សុភា‌សិត 29

29
1អ្នក​ណា​ដែល​ត្រូវ​បន្ទោស​ជា​ញយៗ
តែ​តាំង​ចិត្ត​រឹង​វិញ
នោះ​ត្រូវ​វិនាស​ក្នុង​មួយ​រំពេច ទាល់​បើ​ជួយ​ផង។
2កាល​ណា​មនុស្ស​សុចរិត​មាន​អំណាច​ឡើង
នោះ​ជន​ទាំង‌ឡាយ​រមែង​មាន​ចិត្ត​រីក‌រាយ
តែ​កាល​ណា​មនុស្ស​អាក្រក់​គ្រប់‌គ្រង​វិញ
នោះ​បណ្ដា‌ជន​ស្រែក​ថ្ងូរ​ឡើង។
3អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ប្រាជ្ញា
នោះ​រមែង​នាំ​ឲ្យ​ឪពុក​រីក‌រាយ​សប្បាយ
តែ​អ្នក​ណា​ដែល​វក់​រក​ស្រី​ពេស្យា
នោះ​ស៊ី​បង្ហិន​ទ្រព្យ​សម្បត្តិ​គាត់​វិញ។
4ស្តេច​រមែង​តាំង​នគរ​ឲ្យ​មាំ‌មួន
ដោយ‌សារ​សេចក្ដី​យុត្តិ‌ធម៌
តែ​ស្តេច​ណា​ដែល​សង្កត់‌សង្កិន​យក​តង្វាយ
នោះ​ធ្វើ​ឲ្យ​ស្រុក​វិនាស​វិញ។
5អ្នក​ណា​ដែល​បញ្ចើច​ដល់​អ្នក​ជិត​ខាង
នោះ​ឈ្មោះ​ថា ដាក់​លប់​សម្រាប់​ចាប់​ជើង​គេ​ទេ។
6មាន​អន្ទាក់នៅ​ក្នុង​អំពើ​រំលង​របស់​មនុស្ស​អាក្រក់
តែ​មនុស្ស​សុចរិត​ច្រៀង​ដោយ​អរ​សប្បាយ​វិញ។
7មនុស្ស​សុចរិត​រមែង​ពិចា‌រណា
យល់​ហេតុ​នៃ​មនុស្ស​ទាល់​ក្រ
តែ​មនុស្ស​អាក្រក់​គ្មាន​យោបល់​យល់​បាន​ទេ។
8មនុស្ស​ចំអក​មើល​ងាយ
គេ​អុច‌អាល​ឲ្យ​ទី​ក្រុង​ឆេះ​ឡើង
តែ​មនុស្ស​មាន​ប្រាជ្ញា
គេ​បង្វែរ​បណ្តេញ​សេចក្ដី​ក្រោធ​ចេញ​វិញ។
9បើ​អ្នក​មាន​ប្រាជ្ញា
គេ​កើត​មាន​រឿង​នឹង​មនុស្ស​ចម្កួត
ទោះ​បើ​អ្នក​នោះ​ខឹង ឬ​សើច​ក្តី
គង់​តែ​ឥត​មាន​សេចក្ដី​សុខ​វិញ​ឡើយ។
10ពួក​មនុស្ស​ដែល​កម្ចាយ​ឈាម
នោះ​រមែង​តែ​ស្អប់​ដល់​មនុស្ស​ត្រឹម​ត្រូវ
តែ​មនុស្ស​ទៀង​ត្រង់​រក​ជួយ​សង្គ្រោះ
ព្រលឹង​អ្នក​នោះ​វិញ។
11ពួក​ល្ងី‌ល្ងើសម្ដែង​ចេញ
អស់​ទាំង​កំហឹង​របស់​ខ្លួន
តែ​មនុស្ស​មាន​ប្រាជ្ញា​គេ​ទប់​ចិត្ត
ហើយ​រម្ងាប់​ចេញ​វិញ។
12បើ​អ្នក​គ្រប់‌គ្រង​តែង​ស្តាប់​តាម​ពាក្យ​ភូត​ភរ
នោះ​ពួក​អ្នក​បម្រើ​របស់​គេ
ក៏​ជា​មនុស្ស​អាក្រក់​ដែរ។
13មនុស្ស​ទាល់​ក្រ និង​មនុស្ស​ដែល​សង្កត់‌សង្កិន
គេ​តែង​តែ​ប្រទះ​គ្នា
តែ​គឺ​ព្រះ‌យេហូវ៉ា
ដែល​បំភ្លឺ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​នោះ។
14ឯ​ស្តេច​ណា​ដែល​វិនិច្ឆ័យ​ក្តី
របស់​មនុស្ស​ទាល់​ក្រ​ដោយ​ឥត​មន្ទិល
បល្ល័ង្ក‌រាជ្យ​របស់​ស្តេច​នោះ
នឹង​បាន​តាំង​ឲ្យ​ជាប់​ជា​ដរាប។
15រំពាត់ និង​សេចក្ដី​ប្រៀន​ប្រដៅ
រមែង​ឲ្យ​កើត​មាន​ប្រាជ្ញា
តែ​កូន​ណា​ដែល​បណ្តោយ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត
នោះ​តែង​ធ្វើ​ឲ្យ​ម្តាយ​មាន​សេចក្ដី​ខ្មាស​វិញ។
16កាល​ណា​មនុស្ស​អាក្រក់​ចម្រើន​ជា​ច្រើន​ឡើង
នោះ​អំពើ​រំលង​ច្បាប់​ក៏​ចម្រើន​ឡើង​ដែរ
ប៉ុន្តែ ពួក​សុចរិត​នឹង​ឃើញ​គ្រា
ដែល​គេ​ដួល​ចុះ​ទៅ​វិញ។
17ចូរ​ស្តី​ប្រដៅ​កូន​អ្នក​ចុះ
ទោះ​គេ​នឹង​ឲ្យ​អ្នក​បាន​សម្រាក​ចិត្ត
គេ​នឹង​ឲ្យ​អ្នក​មាន​ចិត្ត​រីក‌រាយ​ផង។
18គ្រា​ណា​ដែល​ឥត​មាន​ការ​បើក​សម្ដែង
នោះ​បណ្ដា‌ជន​រមែង​លែង​ទប់​ចិត្ត
តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ច្បាប់
នោះ​សប្បាយ​ហើយ។
19ខ្ញុំ​កំដរ​នឹង​រាង‌ចាល
ដោយ‌សារ​តែ​ពាក្យ​បន្ទោស​មិន​បាន
ដ្បិត​ទោះ​បើ​គេ​ស្តាប់​បាន
គង់​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ឡើយ។
20អ្នក​ដែល​ឃើញ​មនុស្ស​រហ័ស​នឹង​បញ្ចេញ​សម្ដី​ឬ
មាន​សេចក្ដី​សង្ឃឹម ចំពោះ​មនុស្ស​ល្ងី‌ល្ងើ
ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។
21អ្នក​ណា​ដែល​ចិញ្ចឹម​បាវ​បម្រើ​ដោយ​ថ្នម
តាំង​ពី​តូច​មក
នោះ​ដល់​ជាន់​ក្រោយ
នឹង​បាន​អ្នក​នោះ​ដូច​ជា​កូន​វិញ។
22មនុស្ស​មួ‌ម៉ៅ​រមែង​អុច‌អាល
ឲ្យ​កើត​មាន​សេចក្ដី​ទាស់‌ទែង​គ្នា
ហើយ​មនុស្ស​មាន​ចិត្ត​ក្រោធ
នោះ​រំលង​ច្បាប់​ជា​ច្រើន។
23ចិត្ត​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស
នឹង​នាំ​ឲ្យ​ទាប‌ថោក​ទៅ
តែ​អ្នក​ណា​ដែល​មាន​ចិត្ត​សុភាព
នោះ​នឹង​បាន​កិត្តិ‌សព្ទ​វិញ។
24អ្នក​ណា​ដែល​ចូល​ដៃ​ជា​មួយ​ចោរ
នោះ​ឈ្មោះ​ថា​ស្អប់​ដល់​ព្រលឹង​ខ្លួន
វា​ឮ​គេ​ដាក់​បណ្ដាសា​ដល់​ខ្លួន
ប៉ុន្តែ មិន​ហ៊ាន​ពោល​តប​ឡើយ។
25ការ​ដែល​ខ្លាច​មនុស្ស នាំ​ឲ្យ​ជាប់​អន្ទាក់
តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា
នោះ​នឹង​បាន​សេចក្ដី​សុខ។
26មាន​មនុស្ស​ជា​ច្រើន​ដែល​ស្វែង​រក
ឲ្យ​បាន​ប្រកប​ដោយ​គុណ​នៃ​អ្នក​គ្រប់‌គ្រង
តែ​សេចក្ដី​វិនិច្ឆ័យ​ដល់​មនុស្ស
នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា។
27ឯ​មនុស្ស​ទុច្ចរិត
គេ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ពួក​សុចរិត
ហើយ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់
នោះ ក៏​ជា​ទី​ស្អប់​ខ្ពើម​ដល់​មនុស្ស​អាក្រក់​ដែរ។

ទើបបានជ្រើសរើសហើយ៖

សុភា‌សិត 29: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល