សុភា‌សិត 30

30
សុភា‌សិត​របស់​លោក​អេគើរ
1ពាក្យ​ទាំង​នេះ ជា​ពាក្យ​របស់​អេគើរ ជា​កូន​យ៉ាកេ គឺ​ជា​ពាក្យ​ទំនាយ
អ្នក​នោះ​ពោល​ដូច្នេះ​ថា អ៊ីធាល
អ៊ីធាល និង​យូកាល
2មែន​ហើយ ខ្ញុំ​ជា​មនុស្ស​ល្ងង់​ជាង​គេ
ក៏​ឥត​មាន​យោបល់​របស់​មនុស្ស​ដែរ។
3ខ្ញុំ​មិន​បាន​រៀន​ឲ្យ​មាន​ប្រាជ្ញា​ទេ
ក៏​គ្មាន​តម្រិះ​របស់​ព្រះ​ដ៏​បរិសុទ្ធ​ផង។
4តើ​អ្នក​ណា​បាន​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌
រួច​ត្រឡប់​ចុះ​មក​វិញ?
តើ​អ្នក​ណា​បាន​កើប​ប្រមូល​ខ្យល់​ក្តាប់​នៅ​ដៃ​អាវ?
តើ​អ្នក​ណា​បាន​ដក់​ក្របួច​អស់​ទាំង​ទឹក
នៅ​ក្នុង​ថ្នក់​អាវ​របស់​ខ្លួន?
តើ​អ្នក​ណា​បាន​ប្រតិ‌ស្ឋាន​ចុង​ផែនដី​ទាំង​ប៉ុន្មាន?
តើ​ព្រះ‌អង្គ​នោះ​មាន​ព្រះ‌នាម​ជា​អ្វី?
ហើយ​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌អង្គ
តើ​មាន​ព្រះ‌នាម​ជា​អ្វី?
បើ​ឯង​ដឹង ចូរ​ប្រាប់​មក។
5គ្រប់​ទាំង​ព្រះ‌បន្ទូល​របស់​ព្រះ សុទ្ធ​តែ​បរិសុទ្ធ
ព្រះ‌អង្គ​ជា​ខែល​ដល់​អស់​អ្នក
ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ។
6កុំ​បន្ថែម​បញ្ចូល​ក្នុង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ
ក្រែង​ព្រះ‌អង្គ​បន្ទោស​ដល់​ឯង ហើយ​ឃើញ​ថា
ឯង​ជា​មនុស្ស​ភូត​ភរ។
7ទូល‌បង្គំ​បាន​សូម​សេចក្ដី​ពីរ​ប្រការ​ពី​ព្រះ‌អង្គ
សូម​កុំ​ខាន​នឹង​ប្រទាន​សេចក្ដី​ទាំង​ពីរ​នោះ
ដល់​ទូល‌បង្គំ មុន​ដែល​ទូល‌បង្គំ​ស្លាប់​ឡើយ
8គឺ​សូម​កម្ចាត់​សេចក្ដី​ភូត‌ភរ
និង​ពាក្យ​កុហក​ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ
ហើយ​សូម​កុំ​ឲ្យ​ទូល‌បង្គំ​មាន​សេចក្ដី​ទាល់​ក្រ
ឬ​ជា​អ្នក​មាន​ដែរ
សូម​គ្រាន់​តែ​ចិញ្ចឹម​ទូល‌បង្គំ​ដោយ​អាហារ
ដែល​ត្រូវ​ការ​ប៉ុណ្ណោះ
9ក្រែង​ទូល‌បង្គំ​បាន​ឆ្អែត ហើយ​បោះ‌បង់​ចោល​ព្រះ‌អង្គ
ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ជា​អ្នក​ណា​ហ្ន៎
ឬ​ក្រែង​ទូល‌បង្គំ​មាន​សេចក្ដី​ទាល់​ក្រ
ហើយ​ទៅ​ជា​លួច​គេ
ព្រម​ទាំង​ប្រើ​ព្រះ‌នាម​នៃ​ព្រះ​ជា​ទី​មើល​ងាយ​ផង។
10កុំ​ឲ្យ​និយាយ​បង្កាច់​បាវ​បម្រើ
ដល់​ចៅ‌ហ្វាយ​វា​ឡើយ
ក្រែង​គេ​ជេរ​ឯង ហើយ​ឯង​ជាប់​មាន​ទោស​វិញ។
11មាន​សម័យ​មួយដែល​មនុស្ស
ហ៊ាន​ជេរ​ដល់​ឪពុក​ខ្លួន
ហើយ​មិន​ឲ្យ​ពរ​ដល់​ម្តាយ​ផង។
12មាន​សម័យ​មួយដែល​មនុស្ស​មើល​ខ្លួន​ឯង
ស្មាន​ថា​បរិសុទ្ធ
ប៉ុន្តែ គេ​មិន​ទាន់​បាន​លាង​ជម្រះ
សេចក្ដី​ស្មោក‌គ្រោក​របស់​គេ​ចេញ​នៅ​ឡើយ​ទេ។
13មាន​សម័យ​មួយដែល​មនុស្ស
មាន​ឫក​ខ្ពស់​យ៉ាង​ណា​ហ្ន៎
ហើយ​មាន​ភ្នែក​ឆ្មើង‌ឆ្មៃ​ផង។
14មាន​សម័យ​មួយដែល​មនុស្ស
មាន​ធ្មេញ​ដូច​ជា​ដាវ
ហើយ​មាន​ថ្គាម​ដូច​ជា​កាំបិត
ដើម្បី​ខាំ​ស៊ី​មនុស្ស​ទាល់​ក្រ
ឲ្យ​បាត់​ចេញ​ពី​លើ​ផែនដី​ទៅ
ព្រម​ទាំង​ពួក​កម្សត់​ទុគ៌ត
ពី​កណ្ដាល​ចំណោម​មនុស្ស​លោក​ផង។
15ឈ្លើង​មាន​កូន​ញី​ពីរ វា​ស្រែក​ថា
«ឲ្យ​ខ្ញុំ ឲ្យ​ខ្ញុំ​មក!»
មាន​ការ​បី​មុខ ដែល​មិន​ចេះ​ស្កប់​ចិត្ត
ក៏​មាន​បួន​ផង ដែល​មិន​ចេះ​ថា
«ល្មម» នោះ​ឡើយ
16គឺ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​មួយ
ពោះ​ស្ត្រី​អារ​មួយ
ដី​ដែល​មិន​បាន​ទឹក​ជោក​មួយ
និង​ភ្លើង ដែល​មិន​ចេះ​ថា
«ល្មម​ហើយ» មួយ​ដែរ។
17ឯ​ភ្នែក​ដែល​ចំអក​ឲ្យ​ឪពុក
ហើយ​ប្រមាថ​មើល​ងាយ​មិន​ស្តាប់​បង្គាប់​ម្តាយ
នោះ​ក្អែក​នៅ​ច្រក​ភ្នំ​នឹង​ចឹក​ភ្នែក​នោះ​ចេញ
ហើយ​ត្មាត​នឹង​ជញ្ជែង​ស៊ី​ទៅ។
18មាន​សេចក្ដី​បី​មុខ ដែល​អស្ចារ្យ​ហួស​គំនិត​ខ្ញុំ
អើ​ក៏​មាន​បួន​ផង ដែល​ខ្ញុំ​រក​ស្គាល់​មិន​បាន
19គឺ​ជា​ដំណើរ​របស់​ឥន្ទ្រី​ហើរ​នៅ​លើ​អាកាស
ដំណើរ​នៃ​ពស់​លូន​នៅ​លើ​ថ្ម
ដំណើរ​នាវា​បើក​នៅ​កណ្ដាល​សមុទ្រ
ហើយ​ដំណើរ​មនុស្ស​កំលោះ
នៅ​ចំពោះ​ស្ត្រី​ក្រមុំ។
20ឯ​ដំណើរ​របស់​ស្រី​ពេស្យា​រមែង​យ៉ាង​ដូច្នេះ
គឺ​វា​ស៊ី​ហើយ​ជូត​មាត់
រួច​ពោល​ថា «ខ្ញុំ​គ្មាន​ធ្វើ​បាប​អ្វី​សោះ»។
21មាន​ការ​បី​មុខ ដែល​ធ្វើ​ឲ្យ​ផែនដី​ញ័រ
ក៏​មាន​បួន​ផង ដែល​ផែនដី​ទ្រាំ​មិន​បាន
22គឺ​បាវ​បម្រើ​ដែល​បាន​ឡើង​ធ្វើ​ជា​ស្តេច​មួយ
មនុស្ស​ឥត​របប ដែល​បាន​អាហារ​បរិបូរ​មួយ
23ស្ត្រី​គួរ​ខ្ពើម​ដែល​យក​ប្តី​នោះ​មួយ
និង​ស្រី​បម្រើ​ដែល​ជា​អ្នក​ស៊ី​មត៌ក
ចៅ‌ហ្វាយ​វា​មួយ។
24មាន​សត្វ​បួន​យ៉ាង
ដែល​តូច​ទាប​ណាស់​នៅ​លើ​ផែនដី
តែ​មាន​ប្រាជ្ញា​ដ៏​លើស‌លុប
25គឺ​ស្រមោច ជា​ពួក​សត្វ​ដែល​មាន​កម្លាំង​ខ្សោយ
តែ​វា​តែង​តែ​ប្រមូល​ទុក​អាហារ​នៅ​រដូវ​ក្តៅ
26ទន្សាយ​ថ្ម ជា​ពួក​សត្វ​មិន​សូវ​មាន​កម្លាំង​ទេ
តែ​វា​តាំង​លំ‌នៅ​វា​នៅ​ក្នុង​រូង​ថ្ម
27កណ្តូប​មួយ​ជា​ពួក​សត្វ​ឥត​មាន​ស្តេច​ទេ
តែ​វា​លើក​គ្នា​ចេញ​ទៅ​ទាំង​ហ្វូងៗ។
28ជីង‌ចក់ ជា​សត្វ​ដែល​ចាប់​ដោយ​ដៃ​បាន
តែ​វា​នៅ​ក្នុង​ដំណាក់​ស្តេច​ផង។
29មាន​បី​មុខ ដែល​មាន​ដំណើរ​រុងរឿង
ក៏​មាន​បួន​ផង ដែល​មាន​ដំណើរ​យ៉ាង​ល្អ
30គឺ​សិង្ហជា​សត្វ​ខ្លាំង​ពូកែ
លើស​ជាង​អស់​ទាំង​ពួក​សត្វ
វា​មិន​ព្រម​ចៀស​ផ្លូវ​ដល់​សត្វ​ណា​ឡើយ។
31សេះ​ចម្បាំង ពពែ​ឈ្មោល
និង​មហា‌ក្សត្រជា​អ្នក​ដែល​គ្មាន​អ្នក​ណា
ហ៊ាន​លើក​ខ្លួន​ទាស់​ទទឹង​នឹង​ទ្រង់​ឡើយ។
32បើ​ឯង​បាន​ប្រព្រឹត្ត​បែប​ចម្កួត
ដោយ​លើក​ខ្លួន​ឡើង
ឬ​បើ​ឯង​គិតប្រព្រឹត្ត​អាក្រក់
ចូរ​យក​ដៃ​ខ្ទប់​មាត់​ចុះ។
33ដ្បិត​ការ​គ្រលុក​ទឹក​ដោះ​គោ
នោះ​ធ្វើ​ឲ្យ​ចេញ​ជា​ខ្លាញ់
ហើយ​ការ​ដែល​ចាប់​មួល​ច្រមុះ
នោះ​ធ្វើ​ឲ្យ​ចេញ​ឈាម​មក
យ៉ាង​នោះ​ការ​ចាក់​រុក​ដោយ​ក្រោធ
ក៏​នាំ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ដែរ។

ទើបបានជ្រើសរើសហើយ៖

សុភា‌សិត 30: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល