនាយ
អ្នកនោះពោលដូច្នេះថា អ៊ីធាល
អ៊ីធាល និងយូកាល
2មែនហើយ ខ្ញុំជាមនុស្សល្ងង់ជាងគេ
ក៏ឥតមានយោបល់របស់មនុស្សដែរ។
3ខ្ញុំមិនបានរៀនឲ្យមានប្រាជ្ញាទេ
ក៏គ្មានតម្រិះរបស់ព្រះដ៏បរិសុទ្ធផង។
4តើអ្នកណាបានឡើងទៅឯស្ថានសួគ៌
រួចត្រឡប់ចុះមកវិញ?
តើអ្នកណាបានកើបប្រមូលខ្យល់ក្តាប់នៅដៃអាវ?
តើអ្នកណាបានដក់ក្របួចអស់ទាំងទឹក
នៅក្នុងថ្នក់អាវរបស់ខ្លួន?
តើអ្នកណាបានប្រតិស្ឋានចុងផែនដីទាំងប៉ុន្មាន?
តើព្រះអង្គនោះមានព្រះនាមជាអ្វី?
ហើយព្រះរាជបុត្រារបស់ព្រះអង្គ
តើមានព្រះនាមជាអ្វី?
បើឯងដឹង ចូរប្រាប់មក។
5គ្រប់ទាំងព្រះបន្ទូលរបស់ព្រះ សុទ្ធតែបរិសុទ្ធ
ព្រះអង្គជាខែលដល់អស់អ្នក
ដែលពឹងជ្រកក្នុងព្រះអង្គ។
6កុំបន្ថែមបញ្ចូលក្នុងព្រះបន្ទូលរបស់ព្រះអង្គឡើយ
ក្រែងព្រះអង្គបន្ទោសដល់ឯង ហើយឃើញថា
ឯងជាមនុស្សភូតភរ។
7ទូលបង្គំបានសូមសេចក្ដីពីរប្រការពីព្រះអង្គ
សូមកុំខាននឹងប្រទានសេចក្ដីទាំងពីរនោះ
ដល់ទូលបង្គំ មុនដែលទូលបង្គំស្លាប់ឡើយ
8គឺសូមកម្ចាត់សេចក្ដីភូតភរ
និងពាក្យកុហកឲ្យឆ្ងាយពីទូលបង្គំទៅ
ហើយសូមកុំឲ្យទូលបង្គំមានសេចក្ដីទាល់ក្រ
ឬជាអ្នកមានដែរ
សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារ
ដែលត្រូវការប៉ុណ្ណោះ
9ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលព្រះអង្គ
ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៎
ឬក្រែងទូលបង្គំមានសេចក្ដីទាល់ក្រ
ហើយទៅជាលួចគេ
ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង។
10កុំឲ្យនិយាយបង្កាច់បាវបម្រើ
ដល់ចៅហ្វាយវាឡើយ
ក្រែងគេជេរឯង ហើយឯងជាប់មានទោសវិញ។
11មានសម័យមួយដែលមនុស្ស
ហ៊ានជេរដល់ឪពុកខ្លួន
ហើយមិនឲ្យពរដល់ម្តាយផង។
12មានសម័យមួយដែលមនុស្សមើលខ្លួនឯង
ស្មានថាបរិសុទ្ធ
ប៉ុន្តែ គេមិនទាន់បានលាងជម្រះ
សេចក្ដីស្មោកគ្រោករបស់គេចេញនៅឡើយទេ។
13មានសម័យមួយដែលមនុស្ស
មានឫកខ្ពស់យ៉ាងណាហ្ន៎
ហើយមានភ្នែកឆ្មើងឆ្មៃផង។
14មានសម័យមួយដែលមនុស្ស
មានធ្មេញដូចជាដាវ
ហើយមានថ្គាមដូចជាកាំបិត
ដើម្បីខាំស៊ីមនុស្សទាល់ក្រ
ឲ្យបាត់ចេញពីលើផែនដីទៅ
ព្រមទាំងពួកកម្សត់ទុគ៌ត
ពីកណ្ដាលចំណោមមនុស្សលោកផង។
15ឈ្លើងមានកូនញីពីរ វាស្រែកថា
«ឲ្យខ្ញុំ ឲ្យខ្ញុំមក!»
មានការបីមុខ ដែលមិនចេះស្កប់ចិត្ត
ក៏មានបួនផង ដែលមិនចេះថា
«ល្មម» នោះឡើយ
16គឺស្ថានឃុំព្រលឹងមនុស្សស្លាប់មួយ
ពោះស្ត្រីអារមួយ
ដីដែលមិនបានទឹកជោកមួយ
និងភ្លើង ដែលមិនចេះថា
«ល្មមហើយ» មួយដែរ។
17ឯភ្នែកដែលចំអកឲ្យឪពុក
ហើយប្រមាថមើលងាយមិនស្តាប់បង្គាប់ម្តាយ
នោះក្អែកនៅច្រកភ្នំនឹងចឹកភ្នែកនោះចេញ
ហើយត្មាតនឹងជញ្ជែងស៊ីទៅ។
18មានសេចក្ដីបីមុខ ដែលអស្ចារ្យហួសគំនិតខ្ញុំ
អើក៏មានបួនផង ដែលខ្ញុំរកស្គាល់មិនបាន
19គឺជាដំណើររបស់ឥន្ទ្រីហើរនៅលើអាកាស
ដំណើរនៃពស់លូននៅលើថ្ម
ដំណើរនាវាបើកនៅកណ្ដាលសមុទ្រ
ហើយដំណើរមនុស្សកំលោះ
នៅចំពោះស្ត្រីក្រមុំ។
20ឯដំណើររបស់ស្រីពេស្យារមែងយ៉ាងដូច្នេះ
គឺវាស៊ីហើយជូតមាត់
រួចពោលថា «ខ្ញុំគ្មានធ្វើបាបអ្វីសោះ»។
21មានការបីមុខ ដែលធ្វើឲ្យផែនដីញ័រ
ក៏មានបួនផង ដែលផែនដីទ្រាំមិនបាន
22គឺបាវបម្រើដែលបានឡើងធ្វើជាស្តេចមួយ
មនុស្សឥតរបប ដែលបានអាហារបរិបូរមួយ
23ស្ត្រីគួរខ្ពើមដែលយកប្តីនោះមួយ
និងស្រីបម្រើដែលជាអ្នកស៊ីមត៌ក
ចៅហ្វាយវាមួយ។
24មានសត្វបួនយ៉ាង
ដែលតូចទាបណាស់នៅលើផែនដី
តែមានប្រាជ្ញាដ៏លើសលុប
25គឺស្រមោច ជាពួកសត្វដែលមានកម្លាំងខ្សោយ
តែវាតែងតែប្រមូលទុកអាហារនៅរដូវក្តៅ
26ទន្សាយថ្ម ជាពួកសត្វមិនសូវមានកម្លាំងទេ
តែវាតាំងលំនៅវានៅក្នុងរូងថ្ម
27កណ្តូបមួយជាពួកសត្វឥតមានស្តេចទេ
តែវាលើកគ្នាចេញទៅទាំងហ្វូងៗ។
28ជីងចក់ ជាសត្វដែលចាប់ដោយដៃបាន
តែវានៅក្នុងដំណាក់ស្តេចផង។
29មានបីមុខ ដែលមានដំណើររុងរឿង
ក៏មានបួនផង ដែលមានដំណើរយ៉ាងល្អ
30គឺសិង្ហជាសត្វខ្លាំងពូកែ
លើសជាងអស់ទាំងពួកសត្វ
វាមិនព្រមចៀសផ្លូវដល់សត្វណាឡើយ។
31សេះចម្បាំង ពពែឈ្មោល
និងមហាក្សត្រជាអ្នកដែលគ្មានអ្នកណា
ហ៊ានលើកខ្លួនទាស់ទទឹងនឹងទ្រង់ឡើយ។
32បើឯងបានប្រព្រឹត្តបែបចម្កួត
ដោយលើកខ្លួនឡើង
ឬបើឯងគិតប្រព្រឹត្តអាក្រក់
ចូរយកដៃខ្ទប់មាត់ចុះ។
33ដ្បិតការគ្រលុកទឹកដោះគោ
នោះធ្វើឲ្យចេញជាខ្លាញ់
ហើយការដែលចាប់មួលច្រមុះ
នោះធ្វើឲ្យចេញឈាមមក
យ៉ាងនោះការចាក់រុកដោយក្រោធ
ក៏នាំឲ្យមានការឈ្លោះប្រកែកគ្នាដែរ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 30: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies